អ្នកចាញ់បោកអតីត​ឧកញ៉ា ហ៊ី គឹម​ហុង បន្ត​​រង​គ្រោះ​ពី​ប្រព័ន្ធ​ច្បាប់​គ្រួសារ​ហ៊ុន

ជន​រង​គ្រោះ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ចាត់​វិធាន ដើម្បី​ឱ្យ​ពួក​គេ​ប្រមាណ ៨ពាន់​​គ្រួសារ បាន​លុយ​ដោះ​ស្រាយ​វិបត្តិ​បំណុល តាម​ការ​ជំរុញ​របស់​ក្រសួង​យុត្តិ​ធម៌ ខណៈ​បញ្ហា​នេះ បាន​អូស​បន្លាយ​ប្រមាណ​ជា​២ឆ្នាំ ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​កើន​ដល់​ជិត៣០​នាក់។

បញ្ហានេះ អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រព័ន្ធ​យុត្តិធម៌​គ្រួសារ​ហ៊ុន​នឹង​បន្សល់​ទុក​ជន​រង​គ្រោះ​ច្រើន​ម៉ឺន​នាក់​ទៀត បើ​​គ្មាន​​ចរន្ត​​ផ្លាស់​ប្តូរ​ទេ​នោះ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ តាម​រយៈ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ដោះ​ស្រាយ​រឿង​ក្តី​ជន​រង​គ្រោះ​ចាញ់​បោក​អតីតឧកញ៉ា ហ៊ី គឹម​ហុង ដែល​ជាប់​គាំង​ជិត​២ឆ្នាំ​ទៅ​នេះ ខណៈ​ជន​រង​គ្រោះ​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​កើន​ជិត​៣០​នាក់ ក្រោម​​វិបត្តិ​បំណុល។

ជនរ​ង​គ្រោះ​ម្នាក់ អ្នកស្រី នូច មុំ ប្រាប់ថា មិនទាន់ទទួល​បាន​ដំណឹង​ពី​តុលាការ​ជុំវិញ​ការ​ពន្លឿន​​យុត្តិ​ធម៌ តប​តាម​លិខិត​របស់​ក្រសួង​យុត្តិធម៌​នៅ​ឡើយ​ទេ​ជិត​១​ខែ​ទៅ​នេះ។

អ្នកស្រីបារម្ភពីវិបត្តិជីវភាព​កាន់តែធ្ងន់​ធ្ងរ បើ​តុលាការ​មិន​ចាប់​ខ្លួន​មេឆបោក ខណៈ​ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​កាល​ពី​ជិត​១ឆ្នាំ​មុន ដោយ​សារ​គ្មាន​លុយ​ព្យាបាល​ជំងឺ ក្រោយ​ចាញ់​បោក​អតីតឧកញ៉ា ហ៊ី គឹម​ហុង ចំនួន​ ១៦០០០​ដុល្លារ​ ជា​លុយ​ខ្ចី​ធនាគារ។

អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យ​ក្រសួង​យុត្តិ​ធម៌ ពន្លឿន​កា​រដោះ​ស្រាយ​យក​លុយ​មក​សង​ឱ្យ​ធនាគារ​វិញ ឱ្យ​រួច​ទុក្ខ​រួច​ទោស។ ពិបាក​ខ្លាំង ចៅ​រៀន​ក៏​អត់​លុយ យើង​រក​លុយ​មក​បាន​បន្តិច​បន្តួច គ្រាន់​តែ​យក​ទៅផ្គត់​ផ្គង់​ធនាគារ​ហ្នឹង មាន​អី​ហូប។ បានបង់​គេ ផេត​ផុតៗ។ បើ​តុលាការ​មិន​ដោះ​ស្រាយ ខ្ញុំ​ក៏​អត់​មាន​អី​បង់​ទៀត។ មា​ន​អីសង្ឃឹម​ទេ! ខ្ញុំ​សង្ឃឹម​​តែ​ផ្លូវ​ច្បាប់ បើ​ផ្លូវ​ច្បាប់​អត់​ដោះ​ស្រាយ​ឲ្យ​បាន​ងាយ​បាន​លឿន! ខ្ញុំ​មាន​អី​សង្ឃឹម​ទៀត»។ 

ជន​រងគ្រោះ​ម្នាក់​ទៀត លោក ប៊ុន ធឿន រស់នៅ​ខេត្ត​​កំពត ប្រាប់​វីអូឌី​ថា ​​​មាន​ជន​រង​គ្រោះ​ស្លាប់​​កើ​នឡើ​ង​​ដល់​២៧​នាក់​ហើយ ក្រោយ​គ្មាន​លុយ​ព្យាបាល​ជំងឺ និង​ខ្លះ​ធ្វើ​អត្ត​ឃាត ដោយ​សារ​ការ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង។

ជន​រងគ្រោះ​ចាញ់​បោក​​​ក្រុមហ៊ុ​ន​​​ពិភព​​​​ដីមាស​​​ចំនួន ២ម៉ឺន​​ដុល្លារ រូប​​នេះ ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​​វិធាន​ការ​លើមេ​ឧក្រិដ្ឋជន​ឆបោក ដើម្បី​បាន​លុយ​ដោះ​ស្រាយ​វិបត្តិ​បំណុល។

លោក​ថា៖ «មិនដឹងថ្ងៃណាទេលោកគ្រូ! ឥលូ​វ​ហ្នឹង​នៅ​តែ​ថ្ងៃ​ជំនុំ​ជម្រះ​ថ្ងៃ​កាត់​ក្តី​ទេ។ អត់​ទាន់​ដឹង​ថ្ងៃ​ណា ចាំ​មើល​ថ្ងៃកាត់​ក្ដី​ហ្នឹង បើ​សិន​ជា​ថ្ងៃ​កាត់​ក្ដី​ជំនុំ​ជម្រះ​ហ្នឹង បើ​សិន​ជា ហ៊ី គឹម​ហុង មិន​ចូល​ខ្លួន​ដោះ​ស្រាយ មាន​ផែនការ​ទៀ​ត​ហើយ។ ព្រោះ​អី​ស្នើ​ហើយ ស្នើ​ឱ្យ​ខាង​តុលាការ​ខាង​ច្បាប់​រឹប​អូស​ទ្រព្យ​សម្បត្តិ​លក់​សង​ប្រជា​ពលរដ្ឋ​វិញ ច​ង់​ឲ្យ​តុលាការ​​ពន្លឿន​និង​ការ​ដោះ​ហ្នឹង ចង់​ឱ្យ​លឿន​មាំ​ណាស់ ប៉ុន្តែ​ហើយ​វា​អត់​បាន​ដូច​ចិត្ត»។​

កាលពីថ្ងៃទី១៩ ខែឧសភា ក្រុមជនរងគ្រោះបានប្រមូល​ផ្តុំគ្នានៅ​មុ​ខ​ក្រសួង​យុត្តិ​ធម៌ ទាម​ទារឱ្យ​រដ្ឋាភិបាល​ចាប់​បង្ខំ​ឱ្យ​មេឆបោក​សង​លុយ​ពួក​គេ​វិញ ខណៈ​វិបត្តិ​បំណុល​ពួក​គេ​បាន​ស្លាប់​កើន​ដល់​២៧​នាក់ ក្នុង​ចំណោម​អ្នក​ចាញ់​បោក​ប្រមាណ​ជា​៨ពាន់​គ្រួសារ។

១ថ្ងៃក្រោយមក ពោលគឺនៅកាលពីថ្ងៃទី២០ ខែ​ឧសភា រដ្ឋម​ន្រ្តីក្រសួង​​យុត្តិ​​ធម៌ លោក កើត រិទ្ធិ ចេញ​លិខិត​ប្រាប់​​សាលា​​ដំបូង​​រាជធា​​នី​ភ្នំពេញ​ ឱ្យ​ពន្លឿន​​ចំណាត់​​ការ​​រឿង​​ព្រហ្ម​​ទណ្ឌ កាល​​ពី​ថ្ងៃ​​​ទី​៨ ខែ​​សីហា ឆ្នាំ​​២០២៣ ដោយ​​ថា បច្ចុប្បន្ន​​​ស្ថិត​​ក្នុង​​ដំណាក់​​កាល​​ស៊ើប​​សួរ។

VOD មិនអាចសុំការឆ្លើយតបពី លោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរសព្ទ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅក្រោម​​ឥទ្ធិពល​​ទឹក​លុយ និង​អ្នក​​មាន​អំណាច ជា​ទម្រង់​ការ​អនុវត្ត​ច្បាប់​បែប​ស្តង់​ដារ២ ទើប​ធ្វើឱ្យ​រឿង​ក្តី​ដែល​មាន​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច ត្រូវ​បាន​តុលាការ​កប់​ចោល។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង​ សែន​ករុណា និយាយ​ថា ជា​គោលការណ៍​យុត្តិធម៌ ការ​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា តែ​លោក​ថា​មន្រ្តីអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​សមាជិក​បក្ស​កាន់​អំណាច នៅ​ក្រោម​សម្ពាធ​អ្នក​មាន​អំណាច ជា​ហេតុ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​មិន​ឯករាជ្យ រួម​រឹត​ដោយ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ធ្វើ​ឱ្យ​ពលរដ្ឋ​​ទន់​ខ្សោយ​រង​គ្រោះ​កាន់​តែ​ធ្ងន់​ធ្ងរ។

លោកថា៖ «បើសិនជាជនក្រីក្រជាប្រជាពលរដ្ឋ​រង​គ្រោះទាំង​អយុត្តិធម៌​ ទាំង​មើល​ឃើញ​នឹង​ភ្នែក​ហ្នឹង​ហើយ ក៏​នៅ​ព្រងើយ​កន្តើយ​ដែរ បើ​សិន​ជា​ប៉ះ​ពាល់​ជាមួយ​នឹង​អ្នក​ដែល​មាន​ឥទ្ធិពល​មាន​អំណាច​មាន​លុយ​អី​ទាំង​អស់​ហ្នឹង ចឹង​ពលរដ្ឋ​នៅ​តែ​រស់​រង​ទុក្ខ​នូវ​ភាព​អយុត្តិធម៌។ អ៊ីចឹង​គោល​ការណ៍​យុត្តិធម៌​គេ​អ​ត់ប្រកាន់​ទេ​ អត់​ប្រកាន់​ថា អ្នក​ណា មា​ន អ្នកណា​ក្រ​ដែល​ទេ​ឲ្យ​តែ​អ្នក​ហ្នឹង​រង​នូវ​ភាព​អយុត្តិ​ធម៌​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​ ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំង​អស់​ហ្នឹង​​ឯង»។

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ធ្លាប់​ប្រា​ប់​វី​អូឌី​កាល​ពីថ្ងៃ​ទី​៩ខែ​មិថុនា​នេះ​ថា ប្រព័ន្ធ​យុត្តិធម៌​ខ្សោយ ជា​ដើម​ហេតុ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ​បាន ដែល​ទី​បំផុត​វា​នឹង​គំរាម​កំហែង​ជីវភាព​ពលរដ្ឋ និង​វិនិយោ​គិន ដែល​ជា​ប្រភព​ឆ្នាំង​បាយ​ពលរដ្ឋ​ទូទាំង​ប្រទេស។

លោកថា៖ «ឯករណីមួយទៀតគួរតែកែប្រែគោល​ការណ៍​ច្បាប់​មួយ​ចំនួន​នៅ​កម្ពុជា ដែ​ល​ខ្វះ​ខាត​ដូច​ជា​ច្បាប់​ប្រកួត​ប្រជែង​ដោយ​សេរី យន្ត​ការ​តម្លា​ភាព ដូច​ជា​ការ​អំពើ​ពុក​លួយ​ហ្នឹង​ គួរ​រឹ​តត្បិត​កាត់​បន្ថយ​ឱ្យ​ច្រើន​មែន​ទែន ហើយ​អាហ្គេម​អន​ឡាញ​ដែល​ល្បី​ល្បាញ​ ចាប់​ជំរិត គួរ​លុប​បំបាត់​ ដើម្បី​កុំ​ឱ្យ​អ្នក​វិនិយោគិន​គេ​ខ្លាច​រអា​មក​កម្ពុជា ហើយ​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​គួ​រពង្រឹ​ង​ឲ្យ​មាន​យុត្តិធម៌​ពិត​ប្រាកដ​ដែល​ជា​ទីពឹង​របស់​អ្នកវិនិយោ​គិន»។

អគ្គនាយកក្រុមហ៊ុនពិភពដីមាស គឺអតីត​​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​​បាន​​ចា​ប់​​ខ្លួន​​កាល​​​ពី​​ខែ​សីហា ឆ្នាំ​​២០២៣​ ពី​បទ ឆបោក​​ពលរដ្ឋ តែ​​ប្រមាណ ៤ខែ​​ក្រោយ​​មក ពោល​​​គឺ​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​ដោះ​លែង​វិញ ក្រោយ​សន្យា​រក​លុយ​សង​ជន​រង​គ្រោះ​វិញ តែ​ពេល​បា​ន​នៅ​ក្រៅ​ឃុំ លោក​បាន​គេច​វេស​មិន​គោរព​សន្យានោះ​ទេ។

ចំពេល​យុត្តិធម៌ត្រូវជាប់​គាំង​ជិត​២ឆ្នាំ​ទៅ​នេះ ជន​រង​គ្រោះ​ក៏​បាន​ទម្លាយ​លិខិត​២ច្បាប់ បង្ហាញ​ថា គណៈ​អចិន្ត្រៃយ៍​គណៈកម្មា​ធិការ​គណបក្ស​ប្រជា​ជន​កម្ពុជា​​រាជធានី​ភ្នំពេញ ដែល​មាន លោក ឃួង ស្រេង ជា​ប្រធាន​បាន​បង្កើត​សាខា​បក្ស​នៅ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២៣ ជ្រើស​តាំង​ លោក ហ៊ី គឺម​ហុង ជា​មេដឹក​នាំ។

តំណែងអតីតឧកញ៉ា ហ៊ី គឹមហុង ជាក្បាល​​​ម៉ាស៊ីន​ដឹកនាំ​ដ៏​សំខាន់​​របស់​​គណបក្ស​​ប្រ​ជាជន​កម្ពុជា​​ប្រចាំ​​នៅ​រាជ​ធា​​​នី​​ភ្នំពេញ​​នេះ​​ហើយ ដែល​​ជន​រង​​គ្រោះ​ចោ​ទ​​ថា ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​ជា​បន្ត​បន្ទាប់​ជិត​៣០​នាក់ ដោយ​​សារ​​ប្រព័ន្ធ​​ច្បាប់​​មិន​​ហ៊ាន​​កាត់​​ទោស​មេឆបោក​រូប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ