ពលរដ្ឋខ្មែរនិងថៃ​រស់​នៅ​តាម​ព្រំដែន​កំពុង​ជួប​ទុក្ខ​វេទនា​ដោយ​សារ​យោធា​ថៃ​បិទ​ច្រក​ទ្វារ​ជា​ឯកតោ​ភាគី

មិនខុស​ពីកា​រ​គ្រោង​ទុក​របស់​ក្រុម​យោធា​ថៃ​នោះ​ទេ​ នៅព្រឹក​ថ្ងៃទី​​២៤ ខែ​មិថុនា​នេះ យោធា​ថៃ​បាន​ស​ម្រេច​បិទ​ច្រក​​ទ្វារ​​ព្រំដែន​តូច​ធំ​ទាំង​អស់ ពោល​គឺ​ខេត្ត​ទាំង​៧ ដែល​នៅ​ជាប់​ប្រទេស​កម្ពុជា ដោយ​មិន​ខ្វល់​ពី​កា​រ​អង្វរ​ក របស់​ពលរដ្ឋ​ថៃ​ខ្លួន​ឯង​ដែល​ត្រូវ​នាំ​ទំនិញ និង​កសិផល​ចេញ​ចូល និង​អ្នក​មក​ប្រកប​របរ ឬ​បំ​ពេ​ញ​ការ​​ងារ​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។

មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់​ត្រាល់​ប្រចាំ​ប្រទេស​ថៃ លោក លឹង​ សុផុន ប្រា​​ប់​វីអូ​​ឌី​នៅថ្ងៃ​ទី​២៤ ខែ​មិថុនា​​នេះ​ថា លោក​សង្កេត​ឃើញ​ភា​​គច្រើន​ពលករ​សំណ​ង់​បាន​នាំ​​​គ្នា​ស​ម្រុ​ក​​​ទៅ​​​កម្ពុ​ជា​វិញ ខណៈ​ពលករ​ធ្វើ​ការ​រោង​ចក្រ​នៅ​តែ​បន្ត​ធ្វើ​ការ​ងារ​ធម្មតា។

ចំណែកអ្នកលក់ដូរនៅ​តាម​ផ្សារ ដូច​ជា ​​ផ្សារ​ឡុ​ង​កឿ ផ្សារ​ឡែម ភាគ​ច្រើន​បាន​ផ្អាក​ការ​លក់​ដូរ។ តែ​យ៉ាង​ណា​​ លោក​បន្ត​ថា មក​ទល់​​ពេ​លនេះ​ ក្រសួង​ការ​ងារ​ថៃ​មិន​ទាន់មា​ន​គោ​ល​ការណ៍​ណា​មួយ បណ្ដេ​ញ​ពលករ​​ខ្មែរ​ត្រ​​ឡប់​ទៅ​​កម្ពុជា​វិញ​ឡើយ។

លោក ឡឹង សុផុន និយាយថា​៖ «​យើង​ឃើញ​ហើយ​ថា​ការ​បិទ​ច្រក​ព្រំដែន​បែប​នេះ​ វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទាំង​សង​ខាង ទាំ​​ងបង​ប្អូ​ន​ពលករ អាជីវករ កម្មករ អ្នក​ធ្វើការ​ក៏​ខាត​បង់។ អ៊ីចឹង​ហើ​យ​ប្រយោ​​ជន៍​បង​ប្អូន​នៅ​តាម​ព្រំ​ដែ​ន​ហ្នឹ​ង​ខាត​បង់​ច្រើន​ណាស់។ អ៊ីចឹង​ចង់​ឃើញ​ស្ថាប័ន​ពាក់​ព័ន្ធ​ដោះ​ស្រា​​យបញ្ហា​តាម​ព្រំ​ដែន​ហ្នឹង​ឱ្យ​បា​ន​ឆា​ប់​រហ័ស ឱ្យ​បាន​បើក​ឱ្យលឿ​ន​ដូច​ដើម​វិញ»។

កាលពីថ្ងៃទី២៣ ខែមិថុនា មេបញ្ជាការយោធាភូមិ​ភាគ១ ភូមិភាគ​​២ និងកងទ័ពជើង​ទឹក​របស់​ថៃ បាន​ចេញ​​សេច​​ក្ដី​​ប្រកាស បិទ​ច្រក​ទ្វារ​ព្រំដែន​ទាំង​អស់​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ស្ថាន​ភាព​តាង​តឹង​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន។ ក្នុង​លិខិត​របស់​យោធា​ថៃ​នេះ មេ​បញ្ជាកា​រ​ភូមិភាគ​​១​ថៃ បាន​បញ្ជា​ឱ្យ​​បិទ​​ច្រក​ទ្វារ​ចាប់​ពីស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ រហូត​ដល់​ខេត្ត​កោះ​កុង។ ចំណែក មេបញ្ជាការភូមិភាគ​២ បញ្ជា​ឱ្យ​បិទ​ចាប់​ពី​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ រហូត​ដល់​ខេត្ត​ព្រះ​វិហារ។ ដោយឡែក កង​ទ័ព​ជើង​ទឹ​ក​ថៃ បាន​បិទ​ច្រក​ចាប់​ពី​ព្រំដែន​ខេត្ត​ប៉ៃលិន រហូត​ដល់​ខេត្ត​កោះ​កុង។

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាពកក​កុញ​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​កំពុង​រង់​ចាំ​ម៉ោង​បើក​ឱ្យ​ឆ្ល​ង​ទៅ​មក ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​ខាង​ដី​ថៃ​វិញ ក៏​កំពុង​មមាញឹក​រៀប​ចំឥវ៉ាន់​ចូល​ទៅ​កម្ពុជា ដោយ​ពួក​គេមា​ន​ពេល​ឆ្លង​ទៅ​មក​តែ​បីម៉ោ​ង​ប៉ុណ្ណោះ គឺចា​ប់​ពីម៉ោ​ង​៥ល្ងាច ដល់​ម៉ោង៨យប់ មុន​ពេល​ច្រក​ព្រំដែន​ត្រូវ​បិទ​ទាំង​ស្រុង​ ដោយ​មិន​ដឹង​បើក​វិ​ញ​នៅ​ថ្ងៃ​ណា​ឡើយ។

គ្រូបង្រៀននៅសង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត កញ្ញា រិន ចាន់​ធី ឱ្យដឹង​ថា ក្រោយ​អាជ្ញាធរ​បិទ​ព្រំដែន​នៅថ្ងៃ​អង្គារ​នេះ សិស្សម​ក​រៀន​កាន់​តែ​តិច​ជាង​មុន ដោយ​សារ​ពួក​គេ​មួយ​ចំនួន ត្រូវ​តាម​ឪពុក​ម្ដាយ​រើ​ឥវ៉ាន់​ពីដី​ថៃ​មក​ដី​ខ្មែរ​វិញ។

កញ្ញាសង្កេតឃើញពលរដ្ឋខ្មែរមួយចំនួន គ្មាន​ផ្ទះ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ឡើយ ដោយ​សារ​ពួក​គេ​យក​កន្លែង​លក់​ដូរ​ក្នុង​ផ្សារ​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​ជា​ផ្ទះ ជា​ហេតុធ្វើ​ឱ្យ​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​មួយ​កម្រិត​ទៀត។

កញ្ញា រិន ចាន់ធី និយាយថា​៖ «សង្ឃឹមថា រដ្ឋបាល​ខេត្តនិ​ង​មន្ត្រី​នៅ​ក្នុង​តំបន់​ហ្នឹង គាត់​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ថៃ ជួយ​ពួក​គាត់​ឱ្យអ​ស់ល​ទ្ធភាព ដូច​ថា ឱ្យ​មើល​មក​រដ្ឋ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួក​គាត់ ដូច​បើ​កទីតាំង​ណាមួ​យ​ឱ្យពួ​ក​គាត់​អាច​លក់​បាន ដូច​បើ​ក​ផ្សារ​ថ្មី​មួ​យ​នៅ​ប៉ោយ​ប៉ែត​ សម្រាប់​អ្នក​ដែល​គាត់​មាន​តូប​នៅ​ផ្សារ​​ថៃ ដែលគា​ត់​មាន​លិខិត​ស្នាម​អី​ត្រឹម​ត្រូវ»។

ក្រុមយោធាថៃ ចោទថា ការបិទច្រកដោយឯកតោភាគី​​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​​កម្ពុជា ខណៈក​ម្ពុជា​សម្រេច​ប្តឹង​ករ​ណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ​)​ក្នុង​សំណុំ​រឿង​ព្រំដែន។

បន្ទាប់ពីក្រុមយោធាថៃ បានទាញទ្វារបិទ និង​ចាក់​សោរ​​ហើយ​នោះ បាន​ធ្វើ​ឱ្យ​ខាង​ពលរដ្ឋ​ខ្មែរ និង​ខាង​ពលរដ្ឋ​ថៃ រួម​ទាំង​ជនបរទេស​ជាច្រើន​នាក់ បា​នក​ក​ស្ទះ និង​តវ៉ា​ឱ្យ​យោធា​ថៃ​បើក​ច្រ​ក ដោយ​ខ្លះ​អង្គុយ និង​ខ្លះទៀត​ក្រាល​កន្ទេល​ដេក​ចាំ​នៅ​ច្រក​ទ្វារ ខណៈ​នៅ​តាម​បណ្ដោយ​ផ្លូវ​មាន​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង បាន​ឈប់​បន្ត​កន្ទុយ​គ្នា​ដូច​ទូរ​ទេះ​ភ្លើង។

ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឌិន ពុទ្ធី សង្កេត​ឃើញ​ថា ការ​បិទ​ច្រក​ព្រំដែន​ទាំង​ស្រុង​ជា​ឯកតោ​ភាគី របស់​យោធា​ថៃ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ព​​លរដ្ឋ​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទាំង​កម្ពុជា និង​ថៃ ធ្ងន់​ធ្ងរ ខ​ណៈ​ប្រតិបត្តិ​ការ​ល្បែង​កាស៊ីណូ​អន​ឡា​ញ ហាក់មិ​ន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​នោះ​ឡើយ។

លោកថា៖ «កាស៊ីណូអនឡាញគឺមិនប៉ះពាល់ទេ ព្រោះ​អន​ឡាញ​គេ​លេង​តាម​អ៊ីនធីណិត ហើ​​យ​​ពា​ក់​ព័ន្ធ​នឹង​ជីវភាព​របស់​ពលរដ្ឋ​វិញ នៅ​ពេល​បិទ​ច្រក​បែប​នេះ គឺ​លំបាក​ខ្លាំង​មែន​ទែន ដូច​ស​ម័​យ​​ផ្ទុះ​កូ​វី​ដ​អ៊ីចឹង។ កាល​ណា​បិទ​ច្រក​កាន់​តែ​យូរ ប្រជាពលរដ្ឋ​កាន់​តែ​ខ្សត់​ខ្សោយ​ទៅៗ ដោយ​សារ​អ្ន​​ក​នៅ​ក្រុ​​ងប៉ោ​យ​​ប៉ែត​នេះ គឺ​មិន​មាន​ស្រែ និង​ចម្ការ​ដូច​ជា​អ្នក​នៅ​តា​ម​បណ្ដា​ខេត្ត​នោះ​ទេ»

យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយ​តប​ផ្លូវ​ការ​ណាមួ​យ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បិទ​ទ្វារ​ព្រំដែន ដោយ​ឯក​តោ​ភាគី​ពី​សំណាក់​ក្រុម​យោធា​ថៃ និង​ការ​ចាត់​វិធាន​ការ​ជួយ​សង្គ្រោះ​ជីវភាព​របស់​ពលរដ្ឋ ដែល​រ​ស់នៅ​​ជាប់​ព្រំដែន​នេះ​នៅ​ឡើយ។

ពាក់ព័ន្ធនឹងវិវាទព្រំដែននេះដែរ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងកា​រ​ពារ​ជាតិ​ថៃ លោក ភូម​ថាំ វិឆាយ៉ា​ឆៃ នៅថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ បាន​អះ​អាង​ថា លោក​បាន​អនុញ្ញាត​ឱ្យ​មេទ័ព​ភូមិភាគ​២ គឺ​លោក ប៊ុន​ស៊ីន ផាត​ក្លាង បិទ​ប្រាសាទ​តាមាន់ធំ មិន​ឱ្យ​ភ្ញៀវ​ទេសចរ​​ចូល​ទស្សនា ប្រសិន​បើ​ភាព​តាន​តឹង​រវាង​កម្ពុជា និងថៃ មាន​ការ​កើន​ឡើង ដោយ​មិន​ខ្វល់​ពី​កិ​ច្ច​ព្រម​ព្រៀង​ជាមួយក​ម្ពុជា​ឡើយ។

សារព័ត៌មាន ថៃ ភីប៊ីអេស(Thai PBS WORLD) បាន​ចេញផ្សា​យនៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ ដោយ​ស្រង់​ស​​ម្ដី​អ្នក​ជំនាញ​​សន្តិ​សុខ និង​កិច្ច​ការ​អន្តរជាតិ​រប​ស់​ថៃ លោក ប៉ានីតាន់ វឌ្ឍនា​យ៉ា​កន (Panitan Wattanayagorn) ថា ការ​បិទ​​ព្រំដែន​ដំណាក់​កាល​ដំបូងៗ វា​ប៉ះ​ពាល់​ដល់​ពលករ​ខ្មែរ និ​ង​សហគ្រិន​ខ្មែរ​ក្នុង​​រ​យៈពេ​ល​ខ្លី ក៏​ប៉ុន្តែ​អាច​នឹង​ផល​ប៉ះ​ពា​ល់​ដល់​អា​ជីវករ​​​ថៃ​រយៈ​ពេល​វែង។

លោក ប៉ានីតាន់ សង្កេតឃើ​ញថា ភាគីកម្ពុជា ហាក់​មាន​សាមគ្គី​ភាព ជាង​ភាគី​ថៃ ដែល​មិន​សូវ​មាន​ភា​ព​ចុះ​​សម្រុង​នឹ​ងគ្នា​​ក្នុង​ជួរ​រដ្ឋាភិ​បាល។ អ្នកជំនាញ​រូប​នេះ បន្ត​ថា រដ្ឋាភិបាល​ថៃ គួរ​តែ​ដោះស្រា​យ​បញ្ហា​នេះ តាម​យន្ត​ការ​ផ្លូវ​ទូត និងច​រចា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ។

ជម្លោះព្រំដែន រវាងកម្ពុជា និងថៃ បានរាលដាលកាន់តែ​ខ្លាំង ទៅ​ជា​ជម្លោះ​សេដ្ឋ​កិច្ច វប្បធម៌ និង​ការ​ទូត បន្ទាប់​ពី​ទាហានថៃ​​បាន​លួច​វាយ​ឆ្មក់​មក​លើកង​ទ័ព​កម្ពុជា ដែល​ឈរ​ជើង​នៅ​តំបន់​មុំបី ក្នុង​ខេត្ត​ព្រះ​វិហារ ដែ​​ល​ធ្វើ​ឱ្យ​ទាហាន​​ខ្មែរ​ម្នាក់​បាន​ពលី កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា។

ជម្លោះនេះ បង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត ក្រោយ​ប្រធាន​ព្រឹទ្ធ​សភាក​​ម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី ផែថ​ង​ថាន ស៊ីណាវ៉ាត់ ដែល​ធ្វើ​ឱ្យ​លោក​​ស្រី​​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​តំណែង និង​ទទួល​រង​សម្ពាធ​ពី​មេយោ​ធា​ថៃ ហើយ​កម្ពុជា បាន​បិទ​ការ​នាំចូល​​ប្រេង​ឥន្ធនៈ អាហារ ភេសជ្ជៈ​កំប៉ុង និង​បន្លែ​ផ្លែ​ឈើ ពី​ប្រទេស​ថៃ ខណៈ​មេដឹក​នាំ​ថៃ បាន​ចោទ​ក្រុម​មេដឹកនាំ​កម្ពុជា ថា​ជា​មេខ្លោង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីនធឺ​ណិត លាងលុយ​កខ្វក់ និង​ជួញ​ដូរមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ