លោក ហ៊ុន សែន ព្រមាន​បិទ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​ថៃ​បើ​ថៃ​មិន​​បើក​ច្រក​ព្រំ​ដែន

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ទុក​រយៈ​ពេល​២៤​ម៉ោង​ ឱ្យ​ភាគី​ថៃ​ដើម្បី​ធ្វើឱ្យ​ស្ថាន​ភាព​តាម​ច្រក​ព្រំ​ដែន​​វិល​ត្រឡប់​ទៅ​ស្ថាន​ភាព​ដើម​វិញ បើ​មិន​ដូច្នោះទេ​ កម្ពុជា​នឹង​បិទ​ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ​ថៃ​នៅ​គ្រប់​ច្រក​ព្រំដែន​ទាំង​អស់។

នេះបើតាមការថ្លែងរបស់​លោក ហ៊ុន សែន ក្នុងកិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភានៅ​ព្រឹក​ថ្ងៃ​​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥​នេះ។

ពាក់ព័ន្ធនឹងបញ្ហាបិទព្រំដែន ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន​ បាន​ប្រាប់​ទៅ​ប្រជា​ពលរដ្ឋថៃ​ថា កុំ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា តែ​ត្រូវ​តែ​ទៅ​តវ៉ា​ជាមួយ​ទាហាន​ថៃ​ខ្លួន​ឯង ព្រោះ​ទាហាន​ថៃ​ជា​អ្នក​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគី មិន​មែន​កម្ពុជា​បិទ​មុន​នោះ​ទេ ហើយ​ថា នេះ​​ជា​លទ្ធ​ផលនៃ​ការ​បំពាន​ច្បាប់​ដោយ​យោធា​ថៃ។

លើសពីនេះ លោកថា កុំតែមានការសន្ទនារ​វាង​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី ផែថន​ថាន ទេ​​កុំ​អី​ថ្ងៃ​នេះ​កម្ពុជា​បិទ​ច្រក​ព្រំដែន​ទៅ​លើ​ការនាំ​ចូល​បន្លែ និង​ផ្លែឈើ​ចូល​កម្ពុជា​រួច​ហើយ។

ក្នុងន័យនេះ លោកថា កម្ពុជាបានសម្រេចពន្យា​ពេល​២៤​ម៉ោង ហើយបើ​​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ឱ្យ​ដូច​ដើម​វិញ​ទេ កម្ពុជា​នឹង​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើពី​ថៃ​គ្រប់​ច្រក​ព្រំដែន​ ចាប់​ពី​ថ្ងៃទី​១៧ ខែ​មិថុនា​តទៅ។

វិវាទព្រំដែន​​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើមកើន​​កម្ដៅ ​បន្ទាប់​​​ពី​ទ័ព​​​ថៃ​​​ឆ្មក់​​​ចូ​ល​​មក​​បាញ់​​សម្លាប់​ទាហាន​​​ខ្មែរ​​​ម្នាក់​ នៅ​តំបន់​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ នៅ​​​ថ្ងៃ​ទី​​២៨ ខែ​​ឧសភា។

បន្ទាប់​មក បញ្ហា​នេះ​ត្រូ​​វ​បាន​​អ្នក​​នយោ​បា​យ​​ថៃ អូស​​រឿង​ប្រាសាទ​​តាមាន់ធំ ប្រាសាទ​​តាមាន់​តូច និ​ង​​ប្រាសាទ​​តាក្របី​​មក​​ពាក់​​ព័ន្ធ​ផង​ដែរ។

ជាការឆ្លើយតប កម្ពុជា​បានប្តឹងថៃ​ទៅតុលាការ​យុត្តិធម៌​​អន្តរ​​ជាតិ (ICJ) ក្នុង​សំណុំ​រឿង​​ព្រំដែ​ន​ពាក់​​ព័ន្ធ​​ថៃ​​រំលោភ​​បំពាន​​ប្រាសាទ​​ទាំង​​បី នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​តំបន់​​មុំ៣ ស្រុក​ជាំក្សាន្ត ក្នុង​ខេត្តព្រះ​វិហារ។

ប៉ុន្តែភាគី​ថៃ​ ប្រកាសមិនទទួលស្គាល់​អំណាច​យុត្តាធិកា​ររបស់​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ (ICJ) ហើយ​ងាកមក​​​ដាក់​សម្ពាធ​កម្ពុជា​​តាម​គ្រប់​​មធ្យោ​បាយ មានទាំង​​ការ​​ចល័ត​ទ័ព រ​ថ​​ក្រោះ សព្វា​វុធ​​ទំនើបៗ​មក​កាន់​ព្រំដែន ​​ព្រមាន​កាត់​ផ្តាច់​អគ្គីសនី សេវាអ៊ីន​ធើណែត និងបិទ​ច្រក​ព្រំដែន​​ដោយ​​ឯកតោ​ភាគីជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ