អគ្គិភ័យមួយបានឆាបឆេះទីតាំងអាហារដ្ឋានមួយកន្លែង ក្បែរផ្ទះរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះថា នៅវេលាម៉ោង ២០:៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យនៅចំណុចអាហារដ្ឋានចរណៃ នៅក្បាលដីលេខ៧៤ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ បង្កឱ្យខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
កញ្ញា ពេជ្រ ចរណៃ ដែលជាសិល្បៈការិនី ផ្នែកក្បាច់គុនល្បុក្កតោ បានអះអាងប្រាប់សារព័ត៌មាន TP News 24H ថា កញ្ញាគឺជាអ្នកជួលផ្ទះនេះសម្រាប់បើកអាហារដ្ឋាន ឈ្មោះ ពេជ្រ ចរណៃ ល្បុក្កតោ ប៉ុន្តែទើបតែដាក់សម្ភារៈ និងរៀបចំរួច មិនទាន់បានបើកទទួលភ្ញៀវជាផ្លូវការនៅឡើយទេ។ បើតាមកញ្ញា ចរណៃ អគ្គិភ័យនេះ កើតឡើងដោយសារទុសេខ្សែអគ្គិសនី ខណៈការខូចខាតវិញអស់ខ្ទង់ម៉ឺនដុល្លារ ដោយសារទីតាំងនោះមានរៀបចំជាអាហារដ្ឋានម្ហូបខ្មែរ សាលាបង្រៀនល្បុក្កតោ និងកាហ្វេល្បុក្កតោ ហើយកញ្ញាត្រូវសងការខូចខាតទៅម្ចាស់ផ្ទះ តាមរយៈការរៀបចំឬសាងសង់ផ្ទះឡើងវិញផងដែរ។
កញ្ញាថ្លែងបន្តថា៖ «កន្លែងដែលយើងបើកអាហារដ្ឋាននេះ យើងមិនផ្តោតខ្លាំងទៅលើហ្នឹងទេ ប៉ុន្តែខ្ញុំផ្តោតខ្លាំងនោះគឺខ្ញុំរៀបចំជាសាលាបង្ហាត់ក្បាច់គុណបុរាណខ្មែររបស់យើង បានទៅដល់ក្មេងៗដែលជាគោលបំណងធំមួយ ដែលខ្ញុំបានសន្យាជាមួយលោកគ្រូតា កុមារមាស សាន គឹមស៊ាន ដែលគាត់បានទទួលអនិច្ចកម្មទៅ»។
បើតាមទីតាំងនៃចំណុចកើតហេតុនៃគ្រោះអគ្គិភ័យនេះ គឺស្ថិតនៅជាប់ផ្ទះរបស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយ ខណៈលោក កឹម សុខា នៅបន្តតតាំងក្តីប្រឆាំងនឹងបទចោទប្រកាន់នៅឡើយ ជិត៨ឆ្នាំទៅនេះ ដែលពេលនេះ សំណុំរឿងប្តឹងទាស់របស់លោក កឹម សុខា កំពុងទើនៅសាលាឧទ្ធរណ៍នៅឡើយ។
អធិការនគរបាលខណ្ឌទួលគោក លោក ស៊ឹម ពិសិដ្ធ សុំមិនធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍អគ្គិភ័យឆេះហាងជិតផ្ទះ លោក កឹម សុខា នេះទេ ដោយប្រព័ន្ធទូរសព្ទរបស់លោក ត្រូវបានកាត់ផ្តាច់មុនការសាកសួរ។
លោក កឹម សុខា ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងសំណុំរឿងដ៏ចម្រូងចម្រាស ដែលចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន។
យ៉ាងណា ភ្លាមៗ ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការ។
បើតាម សហរដ្ឋអាមេរិក ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា៕









