ប្រជាសហគមន៍​កំពង់​សីលា​បារម្ភ​វិបត្តិ​ជីវភាព​​ក្រោយ​រក​មេដឹក​នាំ​ជួយ​គ្មាន​ប្រសិទ្ធ​ភាព

ប្រជាសហគមន៍ព្រៃ​ឈើ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ បាន​អះ​អាង​មក​ថា ពួក​គេ​មាន​កង្វល់​ខ្លាំង​ពី​វិបត្តិ​ជីវភាព​​លើ​មនុស្ស​ជាង​ ១០០០​នាក់ រួម​ទាំង​វិនាស​សកម្ម​ព្រៃ​ឈើ នាពេល​អនា​គត ក្រោយ​ឡើង​មកសុំ​កិច្ច​អន្តរា​គមន៍​ពី​ថ្នាក់​ដឹក​នាំកំ​ពូល នៅតែ​មិន​អាច​ទប់​ស្កាត់​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ចិន​បាន។

ប្រធាន​សហគមន៍ព្រៃឈើអ្នកតាថ្ម​ព្រង់ លោក ឃុត ស៊ីនឿន បាន​​​​​ប្រាប់​VOD​​​នៅ​​​ថ្ងៃ​​ទី​​១០ ខែ​​​មិថុនា​នេះ​​​ថា​ បន្ទាប់​ពី​ដាក់​ញត្តិ​ជូន​ថ្នាក់​ដឹក​នាំ អស់​រយៈ​ពេល​ជិត​កន្លះ​ខែ​ទៅ​នេះ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយកើត​ឡើង​នោះ​ទេ។

តែលោកថា ផ្ទុយ​ទៅ​វិញ គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ចិន នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ដែល​នេះ​ជា​ក្តីបារម្ភ​ធំ​ ពី​ផល​ប៉ះពាល់​ជីវិត​ប្រជា​សហគមន៍​និង​បរិ​ស្ថាន។

បុរសរូបនោះ គូស​បញ្ជាក់​ថា ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត ខណៈ​ការ​ដោះ​ស្រាយ​ក៏​ស្ងាត់​ដំណឹង​ផង​នោះ នឹង​បង្ក​ផល​ប៉ះពាល់​ជីវភាព​ពួក​គាត់ រួម​ទាំង​ព្រៃ​សហគមន៍​ដែល​ខំ​ថែ​រក្សាជា​ង​២០​ឆ្នាំ​មក​នេះ។

លោកថា៖ «បារម្ភ​ការ​បាត់​បង់​ដី​ ហើយ​គេ​នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​នៅ​ក្នុង​សហគមន៍​ប្រជា​ពលរដ្ឋ ក៏​កំពុង​តែ​ស្វះ​ស្វែង​ទៅ​ខាង​លើ​ផង​ សួរ​ទៅ​គណៈ​កម្ម​ការ​ ព្រោះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដល់សហគម​ន៍ ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ដែល​រក​អាស្រ័យ​ផល​លើ​ដី​ហ្នឹង ហើយ​មួយ​រដូវៗ​មាន​ផ្សិត​នៅ​ក្នុង​កន្លែង​ដែល​កាយ​ធ្វើ​ជា​ទីលាន​ចាក់​សំរាម​ហ្នឹង ជា​រៀង​រាល់​ឆ្នាំ អ៊ីចឹង​មួយ​រដូវៗ គាត់​ទទួល​ផល​បាន​ហើយច្រើន​គ្រួសារ​ដែល​រស់​អាស្រ័យ​ផល​លើ​ដី​ហ្នឹង ហើយ​ទឹក​ដែល​ហូរ​ចូល​មក​ហ្នឹង គឺ​វា​ហូរ​ចូល​ដល់​តំបន់​ដែល​យើង​ឆ្លង​កាត់​ហ្នឹង​តែ​ម្ដង អាហ្នឹង​វា​ជា​ផល​ប៉ះ​ពាល់​និង​ផល​វិបាក​ ហើយ​ទឹក​ហ្នឹង​វា​ហូរ​មក ​ហើយ​តំបន់​ហ្នឹងគឺ​ទឹក​លិច​ ចឹង​តំបន់​ហ្នឹង​ពី​មុន​មក​ទឹក​លិច​ត្រឹម​ក លិច​ក្បាល​ទឹក​ហូរ​កាត់​តំបន់​ហ្នឹង ដែល​យើង​ឆ្លង​កាត់​ប៉ះ​ពាល់​ខ្លាំង​មែន​ទែន ក្នុង​សហគមន៍​របស់​យើង»។

ប្រ​ជា​សហគមន៍ម្នាក់​ទៀត ​អ្នកស្រី​ សន ស្រី បាន​​រៀ​ប​រាប់​ប្រាប់​VOD​ថា ក្រោយ​ពី​ពួក​គាត់​ជាង​៦០​នាក់​បាន​ឡើង​ទៅ​ដាក់​ញត្តិ​ជូន​ថ្នាក់​ដឹក​នាំ កាល​ចុង​ខែ​ឧសភា​រួច​មក ពោល​គឺ​មក​ទល់​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណាមួ​យ​ឡើយ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។

ស្ត្រីរូបនោះបន្តទៀតថា ស្របពេលដំណោះស្រាយ​នៅមិ​ន​ទាន់​មាន​សម្រាប់​ប្រជា​សហគមន៍ បច្ចុប្បន្ន​បែរ​ជាខា​ង​ក្រុម​ហ៊ុន​បាន​បង្កើន​ដៃ ធ្វើ​សកម្ម​ភាព​ឈូស​កាន់​តែ​ខ្លាំង ដែល​ពួក​គាត់​មាន​ក្ដីបា​រម្ភ​ជា​ខ្លាំង។

អ្នកស្រីថា៖ «ប្រជាពលរដ្ឋគ្មានបានទៅធ្វើការ​រក​ស៊ី​ទេ នៅ​បារម្ភ​ពី​ដី​សហគមន៍​ហ្នឹង ដូច​ខ្ញុំ​ជា​ប្រជា​សហគមន៍​ ចឹង​ប្រាក់​ចំណូល​ក៏​គ្មាន ​ប្រាក់​ខែ​​ក៏​គ្មាន ហើយ​នៅ​ចាំ​តែ​ការ​ដោះ​ស្រាយ​ឃើញ​គេ​ទៅ​ឈូស​ឆាយ​ពេល​ណាពិ​បាក​ចិត្ត​ ពេល​​នោះ​​គណៈ​កម្ម​ការ​សហគមន៍​នាំ​គ្នា​ឆ្ងល់​ហេតុ​អី​បាន​ស្ងាត់​ឈឹង​ អត់​មាន​ឃើញ​ដំណោះ​ស្រាយ​សោះ​ ការ​ទន្ទ្រាន​នៅ​តែ​ដដែល​ ហើយ​ប្រជាព​លរដ្ឋ​គាត់​លំបាក​ចិត្ត​ខ្លាំង​ណាស់​ ណា​មួយ​ជីវភាព​ខ្វះ​ខាត​ ខ្ញុំ​​វិ​ញរក​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់​មាន​ផង ហើយ​ខំ​លះ​បង់​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ការ​ពារ​ព្រៃឈើ​ ការ​ពារសហគមន៍​ឲ្យ​បាន​គង់​វង្ស​ទៅ​ថ្ងៃ​អនាគត»។

ជុំវិញបញ្ហានេះ VOD មិន​អាច​សុំកា​រ​​បញ្ជាក់​ពី​អ្នក​នាំ​​ពាក្យ​​រដ្ឋាភិ​​បាល លោក ប៉ែន បូណា ជុំវិញ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​ប្រជា​សហគមន៍​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

សម្រាប់ អ្នកនាំពាក្យ​សមាគមការ​ពារ​សិទ្ធិ​​មនុស្ស​​​​​អាដ​ហុក លោក យិន ម៉េង​លី យល់​​​ថា ការ​អូស​បន្លាយ​ពេល​ដោះ​ស្រាយ​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ​ រួម​ទាំង​ព្រៃ​សហគមន៍​ផង​ដែរ ខណៈ​ពលរដ្ឋ​មាន​សិទ្ធ​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​ព្រៃ​សហគមន៍ ស្រប​ច្បាប់​តាម​គោល​នយោបាយ​រដ្ឋាភិ​បាល។

លោកបន្តថា រដ្ឋា​ភិបាល រួម​ទាំង​ក្រសួង​ពាក់​ព័ន្ធ ត្រូវ​ពន្លឿន​ពិនិត្យ​លើ​ញត្តិ ពលរដ្ឋ​ដាក់​ស្នើ​សុំ​កិច្ច​​អន្តរាគមន៍​​ជុំវិ​ញរឿង​​អាជ្ញាធរ​​ខេត្ត​​ផ្ដល់​​ដី​​​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ទីលាន​ចាក់​សម្រាម ខណៈ​មិន​ទាន់​ទទួល​បាន​ការ​អនុ​ញ្ញាត​ត្រឹ​ម​ត្រូវ​ពី​រដ្ឋាភិបាល​ផ្ទាល់។

លោកថា៖ «ថ្នាក់ជាតិ​គបី្បទទួល​ពាក្យ​បណ្តឹង​ ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ ហើយ​ចឹង​ទេ​ប្រជា​ពលរដ្ឋ​លោក​អស់​សង្ឃឹម​ខិត​ខំ​ការ​ពារ​ផល​ប្រយោជន៍​សាធារណៈ ផល​ប្រយោជន៍​សង្គម​ ហាក់​បី​ដូច​ជា​តែ​ឯង​អត់​មាន​ការ​គាំទ្រ​ គប្បី​តែ​មាន​ការ​គាំទ្រ​តាម​ផ្លូវ​ច្បាប់​មាន​ការ​គាំ​ទ្រ​ពី​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ ក្នុង​ការ​ការ​ពារ​គាំទ្រ​ដល់​ពួក​គាត់​ថែម​ទៀត​ នៅ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដែរ ហើយ​វា​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ដែល​ស្ថាប័ន​រដ្ឋ​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទាម​ទារ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ និង​កុំ​បណ្ដែត​បណ្ដោយ​ត​ទៅ​ទៀត កាល​ណា​បណ្ដែត​​បណ្ដោយ​តប​ទៀត​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​បាត់​បង់​ព្រៃ​ឈើ​ ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ»។

យ៉ាងណា កាលពីថ្ងៃ​ទី​៣០ ខែ​​ឧសភា ឆ្នាំ​២០២៥​នេះ ប្រជា​​សហគមន៍​​ព្រៃឈើ​​អ្នក​​តាថ្ម​​ព្រង់ បាន​ឡើង​​មក​ដាក់​​ញត្តិ​​សុំ​​អន្តរាគមន៍​​ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និង​​ប្រធា​ន​​ព្រឹទ្ធ​​សភា លោក ហ៊ុន សែន ក្រោយពួកគេ​ប្រឈមជាប់​គ្នា​ពីរ​ថ្ងៃ​ ជំទាស់​នឹង​សកម្ម​ភាព​គ្រឿង​ចក្រ​ដែល​បាន​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ ​​ព្រៃ​ឈើ​​អ្នក​​តាថ្ម​ព្រង់។

ញត្តិដែលប្រជាសហគមន៍បានដាក់​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​​ដោះ​ស្រាយ​​នេះ មាន​​៣ចំនុច​​ក្នុង​​នោះ ទី១ ស្នើ​សុំមោឃភាព​​ប័ណ្ណ​​​កម្ម​សិទ្ធិ​​​ខុស​​ច្បាប់​​ចំនួន ៦ប័ណ្ណ លើ​ដី​ព្រៃ​សហគមន៍ ទី២ បដិសេធ​​លើ​​ការ​​រៀប​​​ចំ​​ស្នើ​​សុំ​​ដី​រដ្ឋ​ចំនួន ៩១​​ហិកតា លើ​​​ដី​​ព្រៃ​​​​សហគមន៏​ព្រៃឈើ​​អ្នក​​តា​​ថ្ម​ព្រង់ ពី​អាជ្ញាធរ​ស្រុក សម្រាប់​ជា​កន្លែង​ចាក់​សំរាម​​ឲ្យ​​ក្រុម​ហ៊ុន មី នើ វ៉ា អ៊ិន​វេស​ម៉ិន។

មួយវិញទៀត ស្នើ​សុំ​ចុះ​ប​​ញ្ជី​​​ដី​​ព្រៃ​សហគមន៍​​ទំហំ ៧៩៣​​ហិកតា នៅ​​ភូ​​មិ​ថ្មី ឃុំកំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ សម្រាប់​​ជា​សម្បត្តិរដ្ឋដល់​សហគមន៍។

យ៉ាងណាមិញ ជុំវិញការកក្រើកតវ៉ានេះ តំណាងសហគមន៍ ៤​​នាក់ ត្រូវ​​បាន​​នគរបាល​ស្រុក​​កំព​ង់​​សីលា កោះ​​ហៅ​​ឱ្យ​​ចូល​​បំភ្លឺ ចំនួន​០២ដងរួម​មក​ហើយ ដោយ​ចោទ​ពី​បទ ហិង្សា​​លើ​​អចលន​ទ្រព្យ។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទ​ទួ​​ល​ការ​ពិនិត្យ និង​​​ដោះ​​ស្រាយ​​យ៉ាង​ហ្មត់​ចត់​ពី​អង្គ​ការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ