ជម្លោះរឿងព្រំដែនរវាងកម្ពុជា-ថៃ ដែលផ្ដើមចេញពីការវាយឆ្មក់របស់យោធាថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យទាហានខ្មែរម្នាក់បានពលី ដែលបានរាលដាលទៅជាជម្លោះសេដ្ឋកិច្ច និងវប្បធម៌ ពេលនេះ វិវាទសាច់កម្មនេះ បានរាលដាលទៅជាជម្លោះនយោបាយ រវាងគ្រួសារមេដឹកនាំកម្ពុជា គ្រួសារហ៊ុន និងគ្រួសារមេដឹកនាំថៃ នៃត្រកូលស៊ីណាវ៉ាត់។
តែយ៉ាងណា ប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយ យល់ឃើញថា ទោះរាលដាលដល់ណាក៏ដោយ វិវាទរឿងព្រំដែនរវាងកម្ពុជា និងថៃ នៅតែស្ថិតក្នុងរង្វង់សេនារីយោរបស់អ្នកនយោបាយ។
និស្សិតផ្នែកវិទ្យាសាស្រ្តនយោបាយ លោក គង់ ប៊ុននី ប្រាប់ វីអូឌី នៅថ្ងៃទី១៩ ខែមិថុនាថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហាក់មិនមែនជាវិវាទរឿងបច្ចេកទេស ឬបូរណភាពទឹកដីនោះទេ ប៉ុន្តែគឺជាជំនួញដើម្បីផលប្រយោជន៍នយោបាយ។
លោកលើកឡើងថា បើក្រឡេកមើលពីសាវតា នៃការដឹកនាំរបស់គ្រួសារត្រកូលហ៊ុន ជាង៣០ឆ្នាំមកនេះ កម្ពុជាបាត់បង់ដីគោក និងដែនសមុទ្រជាច្រើន ទៅកាន់ប្រទេសវៀតណាម ដូចជាកោះត្រល់ និងតំបន់ខេត្តជាប់ព្រំដែនមួយចំនួន ហើយករណីនេះ មេដឹកនាំកម្ពុជាមិនបានតវ៉ា ឬប្ដឹងវៀតណាមទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដូចករណីថៃឡើយ។
លោកថា៖ «រឿងប្ដឹងទៅ ICJ ហ្នឹង ខាងគណបក្សប្រឆាំង និងសង្គមស៊ីវិល អ្នកឃ្លាំមើលអីហ្នឹង គេបានលើកឡើងជាហូរហែ ហេតុអីបានមិនធ្វើអ៊ីចឹង ហើយចោទគេចោទឯងទៀត ព្រោះអី? ព្រោះវាមិនទាន់ដល់កាលៈទេសៈ ទាល់តែដល់កាលៈទេសៈមួយដែលគេចង់ធ្វើទៅ ក៏គេដាក់ពាក្យបណ្ដឹងទៅ ហើយក៏គេឃោសនាឱ្យខ្លួនឯងទៀតទៅ ក៏គេបានផលប្រយោជន៍របស់គេមែន។ ប៉ុន្តែលទ្ធផលហ្នឹង មិនរំពឹងថាដូចចិត្តទេ អ៊ីចឹងយើងកុំឱ្យរំពឹងលទ្ធផលបានដូចចិត្តខ្លាំងពេក នាំខកចិត្តទៅវិញទេ»។
ការថ្លែងរបស់និស្សិតរូបនេះ ធ្វើឡើងបន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) ស្ដីពីការស្នើឱ្យកម្ពុជាសម្រួលរឿងបើកច្រកព្រំដែន និងរិះគន់ក្រុមយោធាថៃ កាលពីថ្ងៃទី១៨ ខែមិថុនា។ ការបែកធ្លាយកិច្ចសន្ទនានេះ បានធ្វើឱ្យ អ្នកស្រី ផែថងថាន ប្រឈមនឹងការបណ្ដេញចេញពីតំណែង និងទទួលរងសម្ពាធពីក្រុមយោធាថៃ អ្នកជាតិនិយម និងបក្សប្រឆាំង។
ចំណែក លោក ហ៊ុន សែន វិញ បានទទួលស្គាល់ពីចេតនាថតសំឡេងកិច្ចសន្ទនានេះ និងផ្ញើទៅឱ្យក្រុមការងារ និងមន្រ្តីជំនាញប្រហែល ៨០នាក់ ដោយលោកអះអាងថា ក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ដែលចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ ធ្វើនយោបាយតាម Facebook ជាដើម។
ក្នុងនោះ លោក ហ៊ុន សែន បានលើកឡើងទៀតថា៖ «លោកយល់ និងអាណិតមេដឹកនាំថៃ ប៉ុន្តែលោកមិនអាចយកផលប្រយោជន៍របស់ជាតិ ទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះនេះជាមុខមាត់របស់ប្រទេសកម្ពុជា»។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលបញ្ហានយោបាយ យល់ឃើញថា ការបែកធ្លាយកិច្ចសន្ទនានេះ គឺជាចេតនារបស់លោក ហ៊ុន សែន ផ្ទាល់ មិនខុសពីការបែកធ្លាយសំឡេងរបស់លោកខ្លួនឯង ក្នុងគោលបំណងប្រាប់ទៅប្រជាពលរដ្ឋថា គ្រួសារលោកយកជាតិជាធំ ជាងទំនាក់ទំនងឯកជន។
ពួកគាត់កត់សម្គាល់ឃើញថា ជាទម្លាប់នៅពេល លោក ហ៊ុន សែន បញ្ចេញសារសំឡេងអ្វីមួយ គឺមានគោលបំណងសំខាន់ចំនួនពីរ ទីមួយគឺដើម្បីបំផ្លាញនរណាម្នាក់ និងមួយទៀត គឺដើម្បីទាញយកប្រយោជន៍ផ្នែកនយោបាយ។
គ្រូបង្រៀនម្នាក់ នៅខេត្តប៉ៃលិន លោក ហ៊ុល សៅ យល់ឃើញថា ក្នុងរឿងជម្លោះព្រំដែនជាមួយប្រទេសថៃ កន្លងមកនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ហាក់បានស្ដារប្រជាប្រិយភាពជាច្រើន ឱ្យរដ្ឋាភិបាលរបស់កូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត តាមរយៈការប្រើប្រាស់ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ខណៈក្រោមការដឹកនាំរបស់លោករយៈពេលជាង ១ឆ្នាំមកនេះ ធ្វើឱ្យមានវិបត្តិសង្គម និងសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់។
លោក ហ៊ុល សៅ និយាយថា៖ «ខ្ញុំយល់ថា ជារឿងបាយឡុកបាយឡនយោបាយកិច្ចការព្រំដែនហ្នឹង ព្រោះយូរលង់ណាស់មកហើយ ពួកសៀមវាចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ ដូចជា ប្រាសាទជាដើម ហើយណាមួយរដ្ឋាភិបាលខ្មែរហ្នឹងអត់មានទឹកចិត្តប្ដឹង ដើម្បីបញ្ចប់ គេហៅថាប្ដឹងទៅតុលាការ ICJ»។
វីអូឌី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះបានទេ នៅថ្ងៃទី១៩ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះ គឺកើតចេញពីខាងក្រុមយោធាថៃ ជាអ្នកបង្ករឿងមុន។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ កុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង រដ្ឋាភិបាលទាំងពីរ គួរតែយកយន្តការច្បាប់អន្តរជាតិមកប្រើប្រាស់។
លោកថា៖ «យើងដឹងហើយនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថៃរដ្ឋាភិបាលថៃខ្លួនឯងក៏ជាភាគីមួយក្នុងហត្ថលេខី ដោយទទួលស្គាល់ព្រំដែនកម្ពុជា ទទួលស្គាល់នូវបូរណភាពដែនដីរបស់កម្ពុជាផងដែរ អ៊ីចឹងគប្បីថៃមិនគួរណាវិលវល់នូវការទាមទារចង់បានដី ទឹកដីប្រទេសកម្ពុជានោះទេ»។
ខណៈមេដឹកនាំកម្ពុជា ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋចំពោះការចាត់វិធានការឆ្លើយតបទៅកាន់រដ្ឋាភិបាលថៃហើយនោះ កូនប្រុសពៅរបស់ លោក ហ៊ុន សែន ដែលជាឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហព័ន្ធយុវជនកម្ពុជាផងនោះ បានកៀរគរក្រុមយុវជនប្រមាណ ១៥ម៉ឺននាក់ ឱ្យចូលរួមព្រឹត្តិការណ៍ធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលបងប្រុសរបស់លោក និងកងកម្លាំងជួរមុខកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា។
យោងតាមលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ទៅលើប្រជាពលរដ្ឋគោលដៅចំនួនជាង ១ពាន់នាក់ (១ ៥៨៨ នាក់) មកពីវិស័យផ្សេងៗ បានបង្ហាញថា ប្រជាជនកម្ពុជាជាង៩៣,៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងនោះប្រជាជន ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែន តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ក្នុងចំណោមអ្នកចូលរួមក្នុងសម្រង់មតិខាងលើ មានពលរដ្ឋប្រមាណ ០.២% ប៉ុណ្ណោះ ដែលបានជ្រើសរើសមាគ៌ាសង្គ្រាមក្នុងវិវាទនេះ។ ទោះជាបែបនេះក្ដី ពលរដ្ឋអ្នកឃ្លាំមើលបញ្ហានយោបាយ លើកឡើងថា លទ្ធផលចុងក្រោយនៃជម្លោះនេះ កម្ពុជាអាចនឹងមិនទទួលបានប្រាសាទ និងទឹកដី ដែលថៃរំលោភយកនោះមកវិញនោះឡើយ ព្រោះសំណុំរឿងនេះ មិនដូចទៅនឹងករណីប្រាសាទព្រះវិហារ ដែលកម្ពុជាធ្លាប់ឈ្នះក្ដីតាំងពីឆ្នាំ១៩៦២នោះឡើយ ខណៈករណីជម្លោះព្រំដែនថ្មីនេះ គឺមេដឹកនាំកម្ពុជាមិនឱ្យតម្លៃលើការបង្រួបបង្រួមជាតិតាមស្មារតីរដ្ឋធម្មនុញ្ញ៕