អ្នកជំនាញរកឃើញ​មាន​​អ្ន​ក​ស្លាប់​៦នាក់​ក្នុង​ចំណោម​​៨នាក់​ដែល​បាន​ឆ្លង​ជំងឺ​ផ្តាយ​សាយ​បក្សី

នាយកដ្ឋាន​​ប្រយុទ្ធ​​នឹ​ង​​ជំងឺ​ឆ្លង ឱ្យ​ដឹង​ថា គិត​​ត្រឹម​ខែ​​មិថុនា​នេះ អ្នក​ឆ្លង​​ជំ​ងឺ​ផ្តាសាយ​​បក្សី H5N1 មាន​ចំនួន​ ៨​នាក់ ក្នុង​​នោះមា​ន​អ្នក​ស្លាប់​ ៦នាក់ ខណៈ​​​នៅ​​ថ្ងៃអ​ង្គារ​​នេះ ក្រសួង​​សុខាភិបាល​​បាន​​ប្រកាស​ពី​ការ​​រកឃើញ​​​ស្ត្រី​វ័យ ៤១ឆ្នាំម្នាក់ទៀត បាន​ឆ្លង​វីរុស​ផ្តាសាយបក្សី H5N1 និង​កំពុ​ងស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ។

នាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឱ្យ​ដឹង​នៅលើទំព័រហ្វេស​​ប៊ុក​របស់ខ្លួន ​នៅ​ថ្ងៃទី​២៤ ខែមិថុនា​នេះ​ថា ត្រឹមខែ​មិថុនា​​នេះ​ នាយកដ្ឋាន​​រក​ឃើញ​អ្នក​​ឆ្លង​​​​ជំងឺ​​ផ្ដាសាយ​​បក្សី​​ចំនួន ​​៨នាក់​ ក្នុង​នោះ​​ ៦នាក់​​បាន​ស្លាប់​ ដែល​​ភាគ​​ច្រើន​​ជា​កុមារ​។

ប្រភពដដែលនេះ​ បញ្ជាក់ថា គ្រប់​អ្នក​ជំងឺ​​ទាំ​ង​អស់​ សុទ្ធ​​​តែ​មាន​ពាក់​ព័ន្ធ​ប៉ះ​ពាល់​​ ឬ​យក​មាន់​ទាឈឺ​ឬ​ងាប់​ យកទៅ​​រៀប​​ចំ​​ជាអាហារ​ទទួលទាន។

នៅថ្ងៃដដែលនេះដែរ ក្រសួងសុខាភិបាល ក៏បាន​ចេញសេចក្តី​ប្រកាសព័ត៌មាន​ដែរថា មាន​អ្នក​ជំងឺ​ផ្តាសាយ​បក្សី​ម្នាក់ ជា​ស្ត្រីអាយុ ៤១ឆ្នាំ​ រស់​នៅ​ស្រុកពួក ខេត្ត​សៀមរាប មានផ្ទុកវីរុស​ផ្តា​សាយ​​​​បក្សីប្រ​ភេទ H5N1 ដោយ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដក​ដង្ហើម។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ និងកំពុង​ទទួលបាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់ពីសំណាក់​ក្រុមគ្រូ​​ពេទ្យ​។

បើតាមការ​សាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ​ និងផ្ទះអ្នកជិត​ខាង​មាន​មាន់​ទា​ឈឺ​និងងាប់ ហើយ​អ្នក​ជំងឺ​បាន​កាន់​និងប៉ះពាល់​មាន់​ឈឺនិ​ងងាប់ រួច​យកទៅ​ធ្វើ​ម្ហូបទទួល​ទាន ៥ថ្ងៃ​មុន​ថ្ងៃ​ដែល​អ្នកជំងឺ​ចាប់​ផ្តើម​ឈឺ។

ពាក់ព័ន្ធនឹង​ករណីនេះ ក្រុម​ឆ្លើយ​តបបន្ទាន់របស់​ក្រសួង​សុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់ ធ្វើការ​អង្កេត​ស្រាវ​ជ្រាវលើការប្រភព​​​ចម្លង​ទាំង​លើ​សត្វ និង​មនុស្ស និង​ស្វែង​រក​ករណី​​សង្ស័យ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តាម៊ីហ្លូ ដល់អ្នកប៉ះពាល់ជិត​ស្និទ្ធ និងធ្វើ​យុទ្ធនាការ​អប់រំ​សុខ​ភាព​ប្រជាពលរដ្ឋ​​នៅ​ក្នុងភូមិ​ដែល​កើត​ហេតុ។  

ជាមួយគ្នានេះ ​ក្រសួង​សុខាភិបាល ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​ទាំង​អស់ បន្ត​បង្កើន​កា​រ​​ប្រុង​​​ប្រយ័ត្ន​​លើ​​​ជំងឺនេះ ព្រោះជំងឺផ្តាសាយ​បក្សី​ H5N1 នៅតែបន្តគំរាម​កំហែង​ដល់​សុខភាព​ប្រជា​ពលរដ្ឋ ហើយប្រសិន​បើមានអាការៈ​ក្តៅខ្លួន ក្អក ហូរសំបោរឬពិបាកដក​ដង្ហើម​ និង​មាន​ប្រវត្តិ​​ធ្លាប់បានប៉ះពាល់​បក្សី​ឈឺឬងាប់ក្នុងអំឡុង​១៤ថ្ងៃ ​មុន​ចាប់​ផ្តើម​​មានរោគ​សញ្ញា ត្រូវ​ប្រញាប់​​​​ទៅពិគ្រោះយោបល់​ និង​​ការពិនិត្យ​ព្យាបាល​នៃ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ជា​បន្ទាន់ ជៀស​​វាង​​ពន្យា​​ពេល​ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជា​យថា​ហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ