កម្ពុជាអះអាងពីលទ្ធភាពផ្គត់ផ្គង់​ថាមពល​អគ្គិសនី​​​ក្រោយ​ថៃ​ព្រមាន​ផ្តាច់​ភ្លើង

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និង​ថាមពល បាន​អះ​អាង​ថា​ មក​ដល់​ម៉ោង​នេះ កម្ពុជា​មាន​លទ្ធភាព​​គ្រ​ប់​គ្រាន់​​ក្នុង​​កា​រ​ផ្ត​ល់​អគ្គិសនី​មិន​ថា​ទីក្រុង ឬ​ជន​បទ​នោះ​ទេ បើ​ទោះ​ជា​ភាគី​ថៃបា​ន​ព្រមាន​ពី​ការ​ផ្តាច់​ភ្លើង​​ឈប់​​ផ្គត់​​ផ្គ​ង់​ឱ្យ​កម្ពុជា ព្រោះ​​​​តែ​​​ជ​ម្លោះ​ព្រំដែន​នេះ​ក្តី។

តា​ម​រយៈ​​វីដេអូ​ឃ្លីប​ជិត​៤នាទី របស់​លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ដែល​​ត្រូ​វ​បាន​គេ​​ផ្សព្វ​​ផ្សា​យ​​ជា​​សា​​ធារណៈ ហើយ​សំឡេង​ប្រជា​ធិប​តេយ្យ វីអូឌី ទើប​ទទួល​​បាន​​​នៅ​ថ្ងៃទី​១២ ខែ​មិថុនានេះ ឱ្យ​​ដឹង​ថា បើ​​​ទោះ​​​ជា​នៅពេល​នេះ ភាគី​ថៃ​ផ្តាច់​អគ្គិសនី ដូច​ដែល​មាន​នៅ​ក្នុង​កិច្ច​សន្យា​យ៉ាង​ណា​ក្តី ក៏​កម្ពុជា​​នឹ​ង​​មិន​​​​ប្រឈម​មុខ​ចំពោះ​ការ​ខ្វះ​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ដែរ។

ថ្លែង​ពី​ខេត្តពោធិ៍សាត់ លោក​ទទួល​ស្គាល់​ថា កម្ពុជា និ​​ង​​ថៃ ពិត​ជា​បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម ទិ​ញ​​​លក់​​ថា​មពល​អគ្គិសនី​ជាមួយ​គ្នា​មែន ប៉ុន្តែ​ថាមពល​ដែ​ល​​ក​ម្ពុ​​​ជា ទិញ​មក​ផ្គត់​ផ្គង់​នេះ គឺ​ដើម្បី​ត្រៀម​​បម្រុ​ង​​ទុក​ក្នុង​​ករណី​ត្រូវ​ការ​ចាំបាច់។ តែចំពោះ​មុខ លោកថា កម្ពុជា​កំ​ពុ​ង​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដែល​មា​ន​ស្រា​​ប់​​ពី​ប្រ​ភ​ព​ផ្សេង​ទៀត​នៅ​ឡើយ​ប៉ុណ្ណោះ។ ចំណែក​ថាម​ពល​អគ្គិសនី​ដែល​បញ្ជា​ទិញ​ពី​ថៃ គឺ​នៅ​​មិន​​​ទាន់​បា​ន​​​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ។​

បើតាមលោក កែវ រតនៈ ប្រសិន​បើភាគី​ថៃ​ផ្តាច់​មែន គឺ​មាន​តែ​បី​តំបន់​ទេ ដែល​ទទួល​ផល​ប៉ះ​ពាល់ ក្នុង​នោះ​មាន​ដូច​ជា​តំ​បន់​អូរស្មា​ច់​​ជា​ដើម ដែល​ទីតាំង​ទាំង​នោះ​គឺ​​​នៅ​​កៀ​ក​នឹង​ព្រំដែន​ថៃ​ស្រា​ប់។ បើ​​ទោះ​​ជា​បែប​ណា កម្ពុជា​ក៏​មាន​ថាមពល​អគ្គិសនី បម្រុង​ទុក​ក្នុង​គ្រា​អាសន្ន​នេះ​​កើត​ឡើង​រួច​ហើយ​ដែរ។

ប្រតិកម្មនេះ កើតឡើង ក្រោយពី លោក ម៉ារីត ស្យាមពង្សសា (Marit Sangiampongsa) អ្នក​នាំ​​ពាក្យ​​ក្រ​សួង​ការ​បរទេស​ថៃ ត្រូវ​កាសែ​ត​​ក្នុ​ង​ស្រុក​របស់​​ថៃ ស្រង់​សំដី​មក​​​ចុះ​ផ្សាយ​កាល​ពី​​​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះដោយ​ព្រមាន​​ថា រដ្ឋាភិបាល​ថៃ​បាន​ជូន​ដំណឹង​រួច​ហើយ​ពី​ការ​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​អ៊ីនធឺ​ណេត ដែល​បម្រើ​​ទៅ​​​ដល់​កាស៊ីណូ និង​មជ្ឈ​មណ្ឌល​បោក​ប្រាស់​តាម​អន​ឡាញ ដែល​ប្រតិបត្តិ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ ប្រសិន​បើ​ជម្លោះ​ព្រំដែន​កាន់​តែ​អាក្រក់​ទៅៗ។

ចំណែកឯ​របាយ​ការណ៍​ស្តី​ពីការ​នាំចូល​អគ្គិសនី​សរុប ដែល​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ឆ្នាំ​​២០២៤ ប​ង្ហា​ញ​​​ថា ថាមពលអគ្គិសនីដែលកំពុង​ប្រើ​ប្រាស់ តាម​រយៈ​ការ​នាំចូល​ពី​ប្រទេស​​ជិ​ត​ខាង កម្ពុ​ជា​មាន​ជា​ង ៣លា​ន​​៤​៨​ម៉ឺន​មេហ្គា​វ៉ាត់​ម៉ោង។ ក្នុងចំណោម​ប្រទេស ដែល​កម្ពុជា​បាន​​បញ្ជា​ទិញ គឺ​ថាម​ព​ល​​អ​គ្គិស​នី​មក​ពី​ថៃ តិច​ជាង​ប្រទេស​ឡាវ និង​វៀត​ណាម ក្នុ​​ង​ប​រិ​មាណ​ជិត ២០​ម៉ឺន​មេហ្គាវ៉ាត់​ម៉ោង ក្នុង​​ពេល​​ដែល​តម្រូវ​ការ​ពី​ឡាវ​មាន​ជាង ២លាន​៥៩​ម៉ឺន​មេហ្គា​វ៉ាត់​​​ម៉ោង។ រីឯការនាំចូល​ថាមពលអគ្គិ​សនី ពីវៀ​ត​​ណាម​វិញ ក្នុង​​ទំ​ហំ​​​ជិត ៧០ម៉ឺន មេហ្គាវ៉ាត់ម៉ោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ