ពលករខ្មែរ​នៅថៃមួយចំនួន​​​មិន​ទាន់​ត្រឡប់​មក​កម្ពុជា​ ទោះ​បារម្ភ​ពី​ការ​រើស​អើង

ពលករខ្មែរ​ធ្វើការ​នៅ​​ប្រទេស​​ថៃ​​មួយ​​ចំនួន មិន​ទាន់​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស​កំណើត​វិញ តាម​ការ​អំពាវ​នាវ​របស់​មេដឹក​នាំ​នៅ​ឡើយ​ទេ ទោះ​ពួក​គេ​បាម្ភ​ពី​ការ​រើស​អើង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ថៃ ជុំវិញ​​កម្តៅព្រំ​ដែន​ដែល​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត ក្រោយ​ទាហាន​ថៃ បើ​ក​ការ​​បាញ់​ប្រហារ​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់ ឈរ​ជើង​នៅ​ព្រំដែន​ជួរ​មុខ ក្នុង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ។​

តាម​​រយៈ​ការ​​ថ្លែង​​សារ​ពិសេស​មួយ​ពី​ព្រឹទ្ធ​​សភា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​​មិថុនា​នេះ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សកាន់អំណាច​នៅកម្ពុជា បាន​​ប្រកាស​​ជាថ្មី​​​ដល់​​ប្រជា​​ពលរដ្ឋ​​​ខ្មែរ​​​ដែ​ល​​​កំពុង​​​រស់​​នៅ ឬ​​ធ្វើ​ការ​​នៅ​​​ក្នុង​​ប្រទេស​​ថៃ ត្រឡប់​​ម​ក​​ប្រទេស​​កម្ពុជា​​វិញ ដោយ​​​មិន​​អាច​នៅ​ឲ្យ​ក្រុម​ជ្រុលនិយម​​ថៃ​ប្រមាថ​មើល​ងាយ​បាន​​ឡើយ ខណៈការ​រើស​អើង​​ជាតិសាសន៍​នៅក្នុង​ប្រទេស​ មក​លើពលរដ្ឋ​កម្ពុជា​កំពុង​ឡើង​កម្តៅ​។

លោក​បន្តថា​ ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​លិខិតស្នាម​ ​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​​បាន គឺ​រាជរដ្ឋាភិបាល​​កម្ពុជា​​ទទួល​​​យក​ទាំង​​អស់ ដោយ​​​​មិន​ត្រូវ​ការ​​លិខិត​​ស្នាម​​នោះ​ទេ​​ ហើយ​​ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ ហើយ​គ្មាន​​លិខិត​ស្នាម អាច​ទៅ​រក​លិខិត​ស្នា​ម​នៅ​ស្ថាន​ទូត ឬ​កុង​ស៊ុល​កម្ពុជា​ប្រចាំនៅ​ប្រទេស​ថៃ​បាន​​។

លោក​ថា «គឺ​​អ្នកដែលត្រូវការ គឺ​ទៅរក​​លិខិតស្នាម​នៅ​ឯ​ស្ថាន​ទូត​កម្ពុជា​ នៅ​ឯកុង​ស៊ុល​​កម្ពុជា ដែលក្នុងនោះ​មានអនុព័ន្ធ​ផ្នែក​ការងារផងដែរ។ ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​គ្មាន​លិខិត​​ហើយ​ដែល​អាច​ធ្វើដំ​ណើរ​មក​បាន កម្ពុជា រាជរដ្ឋាភិ​បាល​​ទទួល​យក​ទាំង​អស់ មាន​ឬ​គ្មាន​លិខិត​ឲ្យ​តែ​​ជនជាតិកម្ពុជា ជនជាតិ​​​ខ្មែរ គឺ​យើង​ទទួល​​យក​ទាំង​អស់ ដោយ​មិន​​គិត​ថា​មាន​លិខិ​ឬគ្មានលិខិត​ទេ ព្រោះ​យើង​ត្រូ​វតែ​ទទួល​យក​ពលរដ្ឋ​របស់​យើង​​ត្រឡប់ម​ក​វិញ កុំ​ទុក​ឲ្យ​គេ​ប្រមាថ កុំ​ឲ្យ​គេ​ធ្វើ​បាប ព្រោះ​ទង្វើ​នៃ​ការ​រើស​អើង​ជាតិ​សាសន៍​​នៅក្នុង​ប្រទេស​​​ថៃ ទៅ​លើពលរដ្ឋ ​ពលករ​កម្ពុជា​កំពុងបាន​ឡើង​​​កម្ដៅ»

លោក​ ហ៊ុន សែន បញ្ជាក់ដែរ​ថា បច្ចុប្បន្ន​ឱ​កាស​ការ​ងារ​នៅ​​កម្ពុជា នៅ​​មាន​​ច្រើន​​កន្លែង​​ណាស់ ទាំង​ក្នុង​វិស័យ​​ឧស្សាហកម្ម កសិកម្ម និង​វិស័យ​សំណង់ ដូច្នេះ​​កុំ​​បារម្ភ​​រឿ​​ងខ្វះ​​ការ​​ងារ​​ធ្វើ។

លោក រើន ដានី  ជា​ពលករខ្មែរ​ដែលកំពុង​ធ្វើការ​នៅខេត្តឈុន​បូរី ​ប្រទេស​ថៃ បានឱ្យ​ដឹងថា បច្ចុប្បន្ន ពួកគាត់​​​ជួបកា​រលំបាក ដោយសារ​តែ​មានការ​រើង​​អើង​ពី​សំណាក់​ពលរដ្ឋ​ថៃ​មួយចំនួន​ ជាពិសេស​ម្ចាស់ផ្ទះជួលដែ​ល​​ជា​ជន​ជាតិ​​ថៃ ប៉ុន្តែសម្រាប់ថៅកែជា​ជនជាតិ​ថៃ ពុំមាន​ការ​រើស​​អើង​ ឬបណ្តេញពួកគាត់ចេញពីការ​ងារ​​ទេ។

សម្រាប់​លោក ដានី រូបគាត់​នៅមិន​ទាន់មានផែនការណាមួយ ក្នុងការ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​​ទេ ក្នុង​ស្ថាន​​ភា​ព​ដែល​ប្រទេស​ទាំង​ពីរ បាន​និង​កំពុង​បន្ត​ចរចា​ទ្វេភាគី។

លោកថា៖ «បច្ចុប្បន្ន គឺពិបាក​នៅ ដូចថា​គេ​រើស​អើង​ពូជ​សាសន៍​យើង​ជា​ជន​ជាតិខ្មែរ​ចឹង[…]​សម្រាប់​ខ្ញុំ​មាន​ការ​ផ្ទុះអាវុធ គឺយើងទៅ​[ត្រឡប់មកកម្ពុជាវិញ] ព្រោះអី​​ខ្ញុំ​បារម្ភ​ត្រង់​​ថា​មាន​ការ​ផ្ទុះ​អាវុធ ​គេ​[ខាង​ថៃ​​]​ចាប់​​យើង​ជា​​ចំណាប់​​ខ្មាំង សម្រាប់​​​ការ​ដោះដូរជាថ្នូរ​​អ្វី​មួយ​ អាហ្នឹងវាអាចកើត​មាន អាហ្នឹ​ងយើង​មិន​អា​ច​​មើល​​ឃើញ​​​​ទេ​​​ណា ប៉ុន្តែ​បើថា​ស្ថាន​ភាពយើង​នៅ​អាច​ចរ​ចា​គ្នា​​បាន នៅ​អា​ចនិយាយ​គ្នា​បាន​ ខ្ញុំ​អត់ទាន់ទៅ​ទេ អាហ្នឹង​ខ្ញុំចាំ​មើល​សភាព​ការ​ណ៍​សិន​»។

បើតាម​លោក រើន ដានី កាលដែល​លោកនៅ​បន្តធ្វើការ​ងារជា​ធម្មតា​នៅ​ប្រទេស​ថៃ ក្នុង​ស្ថានភាពបច្ចុប្បន្ន ដោយ​សារ​តែ​រូបលោក​ទើបតែ​បង់ប្រាក់បន្ត​វីសារធ្វើការ​ងារ​នៅទីនោះ ណាមួយ​ប្រាក់​បៀវត្សរ៍ក៏សមរម្យដែ​ល​​លោ​ក​អាចរស់នៅបាន។

លោក ដានី សង្កេតឃើញថា ពលករ​ខ្មែរ​ដែលត្រឡប់ទៅកម្ពុជាវិញ ភាគច្រើន​ជា​ពលករ​ដែលធ្វើការ​នៅទីក្រុង​បាង​កក ដោយសារ​តែនៅ​ទីនោះ​មាន​ក្រុមជ្រុលនិយម​ថៃ​ច្រើន​ ដែលធ្វើឱ្យ​ពួកគាត់បារម្ភពីសុវត្ថិភាព បើ​រស់​នៅ​ ឬធ្វើការ​បន្តនៅទីនោះ។  

មន្ត្រីគម្រោងសិទ្ធិការងារពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំនៅ​ប្រទេស​ថៃ លោក លឹង សុផុន បាន​ឱ្យ​​ដឹង​​ដែរ​ថា ស្ថានភាពរបស់ពលករ​ខ្មែរ​នៅប្រទេស​ថៃ នា​ពេល​នេះ គឺ​ពុំ​មានបញ្ហា​អ្វីចោទនៅឡើយ​​ទេ ដោយពួកគេ​នៅ​បំពេញការ​ងារ​​ជា​ធម្មតា​​ ស្រប​ពេល​ដែល​ថៅកែ និង​រដ្ឋាភិបាល​ថៃ ហាក់ពុំមានការ​​​​រើសអើង​​ណា​មួយ​​នៅ​ឡើយ។​ 

តែយ៉ាងណា លោកថា ពលករខ្មែរ​ភាគច្រើន​បាន​ព្រួយបារម្ភ​ពីសុវត្ថិភាព ខណៈមានការ​រើស​អើង​​​ខ្លះ​ៗពីសំណាក់​​ម្ចាស់ផ្ទះ​​ជួលជា​ជនជាតិ​ថៃ និង​​​ពលរដ្ឋមួយចំនួនតូច ប៉ុន្តែ​ពួកគាត់ថា អាចរស់នៅ​ និង​ធ្វើការ​​​បន្ត​​បាន​ លើកលែង​តែ​​ពលករ​​ខ្មែរ​​ដែល​​​ធ្វើការ​នៅ​ក្បែរ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​​​តែ​ម្តង​​​ ដែលគាត់​​​បារម្ភខ្លាចមានការ​ផ្ទុះអាវុធពីសំណាក់ក្រុមយោធាថៃ​​ ​ទើប​នាំគ្នា​សម្រុក​ត្រឡប់ទៅប្រទេស​​កម្ពុជាវិញ។ ​

លោកថា៖ «​​​​ខ្ញុំ​មើល​ឃើញ​នៅ​ខាង​ថៃ រដ្ឋាភិបាល​ថៃ ហើយ​​និងក្រសួងការ​ងារ​ថៃ ក៏បាន​បង្ហាញ​ពីទំនុក​ចិត្ត​ បង្ហាញ​​អំពីភាព​កក់​ក្តៅ​ដែរ​ ដោយ​សារ​តែ​ខាង​​ក្រសួង​ការ​ងារ​ហ្នឹង ​បាន​​​ប្រកាស​​ប្រាប់​​ហើយ​​ថា​​ ការ​វិល​ត្រឡប់​​ទៅជា​ជម្រើសជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ របស់​បុគ្គល​​​ជា​​ពលករបរទេស ជា​ពិសេស​​គឺ​បងប្អូន​ប្រជាពលរដ្ឋ​​​ខ្មែរ​ហ្នឹង​​តែ​ម្តង តែ​ការ​រស់នៅ​ត ការ​ធ្វើ​ការ​តហ្នឹង​ គឺ​ជាសិទ្ធិ​ដែល​ពួកគាត់​​​នៅ​ធ្វើ​ការ​បាន​ ពីព្រោះ​​នៅខាង​​ថៃ​គេ​នៅ​មិនទាន់មាន​ការ​បណ្តេញ​ចេញ​ ដល់​ដំណាក់​​​កាល​​លុប​ចោល​នូវ​​ MOU [អនុសារណៈ​]​របស់​ពលករ​​ខ្មែរ​នៅឡើយទេ»។​

បើតាមការ​សាកសួរ​ពលករ​ខ្មែរដែល​រស់នៅ និងធ្វើការ​​នៅប្រទេស​ថៃ​ លោក សុផន ​បានទទួល​​ចម្លើយ​ថា ការ​​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ គឺពួកកាត់​​​​ទទួល​បាន​​ប្រាក់​បៀវត្សរ៍​​​សមរម្យ ដែល​អាច​រស់នៅ និងបង់សងធនាគារ​បាន បើទោះជាប្រាក់ឈ្នួល​​មិន​ខ្ពស់ដូច​បណ្តា​ប្រទេស​​​​ផ្សេង​ទៀត។

តែយ៉ាងណា មន្ត្រី​ធ្វើការ​ផ្នែក​ការ​ងារ​រូបនេះ បានគូសបញ្ជាក់ថា៖ «ស្ថាន​​ការ​ណ៍​​​​បែប​នេះ ​​កន្លែង​​​ខ្លះ​​យើង​​មើល​ឃើញ​​​​ចំណុចវិជ្ជមាន​ច្រើន កន្លែង​ខ្លះ​យើង​​​ឃើញ​​​អវិជ្ជ​មាន​ដែរ ចំពោះការ​រស់​នៅ​ និង​​ធ្វើ​ការ​របស់​បង​ប្អូន​​អីចឹងណា តែ​​កត្តា​​សំខាន់ ​យើង​​ត្រូវ​ស្វែង​រក​សុវត្ថិភាព​​ផ្ទាល់ខ្លួន​​ផង ហើយ​​និង​​ស្ថេរភាព​ការងារ​របស់​យើង​​​ផង ដើម្បីជា​ការ​ទំនួល​ខុស​ត្រូវ​របស់​យើង ដែល​ជា​អ្នក ជា​ឪពុក​ជាម្តាយ​របស់​គេ ហើយ​ជា​ជម្រើស​របស់​យើង ការ​​ទៅ​ ត្រឡប់ទៅ​​តាមរដ្ឋាភិបាល​ប្រកាស​​ អាហ្នឹង​ក៏ជា​ជម្រើស​របស់​យើង​ដែរ ហើយ​ការ​នៅ​ ក៏ជា​សិទ្ធិ​​របស់​​​ប្រជាពលរដ្ឋ​នៅថៃ​ដែរ ហើយខ្ញុំ​សូមឱ្យ​បងប្អូន​គិត​ពិចារណា​​ឱ្យ​បាន​ច្បាស់​លាស់ ​ហើយ​​និង​តាម​​ដានព័ត៌មាន​តាម​តីក​តុក​ក្តី តាមអីក្តី ប៉ុន្តែ​យើង​ត្រូវ​តាម​ដាន​ព័ត៌មាន​​​របស់រដ្ឋ ដើម្បីបញ្ជាក់ឱ្យ​ច្បាស់ថា​ តើ​ស្ថានភាព​បែបនេះ យើង​​​គួរ​សម្រេច​ចិត្ត​ធ្វើ​ឥរិយា​បទ​បែប​ណា»។

សម្រាប់ស្ថានភាពនៅតាម​ច្រកព្រំដែនកម្ពុជា​-ថៃ​ នារយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មា​ន​ពល​រដ្ឋ​ខ្មែ​រ​ជា​ច្រើន​បានសម្រុក​វិល​មក​ប្រទេស​កម្ពុជា​វិញ ខណៈពលរដ្ឋថៃ​ដែលធ្វើការ​នៅ​​តាម​ព្រំដែនក្នុង​ទឹក​ដី​ក​ម្ពុ​​​ជា ក៏បាន​ត្រឡប់ទៅកាន់​ប្រទេសថៃ​វិញ​មួយចំនួន​ផងដែរ។​

សម្រាប់​​ ​ប្រធានចលនា​​​ជាតិតស៊ូ លោក សម រង្ស៊ី បានបង្ហោះសារ​នៅលើទំព័រហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​​​នេះ​​ដែរ​ថា៖ «ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ មាន​ប្រហែល ​២លាន​នាក់។ ដើម្បី​​សុវត្ថិ​ភាព សូម​បង​ប្អូន​ត្រឡ​ប់​​ទៅ​​កម្ពុជា ផ្ទះ​របស់​យើង​មួយ​រយៈ​សិន»។

ប៉ុន្តែសម្រាប់ ​អ្នក​ឃ្លាំ​​មើល​​សង្គម​ និង​​អ្នក​នយោបា​យ​​ក្រៅរ​ដ្ឋាភិ​បាលវិញ ធ្លាប់បាន​សម្តែង​​​​ការ​​ព្រួយ​​​បា​រ​​ម្ភ​​​​ខ្លាច​​កើត​​មាន​វិបត្តិ​​សង្គម​កា​ន់​​​​តែ​​​ធ្ងន់​ធ្ងរ ប្រសិន​​​បើ​​ទំនាស់​​ព្រំដែន​​កម្ពុជា​-ថៃ កាន់​​​តែ​រីក​​រាល​ដាល​ មិន​​អាច​ដោះ​​ស្រាយ​​បាន ហើយ​​​​ពលករ​ខ្មែរ​ជាង ​​១លាន​នាក់ ​​​នៅ​​​ថៃ ​​​វិល​​ត្រឡប់​​មក​​កម្ពុជា​​​​​វិញ។

លោក​បណ្ឌិត សេង សារី អ្នក​​វិភាគ​​​ពីប​ញ្ហា​​នយោបាយ ​និង​​សង្គម និងធ្លាប់សារភាពថា ធ្លាប់ធ្វើជាចារកម្មឱ្យ​លោ​ក ហ៊ុន សែន ច្រើនឆ្នាំនោះ បាន​ចាត់ទុក​​ពលករ​ចំណាក​​​ស្រុក​​កម្ពុជា ​ ​ប្រមាណ​​​​២លាននាក់ ​ដែល​កំពុងធ្វើការ​​នៅ​ក្នុង​​ប្រទេស​ថៃ ទាំង​​ស្រប​ច្បាប់ ​និងមិនស្របច្បាប់​​ថា​ ជា​ចំណុចខ្សោយ​របស់​កម្ពុជា​។

លោកបាននិយាយ​ថា​ ប្រ​សិ​​ន​​បើទំនាក់​ទំនង​កម្ពុជា-​ថៃ កាន់​​តែ​តាន​​តឹង​ ​នោះ​​ថៃ​​នឹង​អាច​​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​​​​ខុសច្បាប់​​​វិល​ត្រឡប់​​​មក​ប្រទេស​កម្ពុជា​វិញ ហើយ​ពេល​នោះកម្ពុជា​​​​នឹង​ប្រឈម​​​នឹង​វិបត្តិ​​​​​គ្មាន​ការ​​ងារ​​ធ្វើ។

សម្រាប់​ ក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈកម្ពុជា បានអះអាង​ថា ក្រសួង​បាន​​ត្រៀមរួច​រាល់ទាំ​ង​ការ​ផ្តល់​ឱកាស​​ការ​ងារ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ដល់​ប្រជា​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

ក្នុ​ងពិធីបើក​កា​រប្រារព្ធ​​​ទិវា​អប់រំបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជា​ជីវៈ កាលពីថ្ងៃ​ទី១៥ ខែ​មិថុនា ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍​​​​ថា បច្ចុប្បន្ន ក្រសួង​មាន​​ឱកាស​ការ​ងារចំនួន ​២៣ម៉ឺនកន្លែង និង​ការ​បណ្ដុះបណ្ដាល​​ជំនាញ​បច្ចេក​ទេស ​និ​ង​វិជ្ជាជីវៈ​ប្រមាន ១លាន​៥សែនកន្លែង ដែល​ករណីនេះ កម្ពុជា​មានអាច​ជួយ​​​ដល់​ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញបាន​។

លោក​ថា៖ «យើងមាន​បងប្អូន​យើ​ងនៅទីនោះ[ថៃ​]​ប្រហែល​ជាង ១លាននាក់ ហើយ​ឥឡូវនេះ​យើង​មានកម្មវិធី​បណ្តុះ​បណ្តាល​របស់​យើង​ ១លាន​៥សែន​នាក់ អីចឹង​បើ​សិនជា​មានករណី​ណាមួយ ដែលបងប្អូន​ចង់​ត្រឡប់​មក​វិញ បងប្អូន​​​ចង់​ស្វែ​ងរក​ការ​ងារ​ធ្វើ​ក៏បាន ដូច​ដែល​ក្រ​សួង​បាន​បញ្ជាក់ជូន​យប់​មិញ​ចឹង ​ឥឡូវនេះ នៅទូទាំង​ប្រទេស យើង​គិត​ត្រឹម​ម៉ោង​៦​ថ្ងៃ​ម្សិលមិញ​ យើង​​មានការ​ងារ​ជាង២៣ម៉ឺន​កន្លែង​​នៅក្នុងប្រទេស​របស់យើង ហើយ​ក្រសួង​នឹង​បន្ត​សម្រប​សម្រួល​​ប្រមូល​​​​ព័ត៌​មាន​នេះ​បន្ថែម​ទៀត ដែលវា​សមល្មម​អាច​ទទួលយក​​​​បង​​ប្អូន​​ប្រជាពលរដ្ឋ​យើង​ដែល​ចង់​ត្រឡប់​មក​វិញ»។

វិវាទព្រំដែន​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើមកើន​កម្ដៅ​បន្ទាប់​ពី​ទ័ព​ថៃ​​ឆ្មក់​​ចូ​ល​​មក​​បាញ់​​សម្លាប់​ទាហាន​​ខ្មែរ​​ម្នាក់​ នៅ​តំបន់​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ នៅ​​​ថ្ងៃ​ទី​​២៨ ខែ​​ឧសភា។ បន្ទាប់​មក បញ្ហា​នេះ​ត្រូ​​វបាន​​អ្នក​​នយោ​បាយ​​ថៃ អូស​រឿង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី​មក​ពាក់​ព័ន្ធ​ផង​ដែរ។ ក​ម្ដៅ​​វិវាទព្រំដែនប្រទេសកម្ពុជា-ថៃ ហាក់​មានភាពតានតឹងឡើង​បន្ថែមទៀត​ ក្រោយ​​​ភាគី​ថៃ​​ដាក់​​សម្ពាធ​​កម្ពុ​​ជា ​តាម​រ​យៈ​​កា​រ​បិទ​ព្រំដែន​​​​​​ដោយ​ឯកតោ​ភាគី ការ​គំរាម​ថា​កាត់​ផ្ដាច់​អគ្គិសនី សេវា​អ៊ីន​ធឺណិត ព្រម​ទាំ​​ងកា​រ​ច​ល័​ត​ទ័​ព​​ម​ក​ឈរ​ជើង​តាម​ព្រំដែនជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ