មេដឹកនាំបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មទៅនឹងទង្វើទាហានថៃ ជុំវិញការគំរាមបិទភ្លើង និងសកម្មភាពរាយបន្លាលួសនៅព្រំដែនអូរស្មាច់តាមទំនើងចិត្ត ដោយផ្តល់យោបល់ទៅរដ្ឋាភិបាលថា គួរឈប់ឱ្យចាក់ផ្សាយខ្សែភាពយន្តថៃ និងឈានទៅបញ្ឈប់ការនាំចូលទំនិញថៃ។
នេះបើតាមសារលើហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី១២ខែមិថុនានេះ។ ការចេញបញ្ជារបស់ លោក ហ៊ុន សែន ក្រោយពីមានការទម្លាយវីដេអូពីសម្មភាពទាហានថៃ ឈរជើងនៅព្រំដែនជួរមុខ ព្រំដែនអូរស្មាច់ បានរាយបន្លាលួសច្បាមយកដីនៅទីតាំងនោះ ដោយឯកតោភាគី ទោះមានទាហានកម្ពុជាតវ៉ា។
លោក ហ៊ុន សែន បាននិយាយថា កន្លងមក ក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាម បានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ លោកថា ការកាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង ហើយកាត់អ៊ីនធើណែតអី បើកម្ពុជាមានអ៊ីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។
លោកបន្តទៀតថា បញ្ហានេះ លោកតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។
លើសពីនេះ មេដឹកនាំកម្ពុជារូបនេះ បញ្ជាក់ថា ពេលនេះវាបានរីករួចស្រេចទៅហើយ ដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះ ដោយធ្វើតាមទំនើងចិត្ត។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»។
សម្រាប់ លោក ហ៊ុន សែន កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះកម្ពុជាក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះ សុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿងគួរធ្វើភ្លាម គឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕









