គិតត្រឹមថ្ងៃទី២៣ខែមិថុនានេះ ពលករខ្មែរ ដែលមានឯកសារស្របច្បាប់ ត្រូវគេអះអាងមកថា ភាគច្រើននៅបន្តធ្វើការនៅប្រទេសថៃនៅឡើយ ទោះជម្លោះព្រំដែននៅកម្ពុជា-ថៃ នៅមានស្ថានភាពតានតឹង ខណៈពលករមួយចំនួនគ្មានឯកសារស្របច្បាប់ បានសម្រុកចូលមកប្រទេសកំណើតវិញ។
មន្ត្រីគំរោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន បានឱ្យVODដឹងនៅថ្ងៃទី២៣ ខែមិថុនានេះថា ជាទូទៅពលករខ្មែរធ្វើការនៅប្រទេសថៃ ពួកគេព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ប៉ុន្តែថា ពលករខ្មែរភាគច្រើនដែលមានឯកសារស្របច្បាប់ នៅបន្តធ្វើការនៅតាមរោងចក្រនានានៅឡើយ មិនមានការបណ្តេញពីភាគីថៅកែ ឬរដ្ឋាភិបាលថៃទេ។
ដោយឡែក លោកថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលធ្វើការផ្នែកសំណង់ និងកសិកម្មជាដើម ដែលភាគច្រើនមិនមានឯកសារស្នាក់នៅស្របច្បាប់ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកដូង ឬហៅថាឡែម ក្នុងខេត្តបាត់ដំបង។
លោកថា៖ «ដោយសារកន្លងមក ខាងក្រសួងការងារថៃ ក៏បានផ្តល់ដំណឹងប្រកាសប្រាប់ដល់ពលករបរទេស ជាពិសេសគឺប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃហ្នឹង គឺគេនៅតែរក្សាទំនាក់ទំនងការងារ ហើយគេមិនបញ្ឈប់ការងារទេ គេនៅតែបន្តឲ្យបងប្អូនធ្វើការធម្មតា មួយចំនួនប្រជាពលរដ្ឋគាត់នៅធ្វើការតាមរោងចក្រ អាហ្នឹងគឺក៏នៅធ្វើការធម្មតា»។
យ៉ាងណា លោកថា តាមព័ត៌មានដែលលោកទទួលបានពីពលករដែលកំពុងធ្វើការនៅប្រទេសថៃ ផ្នែកខាងឧស្សាហកម្ម ពួកគេត្រូវបានក្រុមគ្រួសារពីកម្ពុជា ទូរសព្ទហៅឱ្យត្រឡប់ចូលកម្ពុជាវិញ ដោយបារម្ភពីសុវត្ថិភាព ជុំវិញបញ្ហាព្រំដែននេះ។
បញ្ហាជម្លោះព្រំដែន ដែលភាគីកម្ពុជានិងថៃ ប្រកាន់ជំហររៀងខ្លួនជុំវិញការបិទច្រកព្រំដែននេះ បានកើតឡើងក្រោយភាគីកម្ពុជាអះអាងថា ទាហានថៃបានបើកការបាញ់ប្រហារទៅលើលេណដ្ឋានជួរមុខរបស់កម្ពុជា ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
កម្តៅព្រំដែននេះ កម្ពុជាសម្រេចប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក្នុងសំណុំរឿងព្រំដែន ពាក់ព័ន្ធនឹងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។
លើសពីនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតជូនដំណឹងរបស់ក្រសួងការបរទេស ចុះថ្ងៃទី២២ ខែមិថុនានេះ ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពតានតឹងនៃបញ្ហានេះផងដែរ ។
ក្រសួងបាននិយាយថា ផ្អែកលើស្ថានការណ៍តានតឹង ក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ ពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។
ពលករខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជា ការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណី មានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ៕









