លោក ហ៊ុន សែន ចេញ​បញ្ជាឱ្យ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​យោធាថៃ​ជុំវិញ​កម្តៅ​ព្រំដែន

មេដឹកនាំ​កម្ពុជា បាន​ចេញ​បញ្ជា​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​សម្ពាធ​នានា​ពី​ភាគី​យោធា​ថៃ ក្នុង​ករណី​រំលោភ​បំពាន ជុំវិញ​កម្តៅ​ព្រំដែន ដែល​បាន​ផ្ទុះ​ឡើង​ជាង​១សប្តាហ៍​ទៅ​នេះ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន រួមទាំង​រាយប​​ន្លា​លួស​ព័ទ្ធ​យក​​ដី​នៅព្រំ​ដែន​អូរស្មាច់ តាម​ទំនើង​ចិត្ត ដែល​ក្រុម​អ្ន​ក​ឃ្លាំ​មើល​ហៅ​សកម្ម​ភាព​ទាហាថៃ​នេះ​​ថា ជា​ទង្វើ​ឈ្លាន​ពាន​យ៉ាង​គឃ្លើន។

ជុំវិញវិធានឆ្លើតបបនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែល​មាន​អំណាច​លើស​គេ​នៅ​កម្ពុជា បាន​ចេញ​បទ​បញ្ជា​៦ចំនុច នៅ​ថ្ងៃ​ទី១៣ ខែមិថុនា​នេះ។

បើតាម​ លោក​ ហ៊ុន សែន ឈប់ប្រើទំនិញថៃ ខិតខំរក​ទីផ្សារ​ជូន​ប្រជាជន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បង្វែរ​អ្នក​ជំងឺ​ដែល​ធ្លាប់​ទៅ​ព្យាបាល​ក្នុង​ប្រទេស​ថៃ មក​រក​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក ឬ​ទៅ​ប្រទេស​ផ្សេង​វិញ  និង​​ត្រៀម​ទទួល​យក និង​ដោះស្រាយ​ការងារ​ជូន​ពលករ​ដែល និង​វិល​ត្រឡប់​ពីប្រ​ទេស។

លើសពីនេះកងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ត្រូវ​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​វាយ​បក​ការ​ពារ​ខ្លួន​ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន បណ្តា​ខេត្ត​នៅ​ជិត​ព្រំដែន ត្រូវ​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​មក​កាន់​តំប​ន់​មាន​សុវត្ថិ​ភាព និង​ដោះ​ស្រាយ​ស្បៀង​អាហារ​ថ្នាំ​ពេទ្យ និង​សំភារៈ​ចាំបាច់​ផ្សេង​ទៀត។

លោក​គូសប​ញ្ជាក់​ថា បើ​ថៃមិ​ន​ធ្វើការ​ដោះស្រា​យ​ច្រក​ព្រំដែន​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ កម្ពុជា​គ្មាន​ជម្រើស​ក្រៅ​ពី​ធ្វើ​ការ​ទាំង​អស់​នេះ​ទេ។

យ៉ាងណា លោក​អំពាវនាវកុំឱ្យមានការធ្វើបាតុកម្មប្រឆាំង​ស្ថាន​ទូត​ថៃ ក្រុម​ហ៊ុន​ថៃ និង​ជន​ជាតិ​ថៃ​នៅ​កម្ពុជា ដែល​ថា​ភាគ​ច្រើន​លើស​លប់​ពួក​គេ​ជាម​នុស្សល្អ​ និង​ថា មាន​តែ​ក្រុម​ជ្រុល​និយម និង​យោធា​មួយ​ចំនួន​ប៉ុ​ណ្ណោះ ដែល​បង្ក​រឿង​ជាមួយ​កម្ពុជា ព្រោះ​ជា​ទម្លាប់​រដ្ឋាភិបាល​ថៃ មិន​អាច​គ្រប់​គ្រង​កងទ័ព​បាន​ដូច​ប្រ​ទេ​ស​​កម្ពុជា​ទេ។

សម្រាប់ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ​ថា លោក​គាំទ្រ​នូវវិ​ធាន​ឆ្លើយ​តប​​ទៅ​នឹង​ទង្វើ​បរទេស​ឈ្លាន​ពាន។

ប៉ុន្តែថា​ វិធានបន្ទាន់និងចាំបាច់មួយ​ទៀត​នោះ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​ប្រទេស​ឈ្លាន​ពាន​ទឹក​​​ដី​នោះ កម្ពុជា​ចាំបាច់ ត្រូវ​ធ្វើ​កំណត់​ទូត​ភ្លាម​ទៅ​​ភាគី​ថៃ​ជុំវិញ​ករណី​ទាហាន​ថៃ គឃ្លើន​រាយ​បន្លា​លួស​រំលោភ​យក​ដី​ខ្មែរ​នៅ​ច្រក​អូរ​ស្មាច់ ដើម្បី​ទប់​ស្កាត់​ទង្វើ​ឈ្លាន​ពាន​ទឹក​ដី​នេះ។

លោកថា៖ «ជារឿងល្អដែលរដ្ឋាភិបាល​មាន​ជំហរ​ចំពោះ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​ យើង​សូម​គាំទ្រ​នូវ​ចំណាត់​ការ​ចំពោះ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​ យើង​ត្រូវ​មាន​ជំហរ​ច្បាស់​លាស់​អ៊ីចឹង ប៉ុន្តែ​កុំ​ឲ្យ​មាន​តែ​មួយ​ឆាវ​ហ្នឹង​ហើយ​ថ្ងៃ​ក្រោយ​ថៃ​រំលោភ​បំពាន​មក​ទៀត​ យើង​ស្ងាត់​ណា ដូច​កាល​ពី​ឆ្នាំ​២០០៨​អ៊ីចឹង ក្រោយ​មក​ដក​ទ័ព ហើយ​ដក​តាំង​តំបន់​ភ្នំទ្រព្យ វាល​ឥន្ទ្រីយ៍ ចុង​ក្រោយ​ថៃ​យក​អាតំបន់​ហ្នឹង​បាត់។ គឺ​យើង​ធ្វើ​អីកុំ​ឱ្យ​តែ​មួយ​ឆាវ យើង​ត្រូវ​ការ​ពារ​ទឹក​ដី​ជា​អចិន្រ្តៃយ៍​ចឹង បើ​សិន​មាន​ការ​រំលោភ​បំពាន​ត្រូវ​តែ​ទប់​ស្កាត់​ភ្លាម»។

សម្រាប់​ លោក អ៊ុំ សំអាន បើរដ្ឋាភិបាលមិនធ្វើកំណត់ទូតទេ ភាគី​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត គឃ្លើន​ឈ្លាន​ពានទឹក​ដី​កម្ពុជា​បន្ថែម​ទៀត ដូច​ករណី​ប្រាសាទ​តាមាន់​តូច ​តាមាន់ធំ តា​ក្របី និង​តំបន់​មុំ​បី​ថ្មីៗ​នេះ។

លោក​បន្តថា ដំណាក់កាលនេះ រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈ​មោះ​មុត និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី កសាង​សង្គម​រឹង​មាំ​ ស្តារ​សេដ្ឋកិច្ច​ជាតិ ដើម្បី​កុំ​ឱ្យ​ប្រទេស​ឈ្លាន​ពាន​បន្ត​មើល​ងាយ​កម្ពុជា។

លោកថា៖ «ការដាក់ពង្រាយបន្លាលួស​ដោយ​គឃ្លើន​របស់​យោធា​ថៃ​ទេ គឺ​ជា​ការ​រំលោភ​មក​លើអ​​ធិបតេយ្យ​របស់​កម្ពុជា​ ក៏​រំលោភ​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ គឺ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ដែល​គេមិន​ឲ្យ​ធ្វើ​អ្វី​ថ្មី​នៅ​តំបន់​​នោះ នៅ​ពេល​មិនទា​ន់​មាន​ការ​ឯកភាព​គ្នា ហើយ​ធម្មតាកា​រ​រាយ​បន្លា​លួស​មិន​អាច​ទាហាន​មក​រាយ​អត់​មាន​ការ​ឯកភា​ព​ពី​ខាង​ភាគី​កម្ពុជា​ទេ តំបន់​សទេ គឺ​ត្រូវ​មាន​ការ​ឯកភាព​ពី​ខាង​កម្ពុជា​ឬក៏​មាន​ការ​អនុញ្ញាត​ពី​គណៈ​កម្មាធិការ​ព្រំដែន​របស់​ប្រទេស​នីមួយ​ៗ»។

ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​​ថា ដើម្បី​វាយ​បក​ទៅនឹង​បរទេស​ឈ្លាន​ពាន​បានជោគជ័យ ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត រដ្ឋាភិបាល​​ចាំបាច់ ត្រូវ​ផ្សះ​ផ្សា​ជាតិ​ ស្តារ​ប្រជា​ធិប​តេយ្យ​ផង​ដែរ ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុង​ជាតិ និង​ទាក់​ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

លោកថា៖ «ជាការពិតហើយ ក្នុងស្ថានភាពដែល​យើង​ប្រឈម​មុខ​ជាមួយ​នឹង​ប្រទេស​ថៃ​ ក្នុង​រឿង​ជម្លោះ​ព្រំដែន​បច្ចុប្បន្ន​នេះ​ អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​មុន​គេនឹ​ង​ការ​ប្ដឹង​ថៃ ទីមួយ​។ ទី​ពីរ​គឺ​ទម្លាក់​ចោល​សំណុំ​រឿងចោទ​ប្រកាន់​នានាទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​ ដូច​ជា​សំណុំ​រឿង​ឧទាហរណ៍​លោក កឹម សុខា លោកថាច់ សេដ្ឋា ស៊ុន ចន្ធី សេង ធារី អីជា​ដើម។ល។ហ្នឹង​ ទម្លាក់​ចោល​អស់​ទៅ​ រួម​ទាំង​ លោក រ៉ុង ឈុន ផងអ៊ីចឹង​ពេល​ហ្នឹង​ លោក ហ៊ុន សែន បើហ៊ាន​ធ្វើ​ហ្នឹង​វា​ស្រប​នឹង​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​ផង ឲ្យ​លោក ហ៊ុន សែននិង​បាន​ពិន្ទុ​ពេញ​ក្នុង​ការ​គាំ​ទ្រ​ឲ្យ​មាន​ការ​តតាំង​ជាមួ​យ​ថៃ តាម​ផ្លូវ​ច្បាប់​ ពេល​ហ្នឹង​បន្ទុក​មួយ​ទៀត​ប្អូនពេញ​បន្ទុក​មួយ​ទៀត​ដែល​​ទទួល​កាដូ​​ត្រឡប់​ម​កវិ​ញ គឺ​នាំ​ឲ្យ​ប្រព័ន្ធ​​EBAរបស់​អ៊ឺរ៉ុប»។

យ៉ាងណា សេចក្តីរាយការណ៍នានា បានអះអាង​ថា ច្រក​ទ្វារ​អន្តរ​ជាតិ​មួយ​ចំនួន ដូចជា ច្រក​ទ្វារ​អន្តរ​ជាតិប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ច្រក​ទ្វារ​ដូង​ហៅ​ឡែម ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​បិទ​នៅ​ថ្ងៃសុក្រ​នេះ ធ្វើ​ឱ្យ​រថយន្ត​ដឹក​ទំនិញ​កក​ស្ទៈ។

កម្តៅព្រំដែន​ដែលបានកើតឡើងថ្មីទៀតនេះ ក្រោយពីទាហានថៃ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​លេណ​ដ្ឋា​ន​កងទ័​​​ពកម្ពុជា នៅព្រំដែន​ជួរ​មុខ​ក្នុង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៨ខែ​មិថុនា ឆ្នាំ​២០​២៥ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ព្រិន្ធបាលឯក សួន រ៉ោន។

បញ្ហានេះ កម្ពុជាប្រកាសប្តឹងថៃទៅតុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ) ក្នុងសំ​ណុំរឿ​ង​ព្រំដែន ដែល​ថៃរំលោភ​បំពាន​ប្រាសាទ​តាមាន់តូច តាមាន់ធំ តាក្របី ដែល​ស្ថិត​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ក្នុង​ខេត្ត​ព្រះ​វិហារ។

រីឯថៃ​ប្រកាស​មិនទទួល​ស្គាល់​អំណាច​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ) ហើយ​ងាក​មក​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​នេះ តាម​យន្ត​ការ​ទ្វេភាគី​តាម​MOU​ឆ្នាំ​២០០០​វិញ។

ជុំវិញកម្តៅ​នេះ ប្រធាន​ចលនា​ជាតិ​តស៊ូ លោក​ សម រង្ស៊ី បានបង្ហោះសាររំឭកមេដឹកនាំ​កម្ពុជា​ថា ត្រូវ​ប្តឹង​ថៃ​ទៅ ICJ ​ដោយ​​​ប្រើ​ផែន​ទី​​ដើម​​ពី​បារាំង នឹង​បង្ហាញ​​​ថា​កោះ​ត្រល់​ដែល​វៀត​ណាម​កំពុង​គ្រប់​គ្រង ​ជា​របស់​​កម្ពុជា។ លោក​ថា បើ​រដ្ឋាភិបាល​ហ៊ាន​ប្រើ​ផែន​ទី​ពី​សម័យ​បារាំង កម្ពុ​ជា​អាច​បាញ់​ព្រួញ​មួយ​បានសត្វ​ពីរ គឺ​បាន​ទាំង​ទឹក​ដី​ខាង​កើត​ និង​បាន​ទាំង​ទឹក​ដី​ខាង​លិច​មក​កម្ពុជា​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ