តុលាការកំពូលបង្គាប់​ឱ្យ​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​បទ​ចោទ​សកម្មជន​ដីធ្លី​២​រូប

តុលាការកំពូល បាន​​បង្គាប់​​​ឱ្យ​​សាលា​ឧទ្ធរណ៍​​ព្រះ​សីហនុ ធ្វើ​ការ​​ជំនុំ​ជម្រះ​ឡើ​ង​វិញ ជុំវិញ​សំណុំ​​​​រឿង​​ប្រឆាំង​​នឹង​​​សកម្ម​ជន​​សិទ្ធិ​​ដីធ្លី​​ចំនួន ២រូប នៅស្រុក​ស្រែ​អំបិល ​​​ខេត្ត​កោះ​កុង​ ដែល​ត្រូវ​​បាន​ចោទ​ពីបទ បរិហាកេរ្តិ៍ និង​ញុះញង់។

កាលពី​ថ្ងៃ​​ទី​​២៨ ខែ​​ឧសភា ឆ្នាំ​២០២៥​​នេះ តុលាការ​កំពូល បាន​បើក​សវន​ការ​ករណី​​សកម្ម​ជនសិទ្ធិ​​​ដីធ្លី​នៅស្រុ​ក​ស្រែ​អំ​បិល ​ខេ​ត្ត​កោះ​កុង អ្នក​ស្រី ផាវ ញ៉ើង និង​អ្នក​ស្រី សេង លីន ដែល​​ត្រូវ​បាន​​​ចោទ​​ប្រកាន់​​ពី​​បទ​ «បរិហារ​​កេរ្តិ៍​ជាសាធារណៈ និង​ញុះ​ញង់​​ឱ្យ​ប្រព្រឹត្ដ​អំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​​ធ្ងន់​ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម»។

អ្នកស្រី ផាវ ញ៉ើង សកម្ម​ជន​ដីធ្លី​​​នៅ​​ស្រុក​ស្រែអំ​បិល​​ ខេត្ត​កោះ​កុង បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​​​​ថ្ងៃ​​ទី​១៧ ខែ​មិ​ថុនា​​​នេះ ដែល​​​​ជា​​​ថ្ងៃ​ប្រកាស​​​សាល​ដីកា តុលាការ​​​កំពូល បាន​​​​​​សម្រេច​​បង្វិល​​​សំណុំ​​រឿង​​​​​របស់​​​អ្នកស្រី និង​​អ្នក​​ស្រី សេង​ លីន ត្រឡប់​​​ទៅ​​ឱ្យ​​សាលាឧ​ទ្ធរណ៍​​ព្រះ​សីហនុ ធ្វើ​ការ​​​ជំនុំជម្រះ​​​ឡើង​​វិញ។

អ្នកស្រី​បន្តថា​ ការ​​សម្រេច​​​នេះ ប្រហែល​ជា​​តុលាការ​កំពូល ​​​​រក​​ឃើញ​​នូវ​ភាព​​មិ​ន​​ប្រក្រតី​ណាមួយ​​​​​របស់​​​សាលា​​ឧទ្ធរណ៍​​ព្រះសីហនុ​ហើយ ​បាន​ជា​បង្វិលឱ្យសាលា​ឧទ្ធរណ៍​​មួយ​​នេះ​ ​ជំនុំជម្រះ​​ឡើង​វិញ។

អ្នកស្រី ផាវ ញ៉ើង បាននិយាយ​​ថា៖ «ស្នើសុំ​​ឱ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ ធ្វើការ​ពិចារណា​ និងវិនិច្ឆ័យ​​កាត់​ក្តី​ឱ្យ​ពួ​ក​ខ្ញុំ ទម្លាក់​​បទចោទ​​​ឱ្យ​ពួក​នាង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​បង សេង លីន ទាំង​ខ្ញុំ ឱ្យ​បាន​រួចផុត​​​ទោស ពីព្រោះ ​ឆាយ វី [ដើម​បណ្តឹង​]​​​គាត់​ពិត​ជា​បាន​លក់ដី​រដ្ឋ ប្រជាពលរដ្ឋ​ដឹងស្ទើរ​តែ​មួយ​ស្រុក​ស្រែ​អំបិល ​ស្ទើរ​តែ​ទាំង​អស់​គ្នា​ហ្នឹង ហេតុអី​អាជ្ញាធរ​​ថា​អត់​ដឹង នេះ​បាន ​គឺ​ជា​ការ​សម​គំនិតមួយ ដែល​​ខ្ញុំយល់ឃើញថា​​ មានភាព​មិន​ប្រក្រតីក្នុង​ការ​កាត់​សេចក្តី​​​ឱ្យ​អ្នក​ណា​ឈ្នះ​អ្នក​ណា​​ចាញ់។ អ្នកបាន​លុយនៅ​តែ​បន្ត​ការ​សមគំនិត​គប់គិត​គ្នា​​និងអ្នក​​​មានអំណាច លក់ដី​រដ្ឋ​បាន​តាម​អំពើ​ចិត្ត​​ ចំពោះ​អ្នក​​ការ​ពារ​ដី​រដ្ឋ បែរ​ទៅ​ជា​មានទោស​ទៅវិញ»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នក​នាំ​ពាក្យ​តុលាការ​កំពូល លោកស្រី ម៉ៅ ធីតា បាន​ទេ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។

បើតាម​​ក្រុម​អង្គ​ការ​​សិទ្ធិមនុស្ស សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​ផ្តន្ទា​ទោស​ស្រ្តី​ទាំង​ពីរ​រូប​នេះ ពី​បទ​ញុះ​ញង់ និង​បទ​បរិហារ​កេរ្តិ៍ កាល​ពី​ខែសី​ហា ឆ្នាំ​២០២៣ ដោយ​​​​ដាក់​ឱ្យ​​ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ក្រោយ​មក នៅ​ក្នុងខែធ្នូ ឆ្នាំ២០២៣ សាលាឧទ្ធរណ៍​ព្រះសីហនុ បានសម្រេច​ឱ្យរួចផុត​ពីបទចោទ ញុះញង់ ប៉ុន្តែសាលាឧទ្ធរណ៍ នៅតែសម្រេចតម្កល់ផ្តន្ទាទោស​​​ពីបទ​ចោទ បរិហារកេរ្ត៍ និងបានកាត់បន្ថយសំណងជំងឺចិត្ត។

សកម្មជនទាំងពីររូបនេះ ត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ សម្រេចពិន័យជាប្រាក់ក្នុងម្នាក់ ៤ លាន​​រៀល (ប្រហែល ១.០០០ ដុល្លារ) និងបង្គាប់ឱ្យសងជំងឺចិត្តអ្នកស្រី ឆាយ វី ដែលជា​ដើម​បណ្តឹង ​ចំនួន ១០ លានរៀល (ប្រហែល ២.៥០០ ដុល្លារ) ។

ការចោទប្រកាន់នេះ ​ត្រូវបានធ្វើឡើង​​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ បាន​ចូល​រួម​ការ​ប្រមូល​ផ្ដុំ និង​ផ្ដល់​បទ​​​សម្ភាសន៍​​ជាមួយ​អ្នក​សារព័​ត៌​មាន នៅ​មុខ​ក្រសួង​រៀប​ចំដែ​ន​ដី នគរូបនីយ​កម្ម និង​សំណង់ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ ជុំវិញ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ។

មន្ត្រីជាន់ខ្ពស់​ផ្នែកឃ្លាមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក យី សុខសាន្ត ដែលតាម​ដាន​សវនាការ​លើសំណុំរឿងនេះ មានប្រសាសន៍ថា ក្នុ​ងសវនាការ សកម្មជនដីធ្លីទាំងពីរ​រូបនេះ បានអះអាង​ពី​ករណីអតីត​តំណាង​សហគមន៍ និង​អាជ្ញាធរមូលដ្ឋាន​​​ បាន​គប់គិត​គ្នា​យក​ដី​រដ្ឋ​​ដែល​សល់​ពីការ​​ចែក​ឱ្យ​ពលរដ្ឋ​​ដែល​រង​គ្រោះ​ក្នុងជម្លោះដីធ្លីនោះ ទៅ​ចែកគ្នា។

លោក​​​យល់​ថា នៅពេល​ដែល​អ្នកទាំងពីរនិយាយ​ពីភាពមិនប្រក្រតីនៃការ​បែង​ចែក​ដីរដ្ឋ​នេះ ក្រសួង​​និង​ស្ថាប័នពាក់ព័ន្ធ គួរ​ចុះទៅ​ពិនិត្យ​ និង​ស្រាវ​ជ្រាវរក​ការពិត​ ជាជាង​ប្តឹង​​ពួក​គាត់​ទៅ​តុលាការ​។

លោកថ្លែងថា៖ «បើសិន​ជា កា​រប្តឹង​ផ្តល់ថាជា​រឿង​បរិហារកេរ្តិ៍ ឬមួយ​​​ជា​ការ​ញុះ​ញង់ អាជ្ញា​ធរ​គួរតែ​​​ទៅ​សិក្សា​ទៅ​ស្រាវ​​​​​​​ជ្រាវ​​​មើល​​ថា​​តើ​វា​​មាន​រឿង​​ចឹង​មែន​អត់ ហើយអ្វី​ដែល​ពួកគាត់​​និយាយ​ហ្នឹង​​ មិន​មែនជា​ប្រយោជន៍​សម្រាប់​ពួក​គាត់​ទេ វាជា​ដីសាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​តែ​រក្សា​ទុក​​ជូន​ប្រជា​ពលរដ្ឋ ឬមួយ​ក៏​រក្សា​ទុក​ជា​ដី​របស់​រដ្ឋ​ វា​ល្អ​ជា​ជាង​​ដែលប្តឹង​ពួកគាត់។ ហើយ​​​កា​រកត់សម្គាល់មួយទៀត ​ការដែល​បង្វិល​សំណុំ​រឿង​​ទៅ​សាលាឧទ្ធរណ៍​​ ឱ្យ​​កាត់​​ក្តី​ឡើង​វិញ​នេះ វា​ជា​ការ​ល្អដែរ វា​គួរ​តែ​ទម្លាក់​ចោលកា​រចោទប្រ​កាន់ វាល្អ​ជាងការ​បង្វិល​ឱ្យ​​​កាត់​ក្តីឡើង​វិញ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ