កម្ពុជាកំពុងគ្រប់គ្រងដោយ​គំរាម​មិន​ឱ្យ​បក្ស​ប្រឆាំង​ខ្លាំង​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា រក​ឃើញ​ថា ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន កំពុង​រំលោភ​អំណាច​រដ្ឋ​និង​ច្បាប់​របស់​ប្រទេស គ្មាន​ការ​រំខាន​ពី​ស្ថាប័ន​ជាតិ ដែល​ធ្វើ​ឱ្យ​កម្ពុជា​កំពុង​តែគ្រ​ប់គ្រង​ដោយ​ការ​បំភិត​​បំភ័យ និង​គំរាម​កំហែង ដែល​ជា​មធ្យោបាយ​បន្ត​អំណាច​តាម​ការ​បោះ​ឆ្នោត​​បន្លំ​ជា​ទៀង​ទាត់ មិន​ឱ្យ​មាន​គណបក្ស​ប្រឆាំង​ខ្លាំង​ចូល​រួម​ប្រកួត តាម​គន្លង​ប្រជា​ធិប​តេយ្យ​។

នេះបើ​តាម​សេចក្តី​វិភាគ​កម្រាស​៥ទំព័រ របស់​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​មាន​មូល​ដ្ឋាន​នៅប្រទេស​អូស្ត្រាលី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ខែ​មិថុនា​នេះ។

ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ CAT រកឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​សាធារណៈ និង​គ្មាន​តួនាទី ក្នុង​ឋានៈ​ជា​សមាជិក​និង​ប្រធាន​ព្រឹទ្ធ​សភា មាន​អភ័យ​ឯក​សិទ្ធិ​ព្រឹទ្ធ​សភា​ បាន​និង​កំពុង​នាំ​ឲ្យ​សាធារណ​ជន​ជាតិ​ និង​អន្តរ​ជាតិ មាន​ការ​ភាន់​ច្រឡំថា​ តើ​អ្នក​ណា​ជា​អ្នកដឹក​នាំ​ប្រទេស​កម្ពុជា។

ក្រុមអ្នកតស៊ូម​តិ​កម្ពុជា បានលើកយកករណីពាក់ព័ន្ធ​នឹង​ករណី​រំលោភ​អំណាច​ តាម​រយៈ​ការ​គំរាម​កំហែង​ជា​សាធារណៈ​ថា «នយោបាយ​ងើប​មួយ​វ៉ៃ​មួយ នៅ​តែ​ប្រើ​និង​មាន​ប្រសិទ្ធិ​ភាព»។ 

CAT ថា អំពើរបស់​ លោក ហ៊ុន សែន ក្នុងករណីនេះ មិន​ត្រឹម​តែ​ជាកា​ររំ​លោភ​អំណាច​របស់​រដ្ឋ​ទេ​ ក៏​​ប៉ុន្តែ​ជា “បទ​ល្មើស​ព្រហ្ម​ទណ្ឌ” ដែល​តាម​ច្បាប់ លោក ហ៊ុន សែន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ ឬ​កោះ​ហៅ​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​ពីសំ​ណាក់​តំណាង​អយ្យការ ក្នុង​គោល​ដៅ​បញ្ចប់​បទ​ល្មើស ដាក់​លោក ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

បន្ថែមលើនេះ ករណីលោក កឹម សុខា លោក សម រង្ស៊ី លោក រ៉ុង ឈុន កញ្ញា សេង ធារី លោក សុន ឆ័យ លោក ទាវ វណ្ណុល អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន ករណី​លោក គង់ គាំ ករណី​យុវជ​ន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​រឿង​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ទឹក​ដី ត្រូវ​បាន​បក​ស្រាយ​និង​អនុវត្ត​ច្បាប់​ថា ជា​បទ​ល្មើស​ជាក់​ស្តែង ឬ​ប្រព្រឹត្ត​បទ​ល្មើស​បរិហា​កេរ្តិ៍ ហើយ​ចាត់​វិធាន​ការ ឬ​គំរាម​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​តាម​អំពើ​ចិត្ត។

ដោយឡែក ជម្លោះព្រំដែនកម្ពុជា-ថៃ លោក ហ៊ុន សែន បាន​ដើរ​តួ​ជំនួស និង​បាន​និយាយ​ក្នុង​ន័យ​ជា​ការ​បង្គាប់​បញ្ជា​ឲ្យ​រាជ​រដ្ឋាភិ​បាល​ រៀប​ចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រកាស​ភ្លាមៗ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ប្តឹង។

ក្រោយមកទៀត លោក ហ៊ុន សែន ក៏​បាន​ធ្វើអត្ថាធិប្បាយ​អំពី​ការ​​កែ​សម្រួល​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​ការ​ពារ​ព្រំដែន​ ក្នុង​តំបន់​ទាំង​បី​ថា ជា​ការ​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍។

ក្នុងន័យនេះ CAT ថា ការចេញមុខម្តងហើយម្តងទៀត ក្នុង​កិច្ច​ការ​ព្រំដែន​ពី​សំណាក់​លោកហ៊ុន សែន គឺ​ជា​ការ​ជ្រៀត​ជ្រែក និង​រំលោភ​បំពាន​អំណាច​រដ្ឋ​ម្តង​ហើយ​ម្តង​ទៀត ដោយ​គ្មាន​ស្ថាប័ន​រដ្ឋ​ណាមួ​យ​ធានា​ឲ្យ​គាត់​គោរព​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​របស់​ប្រទេស​កម្ពុជា​បន្តិច​ណា​ឡើយ​។

ក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លឹម ប្រាប់ VOD បន្ថែម​ថា លោក ហ៊ុន សែន កំពុងចាត់​ចែង​ការ​ងារ​ប្រទេស​ជាតិ​តាម​ទំនើង​ចិត្ត ផ្ទុយ​ពី​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​ ដើម្បី​តែ​មហិច្ចតា​អំ​ណាច​របស់​​ខ្លួន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស។

លោកថា«ស្រវឹងពុលនឹងអំណាច ឈ្លក់នឹងអំណាច​ហ្នឹង វា​លើស​លប់​ពេក​ទៅ​ណាស់ គឺ​ថា​ឥឡូវ​ហ្នឹង ហ៊ុន ម៉ាណែត មិន​ទាំង​ហ៊ាន​និយាយ​អី​ផង ព្រោះ​វា​ខ្លាច​ប្រទូស​ប្រទាស់​គ្នា។​ គាត់​និយាយ​តាម​តែ​គាត់​នឹក​ឃើញ ប្រើ​តែ​អំណាច​ធម៌​ក្តៅ​ ហែង មិន​តាម​អញ គឺ​ថា ត្រូវ​តែ​ប្រកាច់​ចាប់​ដាក់​គុក​ឬ​ក៏​ចោទ​ប្រកាន់​មួល​បង្កាច់ បង្កើត​តែ​រឿង ហើយ​ធ្វើ​ម៉េច​គឺ​ថា​ឲ្យ​តែ​គេខ្លប​ខ្លាច​ខ្លួន​ និង​លួច​ថត​សំឡេង​គេ​យក​មុខ​របរ​គាត់​ធ្វើ​តែ​តាម​ហ្វេស​ប៊ុក​ដែរ នាយក​រដ្ឋមន្ត្រី​ហ្វេស​ប៊ុក មិន​ដែល​គេ​មាន​អ្នក​ណា​គេ​ធ្វើ​ក្រោម​មេឃ​លើ​ដី។ ឃើញ​គាត់​ឃើញ​ហ្នឹង​វា​ជ្រុល​ហួស​ហេតុ​ពេក»

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ចាត់​ទុក​ការ​វិភាគ​នេះ ជា​រឿង​ដដែលៗ ដែល​មាន​ចេតនា​បំរើ​បរទេស ហើយ​មក​បំបែក​បំបាក់​សាមគ្តី​ផ្ទៃ​ក្នុង​របស់​ជាតិ​។

លោក​ថា«ចំពោះសម្ដេចតេជោ អ្វី​ដែល​លោក​បាន​អនុវត្ត គឺ​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ច្បាស់​លាស់​ណាស់​ ហើយ​អ្វី​ដែល​លោក​បាន​លើក​ឡើង​ទាក់​ទង​បញ្ហា​ព្រំដែន​ ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណបក្ស​កាន់​អំណាច។ ប្រធាន​គណបក្ស​កាន់​អំណាច​ គោល​នយោបាយ​ផ្សេងៗ​ រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ចេញ​អំពី​គោល​នយោបាយ​រប​ស់បក្ស ហើយ​លោក​ជា​ប្រធាន​គណបក្ស​កាន់​អំណាច! លោក​គឺ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​មួយ​ដ៏​ធំ​ នៅ​ក្នុង​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ដែរ ពី​ព្រោះ​ លោក​ជា​ប្រធាន​គណបក្ស​កាន់​អំណាច។ ខ្ញុំ​គិត​ថា ពួក​គេមិ​ន​យល់​អ្វី​ទៅ​ជា​រដ្ឋ​ធម្ម​នុញ្ញ មិន​យល់​អ្វី​ទៅ​ជា​ច្បាប់​ ឬ​ក៏​រំលោភ​អំណាច​ គ្រាន់​តែ​គេ​លើក​ឡើង​តាម​ការ​នឹក​ឃើញ​ ហើយ​ចេតនា​របស់​ពួក​គេ​ក្នុង​គោល​ដៅ​គ្មាន​អ្វី​ច​ង់​ពី​ការ​បំបែក​បំបាក់សាមគ្គី​ជាតិ នៅ​ក្នុង​ពេល​ដែល​ប្រទេស​របស់​យើង​កំពុង​តែ​ត្រូវ​ការ​រួប​រួម​សាមគ្គី​គ្នា​តែ​ប៉ុណ្ណោះ ហើយ​ការ​បំបែក​បំបាក់​នេះគឺ​ជា​ការ​បម្រើ​ដល់​សត្រូវ​ឈ្លាន​ពាន​របស់​យើង ដែល​ជា​សកម្មភាព​មួយ​ដែល​យើង​ចាត់​ទុក​ថា​ ជា​ការធ្វើ​វិទ្ធង្ស​នា​​ និង​គ្មាន​មន​សិការ​ស្នេហា​ជាតិ»

យ៉ាងណា ការវិភាគរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា ពន្យល់​ថា ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន មាន​តួនាទី​សម្រប​សម្រួល ដឹក​នាំ​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ និង​អនុ​ម័ត​ច្បាប់​នានា​ដែល​រដ្ឋ​សភា​បញ្ជូន​ទៅ ហើយ​ព្រឹទ្ធ​សភា មិន​មាន​អំណាច​ប្រតិ​បត្តិ​ច្បាប់ ទប់​ស្កាត់​សកម្ម​ភាព​ពាណិជ្ជ​កម្ម ឬ​ទប់​ស្កាត់​សកម្មភាព​បុគ្គល​ណាទេ​ រួម​ទាំង​មិន​មាន​អំណាច​ការ​ទូត ឬ​ កិច្ច​ការ​បរទេស​ផង។

ក្រុមអ្នកតស៊ូមតិកម្ពុជា ថា លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន ហើយ​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់ស្តី​ពី​គណបក្ស​នយោ​បាយ លោក ហ៊ុន សែន មិន​មានអំ​ណាច​សាធារណៈ​ទេ ក៏​ប៉ុន្តែ​មាន​សិទ្ធិ តួនាទី និង​កាតព្វ​កិច្ច​ដូច​គណបក្ស​នយោបាយ​ឯទៀត​ដែរ។

បន្ថែមលើនេះ CATថា លោក ហ៊ុន សែន បានអស់​អំណាច​ប្រតិបត្តិ​ តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​ម​ក​ម្លេះ។ លោក ហ៊ុន សែន លែង​ជា​អគ្គ​មេបញ្ជា​ការ និង​លែង​មាន​តួនាទី បញ្ជា​ទៅ​អំណាច​សាធារណៈ​ដូច​មុន​ឆ្នាំ​២០២៣​ហើយ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ព្រមានថា របប​ដឹក​នាំ​បែប​គ្រួសារ​និយម​នៅ​កម្ពុជា​នេះ ទីបំផុត​ទៅ​នឹង​ដួល​រលំ​ក្រោម​អំណាច​មហា​ជន ព្រោះ​បាន​បន្សល់​ទុក​វិបត្តិ​សង្គម​ជា​ច្រើន រួ​មមាន បំណុល ជីវភាព​ពលរដ្ឋ​ក្រី​ក្រ បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ វិបត្តិ​ការ​ងារ ចំណាក​ស្រុក ជាដើម។

លោកថា៖ «លោក ហ៊ុន ម៉ាណែត គាត់គ្មានសមត្ថភាពទេ គឺ​ការ​លើក​បន្តុប​របស់​ឪពុក​គាត់ ប៉ុន្តែ​អ្នក​ដែល​បញ្ជា​ពីក្រោយ អ្នក​ទាញ​ខ្សែ​​ពី​ក្រោយ​​គឺ​លោក អតីត​នាយក​រដ្ឋ​មន្រ្តី​ លោក ហ៊ុន សែន ប្រទេស​ខ្មែរ​គឺ​ក្រោម​បញ្ជា​​ លោក ហ៊ុន សែន​ ​ជា​អ្នក​បញ្ជា​ទាំង​អស់ ក្នុង​នាម​គាត់​ជា​មេបក្ស គាត់​ជា​ប្រធាន​បក្ស អ៊ឺចឹង​លោក ហ៊ុន ម៉ាណែត មិន​អាច​ដើរ​ឆ្លង​ពី​គន្លង​របស់​ប្រធានបក្ស​ទេ ជា​របប​ផ្តាច់​ការ ជា​របប​កុម្មុយ​នីស​ផ្តាច់​ការ គាត់​មិន​អាច​ដើរ​ឆ្លង​ទេ គឺ​គេ​ត្រូវ​ដក​គាត់​ចេញ​ហើយ​»។

យ៉ាងណាសម្រាប់ ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ថា លោក ហ៊ុន សែន បាន​ដឹង​ថា កូន​របស់​គាត់​ជានា​យក​រដ្ឋ​មន្ត្រី​ដែល​គាត់​រៀប​ចំ​ផ្ចុង​ផ្តើម មិន​ទាន់​មាន​សមត្ថភាព​ដឹក​នាំ ប្រៀប​បាន​នឹង​ដើម​ឈើ​មិន​មាន​ខ្លឹម មាន​តែ​សម្បក​ដែល​បំពាក់​ឲ្យ​គាត់​ប៉ុណ្ណោះ។ សកម្ម​ភាព​របស់​ លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​ថា កូន​របស់​គាត់​ គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ហាត់​ការ និង​ជា​ការ​មើល​ស្រាល មិន​ឲ្យ​តម្លៃ។

ក្រុមអ្នកតស៊ូមតិកម្ពុជា គូសបញ្ជាក់ថា ការផ្សាយអត្ថបទរបស់​ខ្លួន​នៅ​ពេល​នេះ ដើម្បី​ជូន​ប្រជា​ជាតិ និង​អន្តរ​ជាតិ​ថា នៅ​កម្ពុជា ពេល​លោក ហ៊ុន សែន និង​ក្រុម​របស់​គាត់​ប្រកាស​ថា ចាត់​វិធាន​ការ​ច្បាប់ គឺ​សំដៅ​លើ​យុទ្ធនា​ការ​បង្ក្រាប​​អ្នក​មាន​មតិ​ផ្ទុយ​ពី​គាត់ និង​គណបក្ស​របស់​គាត់ ក៏​ប៉ុន្តែស​កម្មភាព​រំលោភ​អំណាច និង​បទ​ល្មើស​ដែល​គាត់​ប្រព្រឹត្ត គឺ​គាត់​យក​ពាក្យ​ធានា​សន្តិភាព និង​អធិប​តេយ្យ​ភាព អំណាច​រ​ដ្ឋ​ទៅ​បិទ​បាំង​ទាំង​ស្រុង។

សកម្មភាពខុសច្បាប់ និង​រំលោភអំណាចរដ្ឋជាច្រើន ត្រូវ​បានកា​រ​ពារ​ដោយ​ស្ថាប័ន​រដ្ឋ និង​ យន្ត​ការ​តុលាការ​របស់​របប​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន និង លោក ហ៊ុន សែន ។

ក្រុមអ្នកតស៊ូមតិកម្ពុជា ដឹង​ថា កម្ពុជា​កំពុង​តែ​គ្រប់​គ្រង​ដោយ​ការ​បំភិត​បំភ័យ និង​គំរាម​កំហែង​ ដែល​ជា​មធ្យោ​បាយ​​បន្ត​អំណាច​តាម​ការ​បោះ​ឆ្នោត​បន្លំ​ជា​ទៀង​ទាត់ និង​មិន​អនុញ្ញាត​ឲ្យ​មាន​គណបក្ស​ខ្លាំង​ចូល​ប្រកួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ