នៅក្នុងរឿងវិវាទព្រំដែនរវាងកម្ពុជា និងថៃ នៅតំបន់មុំ៣ ខេត្តព្រះវិហារ ដែលកំពុងតែអូសបន្លាយរហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួន បង្ហាញការមិនពេញចិត្តចំពោះមន្ត្រីអ្នកនាំពាក្យ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលបក្សកាន់អំណាច ដែលមានភាពយឺតយ៉ាវ និងបកស្រាយមិនស៊ីជម្រៅ ក្នុងការប្រកាសព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋ ត្រូវស្វែងរកព័ត៌មានពីប្រភពខាងក្រៅយកមកមើល។
ពលរដ្ឋនៅខេត្តបាត់ដំបង លោក ជុំ ឧទិត្យ ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែមិថុនាថា មន្ត្រី និងអ្នកនាំពាក្យរបស់រដ្ឋាភិបាលភាគច្រើនអសកម្ម និងមិនសូវផ្ដល់ព័ត៌មានសំខាន់ ឱ្យប្រព័ន្ធផ្សព្វផ្សាយយកមករាយការណ៍ដល់ប្រជាពលរដ្ឋអ្នកស្ដាប់ឱ្យបានទាន់ពេលនោះឡើយ។
លោក ជុំ អាទិត្យ សង្កេតឃើញថា មន្ត្រី និងអ្នកនាំពាក្យរបស់រដ្ឋាភិបាល ហាក់កំពុងអនុវត្តតួនាទីត្រឹមតែជាសត្វសារិកា ដោយរង់ចាំតែត្រងសម្ដីរបស់មេដឹកនាំ ដែលនិយាយនៅលើវេទិកាយកមកផ្សាយ និងវាយប្រហារអ្នកប្រឆាំងតែប៉ុណ្ណោះ។
លោកថា៖ «រឿងព្រំដែនប៉ុណ្ណាប៉ុណ្ណី គេផ្សាយបានមុនឡើងព្រោងព្រាត ហើយមន្ត្រីយើងស្ងាត់ឈឹង។ យូរៗទៅ លែងចង់ជឿហើយ សេចក្ដីប្រកាសរបស់អ្នកនាំពាក្យស្អីហ្នឹង ព្រោះមើលទៅវាច្រើនតែបង្កប់នូវសេនារីយោ ការពារផលប្រយោជន៍នយោបាយឱ្យបក្សពួកអ្នកកាន់អំណាច»។
ការថ្លែងរបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះហេតុការណ៍យោធាថៃ បានបើកការបាញ់ប្រហារមកលើទាហានកម្ពុជានៅក្នុងលេណដ្ឋាន ដែលបណ្ដាលឱ្យទាហានខ្មែរស្លាប់ម្នាក់ កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅត្រង់ចំណុចមុំបី ក្នុងតំបន់ចុងបូក ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាឆាថានី របស់ថៃ។
ប៉ុន្មានម៉ោងក្រោយផ្ទុះអាវុធ សារព័ត៌មានថៃផ្សាយជាភាសាអង់គ្លេស និងថៃ មានដូចជា បាងកកប៉ុស្តិ៍(Bangkok Post) និងម៉ាទិឈុន អនឡាញ(Matichon Online) បានចុះផ្សាយដោយស្រង់សម្ដីរបស់មន្ត្រីយោធាជាន់ខ្ពស់ថៃថា ការប៉ះទង្គិចគ្នានេះ គឺបង្កឡើងដោយទាហានខ្មែរ បន្ទាប់ពីពួកគេបានជីកលេណដ្ឋាននៅក្នុងតំបន់ ដែលអះអាងថាត្រួតស៊ីគ្នា ទើបទាហានថៃបានមកសុំចរចាឱ្យដកថយទៅកន្លែងដើមវិញ ប៉ុន្តែត្រូវទាហានខ្មែរបើកការវាយប្រហារមុន។
ក្រោយហេតុការណ៍នេះកន្លងហួសទៅបានជិតមួយថ្ងៃ ហើយប្រជាពលរដ្ឋខ្មែរ បានដឹងហេតុការណ៍នេះ តាមរយៈបណ្ដាញសង្គមពេញប្រទេសទៅហើយនោះ ទើបក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាស ហើយមេដឹកនាំកម្ពុជា បានប្រតិកម្មក្នុងរឿងនេះ ជាហូរហែ។
ទោះជាយ៉ាងណា ទម្រាំតែរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសនោះ មានសារព័ត៌មានអន្តរជាតិមួយចំនួន បានចុះផ្សាយហេតុការណ៍នេះជាបន្តបន្ទាប់ ដោយយោងតាមប្រភពរបស់សារព័ត៌មានថៃ ដែលធ្វើឱ្យអន្តរជាតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា។
ពលរដ្ឋម្នាក់ទៀតនៅខេត្តឧត្តរមានជ័យ លោក សំ ធួង កត់សម្គាល់ឃើញថា កំឡុងពេលមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ មន្ត្រីរបស់កម្ពុជាហាក់ព្យាយាមផ្សាយបិទបាំងនូវហេតុការណ៍សំខាន់ៗ មួយចំនួន មិនឱ្យប្រជាពលរដ្ឋដឹង ដែលធ្វើឱ្យលោកត្រូវចូលទៅរកប្រភពពីប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលថៃមកមើលវិញ។
លោក សំ ធួង និយាយថា៖ «អត់មានចំណុចណាមួយធ្វើឱ្យទុកចិត្តទាក់ទងនឹងព័ត៌មាន និងតម្លាភាពនៃការផ្សាយ។ ជាក់ស្ដែងដូចជាការដក ឬបន្ធូរបន្ថយកម្លាំងទ័ពខ្លះហ្នឹង គឺព័ត៌មានខ្មែរអត់ទាន់ផ្សាយទេ គឺព័ត៌មានថៃគេផ្សាយឡើងយូរជិតមួយថ្ងៃ ឬមួយយប់ហើយទើបបានព័ត៌មានក្នុងស្រុកផ្សាយ។ រឿងខ្លះយើងតែងតែអំពាវនាវឱ្យកុំឱ្យប្រជាពលរដ្ឋជឿទៅលើការបំប៉ោងព័ត៌មានពីខាងថៃ ប៉ុន្តែភាពពិត រឿងខ្លះយើងអត់ហ៊ានផ្សាយ ទាល់តែគេឱ្យផ្សាយ បានយើងហ៊ានផ្សាយ»។
ក្នុងករណីវិវាទនៅព្រំដែនថៃនេះ ក្រោយពេលភាគីកម្ពុជា បានដកកម្លាំងទ័ពពីទីតាំងឈរជើងចាស់ ទៅតាមការទាមទាររបស់ទាហានថៃហើយនោះ ចំណែកឯមេដឹកនាំកម្ពុជា ឪពុក និងកូនគ្រួសារត្រកូលហ៊ុនវិញ បែរជាត្រឡប់មកវាយប្រហារ និងគំរាមកំហែងចាប់ចងប្រជាពលរដ្ឋខ្លួនឯង ដែលរិះគន់នឹងការសម្រេចដកកងទ័ព ដោយលោក ហ៊ុន សែន បានស្នើឱ្យភាគីថៃ នាំខ្លួនអ្នករិះគន់ទាំងនោះ យកមកកាត់ទោសនៅកម្ពុជា ប្រសិនបើពួកគេរស់នៅលើទឹកដីថៃ។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែមិថុនា។
នៅក្នុងកម្មវិធីជួបពិភាក្សាជាមួយអ្នកបង្កើតមាតិកា កាលពីថ្ងៃទី៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានរំឭកដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម(influencers) និងអ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រុងប្រយ័ត្នចំពោះការចែកចាយ និងផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។
ទោះជាបែបនេះក្ដី ពលរដ្ឋមួយចំនួន លើកឡើងថា ប្រភពព័ត៌មាន និងសេចក្ដីថ្លែងការណ៍របស់ស្ថាប័នរដ្ឋាភិបាល ភាគច្រើនជាដំណឹង ឬព័ត៌មានពិធីការ មិនស៊ីជម្រៅ និងមិនទាន់សភាពការណ៍។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ដើម្បីលើកស្ទួយវិស័យសារព័ត៌មានឱ្យរីកចម្រើន រដ្ឋាភិបាលគួរតែបើកលំហរសេរីភាពសារព័ត៌មានឱ្យបានទូលាយ ខណៈអ្នករាយការណ៍ព័ត៌មាន ត្រូវពង្រឹងវិជ្ជាជីវៈរបស់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ លោក ណុប វី យល់ឃើញថា វិស័យសារព័ត៌មានរបស់កម្ពុជា ហាក់មានភាពទន់ខ្សោយជាងថៃនៅឡើយ ដោយកង្វះស្ថាប័នឯករាជ្យ និងការរឹតត្បឹតលំហរសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។
លោក ណុប វី ថ្លែងថា៖«នៅខ្វះខាតច្រើនណាស់ យើងមិនអាចមានសមត្ថភាពធ្វើទៅដល់ហ្នឹងទេ។ ប៉ុន្តែបើយើងពិនិត្យមើលទៅក្នុងប្រទេសថៃ គេមានប្រព័ន្ធព័ត៌មានឯករាជ្យគេក៏ច្រើន គេមានសមត្ថភាពគេទូលំទូលាយ នៅក្នុងការទទួលបានព័ត៌មាន នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ទៅដល់សាធារណជន ទៅដល់ប្រជាពលរដ្ឋគេច្រើន ប៉ុន្តែបើមើលមកកម្ពុជាយើងវិញ យើងអត់សូវមានទេប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យើងអត់មានផង»។
ប្រជាពលរដ្ឋស្នើឱ្យមន្ត្រីរដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិ ចេញសេចក្ដីប្រកាស ឬថ្លែងការណ៍ និងបង្ហាញព័ត៌មានជុំវិញរឿងវិវាទព្រំដែនថៃ និងបញ្ហាសង្គម ឱ្យមានតម្លាភាព និងទាន់ហេតុការណ៍ ជៀសវាងការយកតួនាទីនេះ ទៅធ្វើប្រជាភិថុតិ ដើម្បីបម្រើផលប្រយោជន៍នយោបាយឱ្យបក្ខពួកមេដឹកនាំ៕









