ទំនាក់ទំនង​លោក ថាក់​ស៊ីន និង​លោក ហ៊ុន សែន ជា​មន្ទិល​លើ​ការ​រុញ​សំណុំ​រឿង​ព្រំដែន​ទៅ​ICJ

ទំនាក់ទំនងជិត​​ស្និទ្ធ​​រវាង​លោក​ ថាក់​ស៊ីន និង​គ្រួសារ​ហ៊ុន ជំរុ​ញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា អាច​ជា​ឧប​ស​គ្គ​​រា​រាំង​​ដល់​ការ​បញ្ជូន​សំណុំ​រឿង​ព្រំដែន ​ទៅ​កាន់​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) ដែល​ការណ៍​នេះ ជា​ក្តីបា​រម្ភ​​​ពីកា​​រ​គំរាម​កំហែង​បូរណ​ភាព​ទឹក​ដី​កម្ពុជា បើ​គ្មាន​ប្រព័ន្ធ​តាម​ដាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទេ​នោះ ។

ក្តីបា​រម្ភ​នេះ ក្រោយពីរដ្ឋាភិបាលកម្ពុជា បង្ហាញ​ភាព​ស្ទាក់​ស្ទើរ ដោយ​មិន​កំណត់​ពេល​វេលា​ច្បាស់​លាស់​ ក្នុង​ការ​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ICJ បើ​ទោះ​បាន​ទម្លាយ​ថា រដ្ឋាភិបាល​បាន​​បង្កើត​គណៈ​កម្មការ​រៀប​ចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​​យុត្តិ​​ធ​ម៌​​អន្តរ​ជាតិ ក្នុង​វិវាទ​ព្រំដែន​ជាមួយ​ថៃ នៅ​តំប​ន់​មុំ​បី ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តា​ក្របី ក្តី។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី​១១ ខែ​មិថុនា​នេះ ដោយនិយាយ​ថា ការ​បង្កើត​គណៈ​កម្ម​ការ​រៀប​ចំ​ឯកសា​រ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​ចង់​សួរ​​ លោក ហ៊ុន ម៉ាណែត ថា តើ​កំណត់​ថ្ងៃ​ប្តឹង​ថៃ​ទៅ​តុលាការ​ICJ នៅ​ថ្ងៃ​ណា​ឱ្យ​ពិត​ប្រាកដ។

ប្រភពបន្តថា ការសួរបញ្ជាក់បែប​នេះ ដោយ​សារ​ឃើញ លោក ហ៊ុន ម៉ាណែត ធ្លាប់​បង្ហោះ​សារ​ថា «ប្តឹង​ថៃក្នុង​ករណី​ចាំបាច់។ ការណ៍​នេះ​ធ្វើ​លោក​បារម្ភ​ថា ប្រសិន​បើ​ លោក ថាក់​ស៊ីន បញ្ចុះ​បញ្ចូល លោក ហ៊ុន សែន ឱ្យ​ឈប់​ប្តឹ​ង​ទៅ ICJ នោះ កម្ពុជា​ប្រឈម​នឹង​បាត់​បង់​ដី​ទៅ​ប្រទេស​ថៃ​បន្ថែម​ទៀត។

លោក​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ហេតុនេះ បណ្តឹងមិនទាន់ទៅដល់​ដៃ ICJ យើង​នៅ​មិន​ទាន់​ទុក​ចិត្ត​លោក ហ៊ុន សែន នៅ​ឡើយ ព្រោះ​ខ្លាច​បង​ធម៌​ លោក ថាក់ស៊ីន អាច​ចរ​ចា​ក្រោម​តុ​ម្តង​ទៀត​ដូច​ករណី​ដក​ទ័ព​ចេញ​ពី​តំបន់​មុំបី​នៃ​ខេត្ត​ព្រះ​​វិហារ»

លោក អ៊ុំ សំអាន ឱ្យVOD​​ដឹងបន្ថែមថា លោក ហ៊ុន សែន ​អាច​យក​លេស​ពន្យា​ពេល​ប្តឹង ឬ​ដោះ​ដូរ​អ្វី​មួយ ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​ថាក់​ស៊ីន កុំ​ឱ្យ​ពួក​យោធា​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​កូន​ស្រី លោក ថាក់​ស៊ីន គឺអ្នក​ស្រី ផែផង​ថាន។

លោកបន្តថា ភាព​ស្អិត​រមួត​រវាង​គ្រួសារ​ថាក់​ស៊ីន និង​គ្រួសារ​ហ៊ុន​នេះ អាច​ជា​ឧបសគ្គ​ធំ ដល់​ការ​ដាក់បញ្ជូន​សំណុំ​រឿង​ព្រំដែន ដូច​ជា ប្រាសាទ​តាមាន់​តូច តាមាន់ធំ តាក្របី និង​តំបន់​មុំ​បី​ទៅ​តុលាការ​ICJ។

លោកថា​៖ «កត្តា​ដែល​មិន​អាច​ប្ដឹង​ហ្នឹង​ មាន​ទី១ គឺ​លោក ថាក់​ស៊ីន អាច​ខល​មក​ដើម្បី​និយាយ​ជាមួយ​លោក ហ៊ុន សែន កុំ​ឱ្យ​ប្តឹង ដើម្បី​កុំ​ឱ្យ​ពួក​យោធា​ធ្វើ​រដ្ឋ​ប្រហារ​កូន​គាត់ មួយ​ទៀត​អាច​ថៃ​គេ​ផ្ដាច់​ភ្លើង​ផ្ដាច់​ទឹក​នៅ​តាម​ព្រំដែន​ហ្នឹង វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​កាស៊ីណូ និង​ប៉ះ​ពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ហើយ​មួយ​ទៀត​អាច​បិទ​ច្រក​ព្រំដែន​​ឡើង​វិញ និង​មួយ​ទៀត​ គឺ​ថៃ​ពង្រាយ​កម្លាំង​នៅ​តាម​ព្រំដែន​ហ្នឹង​អាច​ផ្ទុះ​អាវុធ​ធ្វើ​អ៊ីចឹង​ទៅ»។

ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិម្នាក់ទៀត គឺ​លោក សួន សូរីដា ហាក់​មាន​ជំនឿ​តិច​តួច​លើ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ ក្នុង​ការ​ប្តឹង​ថៃ​ទៅ​តុលាការ​ICJ ដោយ​លោក​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​តែ​មិន​កំណត់​ពេល​វេលា​ច្បាស់​លាស់​ ក្នុង​ការ​បញ្ជូន​សំណុំ​រឿ​ង​ព្រំដែន​នៅ​ឡើយ។

ម្យ៉ាងវិញទៀត លោកយល់ថា ការបង្កើតគណៈកម្មការ​រៀបចំឯកសារ​ប្តឹង​ថៃ​ទៅ​តុលាការ​ICJ​នេះ អាចគ្រាន់​តែ​ជាកា​រ​លួង​ចិត្ត​មហាជន កុំ​ឱ្យ​ខឹង​សម្បារ​ក្រោយ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី​នៃ​ខេត្ត​ព្រះ​វិហារ​។

លោកថា៖ «យើងឃើញហើយថាទំនាក់ទំនង​នេះ​ វាអា​ច​នឹង​ជះ​ឥ​ទ្ធិពល​ខ្លាំង​ទៅ​ដល់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គេ​ហៅ​ថា​ឈ្លាន​ពាន ឬ​ក៏​ចូល​កាន់​កាប់​ទឹក​ដី​នៅ​តាម​ព្រំដែនកម្ពុជា ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យោគ​យល់​ត្រកូល​ថាក់​ស៊ីន ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ថៃ​ វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ គេហៅ​វិធាន​ការ​ដែល​ដ៏​មាន​ប្រសិទ្ធ​ភាព​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែ​នកម្ពុជា យើង​ដឹង​ហើយ​ថា​មក​ដល់​ពេ​ល​នេះ​ រដ្ឋាភិ​បាល​បាន​ជ្រើស​រើស​យក​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​អាយ.ស៊ី.ជេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ វា​ហាក់​ដូច​ជា​នៅមាន​​​​ភាព​ស្រពិច​ស្រពិល»។

VOD មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​អនុប្រធានគណៈ​កម្ម​ការ​រៀប​ចំ​ឯកសារ លោក ឡាំ ជា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​​បា​ន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយឡែក អ្នក​តាមដានភូមិសាស្ត្រ​នយោបាយ​​តំប​ន់​​អាស៊ី​អាគ្នេយ៍ និង​​​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី និយាយ​ប្រាប់​VOD​ថា លោក​គាំ​ទ្រ​ចំពោះ​ការ​រៀប​ចំ​គណៈ​កម្ម​ការ​រៀប​ចំ​ឯកសារ​ប្តឹង​ថៃ​ទៅ​ICJ​នេះ។

ក៏ប៉ុន្តែ​លោក​ហាក់​មិន​​​ទាន់​​ទុក​ចិត្ត​ថា រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មាន​ចេតនា​រុញ​វិវា​ទ​ព្រំ​ដែន​នេះ​ទៅតុលាការ​ICJ។

ការមិនទុក​ចិត្ត​នេះ ដោយ​លោក​សង្កេត​ឃើញ​ថា កន្លង​មក រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្ម​ការ​ច្រើន​រាប់មិន​អស់ ក្នុង​គោល​បំណង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម និង​បញ្ហា​ពលរដ្ឋ ប៉ុន្តែ​ជាក់​ស្តែង គណៈ​កម្ម​ការទាំង​នោះ មិន​ត្រឹមតែ​មិ​ន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​​បាន​នោះទេ​ ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​បញ្ហាទាំ​ង​នោះ​បន្តជាប់​គាំង និង​រ៉ាំរ៉ៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោកបន្តថា មូលហេតុចម្បងនៃការបរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ និង​បញ្ហា​ជាតិ គឺដោយ​សារ​តែ​ពួក​គេ​ភាគ​ច្រើន បំរើ​បក្ស ជាង​បំរើ​ជាតិ គួប​ផ្សំ​និង​កង្វះ​ប្រព័ន្ធ​ឯករាជ្យ​ត្រួត​ពិនិត្យ​លើ​គណនី​ភាព និង​តម្លា​ភាព ក្នុង​ការ​ធ្វើ​ការ​ងារ​របស់​រដ្ឋាភិ​បាល និង​ការ​មិន​ផ្តល់​តម្លៃ​ដល់​ការ​ចូល​រួម​របស់​ពលរដ្ឋ ក៏​ដូចជា​គណបក្ស​ប្រឆាំង។

លោកថា៖ «ទំនាក់ទំនងរវាងរដ្ឋាភិបាល​ លោក​ស្រី ផែផង​ថាន នឹង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឬក៏​ទំនា​ក់​​ទំនង​​រវាង​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​នឹង​ លោក ថាក់ស៊ីន ក៏​ជា​ចំណុច​រាំង​ស្ទះមួយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្ទាក់​ស្ទើរ​ក្នុង​ការ​រុញ​វិវាទ​នេះ​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ដែរ ក៏ប៉ុន្តែ​ស្ថាន​ភាព​វា​អាស្រ័យ​ទៅ​លើ​សកម្មភាព​ ថា​តើ​រដ្ឋាភិបាល​កម្ពុជានឹ​ង​បន្ត​រុញ​១០០% វាអាស្រ័យ​ទៅ​លើ​ការ​ដែល​រដ្ឋាភិ​បាល​ថៃ អាច​គ្រប់​គ្រង​ស្ថានកា​រណ៍​កម្រិត​ណា​ ហើយ​អាច​នឹង​ក្ដោប​ក្ដាប់សេចក្ដី​សម្រេច​របស់​ខ្លួន​ ដោយ​មិន​អនុញ្ញាត​ឲ្យ​យោធា​បំផុស​គំនិ​ត​ជ្រុល​និយម ឬ​ក៏​ចូល​រួម​ជាមួយ​នឹង​ក្រុម​អភិ​រក្ស ជាពួ​ក​ជ្រុល​និយម​ ដើម្បី​សម្រេច​ដាក់​គំនាប​ទៅ​លើ​កម្ពុជា​កាន់​តែ​ខ្លាំង»។

លើសពីនេះ ក្នុងដំណើរ​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​បារាំង គណបក្ស​សង្រ្គោះ​ជាតិ​សាខានៅ​ប្រទេស​បារាំង ក៏​បាន​ដាក់​ញត្តិ​ផ្ញើ​ជូន​ប្រធានាធិប​តី​បារាំង លោក Emmanuel Macron ជំរុញ​បញ្ហា​នេះ​ដែរ។

ក្នុង​ញត្តិ​នោះ បានប្រាប់ប្រធានាធិបតីបារាំង ពីកាតព្វ​កិច្ចកាតព្វ​កិច្ច​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ការ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន ដោយ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ ICJ និង​ផ្តល់​សច្ចា​ប័ន​ច្បាប់​សមុទ្រ UNCLOS ដើម្បី​បាន​ជា​ខែល​អន្តរ​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា។

ជុំវិញបញ្ហានេះ នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ជា​ប្អូន​ធម៌​មេដឹក​នាំ​កម្ពុជា អ្នកស្រី ផែផងថាន បាន​និយាយ​ក្នុង​សេច​ក្តី​ថ្លែង​​ការណ៍​ ចុះ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ថា ភាគី​ថៃ​បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​មេដឹក​នាំ​កម្ពុជា​ហើយ មុន​ជំនួប​ថ្ងៃ​ទី១៤​ខែ​មិថុនា​នេះ ជុំវិញ​គោល​បំណង​របស់​ថៃ ដែល​ថា​មិន​ទទួល​យក​យុត្ថា​ធិការតុលាការ​យុត្តិធម៌​អន្តរ​ជាតិ​នេះ និង​​ទាម​ទារ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​យន្ត​ការ​ទ្វេភា​គី រវាង​កម្ពុជា​ ថៃ។

តែយ៉ាងណា គេនៅរងចាំមើលលទ្ធផល​ចរចា ដែល​គ្រោង​ធ្វើ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ តើកា​រ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ដែល​​ថា​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​(ICJ)​នោះ​នឹង​វិវត្តន៍​ទៅ​បែប​ណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ