ក្រុមប្រឆាំងថៃ បានកំណត់យកថ្ងៃទី២៨ ខែមិថុនា ដើម្បីធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺអ្នកស្រី ផែថងថាន លាលែងចេញពីតំណែង ពាក់ព័ន្ធបែកធ្លាយសំឡេងសន្ទនា ជាមួយមេដឹកនាំកម្ពុជាលោក ហ៊ុន សែន។
កិច្ចសន្ទនានោះ មេដឹកនាំថៃ បានរិះគន់ក្រុមយោធាថៃ ភូមិភាគ២ថា ជាអ្នកបញ្ឆេះសង្គ្រាមជាមួយកម្ពុជា ដើម្បីយកមុខមាត់។
Reuters បាននិយាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា សកម្មជនដែលធ្លាប់មានប្រវត្តិប្រមូលផ្តុំដ៏មានឥទ្ធិពលប្រឆាំងនឹងរដ្ឋាភិបាលថៃ បានកំណត់យកថ្ងៃទី២៨ ខែមិថុនា នាពេលខាងមុខនេះ ជាការទាមទារឱ្យលោកស្រី ផែថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រី។
ប្រតិកម្មពីក្រុមបក្សប្រឆាំងថៃ ផ្តោតលើសារសន្ទនាដែលបានបែកធ្លាយ កាលពីថ្ងៃពុធសប្តាហ៍មុន រវាងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ដែលបានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចសន្ទនានោះ នាយករដ្ឋមន្ត្រីថៃ សុំមេដឹកនាំកម្ពុជា ជួយសង្គ្រោះអំណាចជុំវិញភាពតានតឹងផ្ទៃក្នុងថៃ និងរិះគន់មេទ័ពថៃ នៅភូមិភាគ២ថា ជាអ្នកយកមុខមាត់បង្កជម្លោះព្រំដែន តែក្រោយមកបានបែកធ្លាយពីខាងភាគីកម្ពុជា។
យ៉ាងណា Reuters រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត់ ដែលប្រឈមនឹងការទាមទារឱ្យចុះចេញពីតំណែងនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា ដៃគូចម្រុះទាំងអស់បានសន្យាគាំទ្ររដ្ឋាភិបាលរបស់លោកស្រី ដែលលោកស្រីបាននិយាយថា នឹងស្វែងរកការរក្សាស្ថិរភាពនយោបាយ ដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិសុខជាតិ។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងជាថ្មីទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោយភាគីកម្ពុជាអះអាងថា ទាហានថៃបានបើកការបាញ់ប្រហារទៅលើលេណដ្ឋានកងទ័ពកម្ពុជា នៅព្រំដែនជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ គឺព្រិន្ទបាលឯក សួន រ៉ោន។
សំណុំរឿងនេះ កម្ពុជាបានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃទី១៥ខែមិថុនា ពាក់ព័ន្ធប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣៕