កម្ពុជា​គួរ​ដោះ​លែង​អ្នក​ទោស​នយោបាយ​​ដើម្បី​​បង្ហាញ​ពី​ការ​​រួ​ប​​រួម​ជាតិ​​ទប់​​ទល់​​បរទេស​ឈ្លាន​​ពាន​​

នៅពេល​ដែល​រដ្ឋាភិបាល​​ក្រោម​​ការ​​ដឹក​នាំ​​របស់​គ្រួសារ​​ហ៊ុន មួយ​​រយៈ​​ចុង​​ក្រោយ​​នេះ ​ហាក់​​​បី​​ដូច​​ជា​ចាប់​​ផ្តើម​​​​មាន​​ជំហរ​រឹង​​មាំ​លើ​​បញ្ហា​​ជម្លោះ​​ព្រំដែន​​ជាមួយ​ថៃ រហូត​​ដល់​បាន​​ដាក់​​ពាក្យ​​ប្តឹង​​ថៃ​ ទៅ​​តុលាការ​​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) ធ្វើ​​ឱ្យ​​មាន​ការ​​សាទរ​​យ៉ាង​ខ្លាំង​​​ពី​ប្រជាជាតិ​​ខ្មែរ​​គ្រប់​​មជ្ឈដ្ឋាន។

ក៏ប៉ុន្តែ​បើទោះ​បីជា​ទាំង ​លោក ​ហ៊ុន សែន​ និង​​លោក ​ហ៊ុន ម៉ាណែត ​បាន​អំពាវ​នាវ​ហើយ​​អំពាវ​នាវ​ទៀត​ ឱ្យប្រជាជាតិ​ខ្មែរ​ត្រូវ​រួប​រួមគ្នា​ ដើម្បី​ទប់​ទល់​ទៅ​នឹងការ​ឈ្លាន​ពាន​របស់​ថៃក្តី ក៏រហូត​មក​ដល់ពេល​នេះ ​ពុំ​ឃើញមាន​អ្នក​​​ទោស​នយោបាយ ​ឬសកម្ម​ជន​សង្គម​ណាម្នាក់​​ត្រូវបាន​ដោះ​លែង ​ក្រោមហេតុផល​​ដើម្បីបង្រួប​បង្រួម​​ជាតិ​ខ្មែរ​នោះទេ។

ជាថ្មីម្តងទៀត​ នៅ​ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ​ឆ្នាំ ២០២៥ លោក​​ ហ៊ុន ម៉ាណែត​​ បាន​ថ្លែងជំរុញឱ្យខ្មែរ​គ្រប់​និន្នាការ​នយោបាយ​​​គិតពី​ប្រយោជន៍ជាតិ ដោយ​លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាលតតាំង​ប្រឆាំង​​នឹងការ​ឈ្លាន​ពាន​របស់​ថៃ គឺ​ដើម្បីជាតិ​ខ្មែរ​​ទាំងមូល ដើម្បីបូរណ​​ភាពទឹកដី។​ ​រដ្ឋាភិបាលកម្ពុជា ​​​ចង់​ឈ្នះ​ក្តី​​លើ​ថៃ​ដោយ​មិន​បង្ហូរ​ឈាម​​នៅលើ​សមរភូមិ​ ទើប​បាន​ជាកម្ពុជា​​​ប្តឹង​ទៅ​​ICJ ដូច្នេះ​​ហើយ​សូមអ្នក​នយោបាយ​ទុកឱកាស​ឱ្យមន្ត្រី​របស់កម្ពុជា​​ ជាតិ​របស់​យើង ​ធ្វើកិច្ចការ​​ងារនេះ ​ដោយការ​​ទទួល​ខុសត្រូវ ​ដើម្បី​ប្រមូលផ្តុំគ្នា​ការ​ពារផល​ប្រយោជន៍​ស្របច្បាប់​របស់កម្ពុជា។

លោក​ថា៖ «ផល​ប្រយោជន៍​​នយោ​បាយ​​​របស់​​អស់​លោក​ ​​កុំ​​កៀង​គ្រប់​ពេល​ពេក​ បង្កើត​នូវ​ភាព​ស្រពិច​​ស្រពិល​​បែក​បាក់​​ជាតិ​​ផ្ទៃ​ក្នុង​របស់​​យើង។ សូមឱ្យរួមគ្នា​ដើម្បី…តែខ្ញុំសូមសរសើរអ្នក​ដែល​រិះគន់​មួយ​ចំនួនគាត់​​​ដឹង​ពេល​វេលា ដូច​អាប្អូន​មួយ​​ឈ្មោះស្អី​ទេ? វិភាគ​ជេរ​ ​ប៉ុន្តែ​ដល់​​ពេ​ល​​យើង​​ធ្វើ​សកម្មភាព​​ត្រឹម​​ត្រូវ​ គេចេញ​​មក​​ទទួល​ស្គាល់​ដែរ នេះ​ជា​គំរូ បែរ​ជា​អ្នកន​យោបាយ​​ចាស់​​​វស្សា​អាយុ​ចិត​​ប៉ែត​សិប​ឆ្នាំ​ហើយ ទៅ​​ជាប្រកាន់​ជំហរ​​​វ៉ៃ​តែ​គ្នា​​ឯង​ទៅ​វិញ​ នេះ​ជា​ការ​​ពិត។ សូមសរសើរក្មេងៗ​ដែល​មាន​ស្មារតីជាតិ​និយម​ ស្មារតី​ទទួល​ស្គាល់​ការពិត ​ខុសដឹងខុស ត្រូវ​ដឹង​ត្រូវ ដឹងពេល​វេលា​។ យើងមិន​ហាម​​ឃាត់ទេ មិន​មែនឱ្យមកគាំទ្រ​ទាំង​អស់ទេ ​ប៉ុន្តែអាច​នៅ​ស្ងៀមក៏គ្មាន​ពីណា​ថាគរ​ដែរ​ពេលខ្លះ»

លោកនាយករដ្ឋមន្ត្រី ​លើកឡើង​ទៀតថា ​សូមឱ្យបងប្អូនទាំងអស់​គ្នា​​ដែល​មាន​ឈាម​ជ័រ​ជាខ្មែរ​​ពិតប្រា​កដ ​គឺ​ត្រូវ​រួប​រួមគ្នា​នៅក្នុង​កាលៈ​ទេសៈ​​នេះ​ បើទោះ​បី​មិន​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ ​ក៏​សូមកុំចេញសារ​​ឬមួយ​ធ្វើ​​សកម្ម​ភាពណា ​វ៉ៃបំបាក់​នូវស្មារតី​សាមគ្គីឯកភាពជាតិ​របស់​យើង​ នៅពីក្រោយកងទ័ព​របស់​​យើង ​ហើយ​ជាពិសេស​​កុំវ៉ៃបំបាក់​សតិ​អារម្មរណ៍​​របស់​កងទ័ពជួរ​មុខ​​របស់​យើង​​ឱ្យ​​សោះ​។

ប៉ុន្តែ​យ៉ាងណាក្តី ​​ក្រុម​អ្នក​ច្បាប់ ​និងអ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ បាន​ជំរុញ​ឱ្យ​ លោក ​ហ៊ុន ម៉ាណែត និង​លោក ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​​ ក៏គួរ​​រិះ​រកវិធី​ឱ្យមានការ​ដោះ​លែង​អ្នក​នយោបាយ និង​សកម្ម​ជនសង្គម​ ដូច​ជា លោក​កឹម សុខា លោក​​ថាច់ សេដ្ឋា លោក​​ស៊្រុន ស្រ៊ន ​និង​ឥស្សរជន​ចំនួន​៦៥​នាក់​​ផ្សេង​ទៀត ​ដែល​កំពុង​​ជាប់ឃុំ​ទាំង​អយុត្តិ​ធម៌​ផងដែរ​ ប្រសិន​បើ​មេដឹកនាំគ្រួសារ​ហ៊ុន​ទាំង​ពី​រ​រូប​ មាន​ចេតនា​ចង់​ឱ្យមាន​ការ​បង្រួប​​បង្រួម​ផ្សះផ្សា​ជាតិ ​ដើម្បី​ឱ្យជាតិ​រឹងមាំពិតប្រាកដមែននោះ​។

លោក​ស្រី ម៉េង សុភារី សហមេធាវីការ​ពារក្តី​ឱ្យលោក ​កឹម សុខា​ ប្រធានអតី​ត​គណបក្ស​សង្គ្រោះ​ជាតិ ​​ដែល​កំពុង​​ជាប់​​​ឃុំ​ក្នុងផ្ទះ​​ បាន​សរសេរ​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ស្រី ​កាល​ពីពេល​ថ្មីៗនេះថា ក្នុងនាមលោក​ស្រី​​ជាប្រជាពលរដ្ឋខ្មែរ លោក​ស្រី​គាំទ្រចំពោះ​ចំណាត់​ការ​របស់រាជរដ្ឋាភិបាល តាមរយៈ​ដំណោះ​ស្រាយអន្តរ​ជាតិ​លើបញ្ហា​បូរណភាព​ទឹកដី។

ជាមួយ​គ្នា​នេះ ​លោក​ស្រី​បាន​សរសេរ​ក្នុង​សំណេរដើមថា៖ «ខ្ញុំដឹងច្បាស់ថា ឯកឧត្តម កឹម សុខា តែង​​តែ​តម្កល់​​ផលប្រយោជន៍ជាតិ​ជាធំ ជាពិសេសការឯកភាពជាតិ បូរណភាព​ដែន​ដី សាមគ្គីភាព​ចំពោះបញ្ហាជាតិធំៗ។ ខ្ញុំយល់ថា ក្នុងកាលៈទេសៈនេះ ប្រសិនបើឯកឧត្តម កឹម សុខា មាន​សេរីភាព គាត់ច្បាស់ជាថ្លែងសារគាំទ្រ គោលជំហររបស់រាជរដ្ឋាភិបាល ​អំពី​បញ្ហាព្រំដែន​តាម​រយៈយន្តការអន្តរជាតិជាមិនខាន»

 បន្ថែមពី​​នេះ​ លោក​ស្រីមេធាវី ក៏បាន​បង្ហោះសំឡេង​​លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិ​ធម៌ ដែល​បានថ្លែងនា​ពេល​កន្លងមក​ ​​ពីភាពអយុត្តិធម៌​របស់​ជន​ជាប់​ចោទ ​ឬជន​រងគ្រោះ​ ​ដែល​សំណុំ​រឿង​របស់​ពួកគេ​ ​ត្រូវបាន​មន្ត្រី​តុលាការ​ផ្អឹបទុកចោល។

លោកថា៖ «រឿង​ក្តីមួយ​ដែល​ត្រូវការ​ពេល​វេលាដោះ​ស្រាយយូរ​ពេក​​ យូររហូត​ដល់​គេភ្លេចរឿងក្តីហ្នុង ​មាន​ន័យ​​ថា​ វាស្មើ​នឹងអយុត្តិធម៌​សម្រាប់​​គេទៅ​ហើយ​។ យើង​​ដាក់​ពាក្យបណ្តឹង​​ទាម​ទារ​មួយ ​១០ឆ្នាំ​ក្រោយ ១៥ឆ្នាំក្រោយ ​​បាន​ដោះស្រាយ​ចប់?​ យើងនិយាយ​ពីយុត្តិធម៌​ម៉េចកើត​? យើង​មិន​អាចនិយាយ​ពីយុត្តិធម៌ កុំថាឡើយ​ការ​កាត់ក្តី​​ហ្នឹង​​វាយុត្តិធម៌ ​ឬ​មិន​​យុត្តិធម៌ គ្រាន់​តែ​យើងទុក​រឿងក្តីបស់គេចោល ដោយ​មិនចាត់ការ​យើង​​​ចាត់​ទុកថា​ ជា​រឿងមួយ​ដែល​ជាក្តី​អស់​សង្ឃឹម​ ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឱ្យគេទៅ​ហើយ»។

សូម​បញ្ជាក់​ថា នៅពេល​នេះ​ សំណុំ​រឿងក្តី​ លោក ​កឹម សុខា ត្រូវបាន​ផ្អឹបទុកចោល​នៅ​សាលា​​ឧទ្ធរណ៍ ​បន្ទាប់​​ពីសាលា​ដំបូង​រាជធានីភ្នំពេញ ​កាល​​ពី​ថ្ងៃ​ទី៣ ខែ​​មីនា ឆ្នាំ២០២៣​​​ បាន​​សម្រេច​​ផ្តន្ទា​​ទោស​លោកឱ្យ​​ជាប់​​​​​​ឃុំ​នៅក្នុង​ផ្ទះ​​ ២៧​​ឆ្នាំ និងហាមឃាត់មិនឱ្យធ្វើ​នយោ​បាយ​​អស់មួយ​ជីវិត ក្រោមការ​ចោទប្រកាន់​ពីបទក្បត់​ជាតិ​​ ជាបទ​ចោទ​ដែលមជ្ឈដ្ឋាន​​ជាតិ​ និង​អន្តរ​ជាតិ ​ចាត់ទុកថា ​ជារឿង​នយោបាយ​​ប្រឌិត​​ឡើង​​ដោយ​លោក ​ហ៊ុន សែន ​ដើម្បី​កម្ទេច​គូ​​ប្រជែង​​​នយោបាយ​​របស់​ខ្លួន។

សហមេធាវីការពារក្តីឱ្យ លោក ​កឹម សុខា ម្នាក់​ទៀត​គឺលោក ​ផែង ហេង ក៏​​បាន​​បញ្ចេញ​​មតិ​​នៅ​​​លើ​​ហ្វេស​​​ប៊ុក​​​របស់​លោក​ផងដែរថា លោក​សប្បាយចិត្តឃើញរាជ​រដ្ឋាភិបាល​ប្រកាន់ជំហរ រកយុត្តិធម៌តាមផ្លូវច្បាប់ តតាំង​​ការពារ​ទឹកដីខ្មែរ និងដើម្បីសន្តិ​ភាពចិរកាល។

ជាមួយ​គ្នា​​នេះ​ លោក​បាន​សរសេរ​ក្នុង​សំណេរដើមថា​៖ «ខ្មែរទាំងអស់គាំទ្រ​ឲ្យរាជរដ្ឋាភិបាល​​ផ្សះផ្សា​ជាតិ​ខ្មែរ​​ឲ្យមានឯកភាព​ជាតិ មានសំឡេងតែមួយលើឆាកអន្តរជាតិ។ ក្នុងបំណង​នេះ ខ្ញុំជាអ្នកជាតិ​និយមម្នាក់ ជាអ្នកស្រឡាញ់គោរពរាជាធិបតេយ្យ តាមរដ្ឋធម្មនុញ្ញ ក៏ចង់ឃើញ​រាជរដ្ឋាភិបាល​ស្នើសុំឲ្យតុលាការទម្លាក់បទ​​ចោទមកលើ លោក កឹម សុខា ប្រធានគណបក្ស​​សង្គ្រោះជាតិ ដើម្បីបើកទំព័របង្រួបបង្រួមជាតិ ក្រោមដំបូល​រដ្ឋធម្មនុញ្ញ»

ដោយ​ហាក់​បីដូច​ជាអស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រកយុត្តិធម៌​តាម​ផ្លូវច្បាប់​​ជូន​កូនក្តី​របស់​​ខ្លួន​ លោក​​មេធាវី ផែង ហេង បានលើកឡើងថា រឿងអយុត្តិធម៌ខ្លះ បានរត់ទៅពឹងហ្វេសប៊ុក ក៏​​អាច​យក​​យុត្តិធម៌​បានខ្លះមកវិញ បើទោះបីត្រូវ​ចំណាយ​លុយ និងពេលវេលាក្តី​។

ប៉ុន្តែ​​រឿង​​អយុត្តិធម៌រាប់មិនអស់ ដែលអ្នកខ្វះលុយខ្វះមធ្យោបាយតតាំងក៏ត្រូវដេកកើតទុក្ខ ដុតធូប​បន់​អ្នក​តា ហើយ​បើ​​រកហ្វេសប៊ុក​តាម​គេ តែ​​ខ្លួន​គ្មានសំណាង​ ក៏បែរជាជួន​​កាលជាប់​​ទោស​​​១​បទល្មើសថែម​ទៀត​ក៏មាន​។

បន្ថែមពីនេះ ​​លោក​ស្រីមេធាវី ម៉េង សុភារី បាន​លើកឡើងថា លោក កឹម សុខា ជាអ្នកជាតិ​និយម ដែលប្រកាន់​យក​នូវ​គោលការណ៍ប្រជាធិបតេយ្យ សេរីនិយម ពុទ្ធសាសនា ​ដោយសារ​តែ​ហេតុ​ដូច្នេះ​ហើយ ​ទើប​កន្លងមក ​លោក កឹម សុខា ​បាន​ចូលរួមជាមួយគណ​បក្ស​ប្រជាធិបតេយ្យ សេរី​​និយម ព្រះពុទ្ធសាសនារបស់​លោក​តា សឺន សាន ពី​ព្រោះ​​លោក​គាំទ្រ​​ទស្សនៈ​របស់​លោក​​តា សឺន សាន ដែល​ជា​អ្នក​ស្នេហា​ជាតិ​(មិនក្បត់​ជាតិ) អ្នក​ប្រជា​ធិប​​តេយ្យ​​(មិន​ផ្តាច់​ការ) អ្នក​​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សាសនា​(មិន​ហិង្សា)។ ជាពិសេស​លោក​គាំទ្រ​នូ​វ​​ទស្សនៈ​មិន​យក​​ខ្មែរ​​ណា​​ជា​​សត្រូវ ដោយកំណត់ថា សត្រូវរបស់ប្រជាពលរដ្ឋខ្មែរ គឺ​​«អំពើ​​ឈ្លាន​ពាន​របស់​បរទេស អំពើ​ប្រល័យ​ពូជ​សាសន៍ និង​​អំពើ​ពុករលួយ»។

លោកស្រី​លើកឡើង​ទៀតថា ជា​បន្តបន្ទាប់មក លោក កឹម សុខា ដោយឈរលើមូលដ្ឋាន​ទស្សនៈខាងលើនេះ ក្នុងការធ្វើកិច្ចការនយោបាយនិងសង្គម ដើម្បីជួយប្រទេសជាតិនិង​ប្រជាពលរដ្ឋខ្មែរ លោកក៏បានកំណត់​យកនូវទស្សនៈវិស័យ គោលការណ៍ និងយុទ្ធសាស្ត្រ​ ដូច​ជា​ ការលើកស្ទួយ​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​ដោយលោកយល់ឃើញថា ​«គ្មានទេសន្តិភាព​​ពិត ឋិតថេរ បើ​គ្មានការគោរព​សិទ្ធិមនុស្ស» ព្រោះកន្លង​មកខ្មែរ​យើងបែកបាក់គ្នា កាប់​សម្លាប់​​គ្នា រហូតកើតមានសង្គ្រាម​ស៊ីវិលរវាង​ខ្មែរនិងខ្មែរ សង្គ្រាម​ឈ្លានពានពីបរទេស គឺដោយ​សារ​ការឈឺចាប់ បណ្តាលមកពីអ្នកមានអំណាចរំលោភលើអ្នកទន់ខ្សោយ និង​អយុត្តិធម៌សង្គម។

គោលដៅជាយុទ្ធសាស្ត្រដែលលោក កឹម សុខា បានកំណត់ គឺ​បំបាត់​​«ខ្លៅ ខ្លាច ឃ្លាន» ដែល​លោកបាន​អនុវត្តន៍​​ជា​ដំណាក់ៗ​ជិត៣០ឆ្នាំកន្លង​មក មិនមែន​ធ្វើ​តាមបរទេស​ណានោះទេ ទោះ​បីគាត់បានរៀន​សូត្រ​ស្វែងយ​ល់​នូវបទពិសោធន៍​​ពីប្រទេស​នានា​ក្នុងពិភពលោកក៏​ដោយ។ លោក កឹម សុខា ប្រកាន់ខ្ជាប់នូវគោល​កា​រណ៍អហិង្សា មិនគុំ​គួនសងសឹក មិនជ្រុល​និយម (ដែលជាមាគ៌ា​ព្រះពុទ្ធសាសនា) យក​ការអត់ធ្មត់ ការអត់ឱន ដោយ​តម្កល់ផល​ប្រយោ​ជន៍​ជាតិជាធំ។ «ទាំងនេះហើយ ដែលមតិជាតិនិងអន្តរជាតិដឹង​ច្បាស់ណាស់ថា លោក កឹម សុខា មិនហិង្សា មិនជ្រុលនិយម មិនក្បត់ជាតិខ្មែរឡើយ»។ នេះ​បើ​តាម​លោកស្រី ម៉េង សុភារី។

ជាមួយគ្នានេះ ​បន្ទាប់​ពីបាន​ប្រកាសគាំទ្ររដ្ឋាភិបាល​ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ថៃ​​ទៅ​តុលា​ការ​​យុត្តិធម៌​អន្តរ​ជាតិ​ លើ​បញ្ហា​ជម្លោះ​ព្រំដែន​​នៅ​តំបន់មុំ​បី​ ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់​តូច ​និង​​ប្រាសាទ​តាក្របីអតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​លោក ​អ៊ុំ សំអាន ដែល​​​ជា​​អ្នក​​​ប្រឆាំង​​រដ្ឋា​ភិបាល​​យ៉ាង​ស្រួច​ស្រាវ​ លើ​​បញ្ហា​​ព្រំដែន នៅ​ថ្ងៃ​​​ទី​​១៨ ​​ខែ​មិថុនា​​នេះ ​បាន​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដែល​បានបិទការនាំចូលបន្លែ​និងផ្លែឈើ​ពីប្រទេសថៃ ដោយ​​លោក​ថា​ ​គឺជារឿងល្អ ដើម្បី​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ​ និង​ជា​ការ​ព្រមាន​ចំពោះ​ការ​មើល​​ងា​យ​​របស់​ថៃដ​ល់​កម្ពុជា​ផង​ដែរ។

ប៉ុន្តែ​បន្ថែម​ពីនេះ​ លោក ​អ៊ុំ សំអាន ​ថ្លែងថា កម្ពុជាក៏គួរតែបិទការនាំ​ចូល​ពី​វៀតណាម​ នូវ​បន្លែ ផ្លែ​ឈើ សាច់បង្កក សាច់​គោ សាច់​ជ្រូក ត្រី​សាច់ និង​ផលិត​ផល​កសិកម្ម​ដទៃ​ទៀត ​ដែ​ល​​មា​ន​​​ជាតិ​គីមី​ច្រើន​ជាង​បន្លែ និងផ្លែឈើ​របស់​ថៃ​ផង​ដែរ។ បន្ទាប់​មក រដ្ឋាភិបាលកម្ពុជា ត្រូវ​ជំរុញនិងលើកទឹក​ចិត្ត​ឱ្យពលរដ្ឋខ្មែរ ប្រើប្រាស់ផលិត​​ផល​​កសិកម្មក្នុងស្រុក​ដែលគ្មាន​​ជាតិ​​គីមី ដើម្បីបង្កើតការងារសម្រាប់ពលករត្រឡប់​មកពី​ប្រទេស​ថៃ​និង​​លើកស្ទួយ​ផលិតផល​​កសិកម្ម​ខ្មែរផងដែរ។

ក្រុម​អ្នក​ច្បាប់ ​និង​អ្នកនយោបាយ​ក្រៅរដ្ឋាភិបាល​ បាន​ព្រមានថា កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច ​និងវិបត្តិ​​សង្គម​​​ធ្ងន់​ធ្ងរ ​ប្រសិន​​បើ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន នៅ​តែចចេស​​មិ​ន​​ព្រម​​ដោះ​លែង​អ្នក​ទោស​នយោបាយ​​ទាំង​អស់​ និង​មិនព្រម​បើក​លំហរប្រជាធិបតេយ្យ​ឡើង​វិញ ​ទៅ​តាម​ការ​ទាម​ទារ​របស់​​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អង្គការ​សហប្រជាជាតិ​ទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ