ការរួមគ្នា​ការពារទឹកដី​ប៉ែក​ខាង​លិច​ជា​រឿង​ល្អតែ​​​កុំ​ភ្លេច​អ្នក​​ខាង​កើត​ព្រោះ​គេ​ថា​ជា​​គ្រោះ​ថ្នាក់​​​ធំ​ជាង

ខណៈ​ដែល​​រដ្ឋាភិបាល​​បាន​ដាក់​ពាក្យ​​ប្តឹង​​ប្រទេស​ថៃ​ ទៅ​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​(​ICJ) ចំពោះ​​​ការ​​ឈ្លាន​​ពាន​​ទឹក​ដី​​ខ្មែរ​​នៅ​​តំប​ន់​​មុំ​បី​ ប្រាសាទ​តាមាន់​ធំ ប្រាសាទ​​តាមាន់​តូច ​និង​​ប្រា​សាទ​​តា​​ក្របី ​បាន​​ធ្វើ​ឱ្យ​ប្រ​ជា​ជាតិខ្មែរ​​​​សាទរ​​យ៉ាង​​ខ្លាំង។

ប៉ុន្តែ​យ៉ាងណាក្តី ​អ្នក​​នយោបាយ​​​ប្រឆាំង​​និង​​ពលរដ្ឋ​​ខ្មែរ​​មួយ​​ចំនួន ​ក៏​បាន​​ជំរុញ​​​ឱ្យ​រដ្ឋាភិបាល​​ត្រូវ​យក​​ចិត្ត​ទុក​​ដាក់​​លើ​​​បញ្ហា​​ព្រំ​ដែន​​ខាង​​កើត​ឱ្យ​បាន​​ខ្លាំង​​ផង​ដែរ ដោយ​​មើល​​ឃើញ​ថា វៀតណាម​មាន​​ហានិ​ភ័យ​​ខ្ពស់​​ជាង​​ថៃ​ ក្នុង​​ការ​​ប្រើ​​គ្រប់​​វិធី​​ដើម្បី​​ឈ្លាន​ពាន​​ទឹក​ដី​ខ្មែរ​។

ផ្តើមចេញពីបញ្ហានេះ ប្រជានេសាទ​ខ្មែរ​នៅ​ខេត្ត​​ជាប់​​មាត់​សមុទ្រ ​បាន​​និយាយ​​ថា បច្ចុប្បន្ន​​កោះ​ឫស្សី និង​​កោះ​​​មួយ​ចំនួន​​ទៀត​ ដែ​​ល​​មា​ន​ចម្ងាយ​​ប្រមាណ​ ៣គីឡូ​ម៉ែត្រ ​​​​ពី​ខេត្ត​ព្រះ​​សីហនុ​ ត្រូវ​បាន​​ជន​​ជាតិ​​វៀត​​ណាម​​ចូ​ល​​មក​​រស់​នៅ​​ពេញ​អស់​​​​ហើយ ហើយ​​ទូក​នេសាទ​​វៀតណាម​​រាប់​​ពាន់​​គ្រឿង​ បាន​​ចូល​​មក​​​ធ្វើ​នេសាទ​ដោយ​​សេរី​​នៅ​​ពេញ​​ដែន​​សមុទ្រ​ខ្មែរ។

ប៉ុន្តែ​ទាំង​អាជ្ញាធរ ​និង​រដ្ឋាភិបាល​កម្ពុជា​ ​បែរ​​ជា​នៅ​​ស្ងៀម​​ស្ងាត់​ មិន​​ឃើញ​​មាន​​ប្រតិកម្មខ្លាំង​ក្លា​ ដូច​ការ​​​ចាត់​​វិ​ធា​ន​ការ​​ទ​ប់​ទល់​​ទៅ​​នឹង​ការ​​រំលោភ​ឈ្លាន​​ពាន​​ព្រំដែន​​ខាង​​លិច ​ពី​សំណាក់​ប្រទេស​ថៃនោះ​ឡើយ។

នៅលើ​ហ្វេសប៊ុក​ឈ្មោះ​ ផន ផាណា (Phan Phana) បាន​បង្ហោះ​​វីដេអូ​ឃ្លីប​មួយ​ ​កាល​ពី​ថ្ងៃ​ទី​​១៧ ​ខែ​មិថុនា ​ឆ្នាំ​២០២៥​ ដោយ​​មា​ន​​ប្រជា​នេសាទ​​ខ្មែរ​​ម្នាក់ ​បាន​​និយាយ​រៀប​រាប់​​​និង​​​​​ចង្អុល​​បង្ហាញ​​ពី​​កោះ​​ឫស្សី​ និង​កោះ​មួយ​ចំនួន​ទៀត​ថា កោះឫស្សី​មាន​ចង្កោម​កោះជាច្រើន ​ដែល​កោះ​​ខ្លះ​មាន​​ចម្ងាយ​​ប្រមាណ​​តែ ​៣​គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះ ​ពីខេត្ត​​ព្រះ​សីហនុ​។ ប៉ុន្តែ​ឥឡូវ​ជន​ជាតិ​យួន​បាន​ចូល​មករស់​​នៅ​ពេញ​កោះ​ទាំង​នោះ​​​អស់ហើយ​។

លោកថា៖ «នេះកោះឫស្សី កោះឫស្សី​វាប្រជុំកោះ​ កន្លែង​ហ្នឹង​កោះ​ច្រើនតែម៉ាហ្វូងហ្នឹងវាអស់ ហីអាតូច​នេះកោះ​ក្រចក​​សេះ ហីអា​នេះ​កោះ​ពោធិ៍ កោះ​ត្បាល់​ហី​ កោះ​​ទន្សាយ​​អាហ្នឹង​​ជិ​ត​ហ្នេ​​ប្រហែ​ល​​​​​ជា​៣​គីឡូ​​​ពី​យើង​។ អានេះ​​កោះ​ត្បាល់ កោះ​ពោធិ៍ កោះ​ក្រច​ក​សេះ កោះ​ឫស្សី មាន​​​អី​ហ្ស៊ូម​​មើល​​ទៅ​​ឃើញ​ហើយ​ ​តែប្រ​ជា​ជន​យួន​​នៅ​ពេញ​​អស់​​ហើយ កោះ​ឫស្សី ហី​ណោះ​​យួន​នៅ​​ឯណោះ​​ហ្ន ឆ្ងាយ​ណាស់​មើល​​មិ​ន​​ឃើញ​​ផង ហី​មក​យក​​ដី​យើ​ង​នៅ​តឹង​ណឹង​មើ! វា​ហួស​​ហេតុ​​​ហើយ​​​ហី​អានោះ​កោះ​ត្រល់។ អានោះ​​​បើ​ឈរ​នៅ​កែប​​យើង​មើល​ទៅ​លិច​វិញ ហីយួ​ន​​នៅ​ឯណា​ឯណី​ណោះ​​នៅ​ឆ្ងាយ​​ណាស់​៥០​គីឡូពី​យើង ហីយើ​ង​នៅ​ត្រង់​​ណឹង​​​ហ្នឹង បើ​យើង​​ឈរ​នៅដី​កែប​​ប្រហែល​ជា​១៣​គីឡូ​កោះ​ត្រល់»

ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​វិដេអូឃ្លីប​មួយ​ផ្សេង​​ទៀត​ នៅ​​ថ្ងៃទី​១៩ ​ខែមិ​ថុនា ​ឆ្នាំ​​២០២៥ ​ដោយ​​​អ្នក​នេសាទ​ខ្មែរ​ម្នាក់​​ទៀត​ បាន​​និយាយ​​សម្តែង​​ពី​កា​រ​​ឈឺ​ចាប់​ ដែ​ល​​បច្ចុប្បន្ន​​ជន​​ជាតិ​​​យួន​​បាន​​ចូល​​មក​រស់​​​នៅ​​ពេញ​​លើ​​កោះ​​ខ្មែរ​ទាំង​នោះ​​។

បុរស​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​រូប​នេះ​ និយាយ​​ថា បើទោះ​បីជាមាន​ការ​​ឈឺចាប់​​ក្នុង​នាម​ជា​ខ្មែរ ប៉ុន្តែ​​មិន​​មាន​​​ពលរដ្ឋ​​​ខ្មែរ​​ណា​​ហ៊ាន​​និយាយ​​ពី​បញ្ហា​​យួន​​ ​​ចូល​​មក​​រស់​​នៅ​​​ពេញ​កោះ​​ខ្មែរ​​​នេះ​​ទេ ​ខ្លាច​គេ​ចាប់​​ដាក់​គុក។ និយាយ​​រឿង​ទឹកដីខ្លួន​ឯងសោះ​និយាយ​មិនបាន។

លោកថា៖ «នៀក​​ប​ង​មើល​មើ អ្នក​ដែល​មាន​ខួរ​ក្បាល​​ជា​ខ្មែរ​ឈឺចាប់​​ណាស់​ ​ឃើញ​កោះ​ ប៉ុន្តែ​អ្នក​មក​​លេង​ទី​​នេះ​ គាត់​​អត់​ដឹង​ថា​កោះ​​យើង​​ឬ​កោះ​​យួន​ទេប​ង​ ពេល​​គាត់​​ម៉ោ​គាត់​​ដឹង​ថា កោះ​​យើង​​ទាំង​អស់ អើ​វា​​ជិតៗហ្នឹ​ង មើល​នែក​​​អានេះ​ជិ​ត​មែន​​ទែន​ ​ហ្ស៊ូម​​មើល​​ឃើញ​​អា​នេះ​កា​ម៉េរ៉ា​​ ខ្ញុំ​អត់​ច្បាស់​ទេ​ ​បើ​ច្បាស់​មើល​​ឃើញ​​ច្បា​ស់​​ជាង​ហ្នឹង ​​ដោយ​សារ​​ទូរសព្ទ​​ខ្ញុំ​វា​អន់​​​វា​ចាស់»

លោក​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​អ្នក​នេសាទ​ខ្មែរ​រកត្រីលែង​បាន​​ហើយ​ ដោយ​​សារ​​តែ​យើង​​នេសាទ​​បាន​​តែ​នៅទឹក​រាក់ៗ មិន​​អាច​​ចូល​​ទៅ​​នេសាទ​នៅទឹកជ្រៅ​បាន​ទេ។

កោះឫស្សី គឺជាកោះមួយ​ក្នុងចំនោមកោះតូចៗ​នៅឈូងសមុទ្រ​ថៃ ដែល​មានចម្ងាយ​​ប្រហែល ៤,៥គីឡូ​ម៉ែត្រ​ ​​ពីឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ភាគខាងត្បូង។ កោះនេះ​គ្រប់គ្រង​ដោយស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើ​យោង​តាម Wikipedia។

វីអូឌី​មិន​អាច​ទាក់​ទង​ លោក ​ឡុង ឌីម៉ង់ ​អ្នក​​​នាំពា​ក្យ​​រដ្ឋបាល​​ខេត្ត​​ព្រះ​សីហនុ ដើម្បី​​ស្នើសុំ​​ធ្វើ​អត្ថាធិ​ប្បាយលើ​​បញ្ហា​​​នេះ​​បាន​​ទេ​ ​នៅ​ថ្ងៃ​​​ទី​២០ ​ខែ​មិថុនា​នេះ។

ពលករខ្មែរម្នាក់​ដែល​កំពុង​ធ្វើការ​នៅប្រទេសកូរ៉េ​ បាន​​និយាយ​​​នៅ​លើ​​ហ្វេស​ប៊ុក​​របស់​​ខ្លួន​ ​ឈ្មោះ​​Bor​a Battambang តាម​​រយៈ​​វីដេអូ​ឃ្លីប​​ថា រវាង​​ជន​ជាតិ​​យួន ​និ​ងជ​ន​ជាតិ​ថៃ ជន​ជាតិ​​​ថៃមិ​នគួ​រ​​​ឱ្យ​ខ្លាច​​ជាង​​ជន​ជា​តិ​​​យួននោះ​ទេ​ ថៃ​​ចង់​​បាន​​ដី​យើង​​មែន ​ប៉ុន្តែ​​មិន​​បាន​​បញ្ជូន​​ជន​​ជាតិ​​ខ្លួន​ឱ្យម​ក​​រស់​នៅ​​លើ​ទឹកដី​យើង​ ដូច​​យួន​​នោះ​ទេ។

លោកថា៖ «យួន​មិន​ដែលបង្ហាញចេតនា​​ឱ្យអន្តរជាតិ​ដឹង​ថា យួន​​ចង់​បាន​​​ដី​ខ្មែរ​ទេ តែ​យួន​​បញ្ជូន​​ប្រជា​​ជន​មក​​នៅ​ពេញ​​ទន្លេ​សាប​ មក​​នៅ​​ពេញ​​ច្បារ​អំពៅ​ មក​នៅ​​ពេញ​​សឹង​​តែ​គ្រប់​កន្លែង​នៅ​​ប្រទេស​​យើង។ នៅ​យូរ​ៗ​ទៅ​​លេប​ប្រទេស​​ឯង​បាត់​​ដូច​កម្ពុជា​ក្រោម ​និ​ងលេប​ប្រទេស​ចំប៉ា​​ដែរ»

បន្ថែមពីនេះ លោក ​បូរ៉ា ​បាន​​ជំរុ​ញ​ឱ្យ​ប្រជាជាតិ​ខ្មែរ ​ត្រូ​វ​មាន​​ការ​​ប្រុងប្រយ័ត្ន​​ខ្ពស់​​ក្នុង​​ការ​​ការ​​ពារ​​ទឹក​ដី​​​របស់​ខ្លួន​ ​ដោយ​​​លើក​ឡើង​​ថា ថៃ​ក្តៅ​​តែ​ស៊ីរាក់​ទេ ចំណែក​​យួន​​ត្រជាក់​​តែ​ស៊ី​​ជ្រៅ​ ស៊ី​យូរៗ​​​ទៅ​អាច​​នឹង​អស់​ប្រទេស​កម្ពុជា​​​ទាំ​ង​មូល បើខ្មែរ​មិន​រួបរួម​សាមគ្គីគ្នា​ការពារ​ទឹកដី​។

​គេ​ហ​ទំព័រ​អង្គការ​មាតាធម្មជាតិកម្ពុជា ​(Mother Natural Cambodia) បាន​​ចេញ​ផ្សាយ​​វីដេអូ​​មួយ​ ​កាល​ពី​​​​ថ្ងៃ​​ទី​​២៦ ខែ​​ឧសភា ឆ្នាំ​២០២៥ ដោយ​បាន​បង្ហាញពីការ​​រក​​ឃើញ​​ថា ​មា​ន​​ទូក​នេសាទ​​វៀត​​ណាម​​យ៉ាង​តិច​ ១០៦៦​​គ្រឿង​ បាន​​ចូល​​នេសាទ​​ក្នុង​​សមុទ្រ​​កម្ពុ​ជា ​ចាប់​​​ពី​​ឆ្នាំ​​២០២១ ដល់​ឆ្នាំ​២០២៥​។​ បទ​ល្មើស​នេសាទ​​នេះ ​កើត​​ឡើង​​នៅ​​ខេត្ត​​កំពត​ ខេត្ត​​ព្រះ​សីហនុ ​និងខេត្ត​កោះកុង​។​

នៅ​ក្នុង​បទ​សម្ភាសន៍​​ជាមួយ​​​​វិទ្យុ​បារាំង​​អន្តរ​​ជាតិ​ RFI​ កាល​ពីថ្ងៃ​ទី​​២៧ ​ខែ​ឧសភា ​ឆ្នាំ​​២០២៥​ ស្ថាបនិក​​អង្គការ​​ចលនា​​មាតា​​ធម្ម​ជាតិ ​លោក អាឡិច​ហាន់​ដ្រូ ​ហ្គន់​សាឡេស​ ដេវីដ​​សុន បាន​​អះ​អាង​​ថា ​អ្ន​ក​​នេសាទ​​វៀត​ណាម​បាន​សារ​ភាព​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា​ ពួក​គេ​អាច​ចូល​មក​ធ្វើការ​នេសាទ​នៅក្នុង​ដែន​​ទឹក​កម្ពុជា​ដោយ​​សេរី​។​

រហូត​មក​ដល់ពេលនេះ គេមិន​ទាន់​ឃើញ​​ក្រសួង​កសិកម្ម ​​​រុក្ខាប្រមាញ់​ និង​នេសាទ រួម​​ទាំង​​អាជ្ញាធរ​កម្ពុជា​​ពាក់​ព័ន្ធ​ ​មាន​​ប្រតិ​កម្ម​​យ៉ាង​​ណា ចំពោះ​​ការ​​លើក​​ឡើង​​របស់​​ប្រជា​ពលរដ្ឋ ​និង​​ការ​​ចេញ​ផ្សាយ​​របស់​​អង្គ​ការមាតា​​ធម្មជាតិ​​ខាង​លើ​​នេះ​​​នៅ​ឡើយ​​ទេ​។​

នៅក្នុង​រយៈ​ពេល​ជាច្រើនថ្ងៃកន្លងមក​នេះ ទាំង​លោក ​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​សភា​ និង​​​ជា​​ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុជា​ ​និ​ង​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ាណែត​ ​បាន​​បញ្ចេញ​​ប្រតិ​​កម្ម​ ​និង​​វិធា​នការ​​ក្តៅ​ជា​បន្តបន្ទាប់​​ទប់​​ទល់​​ទៅ​​នឹង​​ភាព​គឃ្លើន​​របស់​​ថៃ ​​ដែ​ល​​បាន​​រំលោភ​​ចូល​មក​​ឈ្លាន​​ពាន​​ទឹក​ដី​កម្ពុជា ​ហើ​យ​​បាន​​បាញ់​បណ្តា​ល​​ឱ្យ​ស្លាប់​​​ពលទាហាន​​ខ្មែរ​ម្នាក់ ​នៅ​​តំបន់​​មុំបី ​ក្នុង​​ខេត្ត​​ព្រះ​​វិហារ ​កាល​ពី​ថ្ងៃ​ទី​​២៨​ ខែ​​ឧសភា ​ឆ្នាំ​២០២៥។

រហូត​​ដល់​កម្ពុជា​​​បាន​​ដាក់​ពាក្យ​​ប្តឹង​ថៃ​ ​ទៅ​​តុលាការ​​យុត្តិធម៌​​អន្តរ​ជាតិ ​កាល​ពី​ថ្ងៃ​ទី​​១៥ ​ខែ​​មិថុនា ​ចំពោះ​​ការ​​ចូល​មក​​​ឈ្លាន​ពាន​​ទឹក​​​ដី​ខ្មែរ​​នៅ​​តំបន់​​មុំបី ប្រាសាទ​​តាក្របី ប្រាសាទ​​តាមាន់ធំ និង​​ប្រាសាទ​​តាមាន់​​តូច​ ធ្វើ​​ឱ្យ​មាន​​ការ​​សាទរ​​យ៉ាង​ខ្លាំង​​​ពី​ប្រជាជាតិ​​ខ្មែរ​​នៅ​​គ្រប់​​ទិសទី​។

ប៉ុន្តែ​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន មិន​ឃើញ​មាន​ប្រតិកម្ម​ឬដាក់​ពាក្យ​​ប្តឹង​​រដ្ឋាភិបាល​​វៀត​ណាម​ ទៅ​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​ ​ចំពោះ​​ការ​​រំលោភ​​បូរណៈ​​ភាព​ទឹក​ដី​នោះ​​ទេ​ បើ​​​ទោះ​​​បី​ជា​គណបក្ស​​ប្រឆាំង​ បាន​​ជំរុញ​​ឱ្យ​​ដាក់​ពាក្យ​​ប្តឹង​​វៀតណាម ​ដូច​ដាក់​​ពាក្យ​​ប្តឹង​​​ថៃ​​ដែរ​​យ៉ាង​ណា​ក្តី។

លោក គឹម សុខ ​អ្នក​នាំពាក្យក្រុមប្រឹក្សា​​ជាតិ​តស៊ូ បាន​​ថ្លែង​ថា ការ​ដែល​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន ​មិន​​ដាក់​បញ្ចូល​​សំណុំ​​រឿង​កោះ​គជ់​ និង​ដែន​សមុទ្រ​ទំហំ​ ៣ម៉ឺន​គីឡូ​ម៉ែត្រ​​​ការ៉េ ​ដែល​​​នៅ​​ពេល​​នេះ ​ថៃ​កំពុង​គ្រប់​គ្រង​​ទាំង​ស្រុង​​ទៅ​​​តុលាការ​​​យុត្តិធម៌​​អន្តរ​ជាតិ​ គឺដោយ​សារ​តែជាប់​ចំណងដោះ​ស្រាយ​មិន​រួច​​។

តាម​ពិត​ដែន​សមុទ្រ​ទំហំ ​៣​ម៉ឺ​ន​គីឡូម៉ែត្រការ៉េ ដែល​ថៃ​វាទ​យក​​ហើយ​​មក​​​នៅ​​ត្រឹម​ឈ្មោះ​​តំបន់​​ត្រួត​ស៊ីគ្នា​ក្នុង​​ពេល​​បច្ចុប្បន្ន​នេះ គឺ​ជា​ការ​​គប់​គិត​​គ្នា​​ពុះ​ច្រៀក​​យក​​សមុទ្រ​​របស់​​ប្រទេស​កម្ពុជា ​ដោយ​​ថៃ​​និង​វៀត​​ណាម​​​នៅ​​​ពី​​​ក្រោយ​​​ខ្នងកម្ពុជា នៅក្រោយ​ពេល​ដែ​ល លោក ​ហ៊ុន សែន ​ធ្វើ​រដ្ឋ​ប្រហារ​​ក្នុង​​ខែ​​កក្កដា ឆ្នាំ​១៩៩៧។

លោក​អះអាងថា កាលណោះ​​រដ្ឋាភិបាល​​របស់​ ​លោក ​ហ៊ុន សែន ក៏​បាន​​ទៅ​​សួរ​​ភាគី​ថៃ​ដែរ ​អំ​ពី​​រឿង​នេះ ប៉ុន្តែ​ថៃ​ឆ្លើយ​​ម​ក​​វិញ​ថា ថៃ​បាន​ព្រម​ព្រៀង​​ជាមួយ​​វៀតណាម​​រួច​​ហើយ​ ហើយ​​បាន​​ប្រាប់​ទៅភា​គី​​របស់​​លោក​ហ៊ុន សែន ​ឱ្យ​ទៅ​​សួរ​​វៀតណាម​ទៅ​ ប៉ុន្តែ​​លោក ​ហ៊ុន សែន ​មិន​ហ៊ាន​សួរ​​ដេ​ញ​ដោល​​ជាមួយ​​វៀត​ណាម​នោះទេ ទើប​​ចា​ប់​​​ពី​ពេល​នោះ​មក​​ថៃ​​យក​​ដែន​​សមុទ្រ​​របស់​​ប្រទេស​​កម្ពុជា ៣ម៉ឺន​គីឡូម៉ែ​ត្រ​​ការ៉េ វៀត​ណាម​​យក​៣ម៉ឺន​គីឡូម៉ែ​ត្រ​​ការ៉េ​​​ទៅ​​គ្រប់​​គ្រង។

លោកថា៖ «ដូច្នេះ​រឿងដែនសមុទ្រ​នេះ ​ភាគី​ថៃ​​មិន​​ឱ្យ​តម្លៃ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​​ទេ​ មាន​​រឿង​​​អីថៃ​​និយាយ​តែជា​មួយ​​​វៀត​ណាម​ប៉ុណ្ណោះ​ ពី​ព្រោះ​​ថៃ​ដឹង​ច្បាស់​ថា​ វៀតណាម​ជា​ចៅហ្វាយ​​របស់​​រដ្ឋាភិបាល​​ក្រុម​គ្រួសារ​​ហ៊ុន វៀត​ណាម​​អាច​​សម្រេច​ចិត្ត​ជំនួស​​រដ្ឋាភិបាល​​ក្រុម​គ្រួសារ​​ហ៊ុន​​បាន។ នេះ​ជា​គន្លឹះ​ជាប់​ចំណង​ស្រាយ​មិន​​ចេញ​ទេ​របស់​​រដ្ឋាភិ​បាល​​​​ក្រុម​គ្រួសារ​​ហ៊ុន។ ដោយ​​សារ​តែមូល​ហេតុ​ហ្នឹង​ហើយ​ទើប លោក ​ហ៊ុន សែនបាន​​ត្រឹម​តែ​ធ្វើអ​នុស្សារណៈ​​យោគ​​យល់​​គ្នា​​ជាមួយ​​ លោក ​ថាក់ ស៊ីន កាល​ពី​ឆ្នាំ​២០០១ និយាយ​​ត្រឹម​តែពី​រឿង​បូម​ប្រេង​ និង​ឧស្ម័ន​ទៅ​​ចែក​​ផ​ល​គ្នា​ លោក ​ហ៊ុន សែន ​មិន​ហ៊ាន​និយាយ​​អំ​ពី​ដំណោះ​​ស្រាយ​​បញ្ហា​​សមុទ្រ​ជាមួយ​ភាគី​​​ថៃ​ឡើយ»

បន្ថែម​ពី​នេះ ​នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​​មួយ​​របស់​​ក្រុម​ប្រឹក្សា​​ជាតិ​​តស៊ូ ​កាល​ពី​​ថ្ងៃ​ទី​១៧ ​ខែ​​មិថុនា បាន​​ប្រកាស​ថា នៅ​​ពេល​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ដឹក​នាំ​ប្រទេស នឹង​ប្រកាស​បញ្ជាក់​​ប្រាប់​​ប្រជា​ជាតិ​ខ្មែរ និង​សហគមន៍​អន្តរ​ជាតិ អំពី​ទឹក​ដី​កម្ម​សិទ្ធិ​របស់​ប្រទេសក​ម្ពុជា​ ដែល​នឹង​​​ប្ដឹង​ឬ​រក្សា​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ ក្នុង​​នោះ​​មាន​​ទឹក​ដី​កម្ពុជា​ក្រោម កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ តំប​ន់​សមុទ្រ​៣ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ ១ម៉ឺនគីឡូ​​ម៉ែត្រ​ការ៉េ និង​តំបន់​ជម្លោះ​ព្រំដែន​ជាច្រើន​កន្លែង​ទៀត ដែល​ប្រទេស​​វៀតណាម​​ឈ្លាន​ពាន​​ចូល​មក​គ្រប់​គ្រង ទាំង​បំពាន​​លើ​ដែន​អធិប​​តេយ្យ​នៃ​ប្រទេស​កម្ពុជា និង​​កោះ​គជ់ តំបន់​​សមុ​ទ្រ ៣ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ច្រក​អាន​សេះ តំប​ន់​ភ្នំ​ទ្រព្យ តំបន់​វាល​ឥន្ទ្រីយ៍ និង​តំបន់​​ជម្លោះ​​​ព្រំ​ដែន​ផ្សេងទៀត ដែល​ភាគី​ថៃ​ឈ្លាន​ពាន​ចូល​មក​គ្រប់​គ្រង ទាំង​បំពាន​​លើ​ដែន​​អធិ​បតេយ្យ​​​នៃ​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ