អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បានបង្ហាញការខកចិត្ត និងស្តីបន្ទោសទៅលើរដ្ឋាភិបាលគ្រួសារហ៊ុនថា ធ្វើនយោបាយប្រជាភិថុតិ ជុំវិញជម្រើសប្តឹងថៃទៅតុលាការអន្តរជាតិ ក្នុងសំណុំរឿងព្រំដែន តាំងពីថ្ងៃទី១៥ខែមិថុនា ដែលទីបំផុតកម្ពុជា ត្រឹមជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)តែប៉ុណ្ណោះ ។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៤ ខែមិថុនានេះថា លោកមានការសោកស្តាយក្រោយពីដឹងថា ថ្ងៃទី១៥ខែមិថុនា កម្ពុជាគ្រាន់តែដាក់លិខិតជូនដំណឹងទៅតុលាការ(ICJ) មិនមែនជាការដាក់ពាក្យបណ្តឹងដូចការគិត ករណីប្រទេសថៃរំលោភបំពានទឹកដី។
ជុំវិញការខកចិត្តនេះ លោកស្តីបន្ទោសថា មេដឹកនាំគ្រួសារហ៊ុន កំពុងលេងនយោបាយទុច្ចរិតបោកប្រាស់រាស្រ្តខ្មែរមួយនគរ ឱ្យជឿថា កម្ពុជាបានដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
លោកថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដឹកនាំដូចរដ្ឋាភិបាល លោក ហ៊ុន សែន ដែរ ដឹកនាំរបៀបបោកប្រាស់ប្រជាពលរដ្ឋធ្វើនយោបាយប្រជាភិថុតិ ដើម្បីឲ្យបានការគាំទ្រពីប្រជាពលរដ្ឋតែប៉ុណ្ណោះឯង ក៏ប៉ុន្តែមិនបានបង្ហាញនូវតម្លាភាព ឬក៏ដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ ឬក៏ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើការដឹកនាំនោះទេ ដូចរឿងដាក់ពាក្យបណ្ដឹងនោះឯង កុហក់ប្រជាពលរដ្ឋថាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ តាមពិតអត់ទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយនោះទេ ដល់យើងកុហកច្រើនដងពេក ប្រជាពលរដ្ឋយល់ថា រដ្ឋាភិបាលដឹកនាំបែបបោកប្រាស់»។
ចំណែក សកម្មជនបក្សប្រឆាំង លោក ហ៊ីង សុខសាន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ខែមិថុនានេះថា លោកបានបង្ហោះសារតាំងពីថ្ងៃ១៥ ខែមិថុនា មកម្លេះ ដើម្បីរំឭកពីបញ្ហានេះ ប៉ុន្តែមិនមានអ្នកជឿ។ លោកថា អ្វីៗគ្រប់យ៉ាង ត្រូវអង្កេត កុំផ្លុំផ្សែងតាមគ្នា រឿងនេះវាគ្រាន់តែល្អមើល ប៉ុន្តែមិនល្អស៊ីនោះទេ។
លោកនិយាយក្នុងសម្តីដើមថា៖ «កុំលេង៣សន្លឹក ដាក់រាស្រ្តមួយនគរ»។
លើសពីនេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា លោកបានជូនយោបល់កុំទាន់និយាយពាក្យ «គាំទ្រ» និង «អបអរសាទរ» ប៉ុន្តែនាំគ្នាត្រូវប្រើពាក្យថា«ជំរុញ»។
លោកបន្តថា ឥឡូវ តំបន់ទាំង៤ រដ្ឋាភិបាលទើបប្រាប់តុលាការអន្តរជាតិ ICJ អំពីបំណងប្ដឹង គឺមានន័យថា«មិនទាន់ប្ដឹងនោះទេ»។
ជុំវិញរឿងនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា បញ្ជាក់ថា កម្ពុជាពិតជាបានផ្ញើលិខិតផ្លូវការក្នុងសំណុំរឿងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការ ICJ ដោយមិនប្រើពាក្យថាកម្ពុជាដាក់ពាក្យបណ្តឹងទៅ(ICJ)ទេ។
លោកថា៖ «លិខិតខ្ញុំបានប្រាប់ទៅ ឯកឧត្តម ប្រាក់ សុខុន ត្រូវតែមានគ្រប់ជំហាន ពេលលិខិតមុនបញ្ចេញ ត្រូវមានរូបភាព មន្ត្រីយើងទៅ អត់ត្រូវមានផ្ញើតាមអ្នកណាទេ ត្រូវជិះយន្តហោះចេញទៅភ្លាមយកទៅឲ្យដល់ដៃ ទូតយើងយកដោយផ្ទាល់ ដើម្បីទទួលបញ្ជាក់ពីការច្បាស់លាស់របស់យើង ព្រោះវាគ្មានហេតុផលអីទៅកម្ពុជាថយទេ ខ្ញុំសុំបញ្ជាក់ជំហររបស់កម្ពុជា »។
ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និយាយក្នុងលិខិតចុះថ្ងៃទី២៣ ខែមិថុនាថា គណកម្មការជំនាញបានរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្រោយពីកម្ពុជា បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៥ ខែមិថុនា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននេះ ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះថៃ រឿងក្តីប្រាសាទព្រះវិហារ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បញ្ហានេះ ធ្វើឱ្យពលរដ្ឋខ្មែរគិតថា មេដឹកនាំកម្ពុជា បំភ័នភ្នែករាស្រ្ត និងរងការស្តីបន្ទោស។
លោកថា៖ «គេគិតថា រដ្ឋាភិបាលកម្ពុជាហ្នឹងអាចកំពុងតែរៀបចំលេងល្បែងបីបួនសន្លឹក កហុកប្រជាពលរដ្ឋ កន្លែងហ្នឹងធ្វើឱ្យគេសង្ស័យ ធ្វើឲ្យគេដកសេចក្ដីទុកចិត្ត គួរឲ្យមន្ទិលសង្ស័យធ្វើឲ្យគេបាត់បង់ការជឿជាក់មួយចំនួនដែរ»។
យ៉ាងណាក្តី អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វន ចាន់ឡូត បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមិថុនានេះ ដោយនិយាយថា ICJ ត្រូវបានបង្កើតឡើងដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីដើរតួជាអង្គការយុត្តិធម៌ចម្បងនៃអង្គការសហប្រជាជាតិ។
លោកបន្តថា តួនាទីរបស់តុលាការមួយនេះ គឺការសម្រេចស្របទៅតាមច្បាប់អន្តរជាតិនូវរាល់ជម្លោះដែលត្រូវបានដាក់មកជូនតុលាការ ហើយយុត្តាធិការរបស់តុលាការ គឺបកស្រាយសន្ធិសញ្ញា ចំណោទច្បាប់អន្ដរជាតិ ការរំលោភបំពានកាតព្វកិច្ចអន្ដរជាតិ។
សម្រាប់លោក ចាន់ឡូត យល់ថា ការដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទជាដំណាក់ដំបូងដែលកម្ពុជាត្រូវអនុលោមជាចាំបាច់ ឬនិយាយឱ្យស្រួលស្ដាប់ កម្ពុជាបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ។ លោកបន្តថា កង្វះទំនុកចិត្តលើរដ្ឋាភិបាល ការប្រឆាំងដើម្បីបំផ្លាញ និងកង្វះចំណេះដឹង ជាដើមហេតុនាំឱ្យមិនចុះសម្រុង និងមិនឯកភាព៕