រដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការពារសុវត្ថិភាពផ្ទាល់ខ្លួន អំឡុងពេលដែលប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងមានភាពតានតឹង និងសង្គ្រាមប្រដាប់អាវុធ។
សេចក្តីអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉េនៃសាធារណរដ្ឋតួកគី ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដែលវីអូឌីទទួលបាននៅថ្ងៃសុក្រនេះ បានលើកឡើងថា ជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង ដោយការវាយប្រហារសងសឹករវាងប្រទេសទាំងពីរ មានទ្រង់ទ្រាយធំ និងមិនទាន់បញ្ចប់នៅឡើយ។
ករណីនេះ ស្ថានឯកអគ្គរាជទូត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញចំនួនពលរដ្ឋខ្មែរ និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ នៅប្រទេសអ៊ីស្រាអែល ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានទេគិតមកដល់ម៉ោងផ្សាយនេះ ខណៈមន្ត្រីស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅអ៊ីស្រាអែល បដិសេធឆ្លើយតប។
ប្រភពហ្វេសប៊ុកឈ្មោះ ដំណឹងកម្ពុជា បានបង្ហោះវីដេអូឃ្លីបរបស់ស្ត្រីខ្មែរម្នាក់ដែលរស់នៅប្រទេសអ៊ីស្រាអែល ខណៈស្ត្រីរូបនោះបានរៀបរាប់កាលពីថ្ងៃទី១៤ ខែមិថុនាថា ក្នុងសង្គ្រាមមីស៊ីលរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ ខាងអ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលធំៗ ដែលគាត់ពុំធ្លាប់ឃើញពីមុន បង្កឱ្យមានការភ័យខ្លាច ខណៈស៊ីរ៉ែនប្រកាសអាសន្នបានលាន់លឺពេញទីក្រុងតែលអាវីវ។
ស្ត្រីរូបនោះ និយាយថា៖ «ខ្ញុំឥលូវនេះកំពុងតែនៅអ៊ីស្រាអែល ហើយថ្ងៃនេះគឺជាថ្ងៃទី១៤ ខែ៦ ឆ្នាំ២០២៥ ម៉ោងនេះគឺថាម៉ោង១ ជិត២ហើយពេលយប់ហើយ អ្នកទាំងអស់គ្នាគឺខ្ញុំអត់ទាន់បានគេងទេ គឺថាមានAlert សារ៉ែនខ្ទរជាប់ៗគ្នា ហើយគ្រាប់ដែលគេបាញ់មកពីអ៊ីរ៉ង់ហ្នឹង គឺធំៗមែនទែន សឹងនិយាយថាអត់ដែលមានទេ នេះជាលើកទី១ហើយដែលគ្រាប់ធំៗបាញ់ធ្លាក់នៅចំទីក្រុងតែលអាវីវ ព្រោះអីខ្ញុំនៅទីក្រុងតែលអាវីវ និយាយពីថាអ្នកទាំងអស់ លឺខ្លាំងមែនទែន លឺឡើងរង្គើអគារ ខ្ញុំនៅជាន់ខ្ពស់ ខ្ញុំនៅជាន់ទី៣០ជាង ចឹងមានអារម្មណ៍ថាវាលឺខ្លាំងមែនទែន ភ័យខ្លាំងណាស់អ្នកទាំងអស់គ្នា ព្រោះមុនមកមានជម្លោះជាមួយលីបាណន់ ហ្គាហ្សាអី បាញ់គ្រាប់តូចៗទេ តែលើកនេះអត់ទេគ្រាប់ធំៗខ្លាំងមែនទែន»។
កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានជួយអន្តរាគមន៍ និងផ្តល់ស្បៀងអាហារ និងការស្នាក់នៅសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសិស្សនិសិ្សតដែលសិក្សា និងរស់នៅប្រទេសអ៊ីស្រាអែលផងដែរ ដែលអំឡុងពេលនោះ មានការប្រយុទ្ធគ្នាដោយអាវុធ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។
បើតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅអំឡុងពេលនោះ មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណជា ៤៥០នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាព កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសាររងគ្រោះពីការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នោះ៕