រដ្ឋាភិបាលគ្រួសារហ៊ុន នៅថ្ងៃចន្ទនេះ បន្តអំពាវនាវឱ្យខ្មែររួបរួមគ្នា ដើម្បីប្រឆាំងបរទេសឈ្លានពាន ខណៈកងទ័ពកម្ពុជាកំពុងប្រឈមជាមួយកងទ័ពថៃជុំវិញជម្លោះព្រំដែន ចាប់តាំងពីទាហានថៃបើកការវាយប្រហារសម្លាប់ទាហានខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
តែយ៉ាងណា ក្រុមអ្នកឃ្លាំមើលចាត់ទុកថា សារនយោបាយនេះ ជាការធ្វើនយោបាយបែបប្រជាភិថុតិ ឬជាសារបំភ័ន្តភ្នែកប្រជាពលរដ្ឋពីស្មារតីជាតិនិយម បើគ្មានការដោះលែងអ្នកទោសនយោបាយខ្មែរ ដែលជាប់ឃុំទាំងអយុត្តិធម៌ ដើម្បីផ្សះផ្សាជាតិទេនោះ។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវមានស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីការពារទឹកដីប្រឆាំងនឹងបរទេសឈ្លានពាន ខណៈកងទ័ពកម្ពុជាកំពុងប្រឈមមុខ ជាមួយទាហានថៃនៅតាមបន្ទាត់ព្រំដែន ដែលស្ថិតក្នុងស្ថានភាពតានតឹងនៅឡើយ។
លោកថា៖ «ស្មារតីរួមគ្នានេះហើយ ដែលធ្វើឲ្យយើងក្លាយប្រទេសយើងតូចជាងប្រទេសមួយទៀត សេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេ ទទួលស្គាល់ ប៉ុន្តែអ្វីដែលខ្លាំងគឺការមូលមតិឯកភាពជាតិរបស់យើងនេះ គឺជាចំណុចខ្លាំងរបស់កម្ពុជាដែលយើងត្រូវធ្វើពេលនេះ»។
លើសពីនេះ លោក ហ៊ុន ម៉ាណែត បានវាយបកទៅនឹងក្រុមប្រឆាំងកម្ពុជានិងថៃផងដែរ រឿងបញ្ហាកោះគុត ដែលភាគីថៃអះអាងថា ជារបស់ថៃ ចំណែកក្រុមប្រឆាំងខ្មែរ ចោទថារដ្ឋាភិបាលធ្វើឱ្យបាត់បង់កោះគុត។
លោកថា៖ «តាំងពីដើមឆ្នាំ តាំងពីឆ្នាំទៅ ចលនាជាតិនិយមរបស់ថៃបង្កើតរឿងកោះគុត បង្កើតរឿងតាមាន់តាក្របី បង្កើតមកថាអានេះរបស់គេ ដើម្បីកេងចំណេញតតាំងគ្នាផ្ទៃក្នុងនយោបាយរបស់គេ យើងអត់មាត់ យើងអត់ត ខ្ញុំមិនដែលនិយាយអីទេ ខ្ញុំថារឿងអ្នកឯងទាមទារថារបស់អ្នកឯងឯកតោភាគី ជារឿងរបស់អ្នកឯង បើចង់បានជាក់ស្ដែងមកក៏អង្គុយនិយាយគ្នា ចរចាគ្នារឿងព្រំដែន រឿងអីអ៊ីចឹងយើងមានជាJBC»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ហៅសារនាយករដ្ឋមន្ត្រីកម្ពុជានេះថា ជាសារនយោបាយប្រជាភិថុតិ។ លោកសំអាងថា បើ លោក ហ៊ុន ម៉ាណែត មានស្មារតីជាតិនិយមពិតប្រាកដមែន មិនមែនបន្តសម្លាប់ជីវិតនយោបាយ លោក កឹម សុខា លោក សម រង្ស៊ី តាមរយៈប្រើដៃតុលាការ លើទីលានប្រកួតខ្វះសុចរិតភាព ដែលជាមូលហេតុ បំបែកបំបាក់ជាតិនោះទេ។
លោកថា៖ «ត្រូវតែដោះលែងអ្នកទោសនយោបាយ ស្តារប្រជាធិបតេយ្យ នឹងរៀបចំបោះឆ្នោតដោយសេរីនិងយុត្តិធម៌ទៅ ជាពិសេសដោះលែងអ្នកទោសមនសិការ និងលោក កឹម សុខា ឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ ហ្នឹងប្រាកដជាមានការរួបរួមជាតិ ហើយនឹងមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ពេលហ្នឹងប្រាកដជាបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីសហរដ្ឋអាមេរិក គឺប្រព័ន្ធអនុប្រព័ន្ធGSPនិងEBAជា២០%ពីអ៊ឺរ៉ុប»។
ដូចគ្នានេះដែរ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញឱ្យមានការផ្សះផ្សាជាតិ ដោយឈរលើគោលដៅជាក់លាក់ចំនួន៤ ដើម្បីការពារបូរណភាពទឹកដី ក្នុងនោះមានទាំង ត្រូវដោះលែងអ្នកទោសមនសិកា ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកតម្លៃមុខមាត់ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងបំណុលរបស់ប្រជាពលរដ្ឋខ្មែរ។
បន្ថែមលើ លោក សម រង្ស៊ី បាននិយាយនៅលើហ្វេសប៊ុកលោកថា៖ «ដើម្បីរួបរួមគ្នាការពារជាតិ ត្រូវតែដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់»។
ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិម្នាក់ទៀត គឺលោក សួន សូរីដា ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលថ្ងៃទី២២ ខែមិថុនានេះ ដោយអំនាវពាវឱ្យ លោក ហ៊ុន ម៉ាណែត ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ នៅពេលនេះ ដើម្បីបង្ហាញពីសុឆន្ទៈពិតប្រាកដពីបំណងចង់ឱ្យកម្ពុជាមានឯកភាពជាតិខ្មែរ។
លើសពីនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ធ្លាប់ប្រាប់VODថា រដ្ឋាភិបាលបច្ចុប្បន្ន មិនឱ្យតម្លៃលើការបង្រួបបង្រួមជាតិទេ ខណៈរដ្ឋាភិបាលបែបគ្រួសារនេះ កំពុងក្តោបអំណាចណែនដៃ ទាំងយោធា តុលាការ និងរដ្ឋសភាជាដើម ។
លោកប្រើពាក្យថា បក្សកាន់អំណាច កំពុងជិះសេះលែងដៃ បើទោះបីមេរៀនប្រវត្តិសាស្ត្របញ្ជាក់ថា ការបែកបាក់ជាតិ ជាឱកាសបរទេសជិតខាងលេបទឹកដីខ្មែរ ជាហូរហែមកក្តី។
លោកថា៖« យើងឃើញហើយ ការពិតទៅអារឿងផ្សះផ្សាដីវាមែនតែយើងគិតនៅពេលនេះទេ កន្លងមកយើងឃើញហើយក៏ជាបទពិសោធន៍ជាប្រវត្តិសាស្ត្រ បានឆ្លងកាត់កម្ពុជាយើង គឺមានការបែកបាក់ជាតិបែកបាក់ផ្ទៃក្នុងហ្នឹងយ៉ាងធ្ងន់ធ្ងរ រហូតទៅដល់ឈានការកាប់សម្លាប់គ្នាមិនតិចទសវត្សរ៍ទេ រហូតទៅដល់វិនាសកម្មនៅក្នុងប្រទេសជាយូរឆ្នាំមកហើយហ្នឹង រហូតយើងបានការសម្របសម្រួលគ្នា ចឹងលោកក្នុងកាលៈទេសៈនេះ ខ្ញុំគិតថា ថ្វីដ្បិតថាការផ្សះផ្សាជាតិហ្នឹងវាសំខាន់ ប៉ុន្តែខ្ញុំមើលឃើញគណបក្សកាន់អំណាចហាក់ដូចជាជិះសេះលែងដៃ»។
ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រចំពោះសារអំពាវនាវឱ្យខ្មែរសាមគ្គីគ្នា និងឯកភាពជាតិ ដើម្បីទប់ទល់បរទេសឈ្លានពាន។
ប៉ុន្តែលោកថា គ្រាន់តែសារអំពាវនាវនៅមិនទាន់គ្រប់គ្រាន់ទេ គឺរដ្ឋាភិបាលផ្ទាល់ ត្រូវផ្សះផ្សាជាតិ ដោយដោះលែងអ្នកនយោបាយ ស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ទើបអាចការពារទឹកដីបាន។
លោកថា៖ «ហើយអ្វីដែលយើងចង់ឃើញ គឺការបង្រួបបង្រួមជាតិដោយបំភ្លេច ឬក៏បញ្ចប់បញ្ហានៅក្នុងជម្លោះនយោបាយខាងក្នុង ហើយការដែលបញ្ចប់ជម្លោះនយោបាយខាងក្នុងបាន លុះត្រាណាតែភាគីរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីសំខាន់ ជាពិសេសគឺទម្លាក់ចោលរាល់ការចោទប្រកាន់ ទម្លាក់ចោលនៃការព្យាបាលទៅលើក្រុមអ្នកប្រជាធិបតេយ្យ ហើយក៏បើកលំហលទ្ធិប្រជាធិបតេយ្យ ស្របទៅនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
ជុំវិញជម្លោះព្រំដែននេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បង្ហោះសារកាលពីថ្ងៃទី១៧ ខែមិថុនា បានទាមទារឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ប្តឹងទៅតុលាការអន្តរជាតិ(ICJ)ជាកញ្ចប់ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ ដែលវៀតណាមបានរំលោភយក រួមទាំងវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ រួមទាំងកោះគុតដែលថៃកំពុងរំលោភយកដូចគ្នា។
លើសពីនេះ ក្រុមគណបក្សប្រឆាំង អះអាងថា បើខ្លួនបានកាន់អំណាច ខ្លួននឹងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ដើម្បីស្នើរដ្ឋសភា ផ្តល់សច្ចាប័នលើច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ១៩៨២ ដែលជាឧបករណ៍ច្បាប់មួយ ដើម្បីតតាំងក្តីនៅតុលាការអន្តរជាតិលើបញ្ហាដែនសមុទ្រ និងកោះមួយចំនួន។
លុបចោលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ទាំងអស់ រវាងរដ្ឋាភិបាល«អាយ៉ងវៀតណាម» និង ប្រទេសវៀតណាម ដូចជា សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រ ០៧ កក្កដា ១៩៨២ ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក ង្វៀន កូថាច់ ដែលជាតំណាងវៀតណាម។
កិច្ចព្រមព្រៀង ២០ កក្កដា ១៩៨៣ ស្តីអំពី «របៀបដោះស្រាយបញ្ហាព្រំប្រទល់ដែន និងលក្ខន្តិកៈព្រំដែនគោក» ចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក ង្វៀង កូថាច់ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ធ្វើឡើងដោយ លោក ហ៊ុន សែន និងលោក ង្វៀង កូថាច់។
ប្រភពនោះ សំអាងទៀតថា ខ្លួននឹងដោះស្រាយបញ្ហាព្រំដែនតាមយន្តការនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងតុលាការអន្តរជាតិ៕









