បញ្ញវន្តនិងអ្នកនយោបាយខ្មែរ បានទទួលស្គាល់ថា ដោយសារតែជម្លោះបាក់បែកផ្ទៃក្នុង ទើបធ្វើឱ្យខ្មែរធ្លាក់ចុះខ្សោយប្រែក្លាយពីអាណាចក្រខ្មែរនៃសម័យមហានគរដ៏រុងរឿង មានផ្ទៃដីធំល្វឹងល្វើយ មករួមតូចស្ទើរតែបាត់ប្រទេសដូចសព្វថ្ងៃនេះ។
ហេតុដូច្នេះហើយការបង្រួបបង្រួមផ្សះផ្សាជាតិ គឺជាចំណុចគន្លឹះសំខាន់ចាំបាច់ ដើម្បីធ្វើឱ្យខ្មែរខ្លាំងទាំងខឿនសេដ្ឋកិច្ច និងខឿនការពារជាតិ មិនពឹងដង្ហើមគេដក ទើបខ្មែរអាចទប់ទល់នឹងការឈ្លានពានពីប្រទេសជិតខាងបាន។
ផ្តើមចេញពីរឿងនេះ ការត្រៀមដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ នៅពេលនេះ វាគឺជារឿងចាំបាច់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។
ប៉ុន្តែការស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យមានការផ្សះផ្សាបង្រួបបង្រួមផ្ទៃក្នុងជាតិខ្មែរឡើងវិញ វាកាន់តែចាំបាច់ថែមទៀត ពីព្រោះនេះគឺជាចំណុចគន្លឹះធំជាងគេ ដើម្បីប្រមូលថាមពលជាតិរួមគ្នា ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យមិនពឹងដង្ហើមថៃ មិនពឹងដង្ហើមសៀមដកដូចបច្ចុប្បន្ន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានថ្លែងតាមរយៈបទសម្ភាសន៍ជាមួយវីអូឌី កាលពីថ្ងៃទី៩ខែមិថុនាថា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន កម្ពុជាពឹងទៅលើទំនិញសម្ភារប្រើប្រាស់របស់ថៃច្រើន ហើយពលករខ្មែរទៅធ្វើការនៅថៃ ក៏មានចំនួនច្រើនផងដែរ។
លោកបញ្ជាក់ថា បើគេនិយាយពីទិដ្ឋភាពពិតប្រាកដ ថៃក៏ទទួលបានអត្ថប្រយោជន៍ច្រើនដែរ ពីការប្រើប្រាស់កម្លាំងពលករកម្ពុជា។
លោកថា៖ «ក៏ប៉ុន្តែតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន កម្ពុជាមិនទាន់រកវិធានការដោះស្រាយការងារឱ្យពលករខ្លួនឯងបានធ្វើពេញលេញទេ អាហ្នឹងបើយើងនិយាយទៅ វាពាក់ព័ន្ធសមត្ថភាពអ្នកនយោបាយអ្នកដឹកនាំប្រទេស កន្លែងហ្នឹងខ្ញុំសុំគ្រាន់តែនិយាយប៉ុណ្ណឹងបានហើយ គ្រាន់តែថា ថៃជាទូទៅគេយកសម្ពាធនឹងឯង ដែលកម្ពុជាខ្វះខាតទន់ខ្សោយចំណុចមួយចំនួន នឹងជាចំណុចដាក់សម្ពាធនយោបាយនៅក្នុងការចរចា»។
លើសពីនេះ លោក ឯម សុវណ្ណរ៉ា ថ្លែងទៀតថា រឿងសំខាន់មួយទៀត ដែលកម្ពុជាត្រូវដោះស្រាយ គឺត្រូវឆ្លើយតបទៅសហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកកម្ពុជា ឱ្យបានច្រើន ដើម្បីដោះស្រាយរឿងបញ្ហាអត់ការងារធ្វើដែលយើងប្រឈម ខណៈកម្ពុជាកំពុងប្រឈមនឹងការកាត់ផ្តាច់EBA ៨០ភាគរយទៀត ពីសហគមន៍អឺរ៉ុប។
ក្នុងន័យនេះ លោកពន្យល់ថា កម្ពុជាគួរតែកែប្រែនូវគោលការណ៍ច្បាប់មួយចំនួន ដែលខ្វះខាតដូចជាច្បាប់ប្រកួតប្រជែងដោយសេរី យន្តការតម្លាភាព និងអំពើពុករលួយ គួររឹតត្បិតកាត់បន្ថយឱ្យបានច្រើន រួមទាំងមានវិធានការលើហ្គេមអនឡាញ ដែលល្បីល្បាញចាប់ជម្រិត ត្រូវគួរលុបបំបាត់ដែរ។
លើសពីនេះ ប្រព័ន្ធយុត្តិធម៌កម្ពុជា គួរពង្រឹងឱ្យមានយុត្តិធម៌ពិតប្រាកដ ដើម្បីជាទីពឹងរបស់អ្នកវិនិយោគិន ដើម្បីកុំឱ្យអ្នកវិនិយោគិនគេខ្លាចរអា ក្នុងការមកដាក់ទុនវិនិយោគបង្កើតការងារនៅកម្ពុជា។
លោកសង្កត់ធ្ងន់ថា វាទាល់តែកម្ពុជា រឹងមាំផ្នែកសេដ្ឋកិច្ចផងដែរ ទើបកម្ពុជាអាចម្ចាស់ការខ្លួនឯងដោយឯករាជ្យមិនពឹងដង្ហើមគេដក។
ប៉ុន្តែយ៉ាងណាក្តី ដើម្បីកម្ពុជាអាចសម្រេចគោលដៅទាំងនេះបាន សម្រាប់ លោក ឯម សុវណ្ណរ៉ា លោក គឹម សុខ លោកបណ្ឌិត មាស នី និងលោក មាជ សុវណ្ណារ៉ា ចង់ឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិ រវាងអ្នកនយោបាយខ្មែរទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីកសាងសង្គមប្រជាធិបតេយ្យពិតប្រាកដ ទើបអាចឈានទៅកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ និងខឿនការពារជាតិបានរឹងមាំ។
លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បានថ្លែងថា ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានឆន្ទៈការពារជាតិ និងស្រឡាញ់ជាតិពិតមែន គឺត្រូវតែស្តារប្រជាធិបតេយ្យដើម្បីផ្សះផ្សាផ្ទៃក្នុងជាតិឡើងវិញ ពីព្រោះនេះគឺជាចំណុចគន្លឹះធំជាងគេ ដើម្បីប្រមូលថាមពលជាតិទប់ទល់នឹងសត្រូវបរទេសឈ្លានពាន។
ជាក់ស្តែងណាស់ ការបន្តសម្លាប់ប្រជាធិបេតេយ្យដែលធ្វើឱ្យជាតិកម្ពុជាបែកបាក់ គឺធ្វើឱ្យបរទេសឈ្លានពានមើលងាយជាតិសាសន៍ខ្មែរ និងធ្វើឱ្យជាតិសាសន៍កម្ពុជាកាន់តែខ្សោយ ដែលនេះមិនខុសពីការផ្តល់រង្វាន់ឱ្យសត្រូវឈ្លានពានឱ្យកាន់តែងាយប្រើយុទ្ធសាស្ត្របំបាក់ជាតិខ្មែរយើងនោះទេ។
លោកថា៖ «បើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនស្តារលទ្ធិប្រជាធិបតេយ្យដើម្បីផ្សះផ្សាផ្ទៃក្នុងជាតិកម្ពុជាទេ ប្រទេសកម្ពុជាប្រឈមគ្រោះអាសន្នធំណាស់ ពីព្រោះកម្ពុជាកំពុងតែរងការវាយបំបាក់ដោយចលនាឧក្រិដ្ឋកម្មធំៗ៣ ជាក់ស្តែងទៅហើយដែលសុទ្ធតែមានកម្លាំងដ៏មហិមា គឺការឈ្លានពានរបស់កងទ័ពថៃ ការឈ្លានពានរបស់កុម្មុយនីស្តវៀតណាម និងពួកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនច្រើនជាតិសាសន៍ ជាពិសេសមេបណ្តាញជនជាតិចិន។ ចលនាបណ្តាញឧក្រឹដ្ឋកម្មទាំង៣នេះ នឹងជាន់ពន្លិចកម្ពុជាយ៉ាងឆាប់រហ័ស ប្រសិនបើលោក ហ៊ុន សែន នៅតែមានៈមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាប្រមូលកម្លាំងថាមពលជាតិកម្ពុជា ដើម្បីទប់ទល់ឱ្យទាន់ពេលទេ ខណៈដែលសេដ្ឋកិច្ចកម្ពុជាកាន់តែដុនដាបហើយប្រជាពលរដ្ឋខ្មែរកាន់តែអត់ការងារធ្វើច្រើនឡើងលើសលប់ គ្មានចំណូល និងវ័ណ្ឌកដោយបំពុលគ្រប់ក្រុមគ្រួសារទូទាំងប្រទេស»។
លើសពីនេះ លោក គឹម សុខ ព្រមានថា លោក ហ៊ុន សែន ត្រូវចងចាំថា បើកម្ពុជាលិចលង់ស្តារមិនរួចលោកហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុនគ្រប់ជំនាន់ នឹងត្រូវចារក្នុងប្រវត្តិសាស្ត្រមនុស្សជាតិថា ជាពូជពង្សពិឃាតប្រទេសកម្ពុជា។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី១១ខែមិថុនានេះ។
ប៉ុន្តែលោកធ្លាប់បានថ្លែងនាពេលកន្លងមកថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា «មិនអាចធ្វើការបង្រួបបង្រួមជាមួយក្រុមប្រឆាំងជ្រុលនិយម១ក្តាប់តូចបានទេ ដោយសារពួកគេធ្វើនយោបាយបែបឧទ្ទាមក្រៅច្បាប់ទៅហើយឥឡូវនេះ»។
សូមរំឭកថា នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចោទសួរថា តើដោយសារកក្តាអ្វីដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីពីអាណាចក្រខ្មែរមកនៅដូចសព្វថ្ងៃ? ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា៖ «គន្លឹះធំគឺការបែកបាក់ផ្ទៃក្នុងជាតិយករូបភាព និងយកគំនិតនៃការខ្លាចខាងក្រៅ តែមកបែកផ្ទៃក្នុងអស្ថិរភាពផ្ទៃក្នុង ចុងក្រោយគឺរដ្ឋប្រហារឆ្នាំ៧០ ឈានទៅដល់ការកាប់ចាក់គ្នារហូតទៅដល់ឆ្នាំ១៩៩៨ បានយើងចប់ រាប់លាននាក់ត្រូវបាត់បង់ ប្រទេសចុះខ្សោយ»។
សម្រាប់ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា នៅពេលដែលប្រទេសជាតិមានអាសន្ន ត្រូវប្រទេសជិតខាងរំលោភឈ្លានពាន មើលងាយជាតិសាសន៍ខ្មែរវាកាន់តែមានភាពចាំបាច់ដែលខ្មែរគ្រប់និន្នាការ ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ពីព្រោះទាល់តែខ្មែររួបរួមសាមគ្គីគ្នាទើបខ្មែរខ្លាំង។
លោកថា៖ «ក្រៅតែពីការយើងរួមគ្នាឱ្យខ្លាំង បើយើងខ្សោយសត្រូវគេនឹងមើលងាយហើយ ខ្មែរបែកបាក់ឯកភាពជាតិមិនបានទេ គឺថា កុំបន្ទោសបរទេសណា គឺគេឆ្លៀតឱកាសហើយ ហើយគេមើលងាយពូជសាសន៍យើង ដែលធ្លាប់តែថ្លៃថ្នូរ ធ្លាប់តែល្បីរុងរឿងមហាអាណាចក្រ ហើយទីបំផុតយើងនៅតែហែកហួរនៅតែវាយប្រហារគ្នាដោយមិនឯកភាពជាតិ ផ្សះផ្សាជាតិបង្រួបបង្រួមជាតិទេ ចឹងក្នុងនាមខ្ញុំប្រធានគណបក្សជំនាន់ថ្មី ខ្ញុំនឹងធ្វើយ៉ាងណាឱ្យខ្មែរឯកភាពគ្នា ផ្សះផ្សាគ្នា ដែលអាចធ្វើទៅតាមកាលវេលាកាលៈទេសៈនយោបាយ»។
ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា លោកបានធ្វើការសន្និដ្ឋានក្នុងនិក្ខេបបទបណ្ឌិតរបស់លោក កាលពីឆ្នាំ២០១២ថា ភាពរឹងមាំដែលកម្ពុជាត្រូវការចាំបាច់មួយទៀត គឺភាពម្ចាស់ការលើការអភិវឌ្ឍសេដ្ឋកិច្ច។
លោកគូសបញ្ជាក់ក្នុងន័យដើមថា៖ «នៅចំណុចនេះ យើងត្រូវហ៊ានទទួលស្គាល់ថា នាពេលកន្លងមក កសិករតាមជាយដែនទាំងខាងថៃនិងទាំងខាងវៀតណាម គឺពឹងអាស្រ័យលើការលក់កសិផលទៅប្រទេសជិតខាងទាំងនេះ។ អាស្រ័យហេតុនេះ ប្រទេសថៃតែងបង្ហាញពីការក្រអឺតក្រទមលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា»។
បន្ថែមពីនេះ លោក យង់ ពៅ បានសរសេរនៅលើហ្វេសប៊ុក នៅថ្ងៃទី១១ខែមិថុនានេះថា ប្រទេសថៃគឺជាអ្នកបង្កើនភាពតានតឹងដោយដាក់សម្ពាធមកកម្ពុជា ដូចជា បិទ-បើកច្រកព្រំដែនតាមអំពើចិត្ត គម្រាមផ្តាច់ទឹកភ្លើង អ៊ីនធឺណេតជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានសរសេរលើហ្វេសប៊ុករបស់លោកថា ថៃនៅបន្តដាក់សម្ពាធនិងវិធានមួយចំនួនមកលើកម្ពុជា ដើម្បីឱ្យកម្ពុជាឃើញថា គេនៅខ្លាំងលើរឿងផ្សេងទៀតមកលើកម្ពុជា។
ក្នុងស្ថានភាពនេះ ខ្មែរដែលជាអ្នករងគ្រោះ នឹងត្រូវបន្តត្រៀមទប់ទល់គ្មានចុងបញ្ចប់តជំនាន់ ហើយក៏មិនប្រាកដថាយើងអាចនឹងនៅខ្លាំង ដើម្បីការពារជាតិបានរហូត ឬយ៉ាងណានោះឡើយ ប្រសិនបើគ្មានដំណោះស្រាយផ្លូវការណាមួយច្បាស់លាស់ទេនោះ។ លើសពីនេះ ប្រសិនយើងមានសង្រ្គាមផ្ទៃក្នុងគ្នាឯងផងទៀតនោះ «គេនឹងស៊ីយើងកាន់តែផុយថែមទៀត»។
សម្រាប់លោក សម រ៉ាត់ ជាពលរដ្ឋ បាននិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់មានការបិទច្រកព្រំដែនដែលជាច្រកនាំចូលទំនិញហូបចុក និងសម្ភារប្រើប្រាស់គ្រប់ប្រភេទ គឺបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដែលរដ្ឋាភិបាលគួរគិតពីបញ្ហានេះ ដើម្បីត្រៀមបង្ការទៅថ្ងៃមុខ។
លោកថា៖ «វាជាមេរៀនមួយសម្រាប់ថ្នាក់ដឹកនាំយើង និងសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ដែលពឹងបរទេសដើម្បីរស់ក្នុងការយកទឹកយកភ្លើងគេមកប្រើ យកទំនិញគេស៊ី យករបស់របរគ្រប់យ៉ាង រស់ដោយសារគេ កាលណាគេប្រកាសថាឈប់ឱ្យយើង ចប់អត់មានអីស្រែក»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ % ខណៈបច្ចុប្បន្នពលរដ្ឋខ្មែរប្រមាណ២លាននាក់ កំពុងធ្វើកម្មករក្នុងប្រទេសថៃ។
បញ្ញវន្តអ្នកជាតិនិយមខ្មែរ បានលើកឡើងថា មិនថាអតីតកាល បច្ចុប្បន្ននិងថ្ងៃអនាគតនោះទេយួន និងសៀមនៅតែចិញ្ចឹមចិត្តឈ្លានពានយកទឹកដីកម្ពុជាបន្តិចម្តងៗ តាមដែលពួកគេអាចធ្វើបានដោយប្រើយុទ្ធសាស្ត្រចូលមកដណ្តើមកាន់កាប់ដីខ្មែរ ពីព្រោះធ្វើដូច្នេះបើឈ្នះបានដីបើចាញ់រួចខ្លួន។
ប្រភពដដែល បន្តថា ដើម្បីអាចការពារទឹកដីកម្ពុជាឱ្យបានគង់វង្ស ខ្មែរត្រូវមានឯកភាពជាតិ កូនចៅខ្មែរគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដោយខិតខំសិក្សារៀនសូត្រ ដើម្បីអាចកសាងខឿនសេដ្ឋកិច្ច និងខឿនការពារជាតិឱ្យបានរឹងមាំ ដូចប្រទេសសិង្ហបុរី និងអ៊ីស្រាអែលជាដើម នៅពេលនោះ ពុំមានប្រទេសជិតខាងណា ហ៊ានចូលមកឈ្លានពានទឹកដីកម្ពុជាទៀតទេ៕









