អ្នកមានបទពិសាធន៍កិច្ចការព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានរំឭកពីសវតាដែលកម្ពុជាឈ្នះក្តីថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ខណៈកម្តៅព្រំដែននៅពេលនេះ កម្ពុជាប្រកាសប្តឹងថៃទៅតុលាការអន្តរជាតិនេះជាថ្មីម្តងទៀត ដើម្បីកុំឱ្យបញ្ហានេះកើតឡើងជាថ្មីទៀតលើដែនដីកម្ពុជា។
ជំហររបស់កម្ពុជា ក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការ(ICJ)ពេលនេះ បានធ្វើឡើងក្រោយពីកងទ័ពថៃ កាលពីថ្ងៃទី២៨ ខែឧសភា បានបើកការបាញ់ប្រហារទៅលើលេណដ្ឋានកងទ័ពកម្ពុជា នៅព្រំដែនជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
ទាក់ទិនទៅនឹងប្រវត្តិដែលកម្ពុជាឈ្នះក្តីថៃ នៅតុលាការ(ICJ)វិញ លោក អ៊ុំ សំអាន និយាយលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ខែមិថុនានេះថា កម្ពុជាបានឈ្នះក្ដីថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ករណីប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២។
លោកចោទជាសំណួរថា តើការឈ្នះក្តីនេះ ផ្អែកលើឯកសារសំអាងអ្វីខ្លះ? ដែលថានេះជាការសិក្សាឈ្វេងយល់ក្នុងការឈ្នះក្តីលើថៃនៅ ICJ ម្តងទៀត ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងតំបន់មុំបី នាពេលឆាប់ៗខាងមុខ។
សម្រាប់ លោក អ៊ុំ សំអាន នៅក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ មានជាពាក្យពេចន៍កំណត់ថា ព្រំដែនកម្ពុជា-សៀមគឺយកខ្សែចែកទឹក (watershed) ជាគោលការណ៍បែងចែកព្រំប្រទល់។ តែសន្ធិសញ្ញាមួយនេះគ្មានផែនទីភ្ជាប់មកជាមួយទេ។
អមជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺបារាំង និងសៀមបានបង្កើតគណៈកម្មការចម្រុះ ដើម្បីចុះស្រាវជ្រាវកំណត់ទីតាំងបោះបង្គោលព្រំដែន ប៉ុន្តែដោយសារសៀមខ្វះអ្នកបច្ចេកទេស សៀមពុំបានបញ្ជូនមន្ត្រីមកទេ ហើយគណៈកម្មការដែលដឹកនាំដោយទាហានបារាំង គឺលោកវរសេនីយ៍ឯក (សក្តិ៥) ហ្វ៊ែណង់ ប៊ែណាត (Colonel Fernand Bernard) ក៏បានចុះទៅធ្វើការស្រាវជ្រាវដើម្បីកំណត់ព្រំដែន។
ក្នុងកិច្ចការនេះ គណៈកម្មការបារាំងក៏បានគូសផែនទីព្រំដែនខ្មែរ-សៀម(ថៃ)ចំនួន ១១ផ្ទាំង ដែលក្នុងចំណោមនោះ នៅត្រង់ប្រាសាទព្រះវិហារ បារាំងបានគូសផែនទីឧបសម្ព័ន្ធទី១ (Annex Map 1) សម្រាប់អមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដោយដាក់ប្រាសាទព្រះវិហារឱ្យស្ថិតក្នុងដីខាងខ្មែរ។
មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩០៨ បារាំងបានបោះពុម្ពផែនទីទាំង ១១ផ្ទាំងនេះ រួចប្រគល់ឱ្យថៃចំនួន ៥០ច្បាប់។ នៅពេលនោះ ព្រះអង្គម្ចាស់ ដាំរុង រ៉ាឆានុផាប ជាប្អូនប្រុសរបស់ស្ដេចថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃនោះ បានអរគុណបារាំង រួចស្នើសុំបារាំងនូវផែនទីទាំងនេះចំនួន ១៥ច្បាប់ថែមទៀត ដើម្បីចែកជូនទៅកាន់ចៅហ្វាយខេត្តថៃនៅតាមព្រំដែន។
នៅឆ្នាំ១៩៣០ ព្រះអង្គម្ចាស់ ដាំរុង រ៉ាឆានុផាប ដែលជាមនុស្សចូលចិត្តបុរាណវិទ្យាផងនោះ បានទៅមើលប្រាសាទព្រះវិហារដោយមានមន្ត្រីបារាំងជាអ្នកនាំទៅ។ នៅប្រាសាទព្រះវិហារ ទ្រង់ក៏បានថតរូបជាអនុស្សាវរីយ៍ជាមួយបារាំង ដោយក្នុងនោះមានជាប់រូបទង់ជាតិបារាំងផងដែរ តែទ្រង់មិនបាននិយាយអ្វីទាំងអស់ចំពោះរឿងនេះ។
មកដល់សម័យ លោក ផ្លេក ភិបុលសង្រ្គាម ធ្វើនាយករដ្ឋមន្ត្រី (១៩៣៨-១៩៤៤; ១៩៤៨-១៩៥៧) ដើម្បីទាក់ទាញអារម្មណ៍ជាតិនិយមរបស់ជនជាតិថៃក្នុងបំណងពង្រីកទឹកដី រដ្ឋាភិបាលថៃរបស់លោកក៏ចាប់ផ្ដើមលើកតម្កើងប្រាសាទព្រះវិហារ ហើយចាប់ពីពេលនោះមក ប្រាសាទព្រះវិហារក៏បានដក់ជាប់ក្នុងអារម្មណ៍មហាជនថៃ។
លោកបន្តថា ពេលបារាំងធ្លាក់ដៃក្នុងសង្គ្រាមលោកលើកទី២ ហើយថៃមានជប៉ុនជាខ្នងបង្អែកនោះ ថៃក៏បានវាយបារាំងយកទឹកដីខ្មែរដោយក្ដាប់ទាំងប្រាសាទព្រះវិហារ ខេត្តបាត់ដំបង និងខេត្តសៀមរាបមួយកំណាត់។ ពេលជប៉ុនចុះចាញ់ បារាំងក៏សង្កត់ថៃយកទឹកដីមកវិញ។ ថៃក៏មានភាពអាម៉ាស់ និងឈឺផ្សា ព្រោះរបូតទឹកដីដែលខ្លួនបានច្បាមយក។
ពេលបារាំងត្រូវចាកចេញ ហើយខ្មែរត្រូវបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ថៃគិតថាខ្មែរអស់ខ្នងបង្អែក ហើយថៃក៏លើកទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារភ្លាមៗម្ដងទៀតនៅឆ្នាំ១៩៥៤។ ខ្មែររើបំរះ រួចប្រឆាំងនឹងទង្វើរបស់ថៃ។ ការចរចារបស់ខ្មែរ និងថៃក៏មិនបានផល ហើយនៅឆ្នាំ១៩៥៩ ខ្មែរក៏ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice, ICJ) ជាផ្លូវការ។ នៅក្នុងសវនាការ ថៃប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែបែងចែកទឹក (watershed) សម្រាប់កំណត់ព្រំដែនខ្មែរ-ថៃ ព្រោះវាបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅលើដីខាងថៃ ហើយថៃចោទថា ផែនទីឧបសម្ព័ន្ធទី១នោះ គឺបារាំងជាអ្នកធ្វើតែម្នាក់ឯងដោយថៃពុំបានដឹងទេ។
ចំណែកឯខាងខ្មែរវិញ គឺខ្មែរប្រកាន់ខ្ជាប់នូវផែនទីឧបសម្ព័ន្ធទី១នេះ ព្រោះវាបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅលើដីខាងខ្មែរ។ ចំណែកតុលាការយុត្តិធម៌អន្តរជាតិវិញ យល់ឃើញថា ក្រោយបារាំងបានប្រគល់ផែនទីទាំងនេះទៅឱ្យថៃ ថៃមិនដែលបានជំទាស់នោះទេ ហើយថៃថែមទាំងបានបោះពុម្ពផ្សព្វផ្សាយទៀតផង។ តុលាការបានពន្យល់ទៀតថា ព្រះអង្គម្ចាស់ ដាំរុង រ៉ាឆានុផាប បានទៅមើលប្រាសាទព្រះវិហារនៅឆ្នាំ១៩៣០ ដែលរូបភាពមានជាប់ទង់ជាតិបារាំង ហើយទ្រង់មិនបានជំទាស់ទេ ដែលមានន័យថា ទ្រង់បានទទួលស្គាល់អធិបតេយ្យភាពរបស់បារាំងលើប្រាសាទនេះ។
ជាសរុបមក តុលាការ ICJ យល់ឃើញថា ថៃពិតជាបានទទួលស្គាល់ផែនទីនេះ ហើយចុងក្រោយ ចៅក្រមក៏បានបោះឆ្នោតក្នុងសំឡេង ៩ ទល់នឹង ៣ ដោយទទួលយកផែនទីឧបសម្ព័ន្ធទី១នោះ ទុកជាបានការ ហើយតុលាការក៏ប្រគល់ប្រាសាទព្រះវិហារមកឱ្យខ្មែរ។ តុលាការក៏តម្រូវឱ្យថៃដកទ័ព និងតម្រូវឱ្យថៃប្រគល់មកឱ្យខ្មែរវិញ នូវរាល់វត្ថុបុរាណទាំងឡាយដែលថៃបានយកចេញពីប្រាសាទនេះ។
សម្រាប់អ្នកជំនាញច្បាប់ព្រំដែនអន្តរជាតិ ការកាត់ក្ដីនេះ គឺជាករណីដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះវាបានបង្ហាញអំពីអំណាចរបស់ផែនទី (the power of maps) ដែលសង្កត់លើពាក្យសម្ដីជាគោលការណ៍ (watershed) ហើយបើគ្មានផែនទីនេះទេ ប្រាកដណាស់គឺតុលាការនឹងកាត់ក្ដីឱ្យថៃឈ្នះ ហើយនឹងប្រគល់ប្រាសាទព្រះវិហារឱ្យទៅថៃ។ ខ្មែរឈ្នះក្ដីថៃរួចទទួលបានប្រាសាទព្រះវិហារដោយសារផែនទី ដែលច្បាប់អន្តរជាតិទទួលស្គាល់។
លោក សំអាន សង្កាត់ធ្ងន់ថា លោកបណ្ឌិត ឥន្ទ សុផល បានលើកភស្តុតាងសំខាន់ៗចំនួន៤ ក្នុងចំណោមភស្តុតាងជាច្រើនទៀត ដែលជាសម្អាងរបស់តុលាការ ICJ កាត់ឱ្យខ្មែរឈ្នះក្តីប្រាសាទព្រះវិហារ រួមមាន ទី១ ផែនទីឧបសម្ព័ន្ធបារាំង-សៀមឆ្នាំ១៩០៧ បានបង្ហាញឱ្យឃើញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្មែរ។
ចំណែក ទី២ សារលិខិតរបស់ព្រះអង្គម្ចាស់ដារ៉ុង រាជានុភាព (Damrong Rajanupab) ផ្ញើជូនលោកទេសាភិបាលបារាំងប្រចាំនៅខេត្តកំពង់ធំ ស្នើសុំចូលមកទស្សនាប្រាសាទព្រះវិហារនៅឆ្នាំ១៩៣០។ ទី៣ សារលិខិតលក្ខណៈការទូតរបស់ព្រះអង្គម្ចាស់ ដារ៉ុង ផ្ញើជូនលោកទេសាភិបាលបារាំង ដើម្បីថ្លែងអំណរគុណ ដែលបារាំងបានរៀបចំទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ព្រះអង្គម្ចាស់។
រីឯ ទី៤ រូបថតអនុស្សាវរីយ៍រវាងព្រះអង្គម្ចាស់ ដារ៉ុង និងលោកទេសាភិបាលបារាំង ដែលនៅក្នុងរូបថតនោះបង្ហាញឱ្យឃើញប៉ុស្តិ៍យាម និងទង់ជាតិបារាំង ដែលជាអាណាព្យាបាលខ្មែរនៅមុខច្រកចូលទៅប្រាសាទព្រះវិហារ៕