ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ប្រាប់មេដឹកនាំកម្ពុជា នៅប្រទេសបារាំង ពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស តួនាទីសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈកម្ពុជាបន្តបិទខ្ទប់ជីវិតនយោបាយមេដឹកនាំគណបក្សប្រឆាំង ដែលមានសក្តានុពលក្នុងការពង្រឹងប្រព័ន្ធនីតិរដ្ឋ។
គេហទំព័រហ្វេសប៊ុករបស់គណៈកម្មការអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងនៅថ្ងៃទី១១ខែមិថុនានេះថា ក្នុងជំនួបទល់មុខទ្វេភាគី រវាងលោក Antonio Costa និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅទីក្រុង Nice ប្រទេសបារាំង លោកប្រធាន Costa បានរំលឹកឡើងវិញ អំពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងនាមជាដៃគូដ៏រឹងមាំសម្រាប់កម្ពុជា។
ប្រភពនោះ បន្តថា លោក Costa បានកោតសរសើរចំពោះវឌ្ឍនភាព និងកំណែទម្រង់សេដ្ឋកិច្ច និងសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នៅតែមិនងាករេ ក្នុងការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ភ្ជាប់នឹងការកោតសរសរើនេះ ភាគីអឺរ៉ុប បង្ហាញពីក្តីសង្ឃឹមសម្រាប់ការរីកចម្រើនបន្ថែមទៀត លើការគោរពសិទ្ធិមនុស្ស និងសេរីភាពកាន់តែច្រើន សម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ដោយឡែក សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយលោក Ursula Von der Leyen ប្រធានគណៈកម្មការអឺរ៉ុបផងដែរ។
ជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០ភាគរយ អំឡុងខែសីហាឆ្នាំ២០២០ ដែលជាការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ និងវិធានចាប់មេដឹកនាំបក្សប្រឆាំងដាក់ពន្ធនាគារ។
ចាប់ពីពេលនោះមក រដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារហ៊ុន បានធ្វើយុទ្ធនាការកម្ចាត់សារព័ត៌មានឯករាជ្យ និងយាយីសង្គមស៊ីវិល ដែលសកម្ម ជំរុញការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ច យុត្តិធម៌សង្គម និងសម្ព័ន្ធអង្គការដែលឃ្លាំមើលការបោះឆ្នោតដោយឯករាជ្យ។
ប្រមាណជា៤ឆ្នាំក្រោយមក តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទំាងអស់ពីកម្ពុជា ដែលនៅសល់៨០ភាគរយ។
ដែលការព្រមាននេះ ចំពេលដែលមេដឹកនាំកម្ពុជា មិនអើពើស្តារប្រជាធិបតេយ្យ ដោយមិនព្រមបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ បានចូលរួមប្រកួតការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យឡើងវិញ តាមស្មារតីរដ្ឋធម្មនុញ្ញ និងបំណងអន្តរជាតិ ដែលចង់ឱ្យកម្ពុជា មានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ។
បើតាមសេចក្តីថ្លែងការណ៍នៅពេលនោះ សភាអឺរ៉ុប បានស្នើឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានការដោះលែងអ្នកទោសនយោបាយខ្មែរទាំងអស់ ដោយបញ្ជាក់ថា ការកែលម្អសិទ្ធិមនុស្ស និងការគាំពារសេរីភាពសង្គមស៊ីវិល ជាលក្ខខណ្ឌចាំបាច់ នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
យ៉ាងណា មកទល់ពេលនេះ មេដឹកនាំបក្សកាន់អំណាច នៅតែបន្តបិទខ្ទប់ជីវិតនយោបាយអ្នកនយោបាយប្រឆាំងដែលមានសក្តានុពល រាប់ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់មេដឹកនាំកំពូល តាមរយៈប្រើដៃតុលាការដកសិទ្ធិធ្វើនយោបាយពួកគេ ក្នុងនោះមានទាំង លោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ៕









