លោក អ៊ុក ម៉ៅ ជាជនជាតិដើម​ភាគ​តិច​ប្តឹង​ទាម​ទារ​យុត្តិធម៌​ជុំវិ​ញវិ​ធាន​ចាប់​ខ្លួន

ការចាប់ខ្លួន លោក អ៊ុក ម៉ៅ ដែល​ជា​អ្នក​កាសែត​រាយ​ការណ៍​ដ៏​សកម្ម​ពី​បរិស្ថាន និង​ជា​អ្នក​នយោ​បា​យ​​កូតា​ម​ក​ពី​​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផង​នោះ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង បាន​ក្លាយ​ជា​គោ​ល​​​​​​​ដៅ​​មួយ​ប​ន្ថែ​​​មទៀត​ដែល​​​គេ​សង្ស័យ​ថា បាន​រួម​ចំណែក​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ធ្វើ​ឱ្យ​ធន​​ធាន​ធម្មជាតិ ​នៅ​​តំបន់​ភូមិ​ភាគ​ឦសាន​នេះ ត្រូវ​ហិន​ហោច និង​ស្ទើ​រ​ក្លាយ​ទៅ​ជា​តំបន់​វាល​រហោ​ស្ថាន។

អង្គការ-សមាគម​ជាង​១០​ស្ថានប័ន កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា រួម​ទាំង​អង្គ​ការ​អ្នក​សារព័ត៌​មា​​នគ្មាន​​ព្រំ​ដែន ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក អ៊ុក ម៉ៅ ថា​ជា​កា​​រ​ព្យា​យា​ម​បំបិ​ទ​​សំឡេង​​ជំ​ទាស់ ទាក់​ទង​ការ​រាយ​ការណ៍​រឿង​បរិស្ថាន។ មិន​តែ​ប៉ុណ្ណោះ អង្គភាព​ទាំង​នោះ ហៅ​​ការ​​ចា​ប់ខ្លួន​នេះ​ថា គឺ​​ជា​រូប​ភាព​នៃ​ការ​គំរាម​កំហែង​ពី​ក្រុម​ឈ្មួញ និង​មន្រ្តី​ខិល​ខូច​ដែល​ទទួល​​បា​នលា​ភ​​ស​​ក្កា​រៈ ពី​បទ​ល្មើ​ស​​ព្រៃ​ឈើ​នេះ។

ថ្លែងប្រាប់​សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃនេះ លោក អ៊ុក ម៉ៅ និយាយ​ថា រូប​លោក​បាន​​ដា​ក់​​បណ្តឹ​ង​ប្រឆាំង​ការ​ចាប់​ខ្លួន​នេះ​រួច​ហើយ ទៅ​រដ្ឋបាល​ខេត្ត​ស្ទឹង​ត្រែង។ លោក​បន្ត​ថា ការ​ប្រើ​ប្រាស់​ផ្លូ​​វច្បា​ប់​ ក្រោ​យ​ពី​​លោក​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បណ្តោះ​អាសន្ន​កន្លង​ទៅ​នេះ​ គឺ​​ដើម្បី​ស្វែង​រក​​យុត្តិ​​​ធ​​​ម៌​​ និង​ភាព​ស្អាត​ស្អំស​ម្រាប់​ខ្លួន​ឯង​ឡើង​វិញ។

លោកថា៖ «ខ្ញុំ​ចង់​បាន​ភាព​យុត្តិធម៌​ដែល​អ្នក​ទាំង​៣​នាក់ មក​ចាប់​ខ្ញុំ​ទាំង​គ្មាន​ដីកា​​ចាប់​ខ្លួន ​ខ្ញុំ​ចង់​បានយុត្តិ​ធម៌»។

បើតាម​លោក អ៊ុក ម៉ៅ អ្នកដែលចុះចាប់ខ្លួន​លោក កាល​ពី​ថ្ងៃទី​១​៦ ខែ​ឧសភា ឆ្នាំ​២០២៥​ ​គឺ​ជាម​ន្រ្តី​​កង​​រា​ជ​អា​វុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង ក្នុង​នោះ​មាន​ឈ្មោះ ពយ និង​ឈ្មោះ ភា។ ចំណែក​ម្នាក់​ទៀត ក្នុង​ចំ​ណោម​​ពួក​គេ គឺ​លោក​មិន​ស្គាល់​អត្ត​សញ្ញាណ​ទេ។

បន្ថែ​មពីលើនេះ តាមរយៈបណ្តឹងដែលលោក អ៊ុក ម៉ៅ ដាក់ទៅរដ្ឋបាល​ខេត្តស្ទឹងត្រែង កាល​ពី​​​ថ្ងៃ​​​​​ទី​១​៣​ ខែ​មិ​ថុនា ហើយ​សំឡេង​ប្រជា​ធិប​តេយ្យ វីអូឌី ទើប​ទទួល​បាន​នៅថ្ងៃ​នេះ​ បង្ហាញ​ថា មូល​​ហេ​តុ​ដែ​ល​​បង្ខំ​​​ឱ្យ​​លោក​​ប្តឹង​បក​ឡើង​វិញ​នេះ ព្រោះ​តែ​ការ​ចាប់​ខ្លួន​លោក​ធ្វើ​ឡើង​ក្រោម​រូប​ភាព​បង្ខិត​បង្ខំ គំរាម​កំ​ហែ​ង បំ​​ភិត​បំភ័យ និង​​មិន​​អនុវ​ត្ត​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ជាដើម។

ជុំវិញរឿងនេះ វីអូឌី មិនទាន់អាចស្វែងរកការបំភ្លឺបាន​នៅ​ឡើយ​ទេ ពី​លោក ម៉ែន គុង អ្នក​នាំ​ពាក្យ​រដ្ឋ​​បាល​​ខេត្ត​ស្ទឹង​ត្រែង នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

បើទោះជាបែបណា ក្រោយមានប្រតិកម្មជាបន្ត​បន្ទាប់ ប្រឆាំង​ការ​ចាប់​ខ្លួន​ លោក អ៊ុក ម៉ៅ ដែល​ធ្វើ​​ឡើ​ង​​​ទាំង​​កណ្តាល​ថ្ងៃត្រ​ង់ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​អន្លង់​ភេ ស្រុក​ថាឡាប​រិវ៉ាត់ ក្រសួង​ព័ត៌​មាន បាន​ចេ​ញ​​សេ​ចក្តី​ប្រ​កា​​ស​ព័ត៌​មាន ដោយ​ច្រាន​ចោល និង​ចាត់​ទុក​ថា តាម​ពិត​លោក អ៊ុក ម៉ៅ មិន​មែន​ជា​អ្នក​កាសែត​​ទេ។

ក្នុង​ពេលជាមួយគ្នា ក្រសួង​ព័ត៌មាន បាន​អំពាវនាវកុំឱ្យ​ប្រើ​ប្រាស់​រូប​ភាព លោក អ៊ុក ម៉ៅ ក្នុង​​ហេតុ​ផល​​ន​យោបាយ ឬ​កេង​ចំណេញ​ក្នុង​រូប​ភាព​ណា​មួយ។

លោក អ៊ុក ម៉ៅ ដែលធ្លាប់រងបណ្តឹងតាមផ្លូវ​តុលាការ មិន​តិច​ជាង​១០​បណ្តឹង​ក្នុង​ពេល​កន្លង​ទៅ ​បា​ន​​រួម​​ចំណែ​ក​ក្នុង​ការ​រាយ​ការណ៍​អំ​ពី​ការ​កាប់​ឈើ ដែល​លោក​ចោទ​ប្រកាន់​ថា អ្នក​ដែល​មា​​នភា​ព​​ស​ក​ម្ម​​ក្នុ​ង​​​ប​ទ​ល្មើស​ព្រៃ​ឈើ​​នេះ គឺ​ក្រុម​មន្រ្តី​ការ​ពារ​បរិស្ថាន និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ទទួ​ល​បា​ន​​​ផ​ល​​ប្រ​យោ​ជន៍​ពី​ការ​កាប់​​បំផ្លាញ​ព្រៃ​ឈើ​នេះ។

លោក អ៊ុក ម៉ៅ ក្រៅពីដើរ​តួនាទី​ជួយ​​ការពារ​បរិស្ថា​ន​​​ហើយ លោ​​​កក៏​ជា​អ្នក​នយោបាយ​ដ៏​លេច​ធ្លោ​ម្នាក់​ដែរ ​កូតា​មក​ពី​គណបក្ស​ដើម្បី​កម្ពុជា​ដែរ។

ជុំវិញរឿងនេះ លោក ឯម សុខសុវណ្ណ ដែលជាប្រធាន​គណបក្ស​ដើម្បី​កម្ពុជា ថ្លែង​នៅ​ថ្ងៃ​នេះ​ថា កា​​​រ​ដែល​គណ​​បក្ស​​​ជួយ​ជ្រោម​ជ្រែង​ផ្លូវ​ច្បាប់ និង​ឈាន​ដល់​ការ​ដាក់​បណ្តឹង​ឡើង​នេះ គឺ​ក្នុង​ទិស​ដៅ​មិន​​ចង់​​​​ឱ្យ​មា​ន​ការ​​រំលោភ​អំណាច​ធ្ងន់​ធ្ងរ​បែប​នេះ នៅ​ថ្នាក់​មូល​ដ្ឋាន​ពី​មន្រ្តី​ខិល​ខូច។

ជាងនេះទៀត យន្តការ​នេះ​ក៏ជាកា​រព្រ​មា​នដែរ ទៅ​ដល់​មន្រ្តី​មិន​ស្អាត​ស្អំ​ទាំង​នោះ ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ថា​​យុត្តិ​​ធម៌​​មិ​ន​​មែនមា​ន​​​តែ​​​​​ស​ម្រា​​ប់​ពួក​ម​ន្រ្តីខិ​ល​​ខូចទាំងនោះទេ ហើយ​គណបក្ស​ដើម្បី​កម្ពុជា ក៏​មិន​ស​ម្ងំ​​ពួន​ដើ​ម្បី​​យក​​សុ​ខ​​​​នោះ​​​ដែរ។

លោកថា៖ «ក្នុងនាមជាប្រធានគណបក្ស ខ្ញុំ​មិន​អាចឈ​រ​មើល​គេរំ​លោភ​បំពាន​កូន​ចៅ​បាន​ទេ។ យើង​ប្រើឱ្យ​យុទ្ធ​វិធី យុទ្ធ​សាស្ត្រ​អី​ក៏ដោ​យ ដើម្បី​ស្វែង​រក​យុត្តិធម៌​ ពីព្រោះ​គណបក្ស​នយោបាយ​នៅ​ក្រោម​ច្បាប់​ស្តី​ពីគណបក្ស​នយោបាយ ស្ថិត​នៅ​ក្រោម​រដ្ឋ​ធម្ម​នុញ្ញ ដូច្នេះ​អ្នក​ណា​ក៏​ដោយ​ឱ្យ​ក្បត់​​ច្បាប់ ក្បត់​រដ្ឋ​ធម្ម​នុញ្ញ គឺជា​សត្រូវ​របស់​គណបក្ស​ដើម្បី​កម្ពុជា»។

លោក ម៉េង ហ៊ត់ ចៅក្រមស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្ទឹង​ត្រែង បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​​លែង ​លោ​ក អ៊ុក ម៉ៅ នៅ​​ក្រៅ​​​​ឃុំបណ្តោះ​អាសន្ន កាល​ពី​ថ្ងៃទី​២​៥ ខែ​ឧសភា។ ការ​ផ្តល់​សេរីភាព ស្ថិត​ក្រោម​កា​រ​រិះ​​គន់​ដ៏​ចម្រូង​ចម្រាស់​នេះ គឺ​​​ធ្វើ​ឡើង​បន្ទាប់​ពីតុលាការ​ចេញ​ដីកា​ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​​បាន​ជិត​ ​១​​០​​ថ្ងៃ។

ក្រោ​យការចាប់ខ្លួន នៅ​ក្នុងលំនៅឋានដែលធ្វើឡើង​យ៉ាង​តក់​ក្រហល់ ដោយ​មនុស្ស​៣នាក់ ស្លៀ​ក​​ពាក់​ឯ​ក​ស​ណ្ឋាន​ជាជ​នស៊ី​វិល ហើយ​ក្រោយ​​មកទើ​ប​គេ​ដឹង​ថា​គឺ​ជា​ម​ន្រ្តី​កង​រាជអា​វុធ​ហ​ត្ថ​ខេត្ត​ស្ទឹ​ង​​​​ត្រែ​​ង​​នេះ បណ្តឹង​​ច្រើ​​នលើសលប់​ពី​មន្រ្តី​ការ​ពារ​បរិស្ថាន និង​មន្រ្តី​ក្នុង​ខេត្ត​នេះ​តែម្តង។ លោក អ៊ុក ម៉ៅ រង​​ការ​ចោ​ទ​ប្រ​កាន់​​ពី​​ប​ទ «ញុះញង់ និងបទបរិហារកេរ្តិ៍ » ចន្លោះ​ពី​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥។

ជុំវិញរឿងនេះ លោក ស៊ុន ឡង់ឌី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិ​មនុស្ស​អាដ​ហុក​(Adhoc) ប្រ​ចាំ​​ខេ​ត្ត​​ស្ទឹង​​ត្រែ​ង និយាយ​ថា ដើម្បី​ផ្តល់​នូវ​យុត្តិ​ធម៌ និង​ចៀស​វាង​ការ​រិះ​គន់ តុលាការ​គួរ​បើក​​កា​រ​​ស៊ើ​​ប​អង្កេត​ស្វែ​ង​រក​ការ​ពិត។ មួយ​វិញ​ទៀត លោកថា ការ​ប្រើ​ប្រាស់​តួនាទី​ដែល​មាន​នៅ​ក្នុង​ច្បាប់ ក៏​បង្ហាញ​ឱ្យ​​ឃើ​ញ​ថា តុលាការ​ជា​ស្ថាប័ន​ដែល​ផ្តល់​នូវ​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា មិន​មែន​បម្រើឱ្យ​ក្រុម​ណា​មួយ។

លោកថា៖ «តុលាការខេត្តស្ទឹងត្រែង គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ប្រកប​ទៅ​ដោយ​តម្លា​ភាព​ ដើម្បី​ស្វែង​រ​ក​ថា​តើ​ពាក្យ​បណ្តឹង​របស់​លោក អ៊ុក ម៉ៅ ដែល​ប្តឹង​ទៅ​លើ​បុគ្គល​៣នាក់​ទៀត​ហ្នឹង បុគ្គល​៣នាក់​ហ្នឹង បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ទេ»។

បើតាមលោក ស៊ុន ឡង់ឌី ការផ្អឹប​សំណុំ​រឿង​នេះ​ទុក ដោយ​ឥត​ចាត់​ការ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​​​ពីកា​​រ​អនុ​វត្ត​នីតិ​​វិធី​មាន​​​ស្តង់ដារពីរ ហើយ​ក៏​ជាការ​ឆ្លុះបញ្ចាំង​ពី​គម្លាត​នៃ​ប្រព័ន្ធ​យុ​ត្តិធម៌​សង្គ​ម​​ដែ​រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ