ស្របពេលភាគីទាំងសង្ខាង ចាប់ផ្តើមប្រើប្រាស់ផ្នែកសេដ្ឋកិច្ច ជាការគំរាមកំហែងដាក់គ្នាទៅវិញទៅមកនោះ ការប្រឈមមុខដោយសព្វាវុធ ក៏កាន់តែមានកម្តៅខ្លាំងឡើងៗដែរ រវាងកម្ពុជា និងថៃ ខណៈដែលតួលេខនៃការខាតបង់ផ្នែកពាណិជ្ជកម្ម តាមរយៈការបិទច្រកព្រំដែននេះ បានបង្ខំឱ្យភាគីទាំងសង្ខាង ត្រូវបាត់បង់សាច់ប្រាក់រាប់សិបម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ក្រោយពីមានជម្លោះកើតឡើង។
វិបត្តិនយោបាយលើកនេះ បើគេពិនិត្យមើលពីទំហំនៃការធ្លាក់ចុះជញ្ជីងពាណិជ្ជកម្ម មិនថាខាងកម្ពុជា និង ថៃទេ គឺសុទ្ធតែត្រូវជួបគ្រោះដូចគ្នា។ បើទោះជាគេថាលាភនៅក្នុងគ្រោះក៏ពិតមែន ប៉ុន្តែគ្រោះលើកនេះ ទំនងជាមិនអាចនាំលាភឱ្យនរណាម្នាក់បានឡើយ។
មកដល់ពេលម៉ោងនេះ ព្រំដែនដែលធ្លាប់តែម្តងបិទម្តងបើក មិនខុសពី ដូចបិទកុងតាក់ភ្លើងយ៉ាងណាក៏ដោយចុះ ក៏វិបត្តិស្ថានការណ៍នយោបាយ មកដំណាក់កាលចុងក្រោយនេះ ច្រកទ្វារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបិទទាំងស្រុងរៀងៗខ្លួនហើយ។
ផ្តើមចេញពីជម្លោះដែលបណ្តាលឱ្យយោធាកម្ពុជា ត្រូវបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី មិនបានប៉ុន្មានថ្ងៃស្រួលបួលផង បានបង្ខំចិត្តឱ្យ លោក ហ៊ុន សែន ត្រូវបញ្ចេញខ្សែអាត់សំឡេង ដែលសន្ទនាជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្រ្តីថៃ។
ខ្សែអាត់សំឡេងនេះហើយ ដែលទំនងមើលទៅ លោក ហ៊ុន សែន ជាអ្នកលួចថត និងបញ្ចេញ បានរុញឱ្យសភាពការណ៍នៅក្នុងប្រទេសថៃ ត្រូវជ្រួលច្របល់មួយសន្ទុះធំដែរ។
ប៉ុន្តែការរង្គោះរង្គើនេះ ហាក់បានស្ងប់ទៅវិញ ក្រោយមានការប្រកាសជំហររបស់ លោកស្រី ផែថងថាន ដែលអះអាងថា ការលេចធ្លាយខ្សែអាត់សំឡេងនេះ គឺជាយុទ្ធសាស្រ្តនៃរបៀបធ្វើនយោបាយរបស់លោកស្រីប៉ុណ្ណោះ។
ពោលបញ្ហាដែលហែកហួរពីផ្ទៃក្នុងថៃប្រាប់លោក ហ៊ុន សែន នោះ វាគ្រាន់តែជាសេនារីយោ នយោបាយរបស់លោកស្រីទេ។ ជុំវិញរឿងនេះ តើអ្វីជាមូលហេតុនៅពីក្រោយនៃការទម្លាយខ្សែអាត់សំឡេងនេះ? តើការបញ្ចេញខ្សែអាត់សំឡេងសន្ទនានេះ អ្នកណានឹងទទួលបានផលចំណេញ ក្នុងជម្លោះព្រំដែនលើកនេះ?
ជាការពិត បើគិតពីការទម្លាយខ្សែអាតនេះ អាចរាប់បានថាវាស្ទើរតែក្លាយទៅជាជំនាញរបស់ លោក ហ៊ុន សែន ទៅហើយ។ មានមនុស្សមិនតិចនាក់ទេ ក្នុងនោះរួមទាំងអ្នកនយោបាយបក្សប្រឆាំងផង ត្រូវខូចឈ្មោះ និងអសោចកេរ្តិ៍ ព្រោះតែលួចទាក់ទងដោយស្ងាត់ៗជាមួយ លោក ហ៊ុន សែន ហើយនៅនាទីចុងក្រោយ សារសំឡេងសន្ទនាទាំងនោះ ត្រូវលោក ហ៊ុន សែន លាតត្រដាងជាសាធារណៈ។
ចំណែក មួយក្បាច់លើកនេះ ទំនងជាមិនខុសគ្នាប៉ុន្មានឡើយ ពីស្នៀតដែល លោក ហ៊ុន សែន ធ្លាប់ប្រើលើក្រុមប្រឆាំង។
តែយ៉ាងណា ការប្រើក្បាច់ចាស់ទៅលើភាគីថៃលើកនេះ លោក ហ៊ុន សែន អាចទទួលបានការសាទរពីពលរដ្ឋកម្ពុជាថា ការធ្វើដូចនេះគឺជួយរុញឱ្យថៃមានភាពប្រេះឆាផ្ទៃក្នុង ខណៈភាគីទាំងពីរកំពុងមានជម្លោះព្រំដែនស្រាប់។
ម្យ៉ាងវិញទៀត អ្វីដែលប្រធានព្រឹទ្ធសភាធ្វើនេះ ទំនងជាការសងសឹកនឹង លោកស្រី ផែថងថាន ដែលប្រមាថថាមេដឹកនាំកម្ពុជា ធ្វើការមិនមានវិជ្ជាជីវៈផងក៏អាចថាបាន។
ប៉ុន្តែផ្ទុយទៅវិញ បើគេពិនិត្យមើលពីនយោបាយការទូត អ្វីដែលប្រធានព្រឹទ្ធសភាធ្វើនេះ គឺមិនបានទាញផលចំណេញអ្វីសោះឡើយពីជម្លោះព្រំដែន នោះប្រសិនបើ លោក ហ៊ុន សែន គិតថា ខ្សែអាត់សំឡេងនេះជាវិធីជួយបំបែកសាមគ្គីផ្ទៃក្នុងរបស់ប្រទេសថៃ។ ឥរិយាបថនយោបាយកម្ពុជាលើកនេះ អាចជាការខាតបង់ច្រើនជាងចំណេញ។
មានកាសែតធំៗ នៅលើពិភពលោកជាច្រើន បានបន្តផ្សព្វផ្សាយព្រោងព្រាត ហើយព្រមានឱ្យមេដឹកនាំផ្សេងទៀត ត្រូវចេះប្រយ័ត្នប្រយែង ប្រសិនបើពួកគេលួចសន្ទនាជាមួយ លោក ហ៊ុន សែន នោះពួកគេអាចនឹងមានវាសនា មិនខុសពីមេដឹកនាំថៃ នៅពេលនេះប៉ុន្មានឡើយ។
ជាមួយគ្នានេះ មេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បង្ហាញកង្វល់ ដោយលោកចាត់ទុកបន្ទាត់នយោបាយរបស់ លោក ហ៊ុន សែន នេះថាគឺជាបច្ច័យដ៏អាក្រក់សម្រាប់ការទូតនៅក្នុងតំបន់ដែរ។
យ៉ាងណា ករណីនេះអាចនិយាយបានថា ប្រហែលវាជាលើកទី១ផងក៏ថាបាន ទាំងនៅក្នុងតំបន់ និងពិភពលោក ដែលមេដឹកនាំប្រទេសមួយ អាចលួចវាយប្រហារទៅលើមេដឹកនាំប្រទេសមួយទៀត តាមរបៀបទម្លាយខ្សែអាត់នៃការសន្ទនាជាលក្ខណៈឯកជនបែបនេះ។
មេដឹកនាំធំៗ នៅលើពិភពលោក សូម្បីសហរដ្ឋអាមេរិក បើទោះជា លោក ដូណាល់ ត្រាំ មើលទៅហាក់គ្មានសុជីវធម៌ តែយ៉ាងណា លោកធ្វើក្នុងក្របខណ្ឌផ្សព្វផ្សាយ ជាចំហតាមរយៈការផ្សាយផ្ទាល់ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចករណីជាមួយមេដឹកនាំ អ៊ុយក្រែន ជាដើមប៉ុណ្ណោះ។
បើនិយាយពីក្រឹត្យក្រមការទូត មិនត្រឹមតែប៉ះពាល់ទៅលើនយោបាយការទូតទេ ថែមទាំងជាការរំលោភទៅដល់សិទ្ធិឯកជនភាពរបស់ដៃគូសន្ទនាថែមទៀតផង។
ណាមួយកម្ពុជា ក៏មានច្បាប់ហាមប្រាមទៅទៀតចំពោះការលួចថតសំឡេងនេះ ហើយបើលួចថត ដោយគ្មានការយល់ព្រមពីដៃគូម្ខាងទៀត គឺតែមិនអាចយកទៅផ្សព្វផ្សាយជាសាធារណៈបានឡើយ។
នៅក្នុងបញ្ញត្តិដែលមានទាំងនៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសារគមនាគមន៍ជាដើម អ្នកប្រព្រឹត្តបទល្មើស ត្រូវមានទោសទណ្ឌ។ ប៉ុន្តែ អ្នកដែលអាចធ្វើបាន នៅតែគ្មានទោសពៃរ៍ ហើយវាថែមទាំងស្របច្បាប់ទៅទៀត។
រឿងនេះ បើគេមើលមួយភ្លែត ហាក់បង្ហាញថា លោក ហ៊ុន សែន មានភក្តីភាពចំពោះអធិបតេយ្យភាពដែនដី ស្របពេលភាគីកម្ពុជា និងថៃកំពុងមានជម្លោះ។ តែយុទ្ធសាស្រ្តនេះ ប្រហែលជាលោក ហ៊ុន សែន ធ្វើដើម្បីស្ទង់មតិពីការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា និងគ្រួសាររបស់លោក។
លោក ហ៊ុន សែន ទំនងបានប៉ាន់ស្មានជាមុនរួចហើយថា បើខ្សែអាត់នេះត្រូវបញ្ចេញមែន នៅចំពេលមានជម្លោះបែបនេះ ប្រហែលជាមនុស្សមិនតិចនាក់ទេ ដែលគិតថា លោក ហ៊ុន សែន មិនជឿលង់នឹងអ្វីដែលភាគីថៃ អះអាងថា បញ្ហាគ្រប់យ៉ាងមកពីក្រុមយោធាថៃ។
ហើយខ្សែអាត់នេះ ក៏ជួយលើកមុខលើកមាត់ លោក ហ៊ុន សែន មិនតិចដែរទេ ដែលថានៅពីក្រោយនៃការចរចា លោក ហ៊ុន សែន មានភាពស្មោះត្រង់ចំពោះជាតិ ដោយមិនខ្វល់ថាខ្លួនរាប់អានដៃគូយូរឆ្នាំ និងមានភាពស្និទ្ធស្នាលនឹងគ្នាប៉ុណ្ណា។
មួយវិញទៀត ការបង្ខំចិត្តបញ្ចេញខ្សែអាត់នៃសំឡេងសន្ទនានេះ ប្រហែលជាអាចជួយស្តារប្រជាប្រិយភាព របស់គ្រួសារត្រកូលលោក ថាក់ស៊ីន មកវិញក៏អាចថាបានដែរ។ មែនទែនទៅ ជម្លោះព្រំដែននេះ គឺផ្តើមចេញពីវិវាទផ្ទៃក្នុងរបស់ថៃ។
មិនថាលើកនេះ ឬលើកមុនទេ នៅពេលណាថៃចង់ទម្លាក់នាយករដ្ឋមន្រ្តីថៃ ដែលខ្សែញាក់របស់ក្រុម លោក ថាក់ស៊ីន គឺក្រុមយោធាថៃតែងប្រើប្រាស់ព្រំដែនកម្ពុជា ធ្វើជាចំណាប់ខ្មាំងនយោបាយជាដរាប តាំងពីអតីតនាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនដារាវិច រហូតដល់ជំនាន់លោកស្រី យីងឡាក់ ហើយលើកនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ។
ក្រុមយោធា និងរដ្ឋាភិបាល មិនត្រូវគ្នាតាំងពីដើមទីរៀងមក ហេតុនេះការបញ្ចេញខ្សែអាត់សំឡេងនេះ ក៏ជាផ្នែកមួយ ប្រហែលជាអាចជួយរំដោះគ្រោះនយោបាយរបស់លោកស្រី ផែថងថាន មួយរយៈពេលដែរ។
នេះអាចរាប់បានថា ជាលើកទី១ហើយ ដែលថៃចាប់ផ្តើមមានសំឡេងមូលតែមួយឡើងវិញ ក្រោយត្រូវរង្គោះរង្គើមួយសន្ទុះធំមក ហើយកត្តានេះក៏អាចចាត់ទុកថា ទំនងជាលើកទី១ដែរ ដែលមានរឿងធំប៉ុនមហាមេឃ ថៃអាចស្រុះស្រួលគ្នាបានជាធ្លុងមួយបែបនេះ។
តាមពិត បើគិតពីការសារភាពរបស់លោកស្រីនាយករដ្ឋមន្រ្តី ប្រាប់លោក ហ៊ុន សែន គឺប្រាកដណាស់ ទំនងជាលោកស្រី ផែថងថាន នឹងមិនអាចអង្គុយលើកៅអីជានាយករដ្ឋមន្រ្តី មកដល់ម៉ោងនេះបានឡើយ។
ផ្ទុយទៅវិញ សារបែកធ្លាយរវាងលោក ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តីថៃនេះ បែរជាជួយថៃមានសំឡេងជាតិនិយមតែមួយ ហើយរឹងម៉ាំជាងមុនថែមទៀត។
ជារួម សារសន្ទនានេះ នឹងមិនបានជួយអ្វីច្រើនមកដល់កម្ពុជាទេ។ ផ្ទុយទៅវិញ សំឡេងខ្សែអាត់ លោក ហ៊ុន សែន បញ្ចេញនេះ អាចនឹងធ្វើឱ្យកម្ពុជាត្រូវខូចឈ្មោះ និងប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិថែមមួយកម្រិតទៀត ហើយចង់ ឬមិនចង់អ្នកដែលទទួលផលពីជម្លោះនេះ គឺភាគីថៃច្រើនជាង។
មិនថាតែនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទេ ថ្ងៃក្រោយទៅទីតាំងទាំងនោះ អាចជាការឈរជើងរួមគ្នារវាងយោធាកម្ពុជា និងថៃ។
ភាគីថៃ ប្រហែលជាប្រើជំរើសការបើកបិទច្រកព្រំដែន ធ្វើជាចំណាប់ខ្មាំងច្រើនជាងពេលនេះ ដើម្បីបង្ខំឱ្យកម្ពុជាដាក់យោធាថៃលើទីតាំងកំពុងមានជម្លោះនេះ ដែលមិនខុសគ្នាប៉ុន្មានពីតំបន់មានជម្លោះ នៅប្រាសាទព្រះវិហារដែរទេ។
ថៃទំនងបានដឹងជាមុនរួចហើយថា ដង្ហើមដករបស់កម្ពុជាពេលនេះ គឺពឹងផ្អែកលើថៃច្រើនជាងថៃពឹងដង្ហើមដកពីកម្ពុជា។ មិនថាតែទំនិញទេ សូម្បីការពិនិត្យសុខភាព និងកម្លាំងពលកម្ម ក៏កម្ពុជាត្រូវខ្ចីដង្ហើមដកពីថៃដូចគ្នាដែរ៕