ទំនាស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ ដែលបានផ្ទុះឡើងដោយសារជម្លោះរឿងព្រំដែន គឺជាដើមចម ពេលនេះហាក់មានការរីកដាលកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីមេដឹកនាំកម្ពុជា នៅដំណាក់កាលដំបូង បានសម្រេចបិទការនាំចូល បន្លែ ផ្លែឈើ និងប្រភេទអាហារ ភេសជ្ជៈកំប៉ុងពីប្រទេសថៃ ហើយថ្មីៗនេះ បានបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិថែមទៀត។
អ្នកដឹកទំនិញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សេង វណ្ណា ប្រាប់ វីអូឌី នៅថ្ងៃទី២៣ ខែមិថុនាថា លោកមិនជំទាស់នឹងការបិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃរបស់ថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែលោកចង់បានពីរដ្ឋាភិបាលនោះ គឺការកំណត់តម្លៃប្រេងសាំងកុំឱ្យឡើងថ្លៃជាងមុន។
លោកបន្តថា ប្រសិនបើតម្លៃប្រេងឥន្ធនៈឡើងថ្លៃ នោះនឹងធ្វើឱ្យមធ្យោបាយដឹកជញ្ជូនឡើងថ្លៃ ដែលធ្វើឱ្យទំនិញសព្វសារពើឡើងថ្លៃ ខណៈស្ថានភាពរបស់ប្រជាពលរដ្ឋសព្វថ្ងៃ គឺរកមួយថ្ងៃ ដើម្បីរស់មួយថ្ងៃប៉ុណ្ណោះ។
លោក សេង វណ្ណា និយាយថា៖ «មិនចង់បានអីច្រើនទេ ចង់ឱ្យតែរដ្ឋាភិបាលយើង មានវិធានការ ហើយគ្រប់គ្រងតម្លៃប្រេងឥន្ធនៈប្រចាំថ្ងៃហ្នឹង ឱ្យមានប្រសិទ្ធភាព កុំឱ្យឡើងថ្លៃខ្លាំងពេក កុំឱ្យជនឆ្លៀតឱកាសមួយចំនួន លក់ឡើងថ្លៃតាមតែអំពើចិត្ត»។
ក្ដីកង្វល់របស់ពលរដ្ឋរូបនេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការស្នើពីឪពុករបស់លោក ដែលជាប្រធានព្រឹទ្ធសភា គឺលោក ហ៊ុន សែន ថា ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែមិថុនានេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
លោក ហ៊ុន ម៉ាណែត អះអាងថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋកម្ពុជា កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ ថែមទាំងបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម គ្រប់គ្រងតម្លៃប្រេងឥន្ធនៈ និងមុខទំនិញមួយចំនួននៅលើទីផ្សារ បន្ទាប់ពីកម្ពុជាបិទការនាំចូលប្រេងឥន្ធនៈ និងមុខទំនិញមួយចំនួននៅលើទីផ្សារ។
កាលពីថ្ងៃទី២០ ខែមិថុនា ប្រធានព្រឹទ្ធសភា ដែលប្រើប្រាស់សមាសភាពខ្លួនជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរដ្ឋាភិបាលកូនប្រុសរបស់លោក ពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ ហើយកម្ពុជាគួរផ្អាកនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ត្រីខកំប៉ុង និងសាច់កំប៉ុងគ្រប់ប្រភេទ ដើម្បីកុំឱ្យថៃ មានហេតុផលគំរាមកម្ពុជាតទៅទៀត។
បញ្ជារបស់លោក ហ៊ុន សែន នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សប្រឆាំងថៃ ដែលបានជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថា ឱ្យឈប់លក់ប្រេងមកកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាចុះចាញ់។
ទោះជាបែបនេះក្ដី កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ ដោយយោងតាមប្រភពពីនាយកប្រតិបត្តិក្រុមហ៊ុន PTT ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT និងក្រុមហ៊ុនលក់រាយ OR បានប្រកាសពីគោលជំហរនៅបន្តសាជីវកម្ម ក្នុងប្រទេសកម្ពុជាដដែល ទោះបីបច្ចុប្បន្នកម្ពុជា និងថៃ មានទំនាក់ទំនងមានភាពតានតឹងជាមួយគ្នាក្ដី ដោយក្រុមហ៊ុនថៃមួយនេះ នៅតែចាត់ទុកថាកម្ពុជាដូចជាផ្ទះទីពីររបស់ខ្លួនដែរ។
ប្រភពដដែល ឱ្យដឹងថា មុនពេលក្រុមហ៊ុននេះ បានចាប់ផ្តើមពាណិជ្ជកម្មប្រេងនៅក្នុងប្រទេសកម្ពុជា ពួកគេបានពិចារណាពីហានិភ័យ ប្រសិនបើដំណើរការសាជីវកម្មនេះតែម្នាក់ឯង ទើបក្រុមហ៊ុនបានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីរួមគ្នាពង្រីកអាជីវកម្មមួយនេះ។
បើធៀបនឹងប្រទេសថៃ នៅក្នុងប្រទេសកម្ពុជា OR ដំណើរការស្ថានីយ៍ PTT នៅកម្ពុជា ចំនួន១៨៦ ក្នុងចំណោមស្ថានីយ៍ PTT សរុបចំនួនជាង២ពាន់ហាង (២.៧៦១) ហាងកាហ្វេអាម៉ាហ្សូន ចំនួន ២៥៤ ក្នុងចំណោមហាងកាហ្វេសរុបចំនួនជិត៥ពាន់ (៤.៨៩៨) និងហាងងាយស្រួលចំនួន ៧១ ក្នុងចំណោមហាងសរុបចំនួនជាង២ពាន់ (២.៤២១)។
ដោយឡែក អ្នករត់កង់បីនៅខេត្តសៀមរាប លោក មុត ប៊ុនថុល យល់ឃើញថា ការផ្អាកនាំចូលប្រេងឥន្ធនៈពីប្រទេសថៃនៅពេលនេះ នឹងពុំមានផលប៉ះពាល់ធ្ងន់ធ្ងរមកលើកម្ពុជាឡើយ ដោយលោកសង្កេតឃើញមានក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងទៀត កំពុងចេញមុខពង្រីកការរកស៊ីបន្ថែមក្នុងប្រទេស។
យ៉ាងណា លោកមានក្ដីបារម្ភខ្លះដែរ ប្រសិនបើសាំងហក់ឡើងថ្លៃភ្លាមៗ លើតម្លៃបច្ចុប្បន្ន ដែលអាចប៉ះពាល់ដល់ជីវភាពមួយកម្រិត។
លោក មុត ប៊ុនថុល និយាយថា៖ «បើសិនជាឡើងអ៊ីចឹង វាអាចប្រឈមនឹងបញ្ហាខ្លះៗ។ បញ្ហាដូចជាយើងអត់សូវមានចំណូល ក្នុងការចំណាយទៅលើប្រេងឥន្ធនៈជាដើម បើថាវាឡើងហួសហេតុពេក វាឡើងលើសពីហ្នឹង។ ឡើងហួសហេតុដូចជា ៤៥០០រៀល ទៅ៥០០០រៀល អាហ្នឹងវាហួសហើយ វាលើសហើយ យើងមិនអាចទទួលយកបាន វាខ្ពស់ពេក»។
នៅថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក្នុងជំនួបជាមួយនាយករងក្រុមហ៊ុនតូតាល់ អេនណឺជី (Total Energies) បានឱ្យដឹងថា ក្រុមហ៊ុនបារាំងមួយនេះ បានបញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។
នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច លឹមឡុង សាវីម៉ិច ប៉ាប៉ា ពេត្រូលៀម រួមនឹងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកកម្ពុជា មានដូចជា ក្រុមហ៊ុនភីធីធី តូតាល់ និងក្រុមហ៊ុនកាល់តិច ជាដើម។
យ៉ាងណាក៏ដោយចុះ សេដ្ឋីស្រុកខ្មែរ ដែលជាម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈធំៗមួយចំនួន ហាក់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ កាប់បំផ្លាញព្រៃឈើ និងឃុបឃិតជាមួយរដ្ឋាភិបាលបំផ្លាញធនធានធម្មជាតិជាដើម។ ម្ចាស់ក្រុមហ៊ុនទាំងនោះ មានដូចជា ម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច លោក សុខ គង់ ម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈ LHR លោក ហ៊ុន តូ និងម្ចាស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៉ាប៉ា ពេត្រូលៀម គឺលោក ទ្រី ភាព ជាដើម។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជានាំចូលសាំងនិងម៉ាស៊ូតពីបរទេសប្រមាណ១៧៤លានលីត្រ សម្រាប់បម្រើដល់ជីវភាពរស់នៅ និងផលិតកម្មនានារបស់ពលរដ្ឋ។
ប្រភពប្រេងដែលកម្ពុជានាំចូលនោះមកពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម ជាដើម។ ដោយឡែកចំពោះក្រុមហ៊ុន PTT វិញ កាលពីឆ្នាំ២០២៣ កម្ពុជាបានទិញពីក្រុមហ៊ុននេះ ចំនួន ១.៧០០ លានដុល្លារ ខណៈទិញពីវៀតណាម គឺមានចំនួន ៦៧២លានដុល្លារ។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថាIDEA លោក វន់ ពៅ មានប្រសាសន៍ថា ការផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃនេះ អាចនឹងបង្កជាក្ដីបារម្ភដល់ពលរដ្ឋ ដោយសារពួកគាត់យល់ថា ការនាំចូលប្រេងពីប្រទេសដទៃក្រៅពីថៃ អាចនឹងចំណាយលើថ្លៃដឹកជញ្ជូនច្រើន។
ទោះយ៉ាងណា លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលទប់ស្កាត់តម្លៃប្រេងឥទ្ធនៈ និងគិតគូរបង្កើតទីផ្សារការងារបន្ថែម ដើម្បីធានាដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ ក្នុងកំឡុងមានវិវាទរឿងព្រំដែនជាមួយថៃ។
លោកថា៖ «សរុបសេចក្ដីមក រដ្ឋគួរតែពិនិត្យ និងធានាឡើងវិញនូវការកុំឱ្យឡើងថ្លៃប្រេង ឬក៏ទំនិញតម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ កុំឱ្យឡើងថ្លៃ និងធានានូវភាពអត់ការងារធ្វើរបស់ពលរដ្ឋ ឱ្យមានការងារធ្វើ និងប្រាក់ឈ្នួលសមរម្យ ដែលអាចចិញ្ចឹមជីវិតបាន»។
ចាប់តាំងពីថ្ងៃទី២៨ ខែឧសភាមក ភាពតានតឹងនៅតែបន្តកើនឡើងរវាងកម្ពុជា និងថៃ ដែលរហូតមកដល់ពេលនេះ ភាគីទំាងពីរ បានបិទព្រំដែនទៅវិញទៅមកនៅតាមតំបន់មួយចំនួន។ នេះជាលទ្ធផល ផ្ដើមឡើងដោយភាគីថៃ ដែលបានបន្ថយម៉ោងបើក និងបិទច្រកព្រំដែនរវាងប្រទេសទំាងពីរជាឯកតោភាគី។
កាលពីថ្ងៃទី២២ ខែមិថុនា កម្ពុជាបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងច្រកជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការសម្រេចរបស់កម្ពុជានេះ គឺជាការឆ្លើយតបចំពោះការសម្រេចជាឯកតោភាគីរបស់ថៃ ដែលបិទច្រក សាយតាគូ-ជប់គគីរមុន។
កាន់តែធ្ងន់ធ្ងរជាងនេះ រដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស បានព្រមានពលរដ្ឋរៀងៗខ្លួន ឱ្យចៀសវាងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ បើគ្មានការចាំបាច់៕