អ្នកឃ្លាំមើលសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាល សម្តែងការព្រួយបារម្ភខ្លាចកើតមានវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើទំនាស់ព្រំដែនកម្ពុជា-ថៃ កាន់តែរីករាលដាល មិនអាចដោះស្រាយបាន ហើយពលករខ្មែរជាង១លាននាក់នៅថៃវិលត្រឡប់មកកម្ពុជាវិញ។
ប៉ុន្តែ លោក ហ៊ុន សែន បានប្រកាសឱ្យពលករខ្មែរឆាប់ត្រឡប់មកស្រុកវិញ ឱ្យបានមុនថៃបណ្តេញចេញដោយអះអាងថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម។
លោកបណ្ឌិត សេង សារី អ្នកវិភាគពីបញ្ហានយោបាយ និងសង្គម និងធ្លាប់សារភាពថា ធ្លាប់ធ្វើជាចារកម្មឱ្យលោក ហ៊ុន សែន ច្រើនឆ្នាំនោះ បានចាត់ទុកពលករចំណាកស្រុកកម្ពុជា ប្រមាណ២លាននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ថា ជាចំណុចខ្សោយរបស់កម្ពុជា។
លោក សេង សារី បាននិយាយផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ខែមិថុនាថា ប្រសិនបើទំនាក់ទំនងកម្ពុជា-ថៃ កាន់តែតានតឹង លោកគិតថា ថៃនឹងអាចបង្ខំឱ្យពលករខ្មែរខុសច្បាប់វិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកថា៖ «បើសិនជាក្នុងករណីដែលថៃប្រើសន្លឹកបៀរមួយនេះ ខ្ញុំជឿថា រដ្ឋាភិបាលកម្ពុជានឹងប្រឈមនឹងបញ្ហាមួយចំនួនដែរ ជាពិសេសនៅពេលពលរដ្ឋរបស់ខ្លួនត្រឡប់មកពីថៃ បើសិនជាមកតែ៥០ភាគរយក៏ប្រមាណជា១លាននាក់ដែរ ហើយមួយលាននាក់នេះ ជាមនុស្សដែលមានប្រាក់ចំណូល ជាមនុស្សដែលរកលុយផ្ញើមកឱ្យក្រុមគ្រួសារ ដើម្បីបង់ថ្លៃធនាគារអីជាដើម។ល។និង។ល។ នឹងប្រឈមនឹងការគ្មានការងារធ្វើហើយខ្ញុំជឿថា រដ្ឋាភិបាលកម្ពុជា មិនអាចដោះស្រាយបញ្ហារឿងវិបត្តិអត់ការងារធ្វើចំពោះមនុស្សមួយលាននាក់ដែលត្រឡប់ពីថៃនោះទេ អំឡុងពេលដែលខ្លួនមិនអាចដោះស្រាយបញ្ហាផ្ទៃក្នុងមួយចំនួន វិបត្តិមួយចំនួនដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាផង។ អាហ្នឹងខ្ញុំគិតថា ប្រសិនបើការវិវាទកាន់តែធ្ងន់ធ្ងរទៅខ្ញុំគិតថា ពួកថៃនឹងអាចលេងសន្លឹកបៀរនេះ»។
ត្រង់ចំណុចនេះ លោកបណ្ឌិត សេង សារី បានជំរុញឱ្យទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃ ត្រូវត្រៀមខ្លួនធ្វើយ៉ាងណាត្រូវទប់ទល់នូវស្ថានការណ៍ និងត្រូវប្រយ័ត្នប្រយែងនៅក្នុងការដើរហើរ ដើម្បីថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
ប៉ុន្តែលោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ បានប្រាប់ទៅ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថាក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេង ក្រៅពីថៃ និងត្រូវត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។
បន្ថែមពីនេះ រដ្ឋាភិបាលត្រូវបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ និងត្រូវត្រៀមទទួលយក និងដោះស្រាយការងារជូនពលករ ដែលនិងវិលត្រឡប់ពីប្រទេសថៃផងដែរ។
បើតាមលោក ហ៊ុន សែន បច្ចុប្បន្ន កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ លោកថា ពលករខ្មែរអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ខណៈដែលពេលនេះ ពលករខ្មែរកំពុងទទួលរងការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួនក្នុងប្រទេសថៃ។
នេះបើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលត្រូវបាន លោក ហ៊ុន ម៉ាណែត ចែករំលែកនៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ។ ប៉ុន្តែទោះយ៉ាងណា លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើអំពើជ្រុលនិយម ដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។
លោកថា មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសកម្ពុជានោះទេ។
បន្ថែមពីនេះ បើតាមលោកបណ្ឌិត សេង សារី អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានចុះMOUមួយទាក់ទងនឹងការមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីនៃប្រទេសណាមួយទៅឱ្យភាគីប្រឆាំងរបស់ខ្លួន។
ក៏ប៉ុន្តែប្រសិនបើករណីរឿងវិវាទព្រំដែននេះរីករាលដាលទៅជារឿងធ្ងន់ធ្ងរ ហើយបើសិនជាភាគីថៃចាញ់ក្តីនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ ករណីសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រួមទាំងតំបន់មុំបីទៀតនោះ លោកគិតថា ថៃអាចនឹងអនុញ្ញាតឱ្យ លោក សម រង្ស៊ី ចូលទឹកដីថៃ ហើយប្រសិនបើលោក សម រង្ស៊ី ចូលទឹកដីថៃ ថៃហាក់បីដូចជាបង្វិលស្ថានការណ៍ព្រំដែនរុញមកទម្លាក់ឱ្យកម្ពុជាឱ្យក្លាយជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
លោក សេង សារី លើកឡើងទៀតថា នៅពេលនេះ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានក្លាយទៅជាល្បែងនយោបាយរវាងកម្ពុជានិងថៃ ដែលមិនមែនជារឿងថ្មីនោះទេ ពីព្រោះអ្នកនយោបាយទាំងកម្ពុជា និងថៃ តែងតែទាញយកបញ្ហាព្រំដែននេះ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរៀងៗខ្លួន។
សម្រាប់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ក្នុងស្ថានភាពនយោបាយចំពោះមុខបែបនេះកម្ពុជាគួររឹងមាំ រួបរួមសាមគ្គីឱ្យបានខ្លាំងក្លា និងឯកភាពជាតិ ដោយកម្ពុជាគួររកវិធីក្នុងការបង្កើតរោងចក្រ សហគ្រាស ដើម្បីអាចដកដង្ហើមខ្លួនឯងបាន ពីព្រោះប្រជាពលរដ្ឋខ្មែរមិនជាច្រើនទេមានប្រមាណតែ១៧លាននាក់ ហើយប្រសិនបើមានការងារធ្វើនៅតាមខេត្តជាប់ព្រំដែន ដូចជាបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងកោះកុងជាដើម ពលរដ្ឋខ្មែរនឹងមិនធ្វើចំណាកស្រុកទៅរកការងារធ្វើនៅថៃនោះទេ ពីព្រោះប្រាក់ខែនៅថៃមិនច្រើនទេ គឺបានប្រមាណជាង ៣០០ដុល្លារក្នុង១ខែ។
លោកថា៖ «ប៉ុន្តែបើសិនជាមានការងារធ្វើនៅស្រុកខ្មែរត្រឹម ២៥០ឬ២០០ដុល្លារ ពួកគាត់ប្រហែលជាមិនទៅប្រទេសគេ ពីព្រោះអត់ស្រួលទេនៅប្រទេសគេ ពីព្រោះខ្ញុំចេញចូលស្រុកថៃ ខ្ញុំនៅជាមួយពលករខ្មែរនៅចង់គ្រប់ខេត្តដែរ តាំងពីនៅជាអតីតវិទ្យុខ្មែរប៉ុស្តិ៍ឆ្នាំ២០១០មក រហូតដល់នៅជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ហើយមកក្លាយជាប្រធានគណបក្សជំនាន់ថ្មីទៅទៀត ខ្ញុំចេញចូលទៅគ្រប់ខេត្តដែលមានខ្មែររស់នៅសឹងតែ ១៨ខេត្តធំៗ នៅក្នុងប្រទេសថៃ គឺថាពួកគាត់ចង់ឱ្យមានការងារធ្វើជួបជុំម៉ែឪបងប្អូន ពីព្រោះយើងកើតមកការប្តីការប្រពន្ធមានឪពុកម្តាយទាន់នៅមានជីវិត ចង់បានសុភមង្គលនៅក្បែរគ្នាស៊ីអត់ស៊ីឃ្លានអំបិលប្រហុកអីឱ្យតែមានសុភមង្គលក្នុងគ្រួសារ»។
មេបក្សថ្មីថ្មោងរូបនេះ បានថ្លែងទៀតថា គ្មានអ្នកណាចង់ធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកគេ ព្រាត់ប្រាសនិរាស ចោលប្រពន្ធ ចោលកូននោះទេ ដូច្នេះថ្នាក់ដឹកនាំរដ្ឋាភិបាល ត្រូវរកវិធីធ្វើយ៉ាងណាដើម្បីបើករោងចក្រសហគ្រាសឱ្យបានច្រើន ធ្វើឱ្យមានសង្វាក់ផលិតកម្មបង្កើតការងារដោយខ្លួនឯង ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក។
វីអូឌី មិនអាចទាក់ទង លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៣ខែមិថុនានេះ។ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានពលករកម្ពុជា ប្រមាណ១លាន៣សែន៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសារនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ។
ក្នុងនោះថៃ ជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជាច្រើនជាងគេ មានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណ ២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ។ បើតាមអ្នកនាំពាក្យរូបនេះ ក្រៅពីទទួលបានថវិកាដើម្បីកែប្រែជីវភាពគ្រួសារ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសទាំងនោះ ក៏បានពាំនាំនូវចំណេះដឹង និងជំនាញថ្មីៗត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ខែមិថុនានេះ ក្នុងសំណេរដើមថា «កុំភ័យ! ទំនិញដែលនាំចូលពីថៃនិងសេវាថៃអាចជំនួសបានដោយទំនិញ និងសេវាក្នុងស្រុក និងប្រទេសផ្សេងៗ វៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី។ល។ បើពលករត្រឡប់មកវិញវិនិយោគក្នុងស្រុកនឹងកើនឡើង»។
លោក ពៅ បូ ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ បានថ្លែងថា កម្ពុជាជាប្រទេសដែលដីមានជីជាតិណាស់ ដំណាំអ្វីក៏ដាំបានដែរ មានដំណាំតិចតួចប៉ុណ្ណោះដែលដាំមិនបាន ហើយអ្វីដែលកម្ពុជានៅខ្វះ គឺរោងចក្រកែច្នៃកសិផលកសិកម្ម។
លោកថា បើកម្ពុជាបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រផលិតសម្ភារប្រើប្រាស់បាន នោះកម្ពុជាអាចរស់ខ្លួនឯងបានហើយ មិនចាំបាច់ពឹងបរទេសឱ្យគេមើលងាយមើលថោកយើងខ្លាំងពេកទេ។
លោកថា៖ «បើសិនជាយើងងាកមកធ្វើខ្លួនឯង រស់ដកដង្ហើមខ្លួនឯង ប្រើជីវិតជាជីវិតរបស់ខ្លួន ខ្ញុំគិតថា អស្ចារ្យណាស់ថែមតែរោងចក្រតិចតួចកែច្នៃស្អីដែលយើងត្រូវប្រើប្រាស់ទៅ! ដូចដំណាំកសិផលកសិកម្មនេះមានម៉ាអេម»។
ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ខែមិថុនានេះថា នៅពេលណាប្រទេសកម្ពុជាខ្លាំងរឹងមាំ នឹងមិនមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងទៀតនោះទេ។ លោកថា បច្ចុប្បន្នប្រទេសជិតខាងគេមិនឲ្យតម្លៃកម្ពុជា ពីព្រោះគេដឹងថា កម្ពុជាមានមេដឹកនាំខ្សោយមានមេដឹកនាំចោលម្សៀត។
លោកលើកឡើងទៀតថា ទោះបីជាកម្ពុជាមានប្រៀបជាងថៃខាងផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏មេដឹកនាំគ្រួសារហ៊ុន មានការស្ទាក់ស្ទើរ ក្នុងការប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសថៃដែរ ហើយកំពុងតែចាញ់សម្លុតថៃធ្លាក់ចូលក្នុងអន្ទាក់របស់ថៃ សុខចិត្តដកកងទ័ពដែលកំពុងឈរជើងលើទឹកដីប្រទេសខ្មែរខ្លួនឯង។
លោកបន្តថា ឥឡូវនេះ ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏មានភាពមិនច្បាស់លាស់ដែរដោយមេដឹកនាំគ្រួសារហ៊ុន កំពុងស្វែងរកមធ្យោបាយដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីពន្យាពេលដាក់ពាក្យបណ្តឹង រួចហើយត្រឡប់ទៅរកយន្តការទ្វេភាគីវិញ៕