ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅទីនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាព ជុំវិញការរីករាលដាលនៃជម្លោះប្រដាប់អាវុធ រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ដោយថា ជម្លោះនេះ កំពុងវិវត្តទៅរកភាពតានតឹង ប្រកបដោយគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាន។
នេះបើតាមលិខិតមួយច្បាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពនោះ អះអាងថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តនៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
លើសពីនេះ ត្រូវចូលរួមសហការអនុវត្តឱ្យបានម៉ឹងម៉ាត់ តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។
ប្រភពដដែលបញ្ជាក់ថា ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ ត្រូវទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី លោក ហួន សុផាណារ៉ា តាមទូរស័ព្ទលេខ +91 88 60 899 106 និង +855 10 998 654 ឬ(WhatsApp/Telegram)របស់មន្ត្រីនោះ៕









