អ្នកសារព័ត៌មានពីរនាក់​រង​ការ​បាញ់​ប្រហារ​​ពី​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង

ភ្នាក់ងារយកព័ត៌​មាន​២នាក់ មក​ពី​បណ្ដាញ​សារ​ព័ត៌​មាន នគរ​អច្ឆរិយៈ ត្រូវ​បាន​ខ្មាន់​កាំភ្លើង ពួន​​លប​បា​ញ់​ប្រហារ ប៉ុន​ប៉ង​មនុស្ស​ឃាត កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២៥ ក្នុង​ពេ​លដែ​ល​ពួក​គេ​កំពុ​ង​ធ្វើ​​ដំ​ណើរ​ត្រឡប់​មក​ពី​យក​​ព័ត៌​មាន ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ស្ថិត​នៅ​តំបន់​​ព្រៃ​​ឡង់ ឃុំ​ចំការ​លើ ស្រុ​ក​ថា​ឡា​បរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង។

ជនរងគ្រោះ​ទាំងពីរនាក់នោះ រួមមាន លោក ថ្លាង តៅ និង​លោក ហង្ស ចិន្តា ដែល​ជា​អ្ន​ក​រាយ​​ការណ៍​​ព័ត៌​មា​ន​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង។ យ៉ាង​ណា​ហេតុ​ការណ៍​នេះ ពុំ​បាន​បង្ក​របួ​​ស​ស្នាម​គ្រោះ​​ថ្នាក់​ដល់​​អា​​យុ​ជីវិ​ត​អ្នក​សា​រ​ព័​ត៌​មាន​ទាំង​ពីរ​ឡើយ។

ជនរង​គ្រោះ គឺ​លោក ថ្លាង តៅ ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​​ឲ្យ​​ដឹង​ថា លោក​បាន​​​ទៅយ​​​ក​ព័ត៌មា​ន​នៅ​តំបន់​ព្រៃ​​ឡង់ តាម​ការ​រាយ​ការណ៍​របស់​ប្រជា​ពលរដ្ឋ ថា​មាន​បទ​ល្មើស​ដឹ​​កជញ្ជូន​ឈើ​យ៉ាង​សកម្ម។

លោ​ក​បន្ត​ថា ក្រោយ​ចុះ​ទៅ​ដល់​ទីតាំង លោក​ក៏​បាន​ប្រទះ​ឃើញ​មាន​បទ​ល្មើស​ពិត​ប្រាកដ​មែន និង​​បាន​រាយ​​​ការណ៍​បន្ត​ទៅ​សមត្ថ​កិច្ច​ជំនាញ ហើយ​មាន​ការ​ចុះ​ទៅ​បង្ក្រាប​ភ្លាមៗ ហើយ​លោក​និង​ក្រុម​កា​រ​ងារ​​ក៏​បាន​ចាក​ចេញ​ពី​ទី​នោះ។

ក្នុង​ពេលលោក​និងក្រុមការងារ កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុច​ផ្លូវ​បំបែក ត្រង់​ទួល​ស្រែ​ល្បើក ស្ថិត​ក្នុង​ភូមិ​រុន ឃុំ​ចំការ​លើ ក៏​បាន​ជួប​នឹង​ខ្មាន់​កាំភ្លើង​ដែល​ពួន​សម្ងំ​ស្ទាក់​បាញ់​ប្រហារ ទៅ​លើ​រូប​លោក​ទាំង​២ ដោយ​ប្រើ​​កាំ​ភ្លើង​កែ​ច្នៃ​ខ្យល់ ចំនួន​៣​គ្រាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍​សង្គ្រោះ​អ្នក​​សារព័ត៌មា​ន​ទាំង​ពីរ​នាក់ ទាន់​ពេល​វេលា ​និង​បាន​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ ដោយ​រក​ឃើញ​ឧបករណ៍​មួយ​ចំនួន​ ទាក់​ទិន​នឹង​ករណី​ប៉ុន​ប៉ង​ឃាតកម្ម​នេះ។

ក្រោយ​ពី​ឡោម​ព័ទ្ធ​ផ្ទះ ជន​សង្ស័យ​អស់​មួយ​យប់​នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា សមត្ថកិច្ច​បាន​ឆែ​​កឆេរ​និង​ឈា​ន​ដល់​​ឃាត់​​ខ្លួន​ជន​សង្ស័យ​ដែល​ជា​ខ្មាន់​កាំភ្លើង​ចំនួន​២រូប យក​ទៅ​សួរ​នាំ​នៅ​អធិការ​ដ្ឋា​ន​នគរបា​ល​ស្រុ​ក​ថា​ឡាប​រិវ៉ាត់ និង​បញ្ជូន​បន្ត​ទៅ​​ស្នង​ការ​នគរបាល​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ធ្វើ​កំណត់​ហេតុ និង​​បន្ត​​ស្រា​វ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​បន្ថែម។

​វត្ថុតាងដែលសមត្ថកិច្ចរកឃើញ រួមមាន ម៉ូតូ​មួយ​គ្រឿង ម្សៅ​ដែល​ជា​ជាតិ​រំសេវ និង​គ្រាប់​បាដាង​កង់ ហៅ​គ្រាប់​”ឃ្លី” ជា​ឧបករណ៍​សម្រាប់​ធ្វើ​គ្រាប់​កាំភ្លើង។

ចំ​ណែក​ជន​សង្ស័យ​ទាំង​​ពីរ​រូប​ មាន​ទីលំនៅក្នុង​ភូមិ​រំដេង ឃុំ​ចំការ​លើ ស្រុក​ថាឡាប​រិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង។

វីអូឌី មិនអាចទាក់ទង​អ្នកនាំ​ពាក្យ​សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង លោក ឈុំ ស៊ាង​ហាក់ ដើម្បី​សុំ​កា​​រធ្វើ​បច្ចុ​ប្បន្ន​ភាព​ពី​ករណីនេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃពុ​ធ​នេះ។

ប៉ុន្តែកាលពី​ថ្ងៃទី៩ ខែមិថុនា លោក ឈុំ ស៊ាងហាក់ បាន​ប្រាប់​សារព័ត៌​មាន​ក្នុង​ស្រុក​ថា​ តុលាការ​បា​ន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ជន​សង្ស័យ​២​នាក់ ក្រោម​បទ​ចោទ «ប៉ុន​ប៉ង​មនុស្ស​ឃាត និង​កាន់​កា​ប់​​​​អា​វុ​ធ​​ដោយ​គ្មាន​ការ​អនុញ្ញាត» តាម​មាត្រា​២៧ មាត្រា​​១៩៩ និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ទាក់ទិនរឿងនេះ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី កត់​សម្គាល់​​ឃើញ​អ្ន​ក​​សារ​ព័ត៌​​​មាន​រាយកា​រណ៍​បរិស្ថាន បាន​ក្លាយ​ជា​សត្រូវ​របស់​ជន​ល្មើស​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ ខណៈ​ទំនា​ក់​​ទំ​ន​ង​ជ​​​នល្មើស​​ជាមួយ​អ្នក​មាន​អំណាច និង​អាជ្ញាធរ​បាន​ធ្វើ​ឱ្យ​​យន្ត​ការ​ការ​ពារ​​អ្នក​សារព័ត៌​មា​​នចន្លោះ​​ប្រហោ​ង​។

​លោ​​កណែនាំឱ្យអ្នកសារព័ត៌មាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​អាជ្ញាធរ​រដ្ឋ​​ត្រូ​វ​តែ​អនុវ​ត្ត​ច្បាប់​​​ឱ្យ​ដល់​ឬ​ស​គល់​​​​​​នៃ​បញ្ហា ជាជាង​ការ​អន្តរាគមន៍​​តែ​នៅ​ពេល​ដែល​បទ​ល្មើស​បាន​កើត​ឡើង។

លោកថា៖ «អ៊ីចឹងដើម្បីដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ ​​គឺ​ការ​អនុវត្ត​ច្បាប់​ គឺ​ជា​រឿង​មួយ​ដែល​ចាំបា​ច់។ ក្នុង​ករណី​ជន​ល្មើស​​ចាប់​ខ្លួន​បាន គឺ​ត្រូវ​តែ​ផ្ដន្ទា​ទោស​ជន​ល្មើស​ហ្នឹង​ឱ្យ​បាន​តឹង​រ៉ឹង​ ដើម្បី​ធានា​ថា​ពួក​គេ​រាង​ចាល ឬ​ក៏​ធានា​ថា​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស ​ការ​ប៉ុន​ប៉ង​លើ​អ្នក​សារ​ព័ត៌​មាន​ហ្នឹង​ គឺ​ថា​រាង​ចាល»។

ការយាយីមកលើជីវិត និងទ្រព្យសម្បត្តិ​អ្នក​សារ​ព័ត៌​មាន​រាយ​ការណ៍​បទ​ល្មើស​បរិស្ថាន និង​ព្រៃ​ឈើ​កើត​ឡើង​​​ជា​​បន្ត​បន្ទា​ប់​​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

ជាក់ស្ដែង​ករណីបាញ់សម្លាប់អ្នក​សារ​ព័ត៌មាន​​​ឱ្យ​​គេហទំព័រ​​កម្ពុជា​​អភិវឌ្ឍន៍ នៅ​​ខេត្ត​សៀម​រាប​ ​លោក ឈឿង ឈឹង វ័យ ក្រោយ​ពេល​​លោ​ក​​​ទៅ​​​ស៊ើប​អង្កេត​​បទ​ល្មើស​​កាប់​​ទន្ទ្រាន​​​ដី​​​ព្រៃ​អភិរក្ស​​មួយ​​កន្លែ​ង នៅ​ស្រុក​​​​ជី​ក្រែង។

ករណីមួយទៀត គឺការចាប់ខ្លួនអ្នកសារព័ត៌មានបរិស្ថាននៅ​ខេត្តស្ទឹងត្រែង គឺ​លោក ​អ៊ុក ម៉ៅ ដាក់​​ពន្ធ​នា​គារ ខណៈ​​ជន​ល្មើស​បាន​កម្ទេច​ទូរស័ព្ទ​ដៃ និង​លួច​ដុត​ផ្ទះ​អ្ន​ក​សារព័ត៌មាន​ក្រីក្រ​រូប​នេះ​​ចោ​ល​ទៀ​ត​ផង។

អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដ​ហុក​ខេត្ត​​ស្ទឹង​ត្រែង លោក ស៊ុន ឡង់​ឌី សោក​ស្ដាយ​ និង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ុន​ប៉ង​អាយុ​ជីវិត​អ្នក​សារ​ព័ត៌មាន​បរិស្ថាន​ជា​បន្ត​បន្ទាប់។

លោកបន្តថា ការប៉ុនប៉ងមនុស្សឃាត គឺ​ជាបទឧក្រិដ្ឋដែល​មាន​ចែង​ក្នុង​ច្បាប់ ដោយ​ស្ថាប័ន​តុលាការ​ត្រូ​វ​តែអ​នុវត្ត​នីតិ​​វិធី​ឱ្យបាន​តឹង​រ៉ឹង។

លោកថា​៖ «យើង​ក៏​ស្នើសុំ​ឱ្យ​អា​ជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទៅ​លើ​សុខ​សុវត្ថិ​ភាព​របស់​អ្នក​សារព័ត៌​មាន ព្រោះថា​អ្នក​សារព័ត៌មាន​ក៏​ជា​ចំណែក​មួយ​ចូល​រួម​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ផង​ដែរ»។

យោងតាមរបាយការណ៍ស្ដីពីស្ថានភាពសារព័ត៌មាន​​នៅកម្ពុជា ចេញ​ផ្សាយ​​ដោ​យ​សមាគម​សម្ព័ន្ធ​អ្ន​ក​សា​រ​ព័ត៌​មាន​កម្ពុ​ជា (ខេម​បូចា) បាន​កត់​ត្រា​ពី​ករណី​យា​​យី​អ្នក​សារព័​ត៌មា​ន ក្នុង​ឆ្នាំ​២០២៤ មាន​កា​រ​កើន​ឡើ​ង​ដល់​​ចំនួន ៤១​ករណី ប៉ះ​ពាល់​ដល់​អ្នក​សារ​ព័ត៌​មាន​ចំនួន ៦៤​នាក់ បើ​ធៀប​​នឹ​ង​ឆ្នាំ​២០២៣ ដែល​មា​​ន​ត្រឹ​ម​តែ​ចំនួន ៣២​ករណី សរុប​អ្នក​សារព័ត៌មាន​ដែល​ប៉ះ​ពាល់​មាន​ចំនួន ៥៩​នាក់​ប៉ុណ្ណោះ។

ក្នុងជំនួបទ្វេភាគី​នៅ​ទីក្រុង​នីស (Nice) ប្រទេស​បារាំង នៅ​ថ្ងៃទី​១​០ ខែ​មិថុនា ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប លោក អាន់​តូនីអូ ខូស្តា (Antonio Costa) បាន​លើក​ឡើង​ចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែត ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​កាន់​តែ​ច្រើន​សម្រាប់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​​ផ្ស​​​ព្វផ្សា​យ​​ឯ​ករា​​​ជ្យ​ផង​ដែរ។

របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅ​កាត់ RSF ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុជា ចំនួន​១០​លេខ ពោល​ធ្លា​ក់​ពី​ចំ​ណា​​​ត់​ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

មូល​ហេតុ​ដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន​របស់​កម្ពុជា គឺ​ដោយ​យោង​លើ​​ចំណុ​ច​សំ​ខា​ន់ៗ​មួយ​ចំនួន ដូច​ជា​ បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោបាយ ក្រប​ខណ្ឌ​ច្បាប់ បរិបទ​សេដ្ឋ​កិច្ច​ បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ