ស្ត្រីជាកម្មករបម្រើ​​ការងារ​តាមផ្ទះទាមទារ​សេវាគាំ​ពារ​សង្គម​​ផ្នែ​ក​​សុខ​ភាព

កម្មករ​​ការងារ​តាម​​ផ្ទះ និង​​សមាគម IDEA បាន​​ស្នើ​​​ដល់​រដ្ឋាភិ​បាល ជួយ​​អន្តាគមន៍​ទៅ​​ថៅកែ​​ឬ​ម្ចាស់​ផ្ទះ ផ្តល់​​កិច្ច​គាំពា​រ​​សង្គម​​ផ្នែក​​សុខ​ភាព ឬ​ផ្តល់​​នូវ​​របបសន្តិសុ​ខ​សង្គម​ (បសស) ព្រម​ទាំង​​រៀប​ចំ​ឱ្យ​មាន​ប្រាក់​ឈ្នួល​​គោល​ និង​កិច្ច​សន្យាកា​រ​​ងារ​​សម្រាប់​ពួក​គេ ខណៈ​កម្មករ​ការ​ងារ​​តាម​ផ្ទះ​កំ​ពុង​ជួប​បញ្ហា​ប្រឈម​​​ជា​ច្រើន។

ការស្នើរបស់ពួកគេបានធ្វើឡើង​ស្របពេល​ទិវាអន្តរជាតិ​កម្មករ​ការងារ​តាមផ្ទះ ដែល​ខាង​សមាគម​​​​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេចកិច្ច​ក្រៅ​ប្រព័ន្ធ​​​ ហៅកាត់ថា សមាគម IDEA និង​អង្គការ​អុក​ស្វាម គ្រោង​នឹង​រៀបចំទិវា​នេះនៅថ្ងៃទី១៥ ខែមិថុនា​។

អ្នកស្រី យ៉ុង ស្រីមុំ ជា​កម្មករ​ការងារ​តាមផ្ទះ នៅរាជធានីភ្នំពេញ​ បាន​ឱ្យ​ដឹង​នៅថ្ងៃទី១៣ ខែមិថុនានេះថា កម្មករ​ធ្វើការ​ងារនៅតាមផ្ទះ បានជួប​បញ្ហាប្រឈម​ជា​ច្រើន ដូចជា មិនមាន​ប័ណ្ណ​បសស ហើយ​ថៅកែឬ​ម្ចាស់​​ផ្ទះ​ភាគច្រើន ក៏មិនមាន​ចុះកិច្ចសន្យាការ​ងារ ប្រាក់បៀវត្សរ៍​ក៏​មាន​​កម្រិត​ទាប ខណៈពួកគេ​ធ្វើការ​លើស​​​ម៉ោង និងមិនមានថ្ងៃ​ឈប់​​សម្រាក​ចុង​សប្តាហ៍​ឬថ្ងៃបុណ្យ​ជាដើម។

អ្នកស្រី​ថា៖ «ឥលូវ​កំពុង​តែ​ពេញ​​ហើយ​​រឿង បសស។ បសស​ ហ្នឹង​ធម្មតា​បើ​​​​​​ម្ចាស់​​​ផ្ទះ​​ខ្មែរ​ ​គាត់​អត់​ទៅ​ចុះ​បញ្ជី​​​ឱ្យ​​យើង​​ទេ​ ហើយវា​​មាន​បញ្ហា​​ត្រង់​ថា អ្នក​ធ្វើការ​​​តាម​ផ្ទះ បើថៅកែអត់ទៅ​ចុះ​​ឱ្យ គឺ​​គាត់​អត់​​មាន​​សិទ្ធិ​​ទៅ​​ធ្វើ​​ដូច​​បុគ្គល​ស្វ័យនិយោជន៍​​បាន​ទេ បើ​គាត់​អ្នក​សម្រាក​នៅ​ហ្នឹង​ម៉ង គាត់​មាន​បញ្ហាច្រើន ដូចថា គាត់ធ្វើមួយ​អាទិត្យ គឺពេញ​មួ​យ​អាទិត្យ​តែម្តង គាត់អត់មានពេលសម្រាក អីចឹង​ធ្វើ​​ឱ្យ​គាត់​ពិបាក ពេល​ឈឺ​ពេល​អី​ទៅ គឺ​ពិបាក​មែន​ទែន ឈឺយើងចេញលុយ​ខ្លួន​ឯង​ ព្រោះធ្វើ​ បសស គាត់​អត់ទៅចុះឱ្យ​ចឹង​»។

ក្រៅពីនោះ អ្នកស្រីថា កម្មករ​ការ​ងារ​តាមផ្ទះ ក៏ប្រឈម​នឹ​ងហានិភ័យ​នៃ​អំពើ​ហិង្សាផ្លូវកាយ​ ផ្លូវ​ភេទ និង​ការ​ជួញ​ដូរ​​ផង​​ដែរ ជាពិសេស​អ្នក​ធ្វើការ​តាមផ្ទះជនជាតិ​ខ្មែរ​ នៅ​ក្រៅ​ប្រទេស។

ករណីនេះ អ្នកស្រី​ ស្រីមុំ បាន​ស្នើដល់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ទៅថៅ​កែឬម្ចាស់ផ្ទះ​ ទៅ​ចុះ​បញ្ជី​ បសស ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​កិច្ច​គាំ​ពារ​​សង្គម​ផ្នែក​សុខ​ភាព ​​មានកិច្ច​សន្យាការ​ងារ​ និង​កំណត់ប្រាក់ឈ្នួល​គោល ​ដូចកម្មករនិយោជិត​​ផ្នែក​វាយ​នភណ្ឌ​កាត់​ដេរ​ដែរ ដើម្បី​ដោះស្រាយ​​​​​បញ្ហា​ប្រឈម​របស់​កម្មករ​នៅ​​សេដ្ឋ​​​​កិច្ចក្រៅ​ប្រព័ន្ធ ក៏ដូចជា ​លើ​ក​កម្ពស់​​​សិទ្ធិ​​ក្នុង​ការ​ទទួល​​បាន​កិច្ច​គាំពារ​សង្គមរបស់កម្មករ​ការងារ​តាមផ្ទះ។ 

ស្រដៀង​គ្នា​នេះដែរ​ ​អ្នកស្រី ប៉ាន់ សុខឃីម ជា​កម្មករ​កា​រងារ​តាមផ្ទះ​មួយ​រូប​ទៀត បាន​ឱ្យ​ដឹង​ដែរ​ថា អ្វី​ដែល​ជាបញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ពួកគាត់ គឺ​ការ​មិន​ទទួល​បានប័ណ្ណ​ បសស ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ចំណាយ​ថវិកា​​ច្រើន នៅ​ពេល​​ឈឺ​ម្តងៗ និងពេល​​ជួប​គ្រោះ​ថ្នាក់​ការ​ងារ ព្រោះ​ថៅកែ​ឬម្ចាស់​ផ្ទះភាគច្រើន មិន​បាន​ចេញ​​ថ្លៃព្យាបាល​ដល់ពួក​គេ​​នោះ​ទេ។

អ្នកស្រីបន្តថា ក្រៅពីនោះ ពួកគាត់ក៏ពុំមានថ្ងៃឈប់សម្រាក​ ដូច​ដែ​លមានចែង​ក្នុងច្បាប់​ការ​ងារ និងមិនទទួល​បានអត្ថប្រយោជន៍ផ្សេង​ៗនោះទេ​​ ដូច្នេះ​​អ្នកស្រីបាន​អំពាវនាវដល់រដ្ឋាភិបាល ជួយ​​អន្តរាគមន៍ និង​ដោះ​ស្រាយ​​បញ្ហាប្រឈម​របស់​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​អត្ថប្រយោជន៍ និងកិច្ចគាំ​ពារ​សង្គម ដូច​កម្មករ​ធ្វើការ​នៅ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​​ដែរ។  

អ្នកស្រី សុខឃីម បាននិយាយថា៖ «សូម​សំណូម​ពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំង​​អស់ ឱ្យ​មាន​ និយាយ​រួម​ឱ្យ​ម្ចាស់​​ផ្ទះ​ហ្នឹង​តែ​ម្តង​ម៉ង សុំឱ្យពួកគាត់​ជួយមើលពួក​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ខ្លះ​​​អត់បណ្ណ​ បសស ទេទី​១។ ទី២​ទៀត ឱ្យ​​មានច្បាប់​ការ​ងារទូលំទូលាយ ឱ្យ​មាន​ឈប់​​​ថ្ងៃ​បុណ្យ ថ្ងៃ​​បុណ្យ​ឈប់​​សម្រាប់​មួយ​​​ឆ្នាំ​​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​​ ហើយឱ្យ​មាន​ប្រាក់ខែ​ទី១៣ ហើយ​ច្បាប់​​​​ការ​ងារ​ឈឺ​ទៀត ជួន​កាល​ឈឺ​អត់​ឱ្យ​ឈប់ទេ ឱ្យ​យើងធ្វើសង​ទៀត ឱ្យ​​គាត់​ឃើញ​​ពួក​ខ្ញុំ​ផង ពួក​ខ្ញុំ​វេទ​នា​ណាស់ ម្នាក់​ៗ​ចិញ្ចឹម​កូន​បី​បួន ហើយ​ធ្វើ​ការ​ចឹង​​កុំថា​ដល់សល់ សូម្បី​តែ​រស់​​ក៏​វេទ​នា​ដែរ​ ពួកខ្ញុំក្រៅប្រព័ន្ធនេះ»

សម្រាប់​ប្រទេស​កម្ពុជា កម្មករ​ការងារ​តាម​ផ្ទះ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ ដូចជា ការ​​ចម្អិន​​អាហារ បោស​​​​​សំអាត​ បោក​​អ៊ុត ថែ​ទាំ​កុមារ​ ថែទាំ​មនុស្ស​ចាស់ ថែទាំ​សមាជិកគ្រួសារ ថែទាំ​សួន ថែទាំ​ទ្រព្យ​សម្បត្តិ ថែទាំសត្វ​ចិញ្ចឹម និង​បើក​បរ​រថយន្ត​​សម្រាប់គ្រួសារ​ជា​ដើម។

លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បានលើកឡើង​​​ថា​ ​កម្ពុជា នៅ​​មិន​ទាន់​​បាន​​ផ្តល់​​សច្ចា​ប័ន​លើ​​អនុ​សញ្ញា​របស់​អង្គការ​អន្តរ​ជាតិ​​​​ខាង​ការ​ងារ​​លេខ ១៨៩ ស្តីពី​ «ការងារ​​សមរម្យ​​សម្រាប់​កម្មករ​ការ​ងារ​តាម​ផ្ទះ​» នៅឡើយ​ទេ ហើយច្បាប់​​​ការ​​ងារ​ ក៏​​មិន​​ទាន់​​បាន​​ចែង​ជាក់លាក់​អំពី​កម្មករ​ការ​ងារ​តាមផ្ទះដែរ ដែលបញ្ហា​នេះ បាន​ធ្វើ​​ឱ្យ​​កម្មករ​ការ​ងារ​តាមផ្ទះ ជួប​បញ្ហា​ប្រឈម​ច្រើន និង​មិន​ទទួលបានលក្ខខណ្ឌ​ការ​ងារ​ល្អប្រសើរ​។

ករណីនេះ លោកបានស្នើទៅរដ្ឋាភិបាល ឱ្យ​​ផ្តល់​សច្ចា​ប័ន​​លើ​​​អនុសញ្ញាលេខ​១៨៩​នោះ ព្រមទាំង​​ដាក់ចេញ​​វិធាន​​ការ​​សម​ស្រ​ប​ចាំ​បាច់​នានា​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​​ខ្លឹម​សារ​នៃ​អនុសញ្ញានេះ​​​នៅក្នុងប្រទេស ដើម្បី​ធានា​លក្ខខណ្ឌ​ការ​ងារ​សមរម្យ និង​លក្ខខណ្ឌ​ការ​ងារ​ល្អសម្រាប់​កម្មករ​​ការងារ​តាមផ្ទះ។​

លោក​ វន់ ពៅ បានថ្លែង​ថា៖ «​ទី២ គឺ​រដ្ឋាភិបាល​គួរតែ​បង្កើត​ឯកសារគតិ​យុត្តិ ឬ​លិខិត​តុបករបន្ថែម​ទៀត ដើម្បី​ជា​ការ​​ចង្អុល​បង្ហាញ​​ឱ្យ​ម្ចាស់​ផ្ទះ​ទាំង​ហ្នឹង​អនុវត្ត​ សម្រាប់​ធានា​នូវ​លក្ខ​ខណ្ឌ​ការ​ងារ និងសិទ្ធិ​របស់​កម្មករ​​​ធ្វើការ​តាម​ផ្ទះ​ ក្នុង​ការ​​ចូល​រួម​ជាមួយ​​សហជីព ឬសមា​គម​ ហើយ​រដ្ឋ​ត្រូវ​តែ​ធានា​ឱ្យ​មានការ​អនុវត្ត​​​កិច្ច​​គាំ​ពារ​​​សង្គម ឬរបប​សន្តិ​សុខ​​សង្គម​​ សម្រាប់​​កម្មករ​​តាម​ផ្ទះទាំង​អស់ ជា​ពិសេស​ត្រូវ​តែ​​​ផ្សព្វផ្សាយ​​និង​ជំរុញ​ឱ្យ​ម្ចាស់​ផ្ទះ​ទាំង​អស់​​​ហ្នឹង​​ ចុះ​បញ្ជី បសស សម្រាប់​កម្មករ​​តាម​ផ្ទះរបស់​ខ្លួន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​​​ ក្នុង​នាម​​អ្នក​ដែល​មាន​តម្លៃ​ជាមនុស្ស​​​​ ដូច​ជា​​កម្មករ​ដទៃទៀត នៅក្នុង​ និង​ក្រៅប្រទេស​ផង​ដែរ​»។

វីអូឌី មិនអាចសុំការ​ឆ្លើយតបករណីនេះ ពីអ្នកនាំពាក្យក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន​ មេសា បាននៅឡើយទេ​នៅថ្ងៃ​សុក្រ​នេះ។​

កាលពីឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹង​លេខ៣៣៦ ស្តីពី ការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ចំពោះ​សហគ្រាសដែល​មានកម្មករចាប់ពីម្នាក់ ឬច្រើននាក់ ដើម្បីទទួលបានការថែទាំសុខ​ភាព​តាមប្រព័ន្ធ​មូលនិធិ​សមធម៌សុខាភិ​បាល និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត​​​ជាស្ត្រីនៅពេលសម្រាលកូន។

កន្លងមក លោក​​ ហេង សុផាន់ណារិទ្ធិ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម (បសស) ធ្លាប់មានប្រសាសន៍​ថា​ ការ​ដែល​អ្នកធ្វើការតាម​ផ្ទះ​ នៅ​មិនទាន់​អាច​​មកចុះបញ្ជី​បាន ដោយ​សារ​តែ​ភាគី​និយោជក​​​នៅ​​មិន​ទាន់​យល់​ពី​កាតព្វ​​កិច្ច​របស់​ខ្លួន ដោយ​មាន​អ្នក​ខ្លះចុះបញ្ជី និងបង់​ បសស ឱ្យ​បុគ្គលិក​របស់ខ្លួន និង​អ្នក​ខ្លះ​មិន​ទាន់បង់។​​

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម បានលើកឡើងក្នុង​សេចក្តីប្រកាសព័ត៌​មាន​ជុំវិញ​ការ​ប្រារព្ធទិវា​អន្តរជាតិ​កម្មករ​ការ​ងារ​តាមផ្ទះ​​​​ថា កម្មករ​ការងារ​តាមផ្ទះ ជា​កម្លាំង​ចល​ករ​ដ៏សំខាន់​មួយ​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ ដែលភាគច្រើន​ត្រូវ​បាន​គេ​មើល​រំលេង ដែលករណីនេះ ការ​​រៀបចំ​ទិវាកម្មករ​ការងារ​តាមផ្ទះ​អន្តរ​ជាតិ​​ជារៀង​រាល់​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីលើក​កម្ពស់​សិទ្ធិ ​​​ក្នុងការ​ទទួល​បាន​គាំពារ​សង្គម​របស់​កម្មករ​ផ្នែក​នេះ និងជំរុញ​ឱ្យ​អ្នក​រៀប​ចំ​គោល​នយោ​បាយ ផ្តល់នូវភាពចាំបាច់ក្នុងការ​ដាក់​បញ្ចូល​កម្មករ​ការងារ​តាមផ្ទះ​ ក្នុង​របប​គាំពារ​សង្គម​ ដូចជាកម្មករ​​ដទៃ​ទៀត​ដែរ។

លោក​ស្រីបានគូសបញ្ជាក់សេចក្តីប្រកាសព័ត៌​មាន​​ថា៖ «ការ​វិនិយោគ​លើ​សេវា​គាំពារ​ស្ត្រី​ និងកិច្ច​គាំពារ​សង្គម​សម្រាប់​​​​កម្មករ​ការ​ងារ​តាមផ្ទះ​ មានន័យថា កម្ពុជា​លើក​កម្ពស់​សិទ្ធិ​សមភាព​នៃ​សិទ្ធិ​របស់​កម្មករ​ ដើម្បី​ពួកគេ​បាន​ទទួល​កា​រគាំពារ និងការ​វិនិយោគ​​​​​​លើ​សក្តា​នុពល​ ដើម្បីចូលរួម​ចំណែក​ជំរុញ​​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ឈានទៅមុខ ក៏ដូចជា​សម្រេច​បាន​នូវ​គោល​ដៅ​របស់​​កម្ពុជា ក្នុង​ការ​ប្រែ​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់»។

យោងតាមរបាយការណ៍អង្គការ​ពលកម្ម​អន្ត​រជាតិ​(ILO) វិស័យ​ការ​ងារ​តាម​ផ្ទះ គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃកម្លាំង​​ពលកម្ម​ក្នុងវិស័យ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ ដែលគ្របដណ្តប់​ចំនួន​កម្មករ​ជា​បុរស និង​ស្ត្រី​ចំនួន​ប្រមាណ ៧៥,៦លាន​នាក់ នៅ​លើ​​ពិភពលោក ដែល​មាន​អាយុ​ចាប់​ពី​ ១៥​ឆ្នាំ​ឡើង​​ទៅ ក្នុងនោះ មានកម្មក​រជា​ស្ត្រី​ចំនួន ៧៦,២ភាគ​រយ ក្នុ​ងឆ្នាំ​២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ