កម្ពុជាមិន​ទទួល​ស្គាល់​ផែន​ទី​ដែល​ថៃ​គូស​ដោយ​ឯកតោ​ភាគី

កម្ពុជាបដិសេធទទួល​យក​ផែន​ទី​ដែល​ថៃ​គូស​ដោយ​ឯកតោ​ភាគី​ ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ៣ ព្រម​ទាំង​ប្រាសាទ​បុរាណ​ខ្មែរ និង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ដែល​បញ្ហា​នេះ​អ្នក​ឃ្លាំ​មើល​ជំរុ​ញ​ឱ្យ​ប្តឹង​ទាំង​ព្រំដែន​សមុទ្រ​ រួម​ទាំង​កោះ​គុត និង​កោះ​ត្រល់​ទៅជាមួយ​ផង ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់​រដ្ឋលេខា​ធិការ​ដ្ឋា​ន​កិច្ច​ការ​ព្រំដែន​ នៅ​ថ្ងៃ​ទី​១៥ ​​ខែ​មិថុនា រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន លោក ឡាំ ជា ប្រាប់​ទៅ​ថៃ​ថា កម្ពុជា​បដិសេធ​យ៉ាង​ដាច់​ខាត​ និង​មិន​ទទួល​ស្គាល់​ផែន​ទី​ដែល​ភាគី​ថៃ​បាន​គូស​ជា​ឯកតោ​ភាគី​ ហើយ​យក​មក​ប្រើ​ប្រាស់​ជា​សំអាង​ ដែល​ជាប្រភព​ចម្បង​នាំ​មក​នូវ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ នា​ពេលកន្លង​មក ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ទេ។

ក្នុងន័យ​នេះ លោក ឡាំ ជា ថា កម្ពុជាច​ង់​បាន​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិ​ភាព មិត្ត​ភាព និងកិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​ថៃ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​ និង​ផែន​ទី​ដែល​បាន​ឯកភាព​គ្នា ដូច​មាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​(MOU)​ឆ្នាំ២០០០ ផែន​ទី​មាត្រ​ដ្ឋាន​១/២០០.០០០ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។

បន្ថែមលើនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនប្រកប​ដោយ​យុត្តិធម៌ កម្ពុជា​បាន​ស្នើ​ភាគី​ថៃ នាំ​យក​វិវាទ​ព្រំដែន​នៅ​តំបន់​មុំបី ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និ​ង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ តំបន់​ទាំង​៤នេះ​ លែង​ជា​ប្រធាន​បទ នៅ​ក្នុង​ក្រប​ខណ្ឌ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​(JBC) ទៀត​ហើយ។

ជុំវិញកម្តៅព្រំដែននេះ កម្ពុជា និងថៃ បានរៀបចំកិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​(JBC) លើក​ទី​៦ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ ដែល​កម្ពុជា​​ដឹ​ក​នាំ​ដោយ​លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន និង​ជា​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​លោក ប្រាសាស ប្រាសាស​វិនិច្ឆ័យ ទី​ប្រឹក្សា​ក្រសួង​ការ​បរទេស​ថៃ និង​ជា​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ថៃ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន គាំទ្រ​ជំហរ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ពេល​នេះ​ ជុំវិញ​ការ​ប្តឹ​ង​ថៃ​ទៅ​កាន់​តុលាការ ICJ។

តែលោកថា ក្រៅពីប្តឹងតំបន់មុំ៣ និងប្រាសាទ​ទាំង​៣​នោះ​ហើយ កម្ពុជា​ក៏​គួរ​ប្តឹង​ជម្លោះ​ព្រំ​ដែនសមុទ្រ​ទៅ ICJ ផង​ដែរ រួ​ម​មាន​ កោះគុត និង​ជម្លោះ​ព្រំដែន​ទឹក​ជាមួយ​វៀត​ណាម​ផង​ដែរ​ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា។

លោកថា៖ «កម្ពុជាក៏ត្រូវប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ​ដែរ! ករ​ណី​កោះ​គុត និង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ ២៦០០០​គីឡូ​ម៉ែត្រ​ការ៉េ​ជាមួយ​ថៃ ហើយ​ក៏​ត្រូវ​ប្ដឹង​វៀ​ត​ណាម​ទៅ​កាន់​តុលាការ​អន្តរជាតិ​ដែរ ជុំវិញ​បញ្ហា​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ និង​ដែន​សមុទ្រ​ដែល​វៀត​ណាម​ដណ្តើម ពី​កម្ពុជា​ទៅ​កាន់​កាប់ ទំហំ​៣ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ហើយ​គេ​ហៅថា​តំបន់​ទឹក​ប្រវ​ត្តិ​សាស្ត្រ​ដែល​ដាក់​រួម​គ្នា​ជាមួយ​វៀត​ណាម​ទំហំ ១០​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ ក៏​ត្រូវ​ដាក់​ប្តឹង​ទៅ​កាន់​តុលាការ​អន្ត​រ​ជាតិ​ដែរ។ យើង​ប្តឹង​ថៃ យើង​គួ​រ​តែប្តឹង​វៀតណាម​ដែរ​ ដើម្បី​ឱ្យ​ស្មើ​ភាព​គ្នា កុំ​ឱ្យ​គេ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជំពាក់​គុណ​វៀត​ណាម ហ៊ាន​តែ​ប្តឹង​តែ​ថៃ»។

យ៉ាងណា ពាក់ព័ន្ធនឹងជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់ ដែល​ជា​ពាក្យ​បណ្តឹង​ នឹង​ត្រូវ​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​នៅ​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា តាម​រយៈ​ឯកអគ្គរាជ​ទូត​កម្ពុជា​ដែល​ទទួល​ខុស​ត្រូវ​នៅ​ប្រទេស​ហូឡង់។

ជុំវិញកម្តៅព្រំដែន​ជាមួយថៃនេះដែរ ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​រួប​រួម​ជាមួយ​រដ្ឋាភិ​បាល​ជា​ធ្លុង​មួយ ដើម្បី​ទប់​ស្កាត់​បរទេស​ឈ្លាន​ពាន និង​ចូល​រួម​បរិច្ចាគ​ថវិកា​ជួយ​កង​ទ័ព​ដែល​កំពុង​ការ​ពារ​ព្រំដែន​ផង​ដែរ។

យ៉ាងណា សម្រាប់​ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា ដើម្បី​បង្ហាញ​ពី​ស្មារតី​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដ រដ្ឋាភិបាល​ក៏​គួរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើក្រុម​សំឡេង​ប្រឆាំង និង​ដោះ​លែង​ឱ្យ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ។

លោកថា៖ «នៅពេលដែលរដ្ឋាភិបាលអំពាវនាវ​ថា ឲ្យ​កម្ពុជា​ខ្មែរ​និង​ខ្មែរ​រួប​រួម​គ្នា ពាក្យ​ហ្នឹង​ពាក្យ​ល្អ​ដែល​វា​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ជាអ្នក​ចាប់​ផ្ដើម​ធ្វើ​មុន​ ទី១ គឺ​ឈប់​តាម​ប្រមាញ់​ចាប់​ពួក​ប្រជា​​ពលរដ្ឋ​ខ្មែរដែល​គ្នា​រិះ​គន់​បន្តិច​បន្តួច​ទៅ​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ពី​បញ្ហា​ដោះ​ស្រាយ​វិវាទ​ព្រំដែ​ន​ចុង​ក្រោយ​ហ្នឹង​ក្តី។ ដូច​ជាគំរាម​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ ដូច​ជា​ ចាប់​ពលរដ្ឋ​ខ្មែរ​នៅ​ខាង​បាត់​ដំបង​អី​ជា​ដើម ត្រូវ​ទម្លាក់​ចោល​ឱ្យ​អស់។ ទី២​ទម្លាក់​ចោល​បន្ថែម​ទៀត​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​ និង​សកម្ម​ជន​ប្រឆាំង​ដែល​គ្នា​គ្រាន់​តែ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​រួម​ទាំង​ករណី​រឿងCLV​កន្ល​ង​ទៅ ឲ្យ​ពួក​គាត់​រួច​ទោស​ទណ្ឌ​ឱ្យ​អស់​ទៅ ទម្លាក់​ចោល​ឱ្យ​អស់​ទៅ​ អាហ្នឹង​​បាន​ជា​ចេតនា​ពេញ​លេញ​ក្នុង​ការ​មាន​បំណង​ផ្សះ​ផ្សា​ជាតិ»។ 

កម្តៅព្រំដែន​ដែល​បាន​កើត​ឡើង​ថ្មី​ទៀត​នេះ ក្រោយ​ពី​ទាហាន​ថៃ បាន​​បើ​ក​​ការ​បាញ់​​ប្រហារ​ទៅ​​លើ​​លេណ​ដ្ឋាន​​​កង​ទ័ព​កម្ពុជា នៅ​ព្រំដែន​​ជួរ​មុខ​​ក្នុង​តំបន់​​មុំ៣ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០​២៥ បណ្តាល​​​​ឱ្យ​​ទាហាន​​ខ្មែរ​​ម្នាក់​​ស្លាប់​ គឺ​​ព្រិន្ធបាលឯក សួន រ៉ោន។

បញ្ហានេះ កម្ពុជាបានដាក់ពាក្យប្តឹងថៃទៅ​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​(ICJ) ក្នុង​សំ​ណុំ​រឿ​​ង​​ព្រំដែន ដែល​​​ថៃរំលោភ​​បំពាន​​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តា​ក្របី ដែល​​ស្ថិត​​នៅ​ខេត្ត​​ឧត្តរ​មាន​ជ័យ និង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ក្នុង​ខេត្ត​ព្រះ​វិហារ។

រីឯថៃ​ប្រកាស​មិនទទួល​ស្គាល់​​អំណាច​​យុត្តាធិការ​​របស់​តុលាការ​យុត្តិធម៌​​អន្តរ​ជាតិ​(ICJ) ហើយ​ងាក​មក​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​នេះ តាម​យន្ត​ការ​ទ្វេភាគី​តាម​MOU​ឆ្នាំ​២០០០​វិញ។

ជុំវិញកម្តៅ​នេះ ប្រធាន​ចលនា​ជាតិ​​​តស៊ូ លោក​ សម រង្ស៊ី បានបង្ហោះ​សាររំឭកមេដឹកនាំ​​កម្ពុជា​ថា ត្រូវ​​ប្តឹង​ថៃ​​ទៅ ICJ ​ដោយ​​​​ប្រើ​​ផែន​​ទី​​​​ដើម​​ពី​បារាំង នឹង​​បង្ហាញ​​​ថា​​កោះ​ត្រល់​​ដែល​​វៀត​​ណាម​កំពុង​​គ្រប់​​គ្រង​​ជា​​របស់​​​កម្ពុជា។ លោក​ថា បើ​រដ្ឋាភិបាល​ហ៊ាន​ប្រើ​ផែន​ទី​ពី​សម័យ​បារាំង កម្ពុ​ជា​អាច​បាញ់​ព្រួញ​មួយ​បានសត្វ​ពីរ គឺ​បាន​ទាំង​ទឹក​ដី​ខាង​កើត​ និង​បាន​ទាំង​ទឹក​ដី​ខាង​លិច​មក​កម្ពុជា​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ