ពលរដ្ឋរងគ្រោះក្រោមវិធាន​បណ្តេញ​ចេញ​ពី​តំបន់​អន្ទង់​អាំង​ជំរុញ​ឱ្យ​មហា​ផ្ទៃ​ជួយ​រក​យុត្តិ​ធម៌

ពលរដ្ឋ​រស់នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់ ស្នើក្រ​សួង​មហា​ផ្ទៃ ជួយ​​អន្តរា​​គមន៍​​​​​​ទៅ​​រដ្ឋ​បាល​ខេត្ត​​​​ឱ្យ​បញ្ឈប់​​នូវ​ការ​​ដក​ហូត​ដី​ដោយ​បង្ខំ និង​បញ្ចប់​នូវ​ការ​​ចោទ​​ប្រ​កាន់​តាម​​ប្រព័ន្ធ​​​តុលាការ​​ ​ទៅ​​លើ​ពលរដ្ឋដែល​​រង​​គ្រោះ​ដោយ​សារ​​​ដី​ធ្លី។

ការ​ស្នើនេះ​បានធ្វើឡើង​តាមរយៈញត្តិ​​របស់​អ្នកស្រី សែម សុខគា ជា​ពលរដ្ឋ​​ម្នាក់​​រស់​នៅតំ​បន់​​អន្ទង់​​អាំង ក្នុង​​​ឃុំ​​អន្លង់​រាប ​ស្រុក​វាល​វែង ​ខេត្ត​ពោធិ៍​សាត់ ដែល​បាន​​ដាក់​ទៅក្រ​សួង​​មហា​​ផ្ទៃ នៅ​​ថ្ងៃ​ទី​​០៩ ខែមិថុនា ម្សិល​​មិញ​​នេះ។ អ្នកស្រីជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ ២៤គ្រួសារ ​ដែល​​​ត្រូវ​​បាន​អាជ្ញាធរ​​​ចុះ​​រុះរើ​ផ្ទះ និង​​រីស៊តខ្ទេច​​គ្មានសល់​ កាល​ពីអំឡុងពាក់កណ្តាល​ខែ​​មិនា ឆ្នាំ​២០២៥​នេះ ក្រោម​ហេតុ​ផល​ថា ពួក​គេ​ទៅ​ទន្ទ្រាន​​កា​ន់​​កាប់​​ដីតំបន់​ការ​ពារបៃតង។

អ្នកស្រី សែម សុខគា បាន​ប្រាប់​​វីអូឌី​​នៅថ្ងៃទី១០ ខែមិថុនានេះថា កាលពីថ្ងៃម្សិលមិញ អ្នកស្រី​បានដាក់ញត្តិ​ទៅក្រសួង​មហាផ្ទៃ ដើម្បី​​ស្នើឱ្យ​ក្រសួងជួយអន្តរាគមន៍ទៅរដ្ឋបាល​ខេត្តពោធិ៍​សាត់​ ​​បញ្ឈប់​ជាបន្ទាន់នូវ​ចេតនា​ដកហូត​ដីរបស់គាត់ដោយបង្ខំ និងបញ្ឈប់​នូវការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ទាំងដែលអ្នកស្រីពុំបាន​ប្រព្រឹត្ត​បទល្មើស​ដូចការចោទ​របស់​មន្ត្រីបរិស្ថាន​​ខេត្ត ដែលចោទ​ថាអ្នកស្រី​និងពលរដ្ឋ​ផ្សេង​ទៀតបានទៅ​កាប់ឆ្ការរុករាន​ដីព្រៃ​ធម្មជាតិ​យកមកធ្វើ​ជាកម្មសិទ្ធិ​នោះទេ។​

អ្នកស្រីបានគូសបញ្ជាក់​​ថា ដីដែលរដ្ឋបាលខេត្ត​បានបណ្តេញ​​គ្រួសារ​អ្នកស្រី ​ចេញ​ពីលំនៅដ្ឋាន​​ដោយ​បង្ខំ​នោះ ជា​ដី​ដែល​អ្នក​ស្រីបានខ្ចីបុល​ពីធនាគារ​ ដើម្បី​​ទិញ​ពីម្ចាស់​កម្មសិទ្ធិ​ដែល​មាន​ប្លង់​រឹង​ ឈ្មោះ ស្មាន់ កា​សេត និង​ភរិយា​ឈ្មោះ ប៊ុន ពៅ កាល​ពីអំឡុងឆ្នាំ​២០១២ ដោយមានការ​ទទួលស្គាល់ពីអាជ្ញា​ធរ​​​​​មូលដ្ឋាន​ផង​​ដែរ​។ អ្នកស្រីបន្តថា ក្រោយ​ទិញ​ដី​នោះ​រួច អ្នកស្រីក៏​បានខ្ចីបុលពី​​ធនាគារ​បន្ថែម ដែលមានចំនួនសរុប​ទាំង​មុននិងក្រោយ​​ជាង​១០ម៉ឺនដុល្លារ ដើម្បី​​​​​​ចាក់ដីបន្ថែម និង​សាង​សង់​​កញ្ចុះ ព្រម​ទាំង​​ដាំដំណាំ​វិល​ជុំ ដោយ​​គ្មានការ​ហាមឃាត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ។

ករណីនេះ អ្នកស្រី សែម សុខគា បាននិយាយថា៖ «សូម​ឱ្យ​ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​​ទាំង​អស់​ អត់មាន​​មក​ប្តឹង​ចោទ​ប្រកាន់​ខ្ញុំ​​ ពីប្រព័ន្ធ​តុលាការ ខ្ញុំ​អត់​ទទួល​យក​បាន​ទេ សូម​ឱ្យ​ដោះស្រាយ​​តាម​អ្វី​​​ដែល​រាជ​រដ្ឋាភិបាល បើ​​សិន​ជា​​ដី​ខ្ញុំ​ត្រូវ​ការ​អភិវឌ្ឍន៍ សុំសំណង​សង​ជា​លុយណាមួយ​​ដែល​ខ្ញុំ​អាច​ទទួលយក​បាន ខ្ញុំ​នឹង​ទទួល​យក​លុយ​នេះ​ទៅ​សង​ធនាគារ​​ ហើយ​យក​ដីខ្ញុំ​អភិវឌ្ឍន៍​ចុះ​ បើ​យក​​​ដី​ខ្ញុំ​​ទទេ ហើយចោទ​ថា​ដីខ្ញុំ​ខុស​ច្បាប់ ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ គឺ​ខ្ញុំ​នៅ​តវ៉ា នៅ​ដើ​រ​ដាក់ញត្តិ​រហូត​ទាល់តែ​មាន​ដំណោះ​ស្រាយ​បាន​ខ្ញុំ​ឈប់​»

បើតាមស្ត្រីរូបនេះ ក្រោយមានការ​បណ្តេញចេញដោយបង្ខំ ប្រជាពលរដ្ឋ​ទាំង​ជាង ២០គ្រួសារ​ កំពុង​​​រស់​នៅ​យ៉ាង​វេទ​នា និងខ្វះខាតខ្លាំងក្នុងជីវភាព ខណៈអាជ្ញាធរ​នៅ​បន្តគំរាម​កំហែង​ពលរដ្ឋ​​​មិន​​ឱ្យ​​ត្រឡប់​​ទៅផ្ទះសម្បែង​នៅ​តំបន់អន្ទង់អាំង​នោះ​វិញ​ទេ។ ​

​វីអូឌី មិនអា​ចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នក​នាំពាក្យ​​​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ បាន​ទេ​នៅថ្ងៃ​ទី​១០ ខែ​​មិថុនា​​នេះ។

ប៉ុន្តែញតិដែល​អ្នកស្រី សែម សុខគា បានដាក់ទៅក្រសួង​មហា​ផ្ទៃ​នោះ ឃើញមានការចុះ​ហត្ថ​លេខា និង​ចារ​ថា​បាន​ទទួល​ពីមន្ត្រីឈ្មោះ រិទ្ធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២៥។

អនុប្រធាន​សមាគម​កា​រពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី ដែលធ្លាប់​បានចុះអង្កេត​ករណីវិវាទដីធ្លីនេះ​ដោយ​ផ្ទាល់ មានប្រសាសន៍ថា បញ្ហាដែលពលរដ្ឋ​ទាំង២៤គ្រួសារ បាននិងកំពុង​​តវ៉ា និង​ទាមទារ​ដំណោះស្រាយមកដល់បច្ចុប្បន្ន​នេះ​ ​គឺ​ជា​ប្រជា​ពលរដ្ឋ​ដែលរស់នៅ​ក្រៅតំបន់អន្ទង់​អាំង ឬ​ក្រៅ​តំបន់ការ​​ពារ​​ ហើយ​​កា​រ​​សំអាង​​​របស់ពលរដ្ឋ​ដែលថា​រស់នៅ​ក្រៅតំបន់​ការពារបៃតង​នោះ គឺយោងទៅតាមសជណ​របស់​​​​រដ្ឋាភិបាលលេខ១១០១។

លោ​កបន្តថា ដើម្បីដោះស្រាយបញ្ហានេះឱ្យចំគោលដៅ ហើយកុំឱ្យពលរដ្ឋ​មានការ​តវ៉ាទៀត និង​ការ​ដាក់ញត្តិ​នៅថ្នាក់ជាតិ​ទៀតនោះ រដ្ឋបាល​​ខេត្តគួរចេញមុខចរចា​ជាមួយពលរដ្ឋ​ដែល​រង​គ្រោះទាំងនោះ​ដោយ​ផ្ទាល់ និងមិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាកា​រទៅដាក់សម្ពាធពលរដ្ឋ​បន្ថែមនោះទេ។​

មន្ត្រីសិទ្ធិ​មនុស្ស​រូបនេះ បាន​គូសបញ្ជាក់​​ថា៖ «ចឹង​រឿងនេះ បើសិនជារដ្ឋបាល​ក្តី ក្រសួង​​​​ពាក់ព័ន្ធ​ក្តី ចង់ធ្វើការ​ដោះស្រាយ វាមិន​លំបាក​​ទេ ឱ្យ​​​ធ្វើ​ការ​​​ដោះ​ស្រាយ​​តាម​រយៈ​រដ្ឋ​បាល​​​ខេត្ត​វិញ ឱ្យពួកគាត់ចូលមក ដាក់ពាក្យបណ្តឹង​មក គាត់ទាម​ទារ​អីខ្លះ ដីគាត់​​នៅឯណា​ លិចកើត​​ត្បូង​​ជើង គាត់មានឯកសារ​អីខ្លះ​ ពេលនោះរដ្ឋបាល​​ខេត្តនឹង​ទទួលបាន​ហើយ ប៉ុន្មាន​ឱ្យ​គាត់​​​​ចូល​មក​ដោះ​ស្រាយ​មក​ កុំឱ្យទៅតាមផ្លូវតុលាការ ព្រោះប្រជា​​ពលរដ្ឋគាត់​លឺ​តុលាការ​ គាត់​​ខ្លាច​ៗ​ ចឹងយើងស្រង់បាន ផលប៉ះពាល់ពិតប្រាកដ ហើយ​យើងនឹង​រក​ឃើញ​ហើយសិក្សា​ថា​តើ​​ហេតុអីបានជាអ្នកឯកអត់ព្រមចេញពីតំបន់ហ្នឹង […] ចឹង​ពេល​ដែល​យើង​ដោះ​អត់​ចំ​បញ្ហា បញ្ហា​វា​អត់​រលត់ ​វា​ដដែលៗ​ចឹង​»

លោកបន្តថា បើសិនជារដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ទុក​បញ្ហាដីធ្លីឱ្យ​​​នៅ​​បន្តរ៉ាំរ៉ៃ​​ និង​​មិនដោះ​​​ស្រាយ​ទេ​នោះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាពរបស់​ប្រជាពលរដ្ឋ​ដែលរង​គ្រោះ ​កូនចៅ​​ៗ​របស់​ពួក​គេ​​​ក៏​បាត់​បង់ឱកាស​​​សិក្សា​រៀនសូត្រ និងបន្តរស់ដោយការ​ភ័យខ្លាច ជាប់បំណុល​​វណ្ឌក ហើយបញ្ហា​វិវាទដីធ្លី​នេះ ក៏ធ្វើឱ្យ​ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល​ផងដែរ។​​ ​

បើតាម​ លោក យិន ម៉េងលី គិត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ចំនួន ៣នាក់​ហើយ ដែល​កំពុងជាប់ឃុំនៅពន្ធនាគារ ក្នុងនោះមានម្នាក់​ត្រូវ​បាន​ចោទ​ពីបទ កាប់ឆ្ការរុករានដីព្រៃ​តំបន់​ការ​ពារ​យក​ធ្វើជាកម្មសិទ្ធិ និង​ពីរនាក់ទៀត ត្រូវបាន​ចាប់ខ្លួន និងឃុំខ្លួន​ ពាក់ព័ន្ធ​នឹង​បទញុះញង់ ក្រោយ​​​​​​ពីពួកគេ​ថត​ និងបង្ហោះសកម្មភាពនៃការ​រុះរើ​ផ្ទះ និងបណ្តេញ​ចេញ​ដោយ​បង្ខំពីសំណាក់​​​​​​​​អាជ្ញាធរ កាលពីខែមិនានោះ។​ ករណីនេះ លោក​ក៏បានស្នើយ៉ាងទទូចដល់តុលាការ​ និ​ងអាជ្ញាធរ​ខេត្ត ពិចារណាក្នុងការ​​ដោះលែង​​ប្រជាពលរដ្ឋ​ទាំង​៣រូបនោះ ឱ្យមានសេរីភាព​វិញ ហើយ​ដោះស្រាយបញ្ហាដីធ្លី​នេះ​​ជូនពលរដ្ឋឱ្យបាន​ឆាប់។

កាលពីឆ្នាំ​១៩៩២ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់សច្ចាប័ន​​ជាមួយអង្គ​ការសហ​ប្រជាជាតិ​ ​លើកតិការ​​​សញ្ញា​​អន្តរជាតិ ស្តីពី​​សិទ្ធិ​សេដ្ឋកចិ្ច សង្គម​កិច្ច និង​វប្បធម៌ ដែល​រាប់បញ្ជូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ និងការ​​ធានាសិទ្ធិ​រស់រាន​មាន​ជីវិត។

បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពាន​ដ៏កម្រោល លើសិទ្ធិមនុស្សជាច្រើន ដែល​បានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមាន​ផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទ​ទួ​លការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ