ការសម្រេចចិត្តក្រោមហេតុផលកែសម្រួលកងទ័ព នៅតំបន់ដែលកំពុងមានជម្លោះ ត្រង់ភូមិសាស្រ្តមុំបី នៃខេត្តព្រះវិហារ ដូចដែល លោក ហ៊ុន សែន បានលើកឡើងថា បានបង្ហាញការខកចិត្ត និងភ្ញាក់ផ្អើលពីអ្នកដែលមានភក្តីភាពចំពោះជាតិ និងមាតុភូមិ ដោយពួកគាត់ចាត់ទុកវិធានការនេះ ហាក់មានអាថ៌កំបាំង និងមានមន្ទិលសង្ស័យជាច្រើន ដែលផ្ទុយពីជំហរដើមរបស់ លោក ហ៊ុន សែន ថាមិនដកថយឡើយ បើទោះត្រូវប្រើមធ្យោបាយបែបណាក៏ដោយ។
បើទោះជាមកដល់ពេលនេះ មិនថាតែការកែសម្រួលកងទ័ព ឬការដកថយកម្លាំងយោធាលើទឹកដីរបស់ខ្លួនទេ បញ្ហានេះបានលេចចេញជារូបរាងរួចទៅហើយថា ករណីនេះវាមិនមែនជាការកែសម្រួលកងកម្លាំងយោធាឡើយ ដូចអ្វីដែលក្រសួងការពារជាតិ និងរដ្ឋាភិបាលអះអាងឡើយ។
ក្នុងន័យនេះ មានន័យថា តាមពិតទៅនោះ គឺជាដកថយមួយជំហានរបស់យោធាកម្ពុជាពីលើទឹកដីរបស់ខ្លួន ដូចការចង់បានរបស់ភាគីថៃ។ បញ្ហានេះ វាហាក់មិនខុសគ្នាប៉ុន្មានទេពីពាក្យថា ដំរីស្លាប់ មិនអាចយកចង្អេរមកបាំងជិតបានឡើយ។
ប្រភពព័ត៌មានថៃ បានផ្សព្វផ្សាយព្រោងព្រាតចំពោះការដកទ័ពចេញពីតំបន់មុំបី ក្នុងភូមិសាស្រ្តដែលកំពុងមានជម្លោះជាមួយថៃ។
ជាមួយគ្នានោះ លេណដ្ឋាន ឬត្រង់សេ ដែលយោធាកម្ពុជាជីកការពារនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ត្រូវលប់ចោលអស់ហើយដែរ។ ផ្ទុយទៅវិញ ភាគីកម្ពុជា មិនបានបញ្ចេញដំណឹងនៃការដកទ័ពចេញពីតំបន់ឈរជើងលើទឹកដីរបស់ខ្លួននោះទេ។
អ្វីដែលគេទទួលបានដំណឹងលើបញ្ហានេះ គឺគ្រាន់តែលោក ហ៊ុន សែន និងកូនចៅរបស់លោក អះអាងក្នុងសំឡេងតែមួយថា ជាការកែសម្រួលកម្លាំងយោធា ដើម្បីសន្តិភាពប៉ុណ្ណោះ។ ចំពោះដំណឹងផ្សេងពីនេះ គឺគ្មានអ្នកណាបានទទួល ដោយជាក់លាក់ឡើយថា ជាការដកពិត ឬជាការកែសម្រួលពិតមែន ឬយ៉ាងណានោះទេ។
តែបើគេពិនិត្យទៅលើអាចម៍ដីនៃលេណដ្ឋាន ឬត្រង់សេ តាមរយៈការចុះផ្សាយដោយបណ្តាញព័ត៌មានថៃ ប្រាកដណាស់ ស្នាមអាចម៍ដីដែលលប់លេណដ្ឋាននៅស្រស់ៗ ហើយជាទីកន្លែងដែលយោធាកម្ពុជា ធ្លាប់ឈរថែមទៀតផង។
ជុំវិញរឿងនេះ គេចោទជាសំណួរថាតើមានមូលហេតុអ្វីនៅពីក្រោយ ដែលជំរុញឱ្យកម្ពុជាត្រូវដកកងទ័ពពីទឹកដីរបស់ខ្លួនទៅតាមការទាមទាររបស់ភាគីថៃបែបនេះទៅវិញ?
បើគេពិនិត្យមើលពីការប្រកាសជំហរពីការកែសម្រួលកងទ័ព ដោយភាគីកម្ពុជានេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីភាគីថៃ ប្រកាសបិទច្រកព្រំដែន និងច្រករបៀង កាលពីថ្ងៃទី៧ ខែមិថុនា។
មិនយូរប៉ុន្មាន ពោលរំលងបានមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែមិថុនា លោក ហ៊ុន សែន បានចេញសារមុនគេពីការកែសម្រួលកងទ័ព ដែលផ្ទុយពីលោកធ្លាប់អះអាងថា បើដកកងទ័ពពីលើទឹកដីរបស់ខ្លួន មានតែឆ្កួត។
យ៉ាងណា ជុំវិញរឿងនេះ មានសេនារីយោមួយចំនួន ដែលនៅពីក្រោយនៃការដកកងទ័ព ក្រោមហេតុផលនៃការកែសម្រួលកម្លាំងយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង ដូចការចង់បានរបស់ពលរដ្ឋនេះ។ នរណាៗក៏បានដឹងរួចទៅហើយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបងធម៌ចាក់ទឹកមិនលិចរបស់ លោក ហ៊ុន សែន។
ហើយរដ្ឋាភិបាលទីក្រុងបាងកក កំពុងមានវិបត្តិនយោបាយផ្ទៃក្នុងដ៏ស្រួចស្រាវ រវាងរដ្ឋាភិបាលលោកស្រី ផេថងថាន់ ជាមួយនឹងក្រុមយោធា ដែលគាំទ្រដោយស្តេច សារិនថន នៅពីក្រោយ។ គេនៅចាំបានថា ជម្លោះព្រំដែនលើកនេះ ក៏មិនខុសគ្នាប៉ុន្មានដែរទេ បើគិតពីជាង១០ឆ្នាំមុន នៅប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។
ក្រុមប្រឆាំងថៃ តែងរុញបញ្ហាព្រំដែនជាមួយកម្ពុជានេះជាដ៏រាប នៅពេលណាក្រុមសាច់ញាតិរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឡើងកាន់អំណាច ដូចកាលពីឆ្នាំ២០០៨ ក៏ដូចគ្នាដែរ។
មុនពេលអតីតនាយករដ្ឋមន្រ្តី លោក សាម៉ាក់ ស៊ុនថរ៉ៈវ៉េត ប្រគល់កៅអីជានាយករដ្ឋមន្រ្តីឱ្យទៅលោក ស៊ុមឆៃ វង្សសុវត្ថិ ដែលត្រូវជាប្អូនថ្លៃ លោក ថាក់ស៊ីន គឺក្រុមគណបក្សប្រឆាំងរបស់ថៃ បានដុតបញ្ហាព្រំដែននេះ ដើម្បីទាញទម្លាក់ខ្សែលោក ថាក់ស៊ីន ដូចគ្នាដែរ។
ចំណែក ជម្លោះព្រំដែន រវាងកម្ពុជា និងថៃនៅពេលនេះវិញ គឺមានលំអានតែមួយដូចគ្នា ក្នុងពេលលោកស្រី ផេថងថាន់ ដែលត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន គ្រប់គ្រងអំណាច ក្រុមយោធាថៃ ក៏ចាប់ផ្តើមក្រឡុករឿងព្រំដែននេះដូច្នោះដែរ។
ហេតុនេះ វិវិវាទព្រំដែនដែលកម្ពុជា និងថៃកំពុងប្រឈម និងមានភាពតានតឹងនេះ គឺជាការបង្កហេតុក្រោមហេតុផលជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះឯង។
តែអ្វីដែលជារឿងចម្លែក គឺនៅត្រង់ថា ហេតុអ្វីកម្ពុជាត្រូវបន្តលេងបៀរបីសន្លឹកនេះទៀតជាមួយថៃ ក្នុងពេលដែលដឹងថា សន្លឹកបៀរដែលភាគីថៃកំពុងតែកាន់ក្នុងដៃនេះ គឺមិនមែនជាសន្លឹកអាត់នោះទេ។
តាមពិតទៅ សន្លឹកអាត់ នៅពេលនេះ មិនមែននៅក្នុងហ៊ូ ហើយក៏មិនមែននៅក្នុងដៃរបស់ថៃដែរ ប៉ុន្តែការកំដរលេងល្បែងនយោបាយ ដែលប្រថុយនឹងគ្រោះថ្នាក់មួយនេះ ទំនងជា លោក ហ៊ុន សែន និងកូនប្រុសរបស់លោកមានហេតុផលផ្សេង ច្រើនជាងចង់ឈ្នះចាញ់ក្នុងល្បែងនយោបាយ ជាមួយក្រុមប្រឆាំងថៃនេះទៅវិញទេ។
ការដកកងទ័ពចេញពីដីរបស់ខ្លួន ក្រោមសេនារីយោថា វាគ្រាន់តែជាការកែសម្រួលកម្លាំងយោធានេះ ប្រាកដណាស់ នេះប្រហែលជា «វប្បធម៌ឯងជួយអញ អញជួយឯងច្រើនជាង»។
ប្រសិនបើក្រុមគ្រួសារលោក ហ៊ុន សែន មិនជួយសម្រួលស្ថានភាពការណ៍នេះទេ ក្រុមប្រឆាំងនឹងរឹតតែបានលេសកាន់តែច្រើនក្នុងការទាញទម្លាក់ត្រកូល ថាក់ស៊ីន មិនឱ្យបានកាន់អំណាចតទៅទៀត ហើយរឿងនេះគ្មាននរណាម្នាក់ ដែលដឹងបញ្ហាច្រើនជាង លោក ហ៊ុន សែន នោះទេ រឿងជម្លោះព្រំដែននេះ។
ហេតុនេះ បើត្រកូលរបស់លោក ហ៊ុន សែន ព្រមធីបសន្លឹកអាត់ ដែលខ្លួនកំពុងកាន់តែនៅក្នុងដៃចេញ បើទោះជាមើលទៅជារូបចាញ់មែន ក៏ប៉ុន្តែភាគីកម្ពុជា នៅតែមានឱកាសបន្តលេងសន្លឹកបៀរផ្សេងទៀតបានដែរ។ ក្នុងន័យនេះ ការដកកងទ័ពពីលើទឹកដីរបស់ខ្លួន មើលទៅវាហាក់ក្បត់សំដី និងពិបាកស្តាប់បន្តិចមែន តែការចាញ់នេះ ប្រហែលជានាំឱ្យ លោក ហ៊ុន សែន ចំណេញបានច្រើនជាងខាតទៅវិញ។
ក្រៅពីជួយឱ្យក្រុមប្រឆាំងស្ងប់ចិត្ត ព្រោះតែពួកគេបានដូចអ្វីដែលខ្លួនចង់បានហើយ ថែមទាំងជួយសង្រ្គោះជីវិតនយោបាយកូនស្រីបងធម៌របស់ខ្លួនបានថែមទៀតផង ហើយការជួយបែបនេះរបស់ លោក ហ៊ុន សែន អាចនិយាយបានថា ចំណេញបាន២ក្នុងពេលតែមួយ គឺទី១ លោក ហ៊ុន សែន នៅតែអាចពឹងពាក់ត្រកូលលោក ថាក់ស៊ីន ជួយការពារអំណាចខ្លួនបាន តាមរយៈការទប់សំឡេងប្រឆាំងនៅថៃ និងមួយទៀតលោក ហ៊ុន សែន ក៏នៅតែអាចជួយបើកផ្លូវឱ្យសាច់ញាតិ និងមនុស្សស្និតរបស់លោកមួយចំនួន រកប្រាក់ចំណេញពីការធ្វើពាណិជ្ជកម្មជាមួយថៃ យូរអង្វែងតទៅមុខទៀតបាន។
ជារួមមកវិញ ការកែសម្រួលកម្លាំងយោធា ឬក៏ការដកទ័ពចេញពីទឹកដីរបស់ខ្លួន នៅលើទីតាំងដែលកំពុងមានជម្លោះក្តី វាសុទ្ធតែជួយឱ្យលោក ហ៊ុន សែន បានកាន់អំណាចរយៈពេលវែងតទៅទៀត ដោយគ្មានឧបសគ្គ ហើយការប្រតិកម្មណាមួយពីពលរដ្ឋ និងអ្នកដែលមានសំឡេងជំទាស់ វាមិនខុសអីពីសន្លឹកបៀរដែលគ្មានទឹកលេង ដោយរង់ចាំតែពេលធីបទុកក្នុងហ៊ូប៉ុន្មាននោះឡើយ៕









