របាំងប្រាក់ឈ្នួលទាប សេដ្ឋកិច្ចខ្សោយ និងលទ្ធផលនៃការចរចាពន្ធគយរបស់សហរដ្ឋអាមេរិកមិនច្បាស់លាស់ កំពុងក្លាយជាក្តីបារម្ភ បង្កផលប៉ះពាល់ជាប្រព័ន្ធដល់ពលករខ្មែរ ក្នុងជម្រើសចាកចេញពីប្រទេសថៃ វិលត្រឡប់មកកម្ពុជាវិញ ក្រោមកម្តៅព្រំដែន នាពេលបច្ចុប្បន្ននេះ។
នេះបើតាមការលើកឡើងរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់) ដែលបានចេញផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី២៤ខែមិថុនានេះ។
សង់ត្រាល់ បានដកស្រង់សម្តី លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារ មកបញ្ជាក់ថា សង់ត្រាល់មានការព្រួយបារម្ភអំពីកង្វះការងារ ទាក់ទងនឹងការដែលរដ្ឋាភិបាលអំពាវនាវឱ្យពលករចំណាកស្រុកត្រឡប់មកកម្ពុជាវិញ។
លោក ឃុន ថារ៉ូ សំអាងថា ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា «មិនមាននិរន្តរភាព» ក្នុងការស្រូបយកការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃវិញនៅឡើយទេ។
លើសពីនេះ លទ្ធផលនៃការចរចាពន្ធគយរបស់អាមេរិកគឺមិនច្បាស់លាស់ ដូច្នេះអនាគតនៃកម្លាំងការងាររបស់កម្ពុជាក៏មិនច្បាស់លាស់ដូចគ្នាដែរ ដែលការណ៍នេះលោកថា រដ្ឋាភិបាលហាក់មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍កម្មករទេ ព្រោះស្ថានភាពសេដ្ឋកិច្ចនៅទន់ខ្សោយ។
ក្នុងន័យនេះ លោកពន្យល់ថា ស្ថានភាពសេដ្ឋកិច្ចនឹងបញ្ហាប្រឈម ពលករដែលវិលត្រលប់មកវិញនឹងប្រឈម គឺទាក់ទងទៅនឹងការចំណាយបន្ថែម ជាពិសេសអ្នកដែលមានការងារធ្វើនៅប្រទេសថៃ ដែលមានប្រាក់ចំណូលជាប់លាប់។ វាពិបាកសម្រាប់ពួកគេក្នុងការសម្រេចចិត្តណាស់។
មួយវិញទៀត របាំងនៃប្រាក់ឈ្នួលទាប ក៏ជាផ្នែកនៃក្តីបារម្ភពីការបង្កជាឧបសគ្គដល់ការវិលត្រឡប់របស់ពលករកម្ពុជានេះដែរ។
បើតាមសង់ត្រាល់ ប្រាក់ឈ្នួលទាបនៅកម្ពុជាបើធៀបនឹងប្រទេសថៃ សម្ពាធសេដ្ឋកិច្ច និងបំណុលគឺជា បញ្ហាប្រឈមដែលអាចនឹងបំបាក់ទឹកចិត្តពលករខ្មែរឱ្យត្រឡប់ទៅផ្ទះវិញ ទោះបីជាពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេក៏ដោយ។
ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាជាមធ្យមនៅក្នុងប្រទេសថៃ តាមតំបន់ និងខេត្ត មានចាប់ពី ៣៣៧ ទៅ ៤០០បាត (ប្រហែល ១០,២២ដុល្លារ ទៅ ១២,១៣ដុល្លារ) ដូច្នេះពួកគេអាចរកចំណូលបានប្រហែល ៣០៧ ទៅ ៣៦៤ដុល្លារក្នុងមួយខែ ដោយផ្អែកលើអត្រាប្តូរប្រាក់បច្ចុប្បន្ន។ លោកបាននិយាយថា ថ្មីៗនេះ ប្រទេសថៃបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៤០០បាត។
ដោយឡែកសម្រាប់នៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងដល់ ២០៨ដុល្លារ ក្នុងវិស័យកាត់ដេរ ដែលជាការធ្លាក់ចុះនៃតម្រូវការកម្មករ និយោជិត និងសម្ពាធអតិផរណា។
លើសពីនេះ មន្ត្រីគំរោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន បានឱ្យVODដឹងកាលពី ថ្ងៃទី២៣ ខែមិថុនានេះថា ជាទូទៅពលករខ្មែរធ្វើការនៅប្រទេសថៃ ពួកគេព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។
ប៉ុន្តែលោកថា ពលករខ្មែរភាគច្រើនដែលមានឯកសារស្របច្បាប់ នៅបន្តធ្វើការនៅតាមរោងចក្រនានា នៅក្នុងប្រទេសថៃនៅឡើយ។
តែដោយឡែក ពលរដ្ឋដែលធ្វើការផ្នែកសំណង់ និងកសិកម្មជាដើម ដែលភាគច្រើនមិនមានឯកសារស្នាក់នៅស្របច្បាប់ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកដូង ក្នុងខេត្តបាត់ដំបង។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជាធ្លាប់បានអំពាវនាវឱ្យពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ គួរវិលមកកម្ពុជាវិញ ដើម្បីបញ្ចៀសការរើសអើងណាមួយ ពីភាគីថៃ ក្នុងជម្លោះព្រំដែននេះ។
លើសពីនេះ តាមរយៈលិខិតចុះថ្ងៃទី២២ ខែមិថុនា ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពតានតឹងនៃបញ្ហានេះផងដែរ ។
ក្រសួងនិយាយពេលនោះថា ផ្អែកលើស្ថានការណ៍តានតឹង ក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ ពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។
ចាប់តាំងពីថ្ងៃទី២៨ ខែឧសភាមក ភាពតានតឹងនៅតែបន្តកើនឡើងរវាងកម្ពុជា និងថៃ ដែលរហូតមកដល់ពេលនេះ ភាគីទំាងពីរ បានបិទព្រំដែនទៅវិញទៅមកនៅតាមតំបន់មួយចំនួន។
លើពីនេះ កងទ័ពកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នានៅឡើយ នៅតែខ្សែត្រៀមជួរមុខ តាមព្រំដែន រួមទាំងការចល័តទ័ព និងរថក្រោះដែលគេមើលឃើញថា ជាភាពផុយស្រួយលើការផ្ទុះអាវុធដាក់គ្នា បើកម្តៅនេះមិនថយចុះទេនោះ៕









