វិបត្តិបំណុល​ពលករ​ខ្មែរ និង​ទាហាន​ជួរ​មុខ​ជា​ក្តី​បារម្ភ​ពី​ចលាចល​សង្គម

បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​វិបត្តិ​បំណុល​ពលករ​ខ្មែរ​ ដែល​ត្រលប់​ពី​ប្រទេស​ថៃ ​រួម​ទាំង​ក្រុម​ទាហាន​ជួរ​មុខ​ តាម​រយៈ​ការ​​ផ្អាក​សង​ត្រលប់​ទៅ​ធនាគារ និង​បន្ថយ​ការ​ប្រាក់​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ពួក​គេ ទប់​ស្កាត់​ចលាចល​​សង្គម ក្នុង​ស្ថាន​ភាព​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។

ការជំរុញនេះ ចំពេលកម្តៅព្រំដែន​កម្ពុជា-ថៃ នៅ​តំបន់​មុំ៣ និង​ប្រាសាទ​បុរាណ​ខ្មែរ បាន​រាល​ដាល​ដល់កា​រ​បិទ​ព្រំដែន​​ជា​ឯក​តោ​ភាគី​ពី​ប្រទេស​ថៃ ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃវិ​ល​ត្រលប់​មក​កម្ពុជា​វិញ​បន្ទាន់។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក ម៉ែន សុថាវ​រិន្រ្ទ ជំរុញ​ឱ្យ​រដ្ឋាភិ​បាល ទម្លាក់​ថវិកា​ជាតិ​ជួយ​ដោះ​ស្រាយ​វិបត្តិ​បំណុល​ពលករ ដែល​ពួក​គេ​កំពុង​ប្រឈម​គ្មាន​ការ​ងារ​ធ្វើ និង​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​ក្រោយ​ត្រលប់​ចូល​ស្រុក​វិញ។

បន្ថែមលើនេះ លោក សុថាវ​រិន្រ្ទ សង្កត់​ធ្ងន់​ថា ក្រុម​យោធា​ជួរ​មុខ​ដែល​លះ​បង់​ការ​ពារ​ទឹក​ដី ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ ក៏​រដ្ឋ​ត្រូវ​ជួយ​ដោះ​ស្រាយ​បំណុល​ពួក​គេ​ដែរ។

លោកថា៖ «បើសិនជាប្រជាពលរ​ដ្ឋគាត់​មិន​អាច​ទ្រាំទ្រ​បាន វា​នឹង​មាន​ចលាចល ហើយ​អាហ្នឹង​នឹង​មាន​បញ្ហា​ បញ្ហា មនុស្ស​ម្នាក់ៗ ត្រូវ​ការ​បរិភោគ​ម្ហូប​មួយ​ថ្ងៃ​បី​ពេល។ អ៊ីចឹង​ទៅ​ជួយ​ដោះ​ស្រាយ​រដ្ឋាភិ​បាល។ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ជួយ​ប្រជាព​លរដ្ឋ​ខ្មែរ​ ដែល​គ្នាត្រឡប់​មក​ស្រុក​ទេស​វិញ ហើយ​និង​ប្រជា​ពលរដ្ឋ ក្នុង​ប្រទេស​ដែល​ខ្វះ​ខាត។ ពលរដ្ឋ​​ក្នុង​ស្រុក​ស្រាប់ កំពុង​មាន​បញ្ហា អ៊ីចឹង​ត្រូ​វ​ជួយ​ដោះ​ស្រាយ​រឿង​ហ្នឹង​ទាំង​អស់​គ្នា»។

ជុំវិញជម្លោះព្រំដែននៅពេលនេះ ប្រធាន​ព្រឹទ្ធ​​សភា លោក ហ៊ុន សែន បាន​​​ប្រកាស​​​​​ឱ្យ​ប្រជា​​ពលរដ្ឋ​​​​ខ្មែរ​​​​ដែ​ល​​​កំពុង​​​រស់​​នៅ ឬ​​​ធ្វើ​ការ​​នៅ​​​ក្នុង​​ប្រទេស​​ថៃ ត្រឡប់​​ម​ក​​ប្រទេស​​​កម្ពុជា​​​វិញ ដោយ​​​មិន​​អាច​នៅ​ឲ្យ​ក្រុម​ជ្រុលនិយម​​ថៃ​ប្រមាថ​មើល​ងាយ​បាន​​ឡើយ។

ដោយឡែក នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុក​ម្ពុជា ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ហិរញ្ញ​វត្ថុ សម្រាប់​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់​ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ទៅ​តា​ម​លទ្ធភាព ឬ​ក្នុង​មួយ​រយៈ​ពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើទៅ​បាន។

ឆ្លើយតប​ការអំពាវនាវនេះ នៅពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២៥ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ប្រកាស​ថា​ គ្រឹះ​ស្ថាន​សមាជិក​នៃ​សមាគម​ទាំង​ពីរ​ នឹង​ពិនិត្យ​ឱ្យ​អស់​​លទ្ធភាព​ចូល​រួម​ដា​ក់​ចេញ​នូវ​វិធាន​ការ​សម​ស្រប​ ក្នុង​ការ​បន្ធូរ​បន្ថយ​បន្ទុក​ហិរញ្ញ​វត្ថុសម្រាប់​ពលករ​តាម​រយៈ​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ។

បន្ថែមលើនេះ ក្នុងករណីមានតម្រូវការជាក់ស្តែង ក្នុង​រៀប​ចំ​ឥណទាន​ឡើង​វិញ ក៏​ដូច​ជាសំណើ សុំ​ផ្តល់​ការ​គាំទ្រ​ផ្សេងៗ សមាគម​ស្នើ​ប្រជា​ពលករ​ទាំង​អស់​ដែល​ជាអ​តិថិ​ជន ទាក់​ទង​ផ្ទាល់​ជាមួយ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដោយ​ភ្ជាប់​មក​ជាមួយ​នូវអត្ត​សញ្ញាណ​បណ្ណ ឯកសារ​ឥណទាន បណ្ណ/​សៀវភៅ​ការ​ងារ និង​លិខិត​ពាក់​ព័ន្ធ​នានា ដើម្បី​ពិភាក្សា​រិះរ​ក​ដំណោះ​ស្រាយ​ដ៏​សមរម្យផង​ដែរ។

យ៉ាងណា ប្រធានក្រុមប្រឹក្សាជាតិតស៊ូ លោក សម រង្ស៊ី បាន​​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះ​ថា ពលករ ទាហាន មន្ត្រី​រាជ​ការ និង​ពលរ​ដ្ឋ​ទូទៅ​ សុទ្ធ​តែ​លង់​ជាប់​ក្នុង​អន្ទាក់​បំណុល​របស់​ធនាគារ​ខិល​ខូច ដែល​កេង​យក​ការ​ប្រាក់​ខ្ពស់​កប់​ពពក។

បើតាមលោក សម រង្ស៊ី អត្រាការប្រាក់​សព្វ​ថ្ងៃ ខ្ពស់​ហួស​ហេតុ បើ​ប្រៀប​ទៅ​ប្រទេស​ជិត​ខាង​ ហើយ​ថា ធនាគារ​ខិល​ខូច​ទាំ​ង​នេះ បាន​ដាក់​អន្ទាក់​ប្រជាជន​ឲ្យ​បញ្ចាំផ្ទះ​ និង​ទ្រព្យ​សម្បត្តិ រហូត​ជាប់​បំណុល​វ័ណ្ឌក ជំពាក់​លុយ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​រើ​ខ្លួន​មិន​រួច។

ក្នុងន័យនេះ លោកជំរុញឱ្យពលរដ្ឋរួមគ្នា ទាម​ទារ​តវ៉ា​ឲ្យ​ធនាគារ​ផ្អាក​សង​បំណុល​មួយ​ឬ​ពីរ​ឆ្នាំ ហើយ​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ១% ឬ​៣% ក្នុង​មួយ​ខែ ត្រូវ​កាត់​បន្ថយ​មក​ក្រោម ០.៥៨%​ក្នុង​មួយ​ខែ ឬ​៧% ក្នុង​មួយ​ឆ្នាំ។

លោកឱ្យជា​យោបល់ថា អ្នកខ្ចីដែល​គ្មាន​លទ្ធភាព​សង​បំណុល​វិញ រដ្ឋាភិបា​ល​ត្រូវ​ជួយ​ពួក​គេ ដើម្បី​ធានា​មិន​ឲ្យ​ធនាគារ​​រឹប​អូស​ផ្ទះ​ដែល​ពួក​គេ​រ​ស់​នៅ ដែល​ជា​ជីវិត​និង​សិទ្ធិ​របស់​មនុស្ស​ក្នុងការ​រស់​នៅ​មាន​ជីវិត។

បន្ថែមលើនេះ លោក​ថា រដ្ឋាភិបាលត្រូវធ្វើការជាមួយ​ធនាគារ ដើម្បី​ពិនិត្យ​ករណី​នីមួយៗដោយ​ឯករាជ្យ និង​បង្កើត​កម្ម​វិធី​បន្ធូរ​បន្ថយ​សម្រាប់​អ្នក​ដែល​មិន​អាច​សង​បំណុល​គេ​បាន ដូចជា​បន្ថយ​អត្រា​ការ​ប្រាក់ ផ្អាក​ការ​ទូទាត់​ប្រចាំ​ខែ​ក្នុង​ពេល​វេលា​សមរម្យ ឬ​ឲ្យ​ពួកគេ​បង់​ប្រាក់ទាប​បំផុត​ក្នុង​រយៈ​ពេល​យូរ ឬ​ស្វែង​រក​ឱកាស​ឲ្យ​ពួក​គេ​ធ្វើការ ដើម្បី​ពួក​គេ​អាច​សង​បំណុលវិញ​បាន។

នាយក​ទទួលបន្ទុកិច្ចការទូទៅនៃអង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត គាំទ្រ​ចំ​ពោះ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​ប្រកាស​ជួយ​ដល់​ពលករ​ខ្មែរ តែ​លោក​ចង់​ឃើញ​ភាគី​ធនាគារ​មាន​វិធាន​ការ​ជាក់​ស្តែង និង​តម្លា​ភាព​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​ពលករ​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​នេះ។

លោកថា«អ្វីដែលសំខាន់នៅលើមីក្រូហិរញ្ញវត្ថុ​ក៏ដូច​ជា​ធនាគារ ត្រូវ​តែ​មាន​យន្តការ​ដាក់​ចេញ​យ៉ាង​ម៉េច​ឲ្យ​បាន​សមស្រប​នឹង​ការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិ​បាល ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​ពលករ​ខ្មែរ ឬ​ក៏​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ការ​សម្រប​សម្រួល​ណាមួយ​ទាក់​ទង​នឹង​បំណុល មីក្រូ​ហិរញ្ញ​វត្ថុ ឬ​ក៏​ធនាគា​រហ្នឹង ឲ្យ​គាត់​មាន​លទ្ធភាព​ឬ​ក៏​អាច​ទុក​ពេល​វេលា ឬ​ក៏មាន​ដំណោះ​ស្រាយ​មួយ​ ដែល​សម​ស្រប​សម្រាប់​ពួក​គាត់ ដើម្បី​កុំឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ​ ហើយ​ពួក​គាត់​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​ក្នុង​ការ​លក់​ដី​លក់​ធ្លី ឬ​ទ្រព្យ​សម្បត្តិ​ដើម្បី​សង​បំណុល »

ការិយាល័យឥណទានកម្ពុជា ហៅកាត់ថាCBC ថ្មីៗនេះ បាន​ចេញរបាយ​ការណ៍​មួយ​​ដោយកត់​​ត្រា​​ថា​ គិត​ត្រឹម​បំណាច់​​ឆ្នាំ​​២០២៤ ពលរដ្ឋ​ខ្មែរ​បាន​ជំពាក់បំណុល​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ជិត​ ៦០​ពាន់​លាន​ដុល្លារ​។

បើតាមរបាយការណ៍​នោះ ក្នុង​ចំណោម​សមតុល្យ​ឥណទាន​​ជិត​ ៦០ពាន់​លាន​ដុល្លារ​នេះ CBCបាន​រាយ​ការណ៍​ថា​ ប្រមាណ​​​​៦០% ត្រូវ​បាន​​គ្រឹះ​ស្ថាន​​ធនាគារ និង​ហិរញ្ញ​​វត្ថុ​ផ្តល់​​ទៅ​ឱ្យ​​ពលរដ្ឋរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​សៀម​រាប។

ដោយឡែក របាយការណ៍ការសិក្សា​មួយ​ដែលផ្សាយ​​កាល​ពី​ឆ្នាំ​២០២២ ដែល​ផ្តល់​មូល​និធិដោយ​​ក្រសួង​សហព័ន្ធ និង​​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​អាល្លឺ​ម៉ង់ ដែល​ជា​អ្នក​ផ្តល់​​មូល​និ​​ធិ​​ឈាន​​មុខ​​គេមួ​​យ​រ​បស់​​ឧស្សាហកម្ម​គ្រឹះ​​ស្ថានមី​ក្រូហិ​រញ្ញ​វត្ថុ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋកម្ពុជា​​ប្រមាណ​​ជាង ១សែន​៦ម៉ឺន​គ្រួសារ (១៦៧ ០០០គ្រួសារ) បាន​​លក់​ដី​​ធ្លី​​របស់​​ពួក​​គេ ដើម្បី​​សង​​បំណុល​​ក្នុង​​រយៈ​ពេល​​៥ឆ្នាំ​ចុង​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ