អ្នកឃ្លាំមើលថា​ការ​រឹត​បន្តឹង​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ថៃ​បង្ក​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​ទាំង​សង​ខាង

ជម្លោះ​ទ្វារ​ដែក​នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-​ថៃ នៅ​ពេល​នេះ ហាក់​បាន​ក្លាយ​ទៅ​ជា​អាវុធ​របស់​មេដឹកនាំ​កម្ពុជា និង​ថៃ​ទៅ​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ទាំង​ពីរ បាន​រឹត​បន្តឹង​ការ​ចេញ​ចូល​កាន់​តែ​ខ្លាំង​ឡើង។

ប្រធាន​​ក្រុម​ប្រឹក្សា​​ឃ្លាំមើ​ល​​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា វិវា​ទព្រំដែន​កម្ពុជា-​ថៃ មិន​ងាយ​រលត់​ទៅ​វិញ​ឡើយ ដោយ​ភាគី​ថៃ​ប្រើ​គ្រប់​វិធី​សាស្ត្រ ដើម្បី​ដាក់​សម្ពាធ​កម្ពុជា​ឱ្យ​ទទួល​យក​ការ​ចរចា​ទ្វេ​ភាគី ទោះ​​បី​វិធី​​សាស្ត្រ​ទាំង​នោះ​ កំពុង​គំរាម​កំហែង​ជីវភាព​ពលរដ្ឋ​ទាំង​ពី​រប្រ​ទេស​ក្ដី។

លោកបន្តថា វិវាទព្រំដែនកម្ពុជា-ថៃ គួរ​តែ​លើក​យក​ទៅ​ដោះ​ស្រាយ​នៅ​ស្ថាប័ន​ច្បាប់ ដោយ​ភាគី​ថៃ​មិន​ត្រូវ​អូស​ទាញ​រឿង​នេះ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ​ឡើយ។

លោក ម៉ែន ណាត និយាយ​ថា​៖ «យើង​មិន​ចង់​ឃើញ​ស្ថាន​ភាព ដោយ​សារ​តែ​ភាព​តាន​តឹង​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ហ្នឹង វា​រាលដា​ល​ដល់​ប្រជា​ពលរដ្ឋ​ទេ។ យើង​ចង់​ឃើញ​ថា ប្ដឹង​គ្នា​ប្ដឹង​ដោយ​សន្តិ​វិធី​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទៅ​ចុះ តែ​ស្ថាន​ភាព​ព្រំដែន ស្ថាន​ភាព​របស់​ប្រជា​ពលរដ្ឋ​មិន​ត្រូវ​ឱ្យ​មាន​ភាព​តាន​តឹង​ដោយ​សារ​រឿង​អស់​ហ្នឹង​ទេ»

កាលពីថ្ងៃទី១៦ ខែមិថុនា ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​នាយក​រដ្ឋ​មន្រ្តី លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន ប្រកាស​​ទុ​ក​​រយៈ​​ពេល​​២៤​​ម៉ោង​ ឱ្យ​​ភាគី​​​ថៃ​​ដើម្បី​​​ធ្វើ​ឱ្យ​​ស្ថាន​​ភាព​​តាម​ច្រក​​ព្រំ​ដែន​​​វិល​ត្រឡប់​ទៅ​ស្ថា​ន​​​ភាព​​ដើម​វិញ បើ​មិន​ដូច្នោះទេ​កម្ពុជា​នឹង​បិទ​ការ​នាំ​ចូល​បន្លែនិង​ផ្លែឈើ​ថៃ​ នៅ​គ្រប់​ច្រក​ព្រំដែន​ទាំង​អស់​។

លោក ហ៊ុន សែន​ បាន​ថ្លែង​ទៅកាន់​​ប្រជា​ពលរដ្ឋ​ថៃ​​ថា កុំ​​បន្ទោស​រដ្ឋាភិបាល​​កម្ពុជា ប៉ុន្តែ​ត្រូវ​​​តែ​​ទៅ​តវ៉ា​​ជា​មួយ​​ទា​ហាន​​ថៃ​​ខ្លួន​​ឯង ព្រោះ​ទាហាន​​​ថៃ​​ជា​អ្នក​​បិទ​​ព្រំដែន​​ដោយ​​ឯក​តោ​​ភាគី មិន​​មែន​​កម្ពុជា​បិទ​​មុន​​នោះ​​ទេ ហើ​យ​​ថា នេះ​​​ជា​​លទ្ធ​ផលនៃ​ការ​បំពាន​ច្បាប់​ដោយ​យោធា​ថៃ។

គិតមកដល់ត្រឹមម៉ោង ១០​ព្រឹក ថ្ងៃ​ទី​១៧ ខែ​មិថុនា​នេះ ជា​កំណត់​ពេល​ឱសាន​វាទ ភាគី​ថៃ​នៅប​ន្ត​បិទ​ច្រក​ព្រំដែន ដោយ​មិន​ព្រម​បើក​តាម​ម៉ោង​កំណត់​ធម្មតា ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​កម្ពុជា​បង្ខំ​ចិត្ត​បិទ​ការ​នាំ​ចូល​បន្លែ​ និង​ផ្លែឈើ​របស់​ថៃ គ្រប់​ច្រក​ព្រំដែន​ជាប់​ប្រទេស​មួយ​នេះ ដោយ​អនុញ្ញាត​តែកា​រ​ឆ្លង​កាត់​ថ្មើរ​ជើងប៉ុណ្ណោះ។

ជាការឆ្លើយ​តប ភាគីថៃ បាន​រឹត​បន្តឹង​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា ដោយ​អាជីវករ​ត្រូវ​មា​​ន​លិខិត​ស្នាម​ត្រឹម​ត្រូវ ខណៈ​បុគ្គលិក​ថៃ​ធ្វើការ​កាស៊ីណូ ឬ​អន​ឡាញ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​កម្ពុជា​តែ​ម្ដង​។

ក្រោយកម្ពុជាបិទការនាំចូលកសិផល នៅតាមច្រក​ព្រំដែន​នានា ហាក់​មានកា​រ​កក​ស្ទះ​កាន់​តែ​ខ្លាំង ដោ​យ​មាន​រថយន្ត​ដឹក​ទំនិញ បន្លែ និង​ផ្លែ​ឈើ ជា​ច្រើន​គ្រឿង ចត​នៅ​ពី​មុខ​ច្រក​ទ្វារ​ព្រំដែន​ថៃ បន្ត​​ក​ន្ទុយ​​គ្នា​ដូច​ខ្សែ​រថ​ភ្លើង ខណៈ​អ្នក​បើក​ឡាន​ដឹក​ទំនិញ​មួយ​ចំនួន​បាន​មក​តវ៉ា និង​ស្នើ​ឱ្យ​ទាហាន​ថៃ មក​​ចរ​​​ចា​ជាមួ​យ​​កម្ពុជា​ ដើម្បី​បើក​ច្រក​ឱ្យ​ពួក​គេ​ឆ្លង​កាត់។

ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ទំនិញ​របស់​ថៃ ចូល​មក​កម្ពុជា នៅ​ពេល​នេះ បាន​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង​ពិត​មែន ប៉ុន្តែវិធីនេះ គឺជាការឆ្លើយ​តប​បែប​អហិង្សា​មួយ ដើម្បី​ដាក់​សម្ពាធ​​ដល់​ភាគី​ថៃ ដែល​ជា​អ្នក​បង្ក​រឿង​មុន។

ទោះ​​​​យ៉ាង​ណា លោក ស៊ឹង សែនករុណា បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោ​ជន៍​​របស់​ពលរដ្ឋ​ទាំង​សង​ខាង រដ្ឋាភិបាល​ទាំង​ពីរ គួរ​តែ​យក​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ​មក​ប្រើ​ប្រាស់។

លោកថា៖ «យើង​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ឬ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​កម្លាំង​ប្រដាប់​អាវុធ ឬ​ក៏​កម្លាំង​ទ័ព​ហ្នឹង មិន​ជា​ខ្លាំង​ក្លាទំ​នើប​អ្វី​នោះ​ទេ ហើយ​ក៏​ជា​ប្រទេស​មួយ​ដែល​តូច​ជាង​ប្រទេស​ថៃ​ដែរ​។ អ៊ីចឹង​ការ​ប្រើ​ប្រាស់​នូវ​មធ្យោបាយ​យន្ត​ការ​អន្តរជាតិ​ទៅ​ខាង​តុលាការ ICJ គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ និងត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ»

វិវាទព្រំដែន​​កម្ពុជា-ថៃ បាន​​ចាប់​​ផ្ដើមកើន​​​កម្ដៅ ​បន្ទាប់​​​ពី​​ទ័ព​​​ថៃ​​​ឆ្មក់​​​ចូ​ល​​មក​​បាញ់​​សម្លាប់​ទាហាន​​​ខ្មែរ​​​ម្នាក់​ នៅ​​​តំបន់​​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ នៅ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​ឧសភា។ ក្រោយមក កម្ពុជា​យកករណីនេះ រួមទាំ​ង​សំណុំ​រឿង​​ព្រំដែ​ន​ ដែល​​ថៃ​​​រំលោភ​​បំពាន​​​ប្រាសាទ​តាមាន់តូច តាមាន់ធំ និង​តាក្របី នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ប្តឹង​ទៅតុលាការ​​យុត្តិធម៌​​អន្តរ​​ជាតិ (ICJ) ។

ប៉ុន្តែភាគី​ថៃ​ ប្រកាសមិនទទួលស្គាល់​អំណាច​យុត្តាធិកា​ររបស់​​តុលាការ​យុត្តិ​ធម៌​​អន្តរ​​ជាតិ (ICJ) ហើយ​ងាក​មក​​​ដាក់​សម្ពាធ​កម្ពុជា​​​តាម​គ្រប់​​មធ្យោ​បាយ មានទាំង​​ការ​​ចល័ត​ទ័ព រ​ថ​​ក្រោះ សព្វា​វុធ​​ទំនើបៗ​មក​កាន់​ព្រំដែន ​​ព្រមាន​កាត់​ផ្តាច់​អគ្គីសនី សេវាអ៊ីន​ធើណែត និងបិទ​ច្រក​ព្រំដែន​​ដោយ​​ឯកតោ​ភាគីជាដើម​។

ទោះជាបែបនេះក្ដី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅ​តំបន់​អាស៊ី-​ប៉ាស៊ី​ហ្វិក លោក សេង វណ្ណ​លី បាន​សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា​ថា ថៃ​នឹង​បាក់​មុខ​លើ​ឆាក​អន្តរ​ជាតិ​ម្តង​ទៀត ដោយ​សារ​ថៃអា​ច​រារាំង​បណ្តឹង​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ដែល​ប្ដឹង​ដោយ​កម្ពុជា ករណី​នៅ​តំបន់​មុំបី ប្រាសាទ​តាមាន់ធំ តាមាន់តូច និង​តាក្របី បាន​លុះ​ត្រា​តែ​ថៃ មិន​ធ្លាប់​បាន​ទទួល​ស្គាល់​យុត្តាធិការ​របស់​ ICJ និង​លិខិតូប​ករណ៍​៣ រួម​មាន អនុ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ សន្ធិ​សញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៧ និង​ផែន​ទី​បារាំង-សៀម ឆ្នាំ​១៩០៨។

លោក សេង វណ្ណលី លើកឡើង​ថា ដោយសារតែថៃ ធ្លាប់​បាន​ទទួល​ស្គាល់​ឯកសារ​ទាំង​បី​ខាង​លើ និង​ធ្លាប់​បាន​ទទួល​ស្គាល់​យុត្តាធិ​ការ ICJ ក្នុង​អំឡុង​តតាំង​ក្តី​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​កម្ពុជា ដែល​សម័យ​នោះ​ កម្ពុជា​ក៏​បាន​ប្រើ​ប្រាស់​ឯក​សារ​​ទាំង​៣ ខាង​លើ​នេះ​ដែរ ដូច្នេះ​លើក​នេះ ទោះ​បី​ថៃ​បាន​បដិសេធមិ​ន​ទទួល​ស្គាល់​យុត្តា​ធិការ ICJ ហើយ​ព្យាយាម​​បញ្ចុះ​បញ្ចូល​ទូត​បរទេស​នៅ​ថៃ និង​សមាជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​ផ្សេង​ទៀត ក៏​ថៃ​មិន​អាច​រារាំង ICJ ឱ្យ​ទម្លាក់​ពាក្យ​បណ្តឹង​របស់​កម្ពុជា​បាន​ដែរ បើ​កម្ពុជា​នៅ​តែប​ន្ត​ប្រើ​ប្រាស់​ឯកសារ​បី​ខាង​លើ​ក្នុង​ពាក្យ​បណ្តឹង​ថ្មី​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ