អង្គការUNFPA៖​ តំប​ន់​ដែល​សម្បូរ​ជន​ជាតិ​ដើម​រស់​នៅ​អត្រា​រៀប​ការ​​វ័​យ​​កុមារ​​មាន​​ដល់​​ទៅ​​​ជាង​​៣០%

អង្គការ​អ​ន្តរ​ជាតិ UNFPA Cambodia បាន​ឱ្យ​ដឹង​ថា ​អត្រា​អាពាហ៍​ពិពាហ៍​កុមារ​នៅ​ខេត្ត​​មណ្ឌល​​​​គិរី ​ដែលជា​ខេត្ត​​​សម្បូរ​ទៅ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​នោះ គឺ​មាន​​ដ​ល់​ទៅ​ជាង ៣០​ភាគរយ​នៃ​ចំនួន​​ប្រជាជន​​សរុបប្រមាណ ១០ម៉ឺន​​នាក់ ដែល​កត្តា​​​នេះ​នឹង​ធ្វើ​​​ឱ្យ​​ក្មេង​ស្រី និង​ស្ត្រី​​ទាំង​នោះ​ប្រឈម​​នឹង​​ហានិភ័យ​នៃ​កា​រ​មានផ្ទៃ​ពោះ​ទាំង​​វ័យ​ក្មេង និង​​រស់​​​នៅ​​កាន់​​តែ​​​ចាក​​ឆ្ងាយ​​​ពី​​សង្គម។​

ទំព័រហ្វេសប៊ុករបស់អង្គការ UNFPA Cambodia បានផ្សព្វផ្សាយកាល​ពីថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៥នេះ​ថា នៅខេត្ត​មណ្ឌល​គិរី មាន​​​អត្រាអាពាហ៍ពិពាហ៍កុមារដល់ទៅ ៣៣,៤ភាគរយ ក្នុងចំនួន​ប្រជាជនសរុប​​ចំនួន​ប្រមាណ ១០ម៉ឺន​នាក់។

ប្រភពដដែល​បន្តថា ​ម្តាយ​វ័យ​ក្មេង​នៅ​​តំបន់​​ដាច់ស្រយាល​នេះ អាច​​​​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​នូវ​​ព័ត៌​មាន សេវា​កម្ម និង​ជំ​នួយ​ដែល​ពួក​​គេ​ត្រូវ​ការ ខណៈ​​អាពាហ៍ពិពាហ៍​កុមារ ក៏អាចធ្វើឱ្យ​ស្ត្រី និង​ក្មេ​ង​ស្រី​ រស់​នៅ​​កាន់​តែ​ដាច់ឆ្ងាយ​ពី​សង្គម​កាន់​តែ​ខ្លាំង។

អង្គការ UNFPA បានគូសបញ្ជាក់ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ទទួល​បាន​សេវា និង​ការ​អប់រំ នោះពួក​គេ​នឹង​ប្រឈម​​មុខ​ទៅ​នឹង​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃ​ពោះ និង​ការ​ក្លាយ​ទៅ​ជា​ម្តាយ​នៅ​វ័យ​ក្មេង ដោយ​មិន​ទទួល​បាន​ព័ត៌​មាន ការ​ថែទាំ និង​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ»។

ជាការឆ្លើយ​តបនឹង​បញ្ហានេះ UNFPA រួមជាមួយនឹងដៃគូនានា រួមមាន UNICEF និងក្រសួង​អប់រំ យុវជន និងកីឡា ​បាននិង​​កំពុងគាំទ្រកម្មវិធី VMC ដោយ​បាន​រៀបចំវគ្គបណ្តុះបណ្តាល​រយៈ​​ពេលពីរថ្ងៃ សម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៧ ​ក្នុងខេត្តមណ្ឌលគិរី ដោយ​ផ្តោតលើការ​កែលម្អចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបង្កើតគម្រោងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា ដោយសារការរៀបការនៅ​វ័យ​កុមារ និងការមានផ្ទៃពោះនៅវ័យក្មេង។

អ្នកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ច​ការ​នារី នៅថ្ងៃទី១១ ខែ​មិថុនានេះ បានទទួលស្គាល់​​​ថា តាមការ​​ស្រាវ​ជ្រាវ ខេត្តមណ្ឌល​គិរី ជា​ខេត្ត​លំដាប់​​ទី​២ បន្ទាប់​ពីខេត្តរតនគិរី​ ដែល​​មាន​​​តួលេខ​​អ្នក​រៀបការ​​វ័យ​​ក្មេង​​​​ច្រើន​ជាង​គេ​ ខណៈ​​ខេត្ត​ទាំងពីរ​នេះ មាន​​ជន​ជាតិ​​ដើម​​ភាគ​​តិ​ច​​ច្រើន។​

ករណីនេះ អ្នកស្រីថា ក្រសួង​បានសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និងអង្គការ​​​ដៃ​គូ​​នានា រៀប​ចំ​​ផែន​​ការ​​​សកម្ម​​ភាព​​ជាតិ ស្តីពី​ការ​​ទប់​ស្កាត់​អាពាហ៍ពិពាហ៍​នៅ​​វ័យ​ក្មេង និង​ការ​មានផ្ទៃពោះ​នៅវ័យជំទង់ រួមទាំងសកម្មភាពជា​ច្រើនទៀត ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតបទៅ​នឹង​​ការ​រៀបការ​វ័យ​ក្មេង​នេះ។

អ្នកស្រីបានផ្ញើសារ​ដែរ​​​ថា៖ «សុំឱ្យយុវជន​ទាំងអស់ មានន័យ​ថា ខិតខំ​ប្រឹង​ប្រែង​​រៀនសូត្រ ដើម្បី​បន្តឱកាស​​យើង​ទៅ​មុខ​ទៀត ដើម្បី​​ទី​១ ជៀស​ផុតពីរឿង​​អាពាហ៍ពិពាហ៍​វ័យ​ក្មេង​ ទី២​ទាក់ទង​​ជាមួយ​នឹង​​មិន​ចង់​​ឱ្យ​​មាន​​ផល​ប៉ះពាល់​​ដូច​ជា​ហិង្សា ទាក់ទង​នឹង​សុខភាពផ្លូ​វកាយ​អីផ្សេង​ៗ»

បើតាម​អ្នកនាំពាក្យ​ក្រសួង​កិច្ច​ការ​នារី​រូបនេះ នៅ​ពេល​ដែល​​​ក្មេងស្រីវ័យជំទង់​រៀប​ការ​នៅ​ក្រោម​​​អាយុ​១៨​ឆ្នាំ នឹង​ធ្វើ​ឱ្យ​មាន​​​ប៉ះ​​​ពាល់​ទៅ​​​ដល់​​​សុខ​​ភាព​បន្តពូជ សុខភាពផ្លូវ​កាយ​ សុខភាព​ផ្លូវ​ចិត្ត សេដ្ឋកិច្ចគ្រួសារ និងប្រឈម​នឹង​អំពើ​ហិង្សា​ក្នុ​ងគ្រួសារជាដើម។ ក្រៅពីនោះ បើសិន​ជា​ពួកគេ​រៀបការ​ ហើយ​មានផ្ទៃពោះ​ទាំង​វ័យ​​ក្មេង​ទៀត​នោះ ពួកគាត់នឹងប្រឈម​ផ្នែក​​​សុខភាព​​កាន់​តែ​ច្រើន ដោយសារ​តែពួកគាត់នៅវ័យក្មេងមិន​បាន​ដឹង​ពី​ការ​ថែទាំ​សុខភាពអំឡុងពេល​មានផ្ទៃពោះ និង​ពេល​សម្រាល​។

ស្របពេល​គ្នានេះដែរ ​​អ្នកប្រើប្រាស់បណ្តាញសង្គម​ ឈ្មោះ ផែ ស្រីនិត (Phe SreyNith) ដែល​មាន​ស្រុកកំណើតនៅ​ខេត្ត​មណ្ឌល​គិរីដែរនោះ​ បាន​លើកជាយោបល់ថា ការស់នៅតំបន់ជន​បទ​​​​ដាច់​​​ឆ្ងាយ​​​ពី​​សង្គម បង្ក​​ឱ្យ​មាន​ផល​លំបាក​ក្នុងការ​ស្វែង​យល់​ឱ្យ​បាន​ស៊ី​ជម្រៅ​អំ​​ពី​ការ​រើស​គូស្រករ និង​ការ​សិក្សា​រៀន​សូត្រ។

កញ្ញាថា ​កង្វះ​ការ​អប់​រំដែល​​នៅ​តែ​បន្ត​មាន​យ៉ាង​ច្រើន ចំពោះ​តំបន់​ដាច់​ស្រយាល​នៅក្នុង​ខេត្តនេះ​ ក៏​​បណ្ដាល​​​​​ឱ្យ​​ទាំង​​ឪពុក​​​ម្ដាយ ទាំង​កុមារ​ ទទួល​រង​នៅបញ្ហា​​ប្រឈម ដោយ​សារ​តែ​​ពួកគាត់​​មិន​មាន​ការ​យល់​ដឹង​​​ និង​ការ​រៀប​ចំ​អាពាហ៍​ពិពាហ៍​​សម្រាប់​កូនៗ​ឱ្យ​បាន​ត្រឹម​​ត្រូវ ហើយ​​​អាច​ឈាន​​ទៅដល់​​ការ​​បង្ខិ​​ត​​បង្ខំ​​ឱ្យ​រៀប​ការ​​ទៅ​​លើ​​កុមារថែម​ទៀត។

យ៉ាងណាមិញ កញ្ញា ស្រីនិត បានអំពាវនាវ​ដល់​​អាជ្ញាធរ​មូលដ្ឋាន​​ និង​គ្រប់ភាគីពាក់ព័ន្ធ បង្កើន​ការ​អប់រំទៅដល់​ប្រជាពលរដ្ឋឱ្យ​បាន​ដិត​ដល់​ និងឱ្យ​ពួកគាត់​បាន​​​​យល់ពី​ហានិភ័យនៃការ​រៀបការ​​វ័យ​ក្មេង ព្រម​​​​រឹត​បន្តឹង​ទៅ​លើបញ្ហា​នេះ។

ចំណែក កញ្ញា Lyzaa Mit ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយរូបទៀត បានជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ មាន​វិធាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះបើពួកគេរៀបការ​វ័យក្មេង​ពេក ឬរៀបការ​ក្រោម​អាយុ ១៨ឆ្នាំ ហើយ​មានផ្ទៃ​ពោះ​ទៀត​​នោះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ផងដែរ។

កញ្ញាសរសេរក្នុងសំណេរដើមថា៖ «ក្រសួង​ត្រូវ​មាន​វិធាន​ការ​ខ្លះ​ទើប​បាន ព្រោះ​យុវជន​ខ្លះ [អាយុ​]១៥-១៦​​ឆ្នាំ មាន​ផ្ទៃ​ពោះ​អស់​ហើយ ទាំង​មិន​មាន​ការ​ងារ​ធ្វើ សង្គម​ជាតិ​ធ្លាក់​ចុះ​ណាស់»

ថ្លែង​ក្នុងវីដេអូឃ្លីបរយៈពេល ៨នាទី កាលពីចុងឆ្នាំ​២០២៤​ លោកបណ្ឌិត ហោ ប៊ុនឡេង សាស្ត្រាចារ្យមហា​បរិញ្ញា និងជាទីប្រឹក្សាបច្ចេកទេស​នៃ​សាលា​គ្រូ​រៀន​យើង​ បានលើកឡើង​​ថា ការ​​រៀប​ការ​​​នៅ​​វ័យ​​ក្មេង​​ពេក ធ្វើ​​ឱ្យ​​ក្មេង​ស្រី​​និង​​ក្មេង​ប្រុស​ បាត់​បង់​ឱកាស​ជា​ច្រើន ​ដូច​ជា ការ​បាត់បង់ឱកាស​​សិក្សា ឬការ​​​អភិវឌ្ឍសមត្ថ​ភាព​​ដើម្បី​ចាប់​យក​អាជីព​​ពិ​ត​ប្រាកដ​មួយ កង្វះ​ចំណេះ​ដឹង​ទូទៅ គ្មាន​សមត្ថភាព​រកប្រាក់​​ចំណូល​ចិញ្ចឹម​គ្រួសារ ប្រឈមនឹង​បញ្ហាសុខភាព និង​​​ការ​​លែង​​​លះ​​​គ្នា​ជា​ដើម។

សម្រាប់បញ្ហា​ប្រឈមទៅនឹងសុខភាពវិញ​ លោកបាន​លើកឡើងនូវការ​សិក្សា​នៅ​តាមបណ្តាប្រទេស​នានា​ ដែល​បង្ហាញ​​ថា ក្មេ​ងស្រី ឬស្រី្តដែលរៀបការ​នៅវ័យក្មេង​ពេក នឹង​ប្រឈម​នឹង​បញ្ហា​កូនស្លាប់ក្នុងផ្ទៃ បញ្ហារលូត និងសុខភាពខ្សោយជាដើម។    

លោកថា៖ «គេបាន​រកឃើញថា គ្រោះថ្នាក់ដែលបណ្តាល​មកពីសុខភាព ដែលបណ្តាលមកពីកា​ររៀបការ​វ័យ​ក្មេង ជាពិសេស​​​ គឺ​កូនស្លាប់​ក្នុងពោះ ហើយ​​​​និង​គ្រោះថ្នាក់​ដល់ម្តាយហ្នឹង​​ ​នៅពេល​ដែលមានផ្ទៃពោះហ្នឹង​​ គឺ​ជិត​ ៥០ភាគរយ ហើយបញ្ហា​រលូត បញ្ហារំលូតអីហ្នឹង​​​ក៏ច្រើន​ដែរ ដូច្នេះ​ខ្ញុំចង់ជម្រាប​ជូនជារួមមក​វិញ​ៗថា ការ​​រៀប​​អាពាហ៍​ពិពាហ៍​​នៅ​វ័យ​ក្មេង​​ គឺ​​​បាត់បង់​សឹង​តែ​ទាំង​អស់ បាត់​បង់​ទី​១​គឺ​បាត់​​បង់​​​សុខ​ភាព ហ្នឹង​គឺ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ ទី២ បាត់​បង់​​ឱកាសៗ​​​ក្នុងកា​រសិក្សា​រៀន​សូត្រ ឱកាស​ក្នុងការ​ចាប់​យក​អាជីព​ការ​ងារ ដែល​ល្អ​ៗ ហើយនិង​បាត់​បង់​នូវ​ឱកាស​សម្រាប់​​​​​ផ្លូវ​ដែល​យើង​​ត្រូវ​បាន​ដើ​រទៅអនាគតឱ្យ​បាន​​​វែង​ឆ្ងាយ»

យោង​តាម​ទិន្ន​ន័យ​​​សិក្សា​​ស្រាវ​ជ្រាវ​​របស់​​​ក្រសួងកិច្ចការ​នារី និង​អង្គការ​ដៃគូរ និងត្រូវបានផ្សព្វផ្សាយ​ក្នុង​សិក្ខា​​សាលា​មួយ​ក្នុ​ងខេត្តកំពង់ធំ កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ ​រក​ឃើញ​ថា ក្នុង​ឆ្នាំ​​​២០២៤​ អត្រា​នៃ​​​ការ​​រៀប​​អាពាហ៍​ពិពាហ៍​ របស់​​​​ក្មេង​ស្រី​​​​​មុន​​​អាយុ ១៨​ឆ្នាំ មាន​​​​ប្រមាណ ១៤.៤៤% ក្នុងនោះ​មានការ​រៀបអាពាហ៍ពិពាហ៍​​​ជា​​​ផ្លូវ​ការ និង​​ការ​ផ្សំផ្គុំ​​មិន​​ជា​​ផ្លូវការទៅ​តាម​​បែប​​តំបន់ ឬ​តាម​ប្រពៃណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ