កម្សោយនៃប្រព័ន្ធ​យុត្តិធម៌​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ពី​វិបត្តិ្ក​ពលករ​ហូរ​ចូល​កម្ពុជា​ក្រោម​កម្តៅ​ព្រំ​ដែន

អ្នកឃ្លាំមើល​ព្រមាន​ពី​​វិបត្តិ​គ្មាន​ការ​ងារ​ធ្វើ ក្រោយ​មាន​ចរន្ត​ពលករ​ខ្មែរ​ដែល​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​វិល​ចូល​ស្រុក​​វិញ ​បើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នៅ​ទន់​ខ្សោយ​ញាំ​ញី​ដោយ​អំពើ​ពុក​រលួយ​ ដែល​ជា​ដើម​ចម​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​វិនិយោគ​ល្អៗ​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា។

ការព្រមាននេះ​ ចំពេល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ជំរុញ​ឱ្យ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន អំពា​វ​នាវ​ឱ្យ​ពលករ​ខ្មែរ​ឆាប់​ត្រឡប់​មក​ស្រុក​វិញ ឱ្យ​បាន​មុន​ថៃ​បណ្តេញ​ចេញ និង​រង​ការ​មាក់​ងាយ។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិ​ប​តេយ្យ អ្នក​ស្រី មួរ សុខ​​ហួរ មើល​ឃើញ​ថា កម្ពុជា​នឹង​​​ប្រឈម​វិបត្តិ​អត់​ការ​ងារ​ធ្ងន់​ធ្ងរ បើ​​​​​ពលករ​​ខ្មែរ​​​ជាង​​​​១លាន​នាក់​​​​​​នៅ​​​ថៃ​​វិល​​ត្រឡប់​​មក​​កម្ពុជា​​​​វិញ។

ក្នុងន័យនេះ អ្នកស្រីថា ដើម្បី​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​ល្អៗ​ពី​សហគមន៍​អន្តរ​ជាតិ​បាន​ ទាម​ទារ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ស្អាត​ស្អំ គ្មាន​អំពើ​ពុក​រលួយ និង​ប្រព័ន្ធ​នីតិ​រដ្ឋ​រឹង​មាំ រួម​ទាំង​បោស​សម្អាត​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ជា​ដើម។

អ្នកស្រីថា៖ «អ្វីដែលជា​សុវត្ថិ​ភាព កា​រធានា​ទៅ​ដល់​អ្នក​វិនិយោគ​ធំៗ គឺ​ការ​បំបាត់​ចោល​អំពើ​ពុក​រលួយ​ហើយ​និង​ធន​ធាន​មនុស្ស​ដែល​មាន​សក្ដានុ​ពល​ដែល​មាន​មុខ​ជំនាញ។ មុខ​ជំនាញ​ហ្នឹង មិន​មែន​ជំនាញ​ការ​ងារ​ធម្មតា​ទេ! បច្ចេក​ទេស​ខ្ពស់​ឥឡូវ​ហ្នឹង។ នៅ​ប្រទេស​វៀត​ណាម ខាង​គេ ​គេ​មាន​ទាំង​អស់​នេះ នីតិ​រដ្ឋ ធន​ធាន​មនុស្ស​ដែល​មាន​មុខ​ជំនាញ​រហូតទៅ​ដល់​មុខ​វិជ្ជា​ខ្ពង់​ខ្ពស់ ហើយ​គេ​មាន​តុលាការ បើ​មាន​បញ្ហា​អី​ តុលាការ​គេ​មិន​មែន​ជា​តុលាការ​នយោបាយ​ តុលាការ​ពុក​រលួយ​ដូច​នៅ​ប្រទេស​កម្ពុជា»

បើតាមអ្នកស្រី មួរ សុខហួរ ការ​វិល​ត្រលប់​របស់​ពលករ​ខ្មែរ​នៅ​​ពេល​នេះ គួរ​តែ​ជាកា​រ​វិល​ចូល​ស្រុក​ជា​រៀង​រហូត មិន​គួរ​ឱ្យ​ចាក​ចេញ​បែក​បាក់​គ្រួសារ​នៅ​ប្រទេស​ថៃ​ទៀត​នោះ​ឡើយ​។

ក្នុងន័យនេះ អ្នកស្រីថា នៅចំពោះមុខនេះ ពួកគេ​គួរ​ទទួល​បាន​ការ​ងារ​មាន​ប្រាក់​ឈ្នួល​សមរម្យ​ ការ​តម្រង់​ទិស​វិជ្ជា​ជីវៈ ជម្រក​ស្នាក់​នៅ​ ម្ហូប​អាហារ ជំនួយ​គាំទ្រ​ផ្នែក​សន្តិសុខ​សង្គម​ផ្សេង​ទៀត​ ដើម្បី​កសាង​ជីវិត​ឡើង​វិញ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ។

តាម​​​រយៈ​ការ​​ថ្លែង​​សារ​ពិសេស​​​ថ្ងៃ​​ទី​១៦ ខែ​​​មិថុនា​​នេះ លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​​សភា បាន​​ប្រកាស​​​​ជាថ្មី​​​ដល់​​ប្រជា​​ពលរដ្ឋ​​​ខ្មែរ​​​ដែ​ល​​​កំពុង​​​រស់​​នៅ ឬ​​ធ្វើ​ការ​​នៅ​​​ក្នុង​​ប្រទេស​​ថៃ ត្រឡប់​​​ម​ក​​ប្រទេស​​​កម្ពុជា​​វិញ ដោយ​​​មិន​​អាច​នៅ​ឲ្យ​ក្រុម​ជ្រុលនិយម​​ថៃ​ប្រមាថ​មើល​ងាយ​បាន​​ឡើយ​។

លោក​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​លិខិត​ស្នាម​ ​អា​ច​ធ្វើ​ដំណើរ​​មក​កម្ពុជា​​វិញ​​​បាន គឺ​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​​​ទទួល​​​យក​ទាំង​​អស់ ដោយ​​​​​មិន​ត្រូវ​ការ​​លិខិត​​ស្នាម​​​នោះ​ទេ​​ ហើយ​​​ក្នុង​ករណី​​ពលរដ្ឋ​​ខ្មែរ​​ធ្វើ​​ការ​​​នៅ​​ថៃ ហើយ​​គ្មាន​​​លិខិត​ស្នាម អាច​​ទៅ​រក​​លិខិត​​ស្នា​​ម​នៅ​ស្ថាន​​ទូត ឬ​​កុង​ស៊ុល​​កម្ពុជា​ប្រ​ចាំ​នៅ​​ប្រទេស​​ថៃ​​បាន​​។

យ៉ាងណា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់ អ្នកស្រី មួរ សុខ​ហូរ បាន​ចេញសេច​ក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ អាច​ជា​ចំណុច​របត់​មួយ​សម្រាប់​ជំរុញ​កំណែ​ទម្រង់​អភិបាល​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការ​វិនិយោគ​ក្នុង​ស្រុក​ដែល​នឹង​នាំ​ទៅ​ដល់​ការ​បង្កើន​ការ​ងារ​មាន​ប្រាក់​ឈ្នួល​អាច​ចិញ្ចឹម​គ្រួសារ និង​រស់​នៅ​ដោយ​ភាព​ថ្លៃ​ថ្នូរ រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែង​រក​ការ​ងារ​នៅ​ក្រៅ​ប្រទេស។

ប្រភពនោះ បានយោងតាមរបាយការណ៍របស់ក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ មក​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​បរទេស​ បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​រហូត​ដល់ ២.៩៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤។ តួលេខ​នេះ មិន​បាន​បញ្ចូល​ពលករ​ចំណាក​ស្រុក​ជា​ច្រើន​ទៀត ដែល​ធ្វើកា​រ​មិន​ស្រប​ច្បាប់​នៅ​បរទេស ក្នុង​នោះ​មាន​ប្រទេស​ថៃផ​ង​ដែរ។

សម្រាប់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិប​តេយ្យ ចាត់​ទុក​ចំនួន​ពលករ​ខ្មែរ​ចំណាក​ស្រុក​នេះ​ច្រើន​បែប​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​គ្មាន​ការ​ងារ​ធ្វើ កង្វះ​ការ​ងារ​មាន​ប្រាក់​ឈ្នួល​អាច​ចិញ្ចឹម​គ្រួសារ និង​រស់​នៅ​ដោយ​ភាព​ថ្លៃ​ថ្នូរ ភា​ព​ក្រី​ក្រ និង​កង្វះ​អភិបាល​កិច្ច​នៅ​មាតុភូមិ​កំណើត។

យ៉ាងណា ​ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​អះ​អាង​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ថា ក្រសួង​​បា​ន​​​ត្រៀមរួច​​រាល់​ទាំ​ង​​ការ​ផ្តល់​​ឱកាស​​ការ​ងារ និង​​ការ​បណ្តុះ​​បណ្តាល​​ជំនាញ​​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ដល់​ប្រជា​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​​មាន​​បំណង​​វិល​ត្រឡប់​​មក​ស្រុក​​កំណើត​វិញ។

លោក​ថា៖ «យើងមាន​បងប្អូន​យើ​ងនៅទីនោះ[ថៃ​]​ប្រហែល​​ជាង ១លាននាក់ ហើយ​​ឥឡូវ​នេះ​​យើង​​មាន​កម្ម​វិធី​​បណ្តុះ​​បណ្តាល​​របស់​​យើង​ ១លាន​៥សែន​​នាក់ អីចឹង​បើ​សិនជា​មានករណី​ណាមួយ ដែលបងប្អូន​ចង់​ត្រឡប់​មក​វិញ បងប្អូន​​​​​ចង់​ស្វែ​ងរក​ការ​ងារ​ធ្វើ​ក៏បាន ដូច​ដែល​ក្រ​សួង​បាន​បញ្ជាក់ជូន​យប់​មិញ​ចឹង ​ឥឡូវនេះ នៅទូទាំង​ប្រទេស យើង​គិត​ត្រឹម​ម៉ោង​៦​ថ្ងៃ​ម្សិលមិញ​ យើង​​មានការ​ងារ​ជាង២៣ម៉ឺន​កន្លែង​​នៅក្នុងប្រទេស​របស់យើង ហើយ​ក្រសួង​នឹង​បន្ត​សម្រប​សម្រួល​​ប្រមូល​​​​ព័ត៌​​មាន​​នេះ​បន្ថែម​ទៀត ដែលវា​សមល្មម​អាច​ទទួលយក​​​​បង​​ប្អូន​​ប្រជាពលរដ្ឋ​យើង​ដែល​ចង់​ត្រឡប់​មក​វិញ»។

ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់​ត្រាល់ លោក ឃុន ថារ៉ូ និយាយ​ថា បញ្ហា​សេដ្ឋ​កិច្ច​ បញ្ហា​បំណុល និង​ប្រាក់​​ឈ្នួល​ទាប ជាដើម​ចម​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ទាំង​ប្រឈម​ការ​លំបាក។

សម្រាប់ លោក ថារ៉ូ កត់​សម្គាល់​ថា មក​ទល់​ពេល​នេះ ទោះ​មាន​ការ​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​ត្រលប់​មក​កម្ពុជា​វិញ​ក្តី​ តែ​លោក​ថា​ពួក​គេ​មួយ​ចំនួន​ហាក់​នៅ​រារែក​ចិត្ត​ មិន​ទាន់​វិល​ត្រលប់​មក​កម្ពុជា​ទេ​ ដោយ​សារ​តែ​បារម្ភ​អត់​ការ​ងារ គ្មាន​លុយ​បង់​ធនាគារ។

លោកថា៖ «ខ្ញុំគិតថា ខណៈពេលដែលទីផ្សាររបស់យើង វា​នៅ​មាន​កម្រិត​ ហើយ​ប្រាក់​ឈ្នួល​របស់​យើង​នៅ​មាន​កម្រិត​ ប្រព័ន្ធ​គាំពា​រ​សង្គម​របស់​យើង​នៅ​ខ្សោយ​ប្រសិទ្ធ​ភាព​ នៅ​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​ហ្នឹង​​នៅ​មាន​កម្រិត​ ដើម្បី​ធានា​ថា​ពួក​គាត់​ត្រលប់​មក​វិញ​ មាន​ការ​ងារ​ធ្វើ​ទាន់​ពេល​វេលា​ ព្រោះ​ធម្មតា​ការ​សម្ភាស​ន៍​នី​តិ​វិធី ទោះ​បី​តែ​ក្រសួង​មាន​ការ​ដាក់​ចល័ត​ទីភ្នាក់​ងារ​(TVET) ទៅ​តាម​តំបន់​ទីតាំង​ឲ្យ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​សម្ភាសន៍ ឬ​ក៏​ទីតាំង​ដែល​គាត់​ធ្វើ​ការ​ងារ ឬ​ក៏​ទី​កន្លែង​ការ​ងារ​ហើយ​និង​ជំនាញ​នេះ​ក៏​ជា​ឧបសគ្គ​ដែរ»។

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ធ្លាប់​​ប្រា​​ប់​វី​អូឌី​​ថា ប្រព័ន្ធ​​យុត្តិធម៌​​ខ្សោយ ជា​ដើម​ហេតុ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ​បាន ដែល​ទី​បំផុត​វា​នឹង​គំរាម​​កំហែង​​ជីវភាព​ពលរដ្ឋ និង​វិនិយោ​គិន ដែល​ជា​ប្រភព​ឆ្នាំង​បាយ​ពលរដ្ឋ​ទូទាំង​ប្រទេស។

លោកថា៖ «ឯករណីមួយទៀត គួរតែកែ​ប្រែ​គោល​​ការណ៍​​ច្បាប់​មួយ​ចំនួន​​នៅ​​កម្ពុជា ដែ​ល​​ខ្វះ​ខាត​ដូច​​ជា​ច្បាប់​​ប្រកួត​ប្រជែង​​ដោយ​​សេរី យន្ត​​ការ​​តម្លា​ភាព ដូច​ជា​ការ​អំពើ​ពុក​លួយ​ហ្នឹង​ គួរ​រឹ​តត្បិត​កាត់​បន្ថយ​​ឱ្យ​ច្រើន​មែន​ទែន ហើយ​អាហ្គេម​អន​​ឡាញ​​ដែល​​ល្បី​ល្បាញ​ ចាប់​​ជំរិត គួរ​លុប​បំបាត់​ ដើម្បី​​កុំ​ឱ្យ​អ្នក​​វិនិយោ​គិន​​គេ​ខ្លាច​​រអា​មក​​កម្ពុជា ហើយ​​ប្រព័ន្ធ​យុត្តិ​​ធម៌​កម្ពុជា​​គួ​រពង្រឹ​​ង​ឲ្យ​មាន​​យុត្តិធម៌​​ពិត​ប្រាកដ​ ​ដែល​​ជា​​ទីពឹង​​របស់​​អ្នក​វិនិយោ​គិន»។

ជិត​១០ឆ្នាំ​មុន ពោល​គឺក្នុងឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​មាន​​អ្នក​គាំទ្រ​​ជិត​​​ពាក់​​កណ្តាល​​​ប្រទេស ក៏ត្រូ​វ​​បាន​​តុលាការ​​កំពូល ដែល​​មាន​​ចៅក្រម​កាត់​ក្តី​ជា​​សមាជិក​​បក្ស​​​កាន់​​អំណាច​​​ផង​​​នោះ បាន​​ចេញ​​សាល​​ដីកា​​រំលាយ​​បក្ស​​ប្រឆាំង​​មួយ​នេះ​ ​ចេញ​​ពី​​ទីលាន​​នយោ​​បាយ​។ មេដឹក​​​​នាំ​​​​បក្ស​​សង្រ្គោះ​​ជាតិ លោក កឹម សុខា ត្រូវ​ឃុំខ្លួន​ ក្រោម​​ការ​ចោទ​​​ថា​​គប់​គិត​​ជាមួយ​បរទេស​​ផ្តួល​​រំលំ​​រដ្ឋាភិ​បាល រី​​ឯ​​លោក សម រង្ស៊ី ត្រូវ​​និរទេស​​ខ្លួន​​នៅ​ក្រៅ​ប្រទេស​​រហូត​​មក​ដល់​បច្ចុប្បន្ន​។

ក្នុង​​ស្ថាន​ភាព​​នោះ សហគមន៍​អន្តរ​ជាតិ បាន​ដក​​​ប្រព័ន្ធ​​​​​អនុគ្រោះ​​​​ពន្ធ EBA និង GSP ២០% ពី​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​មិន​​អើពើ​​ស្តារ​​ប្រជា​ធិប​តេយ្យ ពី​​សំណាក់​រដ្ឋាភិបាល​​គណបក្ស​​​​កាន់​​អំណាច។

បើគេ​សង្កេត​​ទៅ​​លើ​របាយ​​ការណ៍​នានា ត្រឹម​រយៈ​ពេល​១០​ឆ្នាំ បាន​​បង្ហាញ​​ថា កម្ពុជា​​នៅ​​បន្ត​ស្អុយ​​ឈ្មោះ​​លើ​​ឆាក​​អន្តរ​​ជាតិ ពី​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​​ជាប្រ​​ព័ន្ធ ប្រព័ន្ធ​នីតិ​​រដ្ឋ​ទាប និង​មាន​​អំពើ​​ពុក​​រលួយ​​ខ្ពស់ ជាប់​​គ្នាជិ​ត​​១០​​ឆ្នាំ បើ​​បៀប​​ធៀប​នឹង​​ប្រទេស​​ក្នុង​​តំបន់​​​អាស៊ាន ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ច្រើន​​លាន​​នាក់ ​ញាំញី​​ដោយ​វិបត្តិ​បំណុល រួមទាំងការរីករាលដាលនៃបទឧក្រិដ្ឋចាប់ជំរិត។

របាយ​ការណ៍​ថ្មីមួយ​របស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​​​នេះ រក​​ឃើញ​​ថា កម្ពុជា​​ជាប់​ចំណាត់​​ថ្នាក់​​អំពើ​​ពុក​​រលួយ​​កាន់​​តែ​អាក្រក់​​​ក្នុង​​ឆ្នាំ​​​២០២៤ ដែល​​​​ទាម​ទារ​ឱ្យ​កម្ពុជា​​​ដោះ​​ស្រាយ​​​​បញ្ហា​នេះ​ជាប្រព័ន្ធ​ និង​ទ្រង់​ទ្រាយ​​ធំ។

បើតាមរបាយការណ៍នេះ កម្ពុជា ជាប់ចំណាត់ថ្នាក់​មាន​អំពើពុក​រលួយ​​អាក្រក់​ជិត​១០​ឆ្នាំ​​ជាប់​គ្នា ដោយ​​សារ​តែ​ឥទ្ធិពល​​​នយោបាយ ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិ​ធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ