ការដែលមេដឹកនាំគ្រួសារហ៊ុន ប្រកាសដកទ័ពចេញពីទីតាំងប្រឈមក្នុងតំបន់មុំបី ខេត្តព្រះវិហារ ដូចការចង់បានរបស់ថៃ ជំរុញឱ្យមានការរិះគន់ថា គ្រួសារហ៊ុនធ្វើនយោបាយបម្រើមេដឹកនាំថៃ គ្រួសារថាក់ស៊ីន ដើម្បីចង់ក្តោបអំណាចតពូជ ធ្វើឱ្យកម្ពុជារងភាពអាម៉ាស់ និងគំរាមកំហែងបូរណភាពទឹក។
ការរិះគន់នេះ ក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែមិថុនា ក្នុងន័យដើមថា៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់»។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៩ ខែមិថុនានេះ ថាការដកទ័ពនិងលុបលេណដ្ឋានលើទឹកដីខ្មែរនេះ ឆ្លុះបញ្ចាំងថាគ្រួសារហ៊ុនគ្មានឆន្ទៈការពារទឹកដី និងកំពុងធ្វើនយោបាយបម្រើមេដឹកនាំថៃ នៃគ្រួសារថាក់ស៊ិន។
លោកថា ការដកទ័ពនេះផងដែរ វាឆ្លុះបញ្ចាំងពីភាពអាម៉ាស់ដ៏ធំធេងរបស់កម្ពុជា និងទទួលស្គាល់ថា កម្ពុជាជាអ្នកខុសឈ្លានពានទឹកថៃ ដូចថៃចោទ និងព្រមធ្វើតាមសំណើររបស់ថៃដែលជាប្រទេសឈ្លានពានខ្មែរ។
លោកថា៖ «ការដកទ័ពចេញពីទឹកដីខ្លួនឯង និងលុបត្រង់សេរលើទឹកដីខ្លួនឯងនេះ គឺជាកម្សោយនៃការដឹកនាំរបស់ត្រកូលហ៊ុន ក្នុងការការពារទឹកដីកុំឲ្យបរទេសឈ្លានពាន ហើយខ្ញុំយល់ថាការដកទ័ពចេញពីទឹកដីខ្លួនឯងនេះ នឹងធ្វើឲ្យថៃកាន់កាប់ដីតំបន់មុំបី ដូចដែលលោក ហ៊ុន សែន បានប្រកាសដកទ័ពចេញពីតំបន់វាលឥន្ទ្រីយ៍ និងភ្នំទ្រព្យ កាលពីឆ្នាំ២០១៤ ធ្វើឲ្យថៃតែមួយយប់សោះបានកាន់កាប់នៅភ្នំទ្រព្យ ធ្វើផ្លូវទៅដល់ភ្នំទ្រព្យនៅជិតប្រាសាទព្រះវិហារ»។
លើលពីនេះ លោក អ៊ុំ សំអាន អះអាងថា មេដឹកនាំគ្រួសារហ៊ុនកំពុងលែងល្បែងនយោបាយបោកប្រាស់រាស្រ្ត អួតថាខ្លួនស្រឡាញ់ជាតិ ទឹកដី តែធាតុពិត គឺធ្វើនយោបាយបម្រើបរទេសដើម្បីអំណាចប៉ុណ្ណោះ។
លោកបន្តថា ការធ្វើនយោបាយបែបនេះ គឺនឹងធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីទៅប្រទេសជិតខាងបន្ថែមទៀត បើពលរដ្ឋនៅតែគាំទ្រនយោបាយទុច្ចរិតរបស់គ្រួសារហ៊ុន។
លោកថា៖ «ចាំផ្ដាំទៅ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឈប់បោកខ្មែរទៀតទៅពីបញ្ហាទឹកដី កុំយកបញ្ហាទឹកដីជាល្បែងនយោបាយ ដើម្បីបង្កើនប្រជាប្រិយភាពឲ្យ លោក ហ៊ុន ម៉ាណែត មានការគាំទ្រពីពលរដ្ឋខ្មែរ ចុងក្រោយគឺស្ពៃដដែល ហើយគួរតែធ្វើម៉េចមានគំនិតស្នេហាជាតិពិតប្រាកដ ការពារទឹកដីពីសំណាក់ប្រទេសជិតខាង ហើយដាក់ពាក្យបណ្ដឹងជាបន្ទាន់ ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ អាយ.ស៊ី.ជេ»។
ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា សម្តែងការខកចិត្តជាខ្លាំងនៅពេលឃើញកម្ពុជាព្រមដកទ័ព និងលុបលេណដ្ឋានលើទឹកដីខ្លួន ធ្វើឱ្យភាគីថៃបានចិត្តមើលងាយកម្ពុជា។
លោកបន្តថា ការដកទ័ពនេះ ហាក់ឆ្លុះបញ្ចាំងពីកម្សោយ និងអសមត្ថភាពរបស់មេដឹកនាំកម្ពុជាយ៉ាងខ្លាំងដែលមិនអាចការពារបូរណភាពទឹកដីខ្លួន បណ្តោយឱ្យបរទេសបន្តគឃ្លើនឈ្លានពានទឹកដីបុព្វបុរស។
លោកហាក់ស្តីបន្ទោសថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កំពុងក្បត់សម្តីខ្លួនដែលប្តេជ្ញាថាមិនដកទ័ព ព្រោះតំបន់មានជម្លោះនោះជាទឹកដីខ្មែរ ប៉ុន្តែជាក់ស្តែងគាត់បែរជាលេបសម្តីបញ្ជាដកទ័ពទៅវិញ។
លោកថា៖ «ខ្ញុំគិតថា វាអាចបណ្តាលមកពីកត្តា២ ទី១គឺដោយសារតែទាក់ទងទៅនឹងរឿងទំនាក់ទំនងស្អិតរមួតរវាងត្រកូលហ៊ុន និងត្រកូលថាក់ស៊ីន គេហៅថាដើម្បីសម្រួលកុំឲ្យត្រកូលថាក់ស៊ីននេះ មានការតានតឹងនៅក្នុងការដាក់សម្ពាធពីកងទ័ពយោធាថៃ ចឹងចាំបាច់ណាស់ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែបន្ធូរបន្ថយកងទ័ពនៅកម្ពុជា ដើម្បីធ្វើម៉េចកុំឲ្យត្រកូលថាក់ស៊ីន រងនូវសម្ពាធយោធាពីសំណាក់យោធានៅប្រទេសថៃជាដើមហ្នឹង ទីមួយរឿងទី២ថ្មីៗនេះយើងឃើញថាប្រទេសចិនបានប្រកាសក្ដែងៗថា នឹងចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួល ដើម្បីបន្ធូរឲ្យមានការហៅថាឈប់បាញ់ ឬក៏បន្ធូរបន្ថយស្ថានភាពយោធានៅតាមព្រំដែនប្រទេសខ្មែរថៃ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបង្ហោះសារកាលពីថ្ងៃទី៨ ខែមិថុនានេះដោយចាត់ទុកថាអ្វីដែលរដ្ឋាភិបាលបានធ្វើជាយុទ្ធសាស្រ្តឈ្នះឈ្នះ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា នេះជានយោបាយផ្គាប់ចិត្តមេដឹកនាំគ្រួសារថាក់ស៊ីន ដើម្បីកុំឱ្យពួកយោធាថៃធ្វើរដ្ឋប្រហារទម្លាក់គ្រួសារថាក់ស៊ីនចេញពីអំណាច។
លោកបន្តថា លោក ហ៊ុន សែន កុហក់បោកប្រាស់ ធ្វើបាបបានតែខ្មែរគ្នាឯងទេ ប៉ុន្តែជាមួយបរទេសជិតខាង ដូចជា វៀតណាមជាអ្នកមានគុណ និងបងប្អូនធម៌ត្រកូលថាក់ស៊ីន គឺគាត់មិនហ៊ានជាមួយគេទេ។
លោកថា៖ «រឿងសំខាន់គឺរដ្ឋាភិបាល លោក ហ៊ុន សែន ថ្នមចិត្តរដ្ឋាភិបាល លោក ថាក់ ស៊ីន ខ្លាចរដ្ឋាភិបាលដួលរលំ បើសិនជារដ្ឋាភិបាលហ្នឹង ក្រៅពីរដ្ឋាភិបាលថាក់ស៊ីន ប្រសិនជាថៃនិងក្រៅរដ្ឋាភិបាលថាក់ស៊ីន ប្រហែលជា លោក ហ៊ុន សែន អត់បន្ធូរដៃទេ តែ លោក ហ៊ុន សែន គាត់ចង់សម្រួលស្ថានការណ៍និងដោយសារមិនចង់ឃើញរដ្ឋាភិបាលត្រកូលថាក់ស៊ីន ក្លាយជារដ្ឋាភិបាលត្រូវគេធ្វើរដ្ឋប្រហារជាថ្មីទៀត»។
កាលពីថ្ងៃទី៣១ ខែឧសភា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បង្ហោះសារលើហ្វេសប៊ុករបស់លោកដោយបញ្ជាក់ថា តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។
លោកបន្តថា អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយ កុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
លើសពីនេះ លោក ហ៊ុន សែន ថាកម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួន តាមការទាមទាររបស់ភាគីថៃបានឡើយ។ លោកបនុ្តថា ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ ធ្លាប់លេងជាមួយកម្ពុជាដើម្បីឈ្លានពានទឹកដី។
លោកនិយាយក្នុងសម្តីដើមថា៖ «ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេ ផ្ទុយទៅវិញ ឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តម ចេញដោយគ្មានលក្ខខណ្ឌ។
សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយថា ការការពារបូរណភាពទឹកដី ប្រឆាំងនឹងប្រទេសឈ្លានពានកន្លងទៅ គ្មានសម័យណាចៀសផុតពីការទប់ទល់ដោយអាវុធនោះទេ។
លោកថា កាលពីកម្ពុជាឈ្នះក្តីថៃ ករណីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ក៏ឯកសារនានាបង្ហាញថា កម្ពុជាបានប្រើកម្លាំងប្រដាប់អាវុធ បណ្តេញថៃចេញពីទីតាំងឈ្នះក្តីដែរ ខណៈថៃពេលនោះមិនគោរពសាលក្រមតុលាការអន្តរជាតិ(ICJ)ឡើយ ទាល់តែមានការវាយបកពីកម្ពុជាផង និងសម្ពាធពីសហគមន៍អន្តរជាតិផងដែរ។
ក្នុងន័យនេះ លោកពន្យល់ថា កម្ពុជាចាំបាច់ត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញានានាដែលកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សន្ធិសញ្ញាបារាំង សៀម និងច្បាប់សមុទ្រអន្តរជាតិជាដើម ទើបអាចការពារបូរណភាពទឹកដីបាន។
លោកថា៖ «បើតាមបទពិសោធន៍កន្លងមក ឧទាហរណ៍ថា ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេនៅទីក្រុងឡាអេ សម្រេចក្ដីឱ្យកម្ពុជាឈ្នះរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២កន្លងមក និយាយទៅថៃក៏អត់ទាន់គោរពដែរ កាលនោះតាមសាវតារឿងរ៉ាវហ្នឹង គឺភាគីរដ្ឋាភិបាលកម្ពុជាសម័យសង្គមរាស្ត្រនិយម លោកប្រើកម្លាំងទ័ពដែរ ដើម្បីទៅដណ្តើមកាន់កាប់ប្រាសាទព្រះវិហារហ្នឹង យូរខែដែរ ហើយមានការតតាំងក្ដីជាមួយយោធាថៃ រហូតដល់មានការដាក់សម្ពាធពីសហគមន៍អន្តរជាតិខ្លាំង»។
យ៉ាងណាមកដល់ពេលនេះ បើទោះបីសភាបានអនុម័ត បើកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិ តាំងពីថ្ងៃទី២ខែមិថុនាក្តី តែគិតត្រឹមថ្ងៃទី៩ខែមិថុនា មេដឹកនាំគ្រួសារហ៊ុន មិនទាន់ប្រកាសជាសារធាណៈឱ្យពលរដ្ឋដឹងថា ខ្លួននឹងប្តឹងទៅ(ICJ)នៅពេលណាពិតប្រាកដនៅឡើយទេ ខណៈភាគីថៃកំពុងតែដាក់សម្ពាធតាមគ្រប់មធ្យោបាយ មានចល័តទ័ព និងរថក្រោះ សព្វាវុធទំនើបៗមកកាន់ព្រំដែន និងព្រមានបិទច្រកព្រំដែនដោយឯកតោភាគីនៅឡើយនោះ៕