លោក ហ៊ុន សែន ​ថា​តំបន់​ប្រាសាទ​​និង​​មុំ៣​​ចរចា​​ទ្វេ​​ភាគី​១០០​​ឆ្នាំ​​ទៀត​​ក៏​​រក​​ច្រ​ក​​ចេញ​​មិន​រួច​ដែរ

អតីត​នាយក​រដ្ឋមន្ត្រី ដែល​មាន​អំណាច​លើ​ស​គេ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត ពី​ការ​មិន​ដក​ថយ​ក្នុង​ការ​ប្តឹង​ថៃ​ទៅកា​ន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ដោយ​សំអាង​ថា ទីតាំង​៤ចំនុច​ដែល​កម្ពុជា​​​ប្តឹង​ថៃ​នេះ ទោះ​ចរចា​ទ្វេ​ភាគី ១០០​ឆ្នាំ​ទៀត ក៏​នៅ​តែ​មិន​អាច​រក​ច្រក​ចេញ​រួច​ដែរ។

ទីតាំងទាំង​៤ ដែល​កម្ពុជា​សម្រេច​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​​(ICJ) នោះ រួម​មាន តំបន់​មុំ​បី​​នៃ​ព្រំដែនកម្ពុជា-ឡាវ-ថៃ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី។

យ៉ាងណា ជុំវិញបញ្ហានេះ គណបក្សប្រឆាំងជំរុញ​ឱ្យ​បក្សកាន់​អំណាច​ប្តឹង​ថៃ​ជា​កញ្ចប់ ភ្ជាប់​នឹង​ដែន​សមុទ្រ​ខែ្មរ ដែល​ប្រទេ​ស​ជិត​ខាង​បាន​រំលោភ​យក ដូច​ជា​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់​គ្រង និង​កោះ​ត្រល់​ដែល​វៀត​ណាម​កំពុង​គ្រប់​គ្រង​ជាដើម រួម​ទាំង​ទីតាំង​មួយ​ចំនួន​ទៀត។

លោក ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុក​​របស់​លោ​ក​ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ​ថា ព្រំដែន​កម្ពុជា-ថៃ មាន​ប្រវែង​ជាង​៨០០​គីឡូ​ម៉ែត្រ តែ​កម្ពុជា​លើក​តែ​៤ចំណុច ដែល​ជា​ចំណុច​ក្តៅ​ និ​ង​រសើប ដែល​ងាយ​នឹង​ផ្ទុះ​អាវុធ វាយ​ប្រហារ​គ្នា​ប្តឹង​ទៅ​តុលាការ​ដោះ​ស្រាយ​ជា​មុន។

លោក​ថា៖ «៤ចំណុចនេះ មិនអាចរក​ការ​ស្រុះ​ស្រួល​គ្នា​តាម​យន្ត​ការ​ទ្វេភាគី​បាន​ឡើយ សូម្បី​តែ​១០០​ឆ្នាំទៀត ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ»។

ក្នុងន័យនេះ លោក​គូស​បញ្ជាក់​ថា ជម្រើស​កម្ពុជា មាន​តែ​តុលាការ​យុត្តិ​ធម៌​អន្ត​រជាតិ ICJ ប៉ុណ្ណោះ ទើប​អាច​ដោះ​ស្រាយបា​ន។

ការបញ្ជាក់​ជំហររបស់​មេដឹកនាំ​កម្ពុជា បាន​ធ្វើ​ឡើង​១ថ្ងៃ មុន​ជំនួ​បពិ​ភាក្សាទ្វេ​ភាគី រវាង​​​គណៈ​កម្ម​ការ​ចម្រុះខណ្ឌ​សីមា និង​បោះ​បង្គោ​ល​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនានេះ ដើម្បី​​ពិភាក្សា​​ពី​​វិវា​ទ​​​​ព្រំដែន ដែល​​បាន​​ឡើងកម្តៅ​ជា​​​ថ្មី​ទៀត ចាប់ពីថ្ងៃ​ទី២៨ខែ​ឧសភា ប្រមាណ​ជា​ជិត​២០​ថ្ងៃ​កន្លង​ទៅ​នេះ។

កម្តៅព្រំដែន វាបាន​កើត​ឡើង​​ក្រោយ​ភាគី​កម្ពុជា អះ​អាង​ថា ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​លេ​ណ​ដ្ឋាន​​កម្ពុជា​ នៅតំ​បន់​ជួរ​មុខ​ក្នុង​តំបន់​មុំ​៣​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់ស្លាប់​ គឺ​ព្រិន្ធបាល​ឯក សួន រ៉ោន។

សម្រាប់ លោក ហ៊ុន សែន គូស​បញ្ជាក់​ដែរ​ថា ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​មិន​មែន​ជា​ការ​បង្ក​ហេតុ​បង្កសង្រ្គាម​នោះ​ឡើយ តែ​ជា​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​តាម​ផ្លូវ​ច្បាប់​ បញ្ជៀស​ការ​បង្ហូ​រ​ឈាម​នាពេ​ល​អនាគត​។ សម្រាប់​រាជរដ្ឋាភិបាល​ក៏​ងាយ​ស្រួល​ក្នុង​ការ​បក​ស្រាយ​ជាមួយ​ប្រជាជន​ខ្លួន​ផង​ដែរ ក្នុង​ករណីចាញ់​ក្តី​នៅ​តុលាការ។

ការបញ្ជាក់របស់​ភាគី​កម្ពុជា​បែប​នេះ ក៏​ចំ​ពេល​ដែល​ភាគី​ថៃ​ ប្រកាស​មិន​ទទួល​ស្គាល់​អំណាច​នៃ​យុត្តាធិការតុលាការ​អន្តរ​ជាតិ​(ICJ) ហើយ​ព្យាយាម​ដាក់​សម្ពាធ​តាម​គ្រប់​រូប​ភាព រួម​ទាំង​ចល័ត​មក​កាន់​ព្រំដែន ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​បន្ត​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​យន្ត​ការ​ទ្វេ​ភាគី។

លើសពីនេះ មេដឹកនាំ​កម្ពុជា​រូ​ប​នេះ​ បាន​រំឭក​ថា លោក​ធ្លាប់​គិត​ថា ថ្ងៃ​ណា​មួយ ថៃ​នឹ​ង​ធ្វើ​សកម្មភាព​ដូចកាល​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១​ទៀត។

លោក​ថា ពេលនេះភាពគឃ្លើនមិន​គោរព​ច្បាប់​របស់​យោធា​ថៃ បាន​បង្ហាញ​ចេញ​មក​ហើយ។ ដូច​នេះ​គេអាច​ពន្យល់​បាន​ហើយ​អំពី​ការ​គិត​របស់​លោក សម្រាប់​ពិភព​លោក ដែល​គោរព​ច្បាប់​ផង និង​សម្រាប់​អនាគត​កម្ពុជា ជាមួយ​ប្រទេស​ថៃ​ផង។

កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​ច្បាប់ លើក​ទឹក​ចិត្ត​ដល់​ភាគី​ទាំង​ពី​រដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​គោរព​តាម​ច្បាប់។

បន្ថែមពីលើ​នេះ លោក ហ៊ុន សែន បានការពារពីជម្រើស​ដែល​កម្ពុជា​ប្តឹង​ថៃ​ទៅកា​ន់​តុលាការ​(ICJ)​នេះ ដូច​គ្នាទៅ​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​ធ្លាប់​ធ្វើ​ដែរ នាពេល​កន្លង​ទៅ។

បើតាមសារបស់លោក ហ៊ុន ​សែន ក្នុង​ន័យ​ដើម​ថា៖ «ក្នុង​ចំណោម​ប្រទេស​អាស៊ាន​មាន​ឧទាហរណ៍​ដ៏ល្អ​ ដែល​ឥណ្ឌូ​នេស៊ី និង​ម៉ាឡេស៊ី សឹង្ហ​បុរី និង​ម៉ាឡេស៊ី នាំ​យក​ជម្លោះ​ទឹ​ក​ដី ទៅ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ដោះ​ស្រាយ​ដោយ​ភាគី​នីមួយៗ គោរព​តាម​ការ​សម្រេច​របស់​តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី និងទំ​នាក់​ទំន​ងម៉ាឡេស៊ី ជាមួយ​សឹង្ហ​បុរី នៅ​តែ​ល្អនិង​គ្មាន​ជម្លោះ​ត​កូន​តចៅ»

ផ្ទុយ​ទៅវិញ លោក​ថា ការគេច​វេស​ណា​មួយ​មិន​ហ៊ាន​ចូល​តាម​ផ្លូវ​តុលាការ វា​មាន​ន័យ​ស្មើ​ជា​មួយ​ការប្រព្រឹត្ត​បទ​ល្មើស និង​ការ​មិនគោរ​ព​ច្បាប់ ក្នុង​សណ្តាប់​ធ្នាប់​ពិភព​លោក​មួយ​ដែល​គោរព​ច្បាប់។

ជុំវិញបញ្ហានេះ អតីតមេដឹកនាំគណបក្សប្រឆាំង​ លោក សម រង្ស៊ី វិញ បាន​បង្ហោះ​សារ​ក្នុង​ន័យ​ជំរុ​ញ​ឱ្យ​មេដឹក​នាំ​កម្ពុជា​ប្តឹ​ង​ថៃ ករណី​នេះ ជា​កញ្ចប់​ ដូច​ជា​កោះ​គុត វាល​ឥន្ទ្រីយ៍ ភ្នំ​ទ្រព្យ ដែល​ថៃ​កំពុង​គ្រប់​គ្រង និង​កោះ​ត្រល់​ ដែល​វៀតណាម​កំពុង​គ្រប់គ្រង​។ លោក​ថា ជម្រើសប្តឹង​​​ថៃ​ទៅ ICJ ​ត្រូ​វ​​​ប្រើ​​ផែនទី​​ដើម​​ពី​​បារាំង និង​បង្ហាញ​​ថា កោះត្រល់​​​ជា​​របស់​​កម្ពុជា។

លោក​ថា៖ «ត្រូវតែ ប្តឹងជាកញ្ចប់ ត្រូវ​ដាក់​ករណី​កោះ​គុត/គជ់ ច្រក​អាន​សេះ ភ្នំ​ទ្រព្យ វាល​ឥន្ទ្រីយ៍ និងដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ២៦០០០ គ.ម.​ម៉ែត្រ​ការ៉េ»

លើសពីនេះ លោក គឹម សុខ អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​នៅ​ក្រៅ​ប្រទេស បាន​អះ​អាង​ថា «ក្នុងជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ នៅ​ពី​ក្រោយ​អ្នក​ស្រី ផែថង​ថាន មាន​ពួក​យោធា ដែល​ជា​ជាតិ​សាសន៍​ថៃ​តែ​មួយ​ រីឯ​នៅ​ពីក្រោយ​ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​វៀតណាម ដែល​ជា​ជាតិ​សាសន៍​២​ផ្សេងគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ