អ្នកចាញ់​បោក​អ្នក​ស្រី ឡេង ចាន់​ណា រំឭក​គ្រួសារ​ហ៊ុន​ពី​ទុក្ខ​សោក​ក្រោម​សម្ពាធ​បំណុល​ជាង​១ឆ្នាំ

ជន​រងគ្រោះ​ ទាម​ទារ​ឱ្យ​គ្រួសារ​ហ៊ុន ពន្លឿន​វិធាន​​​​រឹប​អូស​ទ្រព្យ​សម្បត្តិ​​អតីត​ឧកញ៉ា ឡេង ចាន់​ណា ដើម្បី​យក​​​លុយ​មក​​សង​​ពួក​​គេ​ជាង​ ៧ពាន់​គ្រួសារ ដែល​បាន​រស់នៅ​​ក្រោម​សម្ពាធ​បំណុល​ជាង​១ឆ្នាំ​ទៅ​នេះ ដោយ​​​សំ​អាង​ថា ប្រព័ន្ធ​តុលាការ​មិន​អាច​ការ​ពារ​យុត្តិធម៌​ឱ្យ​ពួក​គេ​បាន។

​ការ​បន្សល់​ទុក​នូវ​វិបត្តិ​ជន​រង​គ្រោះ​រាប់​ពាន់​គ្រួសារ កាន់​ឆ្នាំ​បែប​នេះ ជំរុញ​ឱ្យ​មាន​រិះ​គន់​ពី​ការ​ដឹក​នាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ដោះ​ស្រាយ​ទុក្ខ​លំបាក​រាស្រ្ត ផ្ទុយ​ពី​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ។

ការទា​ម​ទារ​នេះ​ ក្រោយក្រសួង​​យុត្តិ​ធ​ម៌​ចេញ​​លិខិត​​​​ឱ្យ​តុលាការ​​​ពន្លឿន​រឿង​​​​ក្តី​​​អតីត​​ឧកញ៉ា ឡេង ចាន់​ណា​ ដែល​ជន​រង​គ្រោះ​បានប្រមូលផ្តុំគ្នានៅ​មុខក្រសួង​យុត្តិធម៌ កាលពីថ្ងៃទី២៧ ខែឧសភា តែជិត១ខែទៅនេះ ពួក​គេ​ថា មិន​ទាន់​មាន​​​ដំណើរការនិតិវិធីនោះទេ។

ជនរងគ្រោះម្នាក់ លោក ចាប ប៊ុនហ៊ាង ប្រាប់VODថា បច្ចុប្បន្នលោករស់នៅ​ទាំង​សម្ភាធ​ផ្លូវ​ចិត្ត ដោយ​សារ​តែ​គ្មាន​លុយ​បង់​ធនាគារ ក្រោយ​ចាញ់​បោក​អតីត​ឧកញ៉ា​ ឡេង ចាន់​ណា ទាំង​គ្រួសារ​ជាង​២០​ម៉ឺន​ដុល្លារ។

លោក​ថា ទោះថ្មីៗនេះ ក្រសួង​យុត្តិធ​ម៌ចេញ​លិខិ​តឱ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​អតីត​ឧកញ៉ា ឡេង ចាន់​ណា ​ក៏​ដោយ​តែ​លោក​ថា គ្មាន​ដំណឹង​អ្វី​ទាល់​តែ​សោះ មក​ទល់​ពេល​នេះ។

លោកថា«សម្រាប់ខ្លួ​ន​ខ្ញុំ​ផ្ទាល់​ហ្នឹង គឺ​១៤៩០០​(ដុល្លារ) ហើយ​ចៅៗ ហើយ​ក្មួយ​ហ្នឹង​ក៏​ខ្ទង់​ម៉ឺន​ជាងៗ​ដែរ​ សរុប​ទៅអ​ស់​ ២៣​ម៉ឺន​លើស​បន្តិច។ លុយ! គឺ​សុទ្ធ​តែ​លុយ​ធនាគារ​ទាំង​អស់ អាង​ខ្ចី​បុល​គេ​មក​ដើម្បី​យក​ទៅ​ដាក់​ទៅ! ដាក់​បាន​កំរៃ បាន​ការ​ថ្លៃ។ ធនាគារ​ហ្នឹង​បាន​តិចៗ​ទៅ​សម្រាប់​បាន​ហូប​ចុក​ខ្លះ​ធ្វើ​បុណ្យខ្លះ​។ ចាស់​ហើយ​មិន​ដឹង​រក​អី! អ៊ីចឹ​ង​យើង​បាន​កំរៃ​ហ្នឹង តិចៗ​សម្រាប់​ចិញ្ចឹម​ជីវិត! ឥឡូវ​មិន​ត្រឹម​ចិញ្ចឹម​ជីវិត​ទេ! ទៅ​ជា​លង់​ខ្លួន​មែន​ទែន​កាន់​តែ​យ៉ាប់​ទៅៗ ទៅ​វិញ ហើយ​ធនាគារ​ចេះ​តែ​មក​រាល់​ថ្ងៃ»។  

ជនងរងគ្រោះម្នាក់ លោក អៀ សុផល ដែល​ចាញ់បោកលុយជិត​២ម៉ឺន​ដុល្លារ ជា​លុយ​ខ្ចី​ធនាគារ ប្រាប់​VODថា លោក​ហាក់​អស់​ជំនឿ​លើ​តុលាការ​ហើយ ដោយ​ថា​ជាង​១ឆ្នាំ​ទៅ​នេះ ជន​រង​គ្រោះ​នៅ​តែ​មិន​ទទួល​បាន​សំណង​ទោះ​មាន​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្តី។

លោកថា៖ «ចាប់ពីយើងដាក់ញត្តិជាមួយឯកឧត្តម កើត រិទ្ធ មក ដូច​ជា​ស្ងាត់​អត់​មាន​ឃើញ​មា​ន​ដោះ​ស្រាយ​អី​ទេ ស្ងាត់​ឈឹង​ម៉ង រី​ឯ​ជន​រង​គ្រោះ​បាន​បាត​បង់​ជីវិត​ជា​បន្ត​បន្ទាប់ ពី​ព្រោះ​អស់​លទ្ធភាព​រក​លុយ​បង់​ធនាគារ​ហើយ​បង»។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ តាម​រយៈ​លិខិត​មួយ​​ច្បាប់​ចុះ​​ថ្ងៃ​​​ទី​​២​ខែ​​មិ​ថុនា បាន​​ជំរុញ​ឱ្យ​​សាលាដំ​បូង​ខេត្ត​សៀម​រាប ពន្លឿ​ន​ចំណាត់​ការ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ ពាក់​ព័ន្ធ​​ការ​បោក​ប្រាស់​របស់​អតីត​ឧកញ៉ា ឡេង ចាន់​ណា។

វិធាននេះ ក្រោយ​ជនរងគ្រោះបានប្រមូលផ្តុំគ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃទី​​២៧ ខែ​ឧសភា ដើម្បី​ទាម​​ទារ​​យុត្តិធ​ម៌​​ ដោយ​​ថា​វិបត្តិបំណុល​កំពុង​​គំរាម​ជីវិត​ពួក​គេ មាន​អ្នក​ខ្លះ​បែក​បាក់​គ្រួសារ ខ្លះ​ទៀត​ឈឺ​ធ្ងន់ និង​កូនៗ​បោះ​បង់​ការ​សិក្សា ជាដើម​។

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្រ្តាលី លោក ស៊ឹង​ សែន​​ករុណា និយាយ​ថា ការ​ដែល​ព្យាយាម​គេច​វេស មិន​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ បង្ហាញ​ពី​ការ​ដឹក​នាំ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ដែល​ទីបំផុត​ពលរ​ដ្ឋ​នឹង​អស់​ជំនឿ​លើ​រដ្ឋាភិ​បាល។

លោកថា«មិនបានធ្វើកិច្ចអន្តរាគមន៍រ​កដំណោះស្រា​យ​ឲ្យ​ទាន់​ពេល​ទាន់​វេលា តាម​ការ​ទាម​ទារ​ចង់​បាន​អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​មិន​សម​ជា ​គេ​ហៅ​ថា ​ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​វាសនា​របស់​ប្រជា​ជនឡើយ របស់​ប្រជាពលរដ្ឋ​ឡើយ។ បើសិ​ន​ជា​គ្រាន់​តែ​ចេញ​លិខិត​ជា​បន្ត​បន្ទាប់​​ហើយ​​អ​ត់​​មាន​វិធាន​ការ​រក​ដំណោះ​ស្រាយ​ច្បាស់​លាស់! ច្បាស់​ណាស់​ប្រជា​ពលរដ្ឋ​នឹង​លែង​មាន​ជំនឿ​ទុក​ចិត្ត​ ទៅ​លើ​ការ​ដឹក​នាំ​របស់​ស្ថាប័ន​ហ្នឹង លើ​ការ​ទទួល​ខុស​ត្រូវ​របស់​មេដឹក​នាំ​ប្រទេស​អី​ទាំង​អស់​ហ្នឹង​ហើយ»

មាត្រា​៣៥ ចែង​ថា សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។

ក្រុម​ហ៊ុន​​ប្រ៊ីលាន​​ស៊ីធី​​​របស់​​អតីត​​​ឧកញ៉ា ឡេង ចាន់ណា បាន​​​បង្កើត​​​ល្បិ​ច​​​បោក​​​ពលរដ្ឋ តាម​​​យុទ្ធ​​សាស្រ្ត​​ប្រមូល​​​លុយ​ ដោយ​​​សន្យា​​​​​ឱ្យ​​ការ​​​ប្រាក់​ ៤% ក្នុង​​មួយ​ខែ​​នៃ​​​ប្រាក់​ដើម។

អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​​បាន​​ចាប់​ខ្លួន​​នៅ​ថ្ងៃ​ទី​១៣ ខែ​​​មីនា ឆ្នាំ​២០២៤ ក្រោយ​ពី​​​​ជន​​​រង​គ្រោះ​​​ផ្ទុះ​ការ​​​តវ៉ា​​ជា​បន្ត​​បន្ទាប់​​​រ​យៈ​​​ពេល​​ប្រមាណ​ ១ខែ ដែល​​មាន​អ្នក​​ចាញ់​​បោក​​​ប្រមាណ​ ៧០០០​​គ្រួសារ គិត​​​ទឹក​ប្រាក់​​​ជាង ៣០០​​លាន​​​ដុល្លារ​​អាមេរិក។

ជុំវិញរឿងនេះដែរ ជនរងគ្រោះចោទថា មន្រ្តី​ស្និទ្ធិ លោក ហ៊ុន ម៉ាណែត គឺ​លោក ស៊ាន បូរ៉ាត់ បាន​រួម​គំនិត​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់​ណា បោក​ប្រាស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ដែល​ពួក​គេ​ទាម​ទារ​ឱ្យ​ពន្លឿន​កាត់​ទោស ដើម្បី​បាន​សំណង​ដោះ​ស្រាយ​វិបត្តិ​បំណុល។​ ប៉ុន្តែ​​​គ្មាន​ចំណាត់​​ការ​​ផ្លូវច្បាប់​ណាមួ​យ​កើត​ឡើង​នោះ​ទេ ប៉ុន្តែ លោក ស៊ាន បូរ៉ាត់ ត្រូវ​​តុលាការ​ចាត់​ទុក​ត្រឹមជា​សាក្សី​តែ​​ប៉ុណ្ណោះ។

តាមរបាយ​ការណ៍​របស់ CBC ចេញ​ផ្សាយ​អំឡុង​ខែ​​មេសា ឆ្នាំ​​២០២៤ រក​​ឃើញ​​ថា ពលរដ្ឋ​​ខ្មែរ​​ជិត ៥​លាន​នាក់​ ជាប់​​បំណុល ក្នុង​​នោះ​​មាន​​៧៦​% ជា​​អ្នក​ខ្ចី​​ប្រាក់​ពី​​ស្ថាប័ន​​តែ​​មួយ ២០%​ ជា​អ្នក​​​ខ្ចី​​ប្រាក់​​ពី​​២​ស្ថាប័ន និង​៤% ជាអ្ន​ក​ខ្ចី​ប្រាក់​ដល់​​ទៅ ៣​ស្ថាប័ន។

នេះមិន​ទាន់​រាប់​បញ្ចូល​ជន​រង​គ្រោះ រាប់​ម៉ឺន​គ្រួសារ​ទៀត ដែល​កំពុង​រួមរឹត​​ដោយ​​​វិបត្តិ​​បំណុល ដោយ​​សារ​​ពួក​​គេ​​​ចាញ់​​បោក​​ក្រុម​ឧកញ៉ា​​លក់​​អចលន​ទ្រព្យ ដែល​ស្និទ្ធ​​នឹង​មេដឹកនាំ មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹម​ហុង និងអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។

ករណីនេះ ធ្វើឱ្យជនរងគ្រោះខ្លះ​បាន​សម្លាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​យុត្តិធម៌​របស់​ពួក​គេ ត្រូវ​បាន​ប្រព័ន្ធ​​​យុត្តិធម៌​​ជា​ឧបករណ៍នយោបាយ​ បាន​កប់​ចោល​ច្រើន​ឆ្នាំ។

អ្នកឃ្លាំមើល និយាយថា វិបត្តិនេះ ទាមទារឱ្យក្រុមជនរងគ្រោះ ហ៊ានលះបង់ដើម្បីទាមទារយុត្តិធម៌បើមិនដូច្នោះទេ ពួកគេនឹងរងគ្រោះធ្ងន់ធ្ងរ ក្រោមប្រព័ន្ធច្បាប់ដែលចងដោយបុគ្គលមានអំណាចនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ