ការដែលក្រសួងយុត្តិធម៌ចេញលិខិតឱ្យតុលាការពន្លឿនរឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណានោះ ត្រូវគេមើលឃើញថា វាកើតចេញពីសម្ពាធតវ៉ាស្រុះគ្នារបស់ក្រុមជនរងគ្រោះ ដែលការណ៍នេះទាមទារឱ្យពួកគេតស៊ូយ៉ាងសកម្មបន្តទៀត ដើម្បីទាមទារយុត្តិធម៌ បើមិនដូច្នោះទេ ពួកគេនឹងរងគ្រោះធ្ងន់ធ្ងរ ក្រោមប្រព័ន្ធច្បាប់ដែលចងដោយបុគ្គលមានអំណាចនេះ។
ការលើកឡើងនេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២ខែមិថុនា បានជំរុញឱ្យសាលាដំបូងខេត្តសៀមរាប ពន្លឿនចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធការបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា។
វិធាននេះ ក្រោយជនរងគ្រោះបានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៧ ខែឧសភា ដើម្បីទាមទារយុត្តិធម៌បានសំណងដោះសា្រយវិបត្តិបំណុល ដោយថាវិបត្តិនេះកំពុងគំរាមជីវិតពួកគេ មានអ្នកខ្លះបែកបាក់គ្រួសារ ខ្លះទៀតឈឺធ្ងន់ និងកូនៗបោះបង់ការសិក្សា ជាដើម។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា កត់សម្គាល់ថា រឿងក្តី អតីតឧកញ៉ា ឡេង ចាន់ណា នេះ ហាក់ត្រូវបានរដ្ឋាភិបាលព្យាយាមកប់ចោលទើបអូសបន្លាយពេលរកយុត្តិធម៌ឱ្យជនរងគ្រោះបែបនេះ។
លោកថា ប្រព័ន្ធតុលាការខ្មែរបច្ចុប្បន្ន គឺនៅក្រោមឥទ្ធិពលទឹកលុយផង និងអ្នកមានអំណាចផង ដែលជាទម្រង់នៃការអនុវត្តច្បាប់បែបស្តង់ដារ២ ទើបធ្វើឱ្យរឿងក្តីដែលមានពាក់ព័ន្ធនឹងអ្នកមានអំណាច ត្រូវបានគេកប់ចោលបែបនេះ ធ្វើឱ្យពលរដ្ឋនឹងបន្តរងភាពអយុត្តិធម៌កាន់តែធ្ងន់ធ្ងរ។
លោកថា៖ «ទី១ គឺនិយាយឱ្យខ្លីដោយសារតែអ្នកទន់ខ្សោយមិនមានលុយសម្រាប់ឱ្យគេអាហ្នឹង១។ ទី២ អ្នកទន់ខ្សោយប្ដឹងទៅអ្នកដែលមានអំណាច ដូច្នេះតុលាការគាត់ត្រូវនៅខាងអ្នកមានអំណាចនិងអ្នកមានលុយ! អាហ្នឹងវាបង្ហាញអ៊ីចឹង។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកមានអំណាច មានលុយប្តឹងអ្នកក្រវិញគឺលឿនណាស់។ យើងមើលពីនីតិវិធី គឺលឿនមែនទែន ឧទាហរណ៍ដូចជាការចាត់វិធានការទៅលើ លោក រ៉ុង ឈុន យើងឃើញថាមិនដល់២៤ម៉ោងគេចាប់ភ្លាមៗ តុលាការចាត់វិធានការគ្រឹបៗ កាត់សេចក្ដីរឹបអូសទ្រព្យសម្បត្តិរបស់(លោក)រ៉ុង ឈុន អាហ្នឹងវាលឿន»។
បើតាមលោក សូរីដា ទោះបីកន្លងទៅរដ្ឋាភិបាលដាក់មេធាវីស្ម័គ្រចិត្តការពារក្តីឱ្យជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ក្តីតែលោកថាហាក់គ្រាន់តែជាល្បិចស្អំចិត្តជនរងគ្រោះតែប៉ុណ្ណោះ ហើយថាទាំងក្រសួងយុត្តិធម៌ និងតុលាការខេត្តសៀមរាប ព្យាយាមរុញទៅរុញមកដើម្បីអូសបន្លាយពេលថែមទៀត។
លោកថា៖ «មិនផ្តល់ភាពយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការទេ! អាហ្នឹងខ្ញុំគិតថាប្រជាពលរដ្ឋខ្លួនឯងទេ គួរតែពិចារណាថាតើគួរគាំទ្ររដ្ឋាភិបាលតទៅទៀត នៅក្នុងការបោះឆ្នោតប្រាំឆ្នាំម្ដងឬយ៉ាងម៉េច! ហើយបើសិនជាប្រជាពលរដ្ឋគិតថាតុលាការក្រោមការដឹកនាំរបស់គណបក្សជាជាតិល្អបែបហ្នឹង! គឺប្រាំឆ្នាំក្រោយ បោះឱ្យគេទៀតទៅ ហើយបើសិនជាបោះឆ្នោតឲ្យគេហើយ! នៅពេលដែលមានភាពអយុត្តិធម៌ តុលាការគេកាត់ក្ដីដោយអយុត្តិធម៌ម៉េចកុំយំកុំស្រែក ពីព្រោះអាហ្នឹងវាជាលទ្ធផលនៃការគាំទ្រគណបក្សកាន់អំណាចដោយខ្លួនឯងទេ»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា តុលាការហាក់មានដំណើរការនីតីវិធីយឺតយ៉ាវក្នុងការរកយុត្តិធម៌ ដែលទុកឱ្យជនរងគ្រោះធ្លាក់ខ្លួនជំពាក់បំណុលវណ្ឌក បាត់បង់ដីធ្លី ផ្ទះសម្បែង និងមានវិបត្តិផ្លូវចិត្តជាដើម។
លោកថា៖ «ការអូសបន្លាយកាន់តែយូរទៅ វាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹង លោកអាចនឹងបាត់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌។ អ៊ីចឹងហើយបានយើងឃើញថា នៅពេលដែលពលរដ្ឋមកសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ យើងឃើញថាក្រសួងយុត្តិធម៌បានធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យតុលាការពន្លឿននីតិវិធីជូនពួកគាត់ឱ្យបានលឿន»។
យ៉ាងណា ជនរងគ្រោះម្នាក់ អ្នកស្រី សា តីណាស់ ប្រាប់VODថា គាត់ចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន១ម៉ឺន៥ពាន់ដុល្លារធ្វើឱ្យគាត់ប្រឈមវិបត្តិជីវភាពធ្ងន់ធ្ងរ។
លោកថា៖ «ចង់ឲ្យខាងក្រសួងយុត្តិធម៌ជួយពន្លឿនខាងតុលាការ ហើយឱ្យខាងតុលាការហ្នឹងជួយពន្លឿនរឿងក្ដី ឡេង ចាន់ណា ហ្នឹងឲ្យឆាប់បានលុយពួកយើងមកវិញ ដើម្បីសងទៅជនរងគ្រោះគ្រប់ៗគ្នាហ្នឹងហើយបង។ មានចង់បានអ្វីក្រៅពីលុយទេ! ចង់ឲ្យតែគេជួយពន្លឿនបញ្ចប់រឿងក្តីនេះ ដើម្បីយកលុយមកសងពួកយើងតែប៉ុណ្ណឹងឯង»។
ចំណែក ពលករចំណាកស្រុកធ្វើជាកម្មករនេសាទនៅប្រទេសថៃ លោក អង យូហៃ និយាយថា ចាញ់បោកជាង២ម៉ឺនដុល្លារ ជាកម្ចីឯកជនក្រៅផ្លូវការធ្វើឱ្យលោកប្រឈមបំណុលវ័ណ្ឌក ខណៈក្នុងគ្រួសាររបស់លោកបានចាញ់បោកសរុបជាង ៥ម៉ឺនដុល្លារ។
លោកថា៖ «សូមអរគុណដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ដែលបានធ្វើពន្លឿនរឿងក្ដីនេះទៅដល់តុលាការខេត្តសៀមរាប។ សូមតុលាការខេត្តសៀមរាប មេត្តាជួយពន្លឿនក្ដីនិងកាត់សេចក្ដី ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឆាប់ៗផង! ព្រោះអីយើងកំពុងតែរងគ្រោះលំបាកវេទនា នៅក្នុងការសងបំណុលនិងជីវភាពផ្ទាល់ខ្លួនឈឺស្កាត់គ្មានថវិកាក្នុងការមើលជំងឺ»។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជារដ្ឋលេខាធិការក្រសួងអប់រំ ត្រូវបានពលរដ្ឋរងគ្រោះចោទប្រកាន់ថា នៅពីក្រោយគម្រោងឆបោកនេះ។ ប៉ុន្តែខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត់ បានបដិសេធ។
ការច្រានចោលនេះ គ្មានការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងនោះទេ មកដល់ពេលនេះ ក្រៅពីលិខិតមួយសន្លឹក ដែលមន្ត្រីក្រោមឱវាទ បានចេញបដិសេធ ឆ្លើយតបទៅនឹងការអះអាងរបស់ជនរងគ្រោះ។
ជាការកត់សម្គាល់ អំពើឆបោកប្រាក់រាប់រយលានដុល្លារ ពីសំណាក់ឈ្មួញទុច្ចរិត ដូចជាអតីតឧកញ៉ា ឡេង ចាន់ណា ជា សារ៉ន ហ៊ី គឹមហុង លោក គុយ វ៉ាត ប្រធានក្រុមហ៊ុន CIC អតីតជំនួយការលោក ហ៊ុន សែន គឺលោក ដួង តារា ដែលជាប់ពាក់ព័ន្ធរឿងបោកប្រាស់នៅក្រុមហ៊ុនភូមិខ្មែរគ្រុប និងឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើមនោះ ទ្រព្យសម្បត្តិរបស់ពួកគេគ្មានការរឹបអូសទ្រព្យសងជនរងគ្រោះទេ។
ផ្ទុយទៅវិញ អ្នកនយោបាយប្រឆាំងជាច្រើនរូប ត្រូវបានតុលាការមានចំណាត់ការផ្លូវច្បាប់យ៉ាងរហ័ស ជុំវិញការដែលពួកគេបានតស៊ូមតិ ដើម្បីយុត្តិធម៌សង្គមតាមគន្លងប្រជាធិបតេយ្យ ក្នុងនោះមានដូចជាការរឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិ ការផ្តន្ទាទោសលោក កឹម សុខា ពីបទក្បត់ជាតិ គុបគិតជាមួយបរទេសឱ្យជាប់ឃុំក្នុងផ្ទះរហូតដល់២៧ឆ្នាំ លោក រ៉ុង ឈុន ត្រូវតុលាការបង្គាប់ឱ្យបង់លុយ៤០០លានរៀល ឬស្មើ១០ម៉ឺនដុល្លារ ពាក់ព័ន្ធសំណុំរឿងព្រំដែន លោក ទាវ វណ្ណុល ត្រូវបានបង្គាប់ឱ្យសងសំណង១លាន៥សែនដុល្លារ ទៅរដ្ឋាភិបាល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។
រីឯ ដីមន្រ្តីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ នៅខេត្តសៀមរាបចំនួន២កន្លែង ត្រូវបានតុលាការរឹបអូស និងទីតាំងផ្សេងទៀត ត្រូវបានបង្កកមិនឱ្យធ្វើអាជីវកម្ម ក្រោមបណ្តឹងចោទប្រកាន់របស់គណបក្សកាន់អំណាច ទារជំងឺចិត្តប្រមាណ១លានដុល្លារ ជុំវិញការដែលលោក សុន ឆ័យ រិះគន់ការបោះឆ្នោតឆ្នាំ២០២២ថា ធ្វើឡើងខ្វះតម្លាភាពមានការលួចបន្លំ។
របាយការណ៍នានា បង្ហាញថា មេដឹកនាំគណបក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការ ដើម្បីការពារអំណាចជាចំហ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយប្រជាពលរដ្ឋ ជាងពាក់កណ្តាលប្រទេស បោះឆ្នោតដកសេចក្តីទុកចិត្ត ហើយងាកទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងវិញ។
បន្ទាប់នយោបាយដែលគេដឹងថា បានងាកចេញពីគន្លងប្រជាធិបតេយ្យជិត១០ឆ្នាំទៅនេះ ធ្វើឱ្យមានអំពើពុករលួយបែបប្រទាក់ក្រឡាគ្នា កម្ពុជាក្លាយជាជម្រកសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជន បង្កឱ្យពលរដ្ឋច្រើនលាននាក់រងគ្រោះពីអំពើឆបោក ទីបំផុតធ្លាក់ក្នុងអន្ទាក់បំណុលរើខ្លួនលែងរួច៕









