អាជ្ញាធរខេត្តព្រះសីហនុ បានចេញបកស្រាយថា កោះឫស្សីត្រូវបានរដ្ឋាភិបាលចុះកិច្ចសន្យាជួលឱ្យក្រុមឯកជនចំនួនពីរ ធ្វើការវិនិយោគ លើទំហំដីជិត៨០ហិកតា មិនមែនជនជាតិវៀតណាម ចូលមករស់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចការចុះផ្សាយលើបណ្តាញសង្គមនោះទេ។
រដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ ចាត់ទុកការចុះផ្សាយនេះថា បច្ចុប្បន្នជនជាតិវៀតណាមបានចូលមករស់នៅពេញកោះឫស្សី លើដែនអធិបតេយ្យខ្មែរ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។
ការចេញមកបដិសេធនេះ គឺបន្ទាប់ពីសំឡេងប្រជាធិបតេយ្យវីអូឌី បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២០ខែមិថុនាថា «បញ្ហាព្រំដែនមានការលើកឡើងថារួមគ្នាការពារខាងលិចល្អ តែកុំភ្លេចខាងកើត ព្រោះគ្រោះថ្នាក់ជាង» ដោយមានការដកស្រង់សំដីរបស់ប្រជានេសាទនៅខេត្តព្រះសីហនុ និងប្រភពផ្សេងទៀតដែលនិយាយថា បច្ចុប្បន្នជនជាតិវៀតណាម បានចូលមករស់នៅពេញកោះឫស្សី និងទូកនេសាទជនជាតិវៀតណាមរាប់ពាន់គ្រឿង បានចូលមកនេសាទដោយសេរីនៅលើផ្ទៃសមុទ្រកម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កោះឫស្សី មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម។ កោះឫស្សី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចសន្យាជួលឱ្យក្រុមហ៊ុនវិនិយោគចំនួន២ គឺក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិកតា តាមកិច្ចសន្យាជួលចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ និងក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិកតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។
ប្រភពដដែល អះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលំហែកាយនៅលើកោះឫស្សី។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានវិទ្យុបារាំងអន្តរជាតិស្រង់សម្តីចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនាថា កោះឫស្សី ត្រូវបានរដ្ឋាភិបាលកម្ពុជា ចុះកិច្ចសន្យាជួលទៅឱ្យក្រុមហ៊ុនវិនិយោគចំនួន២ ក្នុងនោះមួយជាក្រុមហ៊ុនខ្មែរ និងមួយទៀតជាក្រុមហ៊ុនរបស់បារាំង។
លោកថា៖ «សព្វថ្ងៃនេះ មានក្រុមហ៊ុនរបស់ខ្មែរមួយ បាននិងកំពុងសាងសង់ និងអភិវឌ្ឍន៍ចប់ហើយ និងកំពុងដំណើរការប៉ែកខាងជើងនៃកោះ។ ដោយឡែកមួយផ្នែកប៉ែកខាងត្បូង គឺជាការវិនិយោគឱ្យក្រុមហ៊ុនបារាំងមួយ ដែលមិនត្រឹមតែអភិវឌ្ឍន៍ទេ ហើយគេបានដាក់ដំណើរការហើយ ទទួលបាននូវការសាទរច្រើនហើយជាប្រភេទរីសតសណ្ឋាគារ ដែលលំដាប់ជាផលិតផលទេសចរណ៍ដ៏ល្អបំផុតរបស់ខេត្តព្រះសីហនុ។ ដូច្នេះអត់មានជនជាតិវៀតណាម ឬក៏អាជ្ញាធរវៀតណាមណា មកកាន់កាប់កោះឫស្សីយើងទេ។ កោះឫស្សីគឺនៅចន្លោះពីកោះតាគៀវ ដែលស្ថិតនៅមុខមូលដ្ឋានសមុទ្ររាម ហើយនឹងចន្លោះជាមួយកោះក្របី»។
លើពីនេះ ក្នុងពិធីមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៣ខែមិថុនានេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបដិសេធដូចគ្នា។
លោកថា៖«ថាកោះឫស្សីវៀតណាម មកយកទៅជាអ៊ីចឹងទៀត កោះឬស្សីអ្នកណាចង់ទៅមើលអាចទៅបានអត់ឆ្ងាយទេ កម្ពុជាយើងម្ចាស់ការ ប៉ុន្តែសំណួរសួរថាតើគេចាំបាច់ធ្វើអី បើបងប្អូនអ្នកស្នេហាជាតិពិតប្រាកដ ខ្ញុំថាគួរតែុមូលមតិគ្នាទៅ ហើយជាពិសេសការបង្កើតបញ្ហា បង្កើតរឿងផ្សេងៗ យកមកបំបែកនេះ ប៉ុន្តែខ្ញុំមើល គេខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយ ការបំផុសម៉េចក៏ដោយ ប៉ុន្តែមិនអាចបំបែកនូវស្មារតីរួមជាតិស្មារតីរួមផ្នត់គំនិតរបស់ជាតិរបស់យើងនោះទេ»។
នៅលើហ្វេសប៊ុកឈ្មោះ ផន ផាណា (Phan Phana)បានបង្ហោះវិដេអូឃ្លីបចំនួន២ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះប្រជានេសាទខ្មែរ នៅខេត្តជាប់មាត់សមុទ្រ បាននិយាយថា បច្ចុប្បន្នកោះឫស្សី និងកោះមួយចំនួនទៀត ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ ត្រូវបានជនជាតិវៀតណាមចូលមករស់នៅពេញអស់ហើយ ហើយទូកនេសាទវៀតណាមរាប់ពាន់គ្រឿង បានចូលមកធ្វើនេសាទដោយសេរីនៅពេញដែនសមុទ្រខ្មែរ ប៉ុន្តែទាំងអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា បែរជានៅស្ងៀមស្ងាត់ មិនឃើញមានប្រតិកម្មខ្លាំងក្លា ដូចការចាត់វិធានការទប់ទល់ទៅនឹងការរំលោភឈ្លានពានព្រំដែនខាងលិច ពីសំណាក់ប្រទេសថៃនោះឡើយ។
បើតាមប្រជានេសាទខ្មែរកោះឫស្សី គឺជាប្រជុំកោះ ដែលមានកោះតូចៗជាច្រើនទៀតនៅក្បែរនោះ ដូចជាកោះក្រចកសេះ កោះពោធិ៍ កោះត្បាល់ និងកោះទន្សាយជាដើម។
បន្ថែមពីនេះ គេហទំព័រអង្គការមាតាធម្មជាតិកម្ពុជា (Mother Natural Cambodia) បានចេញផ្សាយវីដេអូមួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយបានបង្ហាញពីការរកឃើញថា មានទូកនេសាទវៀតណាមយ៉ាងតិច ១០៦៦គ្រឿង បានចូលនេសាទដោយសេរីក្នុងសមុទ្រកម្ពុជាក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
សម្រាប់អ្នកឃ្លាំមើលបញ្ហាព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា ការដែលប្រជាពលរដ្ឋ ធ្វើវីដេអូបង្ហោះលើបណ្តាញសង្គមពីបញ្ហាកោះឫស្សី អាចមកពីមហិច្ឆតាលេបទឹកដីរបស់ខ្មែរ ពីសំណាក់វៀតណាម តាមរយៈបង្ហូរជនជាតិខ្លួនមករស់នៅជាមុន ហើយច្បាមយកជាក្រោយ ដូចករណីលេបទឹកដីកម្ពុជាក្រោម និងកោះត្រល់ជាដើម។
មួយវិញទៀត លោកថា ក្តីបារម្ភនេះ ដោយសារតែមេដឹកនាំកម្ពុជាបច្ចុប្បន្ន ពលរដ្ឋដឹងថា ត្រូវបានវៀតណាមលើកបន្តុប មិនហ៊ានជំទាស់ទៅនឹងមហិច្ចតាវៀតណាមទេ ដូចករណីទន្ទ្រានយកដីតាមព្រំដែនជាដើម ដែលការណ៍នេះ លោកថា ដើម្បីបង្កើនទំនុកចិត្តឡើងវិញ រដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញតម្លាភាព លើវិធានការនានា លើជនជាតិវៀតណាម ដែលមករស់នៅខុសច្បាប់លើទឹកដីកម្ពុជា។
លោកថា៖«ពួកគាត់យល់ថា លោក ហ៊ុន សែន ហ្នឹងបានកាន់អំណាចដោយសារវៀតណាមលើកបន្តុបហើយលោក ហ៊ុន ម៉ាណែត ធ្វើតាមឪពុករបស់គាត់ អ៊ីចឹងយល់ថាមេដឹកនាំខ្មែរហ្នឹងរណបវៀតណាមចាត់ទុកវៀតណាមជាចៅហ្វាយនាយជាបងធំ នៅពេលដែលឃើញវៀតណាមរស់នៅច្រើនលើកោះឫស្សី ពលរដ្ឋគាត់ព្រួយបារម្ភថ្ងៃក្រោយទៅមេដឹកនាំខ្មែរ នឹងប្រាកដកាត់កោះឬស្សីទៅឲ្យវៀតណាម ដូចធ្វើឲ្យបាត់បង់កម្ពុជាក្រោម ដូចជាធ្វើបាត់បង់កោះត្រល់ ទើបធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានការព្រួយបារម្ភចំពោះបញ្ហាេនះ»។
សូមបញ្ជាក់ថា ការលើកឡើងពីបញ្ហាព្រំដែនខាងកើតនេះ ខណៈដែលរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ចំពោះការឈ្លានពានទឹកដីខ្មែរ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បានធ្វើឱ្យប្រជាជាតិខ្មែរនៅគ្រប់ទិសទីសាទរយ៉ាងខ្លាំង។
ប៉ុន្តែយ៉ាងណាក្តី អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរមួយចំនួន ក៏បានជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាព្រំដែនខាងកើតឱ្យបានខ្លាំងផងដែរ ពីព្រោះថា វៀតណាមមានហានិភ័យខ្ពស់ជាងថៃ ក្នុងការប្រើគ្រប់វិធីដើម្បីឈ្លានពានទឹកដីខ្មែរ ខណៈដែលវៀតណាម បានបញ្ជូនជនជាតិរបស់ខ្លួនយ៉ាងច្រើនឱ្យចូលមករស់នៅក្នុងទឹកដីខ្មែរ ហើយក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលនៅតាមស្ថាប័នជាច្រើនក៏មានជនជាតិវៀតណាម កំពុងកាន់ការងារសំខាន់ៗផងដែរ៕









