លោក ហ៊ុន សែន បដិសេធ​ជួយ​សង្គ្រោះ​អំណាច​នាយករដ្ឋ​មន្ត្រី​ថៃ​គ្រួសារ​ថាក់​ស៊ីន

អតីតនាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​បដិសេធ​​​ជួយ​សង្គ្រោះ​អំណាច​គ្រួសារ​ថាក់​ស៊ីន ក្នុង​តំ​ណែ​ង​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​កំពុង​រង​ការ​គំរាម​ពី​ផ្ទៃ​ក្នុង ជុំវិញ​កម្តៅ​ព្រំដែន ដែល​បាន​ផ្តើម​ចេញ​ពី​ភា​គី​​យោ​​ធា​​ថៃ​ក្នុង​ចំណុច​មុំ៣​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ។

នេះបើតាមសារសំឡេងសន្ទនារយៈពេល​ជាង​១៧​នាទី រវាង​អតីត​នាយករដ្ឋ​មន្ត្រីក​ម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋ​មន្ត្រី​ថៃ អ្នក​ស្រី ផែថង​ថាន​ ឈិន​ណា​វ៉ាត្រ។

បើតាមសារសំឡេងនោះ អ្នកស្រី ផែថងថាន បាន​ទទូច​ឱ្យ​ លោក ហ៊ុន សែន ជា​ឪពុក​ធម៌ ឱ្យ​ជួយ​ការ​​ពារ​អំណាច​ខ្លួន ដើម្បី​ប្រឆាំង​នឹង​ពួក​យោធា​ថៃ ដែល​ថា មាន​ចេតនា​ញុះ​ញង់​រឿង​ជម្លោះ​ព្រំ​ដែន។

អ្នកស្រី ផែថង​ថាន និយាយ​ថា មេទ័ព​ភូមិ​ភាគ​ទី២ ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ្នក​ស្រី ហើយ​ថា មានចេត​នា​ញុះ​ញង់​បង្ក​ឱ្យមា​ន​ជម្លោះ​ព្រំ​ដែន​ជាមួយ​កម្ពុជា ដើម្បី​ចង់​បង្ហាញ​ឥទ្ធិពល​ថា ពួក​យោធា​ស្រឡាញ់ទឹ​ក​ដី។

អ្នកស្រី​បន្ត​ថា ករណី​នេះ សូម​ឱ្យ​ពុក​ធម៌ ហ៊ុន សែន ជួយ​ក្មួយ​ស្រី​ផង ពួក​យោធា​ថៃ​និង​គណបក្ស​ប្រឆាំងថៃ​មួយ​ចំនួន កំពុង​រក​វិធី​សាស្រ្ត​បណ្តេញ​ក្មួយ​ចេញ​ពី​ប្រទេស ហើយ​ចោទ​ក្មួយ​ថា​ជានា​យក​រដ្ឋ​មន្រ្តី​ខ្មែរ។

អ្នកស្រី​ថា៖ «សូមឱ្យ​សម្តេច ហ៊ុន សែន យល់​ដល់​ចិត្ត​ក្មួយ​ស្រី​ផង ឥឡូវ​នេះ​ប្រជាជន​ពលរដ្ឋ​ថៃ គេ​មិន​ពេញ​ចិត្ត ចង់​បណ្តេញ​ក្មួយ​ចេញ​ពី​ប្រទេស ដោយ​ពួក​គេ​ថា​ជា​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ជួយ​ក្មួយ​ផង បើ​សម្តេច​ចង់​អ្វី​អាច​ប្រាប់​ក្មួយ​បាន ក្មួយ​នឹង​ជួយ»។

យ៉ាង​ណា​ក្តី លោក ហ៊ុន សែន បាន​បដិសេធ​ការ​ទទូច​រក​ការ​ជួយ​សង្គ្រោះ​អំណាច​នេះ ដោយ​អះ​អាង​ថា ​កម្ពុជា នឹង​មិន​​បោះ​ដៃ​ទៅ​ចរចា​ជាមួយ​ក្រុម​យោធា​ថៃ ឬ​សម្រប​សម្រួល​អ្វី​ទេ ដោយ​សំអាង​ថា​​ប​ញ្ហា​ព្រំ​ដែន​​បា​​ន​​កើត​ឡើង ភាគី​ថៃ​ជា​អ្នក​បង្ក​ហេតុ​មុន ដូច្នេះ​ភាគី​ថៃ​គួរ​ដោះ​ស្រាយ​គ្នា​ឯង កម្ពុជា​នឹង​មិន​ពាក់​ព័ន្ធទេ។

លោកថា៖ «អត់​ទេ ខាង​នេះ​អត់​ចរចា​ទេ ដោយ​ខាង​នោះ​អ្នក​ផ្ដើម គឺ​អ្នក​បង្កើត​បញ្ហា ហើយ​មក​ចង់​លើក​មុខ​មាត់​ខ្លួន​ឯង ហើយ​ដើម្បី​ធ្លាក់​មក​ខាង​នេះ អត់​បាន​ទេ អត់​ចរចា​ទេ​រឿង​ហ្នឹង គឺ​ខាង​នោះត្រូ​វ​ធ្វើ​មុន​តែម្តង គឺ​​ខាង​នេះ​អត់​ចរ​ចាទេ​ ប៉ុន្តែ​ខាង​នេះ​សន្យា​ថា បើ​ខាង​នោះ​អនុវត្ត​ដក​បទ​បញ្ជា​ឱ្យ​បើក​ច្រក ខាង​នេះ​ក៏បើក​ដែរ»។

ក្រោយ​បែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទនេះ​ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះ ដោយ​ទទួល​ស្គាល់​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ លោក​ពិត​ជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ថៃ រយៈ​ពេល​១៧៖០៦​នាទី ដោយ​មាន​លោក ឃ្លាំង ហួត ជា​អ្នក​ប​ក​ប្រែ។

លោកបញ្ជាក់​ថា ជាទ​ម្លាប់ ដើម្បី​កិ​ច្ចការ​ទាំង​ឡាយ​មិន​បាន​គេ​បំភាន់ ឬ​បន្លំ ចាំបាច់​ត្រូវ​ការ​ថត​សំឡេង​ និង​ដើម្បី​តម្លា​ភាព​ជាមួយ​​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ផង​ដែរ។

ប្រភពអះអាងថា៖ «សំឡេង​សន្ទនា​រវាង​ខ្ញុំ និង​នាយក​រដ្ឋ​មន្រ្តី​ថៃ ខ្ញុំ​បាន​ផ្ញើទៅ​គណៈ​អចិន្រ្តៃយ៍​គណបក្ស ក្រុម​ការ​ងារ​ព្រឹទ្ធ​សភា ក្រុម​ការ​ងារ​សភា ជាដើម គឺ​ប្រហាក់​ប្រហែល​សរុ​ប៨០​នា​ក់​ប៉ុណ្ណោះ»។

សម្រាប់លោក ហ៊ុន សែន យល់​ថា សារ​បែក​ធ្លាយ​នេះ ប្រហែ​ល​អាច​មាន​នរណា​ម្នាក់ មិន​ពេញ​ចិត្ត​នឹង​នាយក​រដ្ឋ​មន្រ្តី​ថៃ ព្រោះ​ក្រោយ​និយាយ​គ្នា​ជាមួយ​លោក​បាន​ប៉ុន្មាន​ម៉ោង បែរ​ជា​មេដឹកនាំ​ថៃ​ចេញ​មក ចោទ​មេដឹក​នាំ​កម្ពុជា​ថា ធ្វើ​​នយោបាយ​អត់​វិជ្ជា​ជីវៈ ធ្វើ​នយោបាយ​តាម Facebook ដែល​នេះ​បង្ហាញ​ពី​ទង្វើ និយាយ​ផ្សេង ធ្វើ​ផ្សឹង។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះថា លោក​គាំទ្រ​ចំពោះ​ជំហរ​លោក ហ៊ុន សែន ដែល​គិត​គូរ​ពី​បញ្ហា​សង្គម​ជាតិ ជាពិសេស​បញ្ហា​ព្រំដែន​នេះ​។

លើសពីនេះ លោកថា កម្ពុជា​ត្រូវ​រក្សា​ជំហរ​រឹងម៉ាំ​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី ទាំង​ជាមួយ​ថៃ និងជាមួយ​វៀត​ណាម កុំ​ឱ្យ​សត្រូវ​បន្ត​គឃ្លើន​រំលោភ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ។

លោកស​ង្កត់​ធ្ងន់​ថា រឿង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ថៃ ព្រោះ​អាច​ជាយុទ្ធ​សាស្រ្ត​របស់​ថៃ ធ្វើ​ឈ្លោះ​គ្នា​ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា។

លោកថា៖ «វៀតណាម​ក៏​ឈ្លាន​ពាន​ទឹក​ដី​ខ្មែ​រយើង​ច្រើន​ជាង​ថៃ​ដែរ ដូច្នេះ​បើ​ហ៊ាន​ការ​ពារ​ទឹក​ដី​ជាមួយ​ថៃអ៊ីចឹង​មាន​គំនិត​ជា​តិ​និយម​ការ​ពារ​ទឹក​ដី​ជាមួយ​ថៃ ក៏​គួរ​តែ​ក្លាហាន​ជាមួយ​វៀត​ណាម​ការ​ពារ​ទឹក​ដី​ជាមួយវៀត​ណាម​ដែរ​ អាហ្នឹង​​កុំ​ឲ្យ​ទឹក​ដី​យើង​ការ​ពារ​តែម្ខាង​ ម្ខាង​ទៀត​អត់​ការ​ពារ​វា​ធ្វើ​ឲ្យ​បាត់​បង់​ទៅ ខាង​វៀតណាម​កាន់​តែច្រើន ព្រោះ​វៀត​ណាម​ឈ្លាន​ពាន​ទឹក​ដី​យើង​ច្រើន»។

ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា សារ​លួង​លោម​របស់​អ្នក​ស្រី ផែថង​ថាន ទៅ​លោក ហ៊ុន សែន ជា​អា​ច​ល្បិច​ចង់​បាន​ទឹក​ដី​កម្ពុជា និង​ចង់​រក្សា​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ។

លោកបន្តថា រឿងផ្ទៃក្នុងថៃ រវាង​ពួកយោធា​និង​នាយក​រដ្ឋ​មន្រ្តី​ អ្នក​ស្រី ផែថង​ថាន កម្ពុជា​មិន​គួរ​លូក​ដៃនោះ​ទេ គឺ​កម្ពុជា​ប្រកាន់​ជំហរ​តែមួយ​គត់​ គឺ​ការ​ពារ​ទឹក​ដី​ និង​ប្តឹង​ថៃ​ទៅ​អន្តរ​ជាតិ​ ជុំវិ​ញ​ជម្លោះ​ព្រំដែន​នេះ។

លោក​ថា៖ «រឿងបញ្ហាជម្លោះផ្ទៃក្នុងថៃ កម្ពុជា​កុំលូ​ក​លាន់​ឱ្យ​សោះ កាល​ណា​កម្ពុជា​លូក​លាន់​ឲ្យ​ពួក​រដ្ឋា​ភិបាល​ផ្ទៃ​ក្នុង​គេ​ត្រូវ​រ៉ូ​វ​គ្នា​ គេ​ប្រើ​ពេល​វេលា​ហ្នឹង មក​ឈ្លាន​ពាន​ទឹក​ដី​យើង​បាន​សម្រេច​ អ៊ីចឹង​យើង​អត់​ចង់​ឲ្យ​កម្ពុជា​ទៅ​លូក​លាន់​​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ថៃ​ទេ ជជែក​និយាយ​គេ គេ​សុំ​អី​ក៏សុំ​​ទៅ​គេ គេ​ចង់​បាន​អី​បាន​ទៅ យើង​គ្រាន់​តែ​សុំឱ្យ​ លោក ហ៊ុន សែន ឬ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក្សា​ជំហរ​ហ្នឹង​ន៎​​ ក្នុងក្រប​​ខ័​ណ្ឌ​​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​និង​ស្មារ​តីប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ជាតិ»។

កម្តៅព្រំដែន​កម្ពុជា-ថៃ បាន​កក្រើក​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ខណៈ​ទាហាន​ខ្មែរ​ម្នាក់ ដែ​​ល​ឈរ​​ជើង​នៅ​ព្រំដែន​ជួរ​មុខ ក្នុង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ លោក​ព្រិន្ធ​បាល​ឯក សួន រ៉ោន បាន​ស្លាប់ ដោយ​​សារ​ទាហាន​ភូមិ​ភា​​គ​២ថៃ បើក​ការ​បាញ់​ប្រ​ហា​​​រ​ទៅ​​​លើ​​​​លេណ​ដ្ឋាន​ឈ​រ​ជើង​របស់​ក​ម្ពុជា។

បញ្ហានេះ​ ជំរុញឱ្យកម្ពុជា​សម្រេចប្តឹងថៃទៅ​តុលាកា​​រអ​ន្តរ​ជាតិ(ICJ)​ក្នុង​សំណុំ​រឿង​ព្រំដែន ពាក់​ព័ន្ធ​ទៅ​​នឹង​ប្រា​សាទ​​តាមាន់ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្រ​បី និង​​តំ​បន់​មុំ៣។

មកដល់ពេលនេះ ភាគីកម្ពុជា និងថៃ​មិន​ទាន់​ស្រុះ​ស្រួល​គ្នា​​​ពី​ការ​ធ្វើ​ឱ្យ​ការ​ដឹក​​​ទំនិញ​ឆ្ល​ង​កាត់​ព្រំដែន មា​ន​ភា​ព​​ប្រ​ក្រតី​ឡើង​វិញ​នៅ​ឡើយ​ទេ ចំណែក​ភាគី​កម្ពុជា​បាន​សម្រេច​ចាត់​វិធាន​បិទ​ការ​នាំ​ចូល​បន្លែ និ​​ង​ផ្លែ​ឈើ​ពី​ថៃ។

រីឯ​កម្លាំងប្រដាប់អាវុធទាំងពីរភាគី កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ព្រំដែន​ជួរ​មុខ រួម​ទាំង​ចល័ត​ទ័ព ​និង​រថ​ក្រោះ​ជាតិ​​​ជាដើម ដែល​ការណ៍​ជា​ក្តី​បារម្ភ​ពី​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា ធ្វើ​ឱ្យ​មេដឹកនាំ​ធ្វើ​យុទ្ធការ​ជាតិ​និយម​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ដែល​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ។

លើសពីនេះ លោក ហ៊ុន សែន ធ្លាប់គូស​បញ្ជាក់​ថា ការ​​ដោះ​​ស្រាយ​​តាម​ផ្លូវ​​តុលាការ​​មិន​​មែន​​ជា​​ការ​​បង្ក​ហេតុ​បង្កសង្រ្គាម​​នោះ​ឡើយ តែ​ជា​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​តាម​ផ្លូវ​ច្បាប់​ បញ្ជៀស​ការ​បង្ហូ​រ​ឈាម​នាពេ​ល​​អនាគត​ ហើយ​ថា ការគេច​វេស​ណា​មួយ​មិន​​ហ៊ាន​​ចូល​​តាម​ផ្លូវ​​តុលាការ វា​​មាន​ន័យ​​ស្មើ​​ជា​មួ​យ​​ការប្រព្រឹត្ត​​បទ​​ល្មើស និង​​ការ​​មិន​គោរ​​ព​​ច្បាប់ ក្នុង​​សណ្តាប់​​ធ្នាប់​​ពិភព​​លោក​​មួយ​​ដែល​​គោរព​​ច្បាប់ ខណៈ​ថៃ​ប្រកាស​មិន​ទទួលស្គាល់​អំណាច​យុត្តាធិការ​តុលាការ​អន្តរ​ជាតិ(ICJ)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ