សាលាឧទ្ធរណ៍ពន្យាពេលសវនាការ​​លើ​សំណុំរឿង​​ក្រុម​មាតា​ធម្មជាតិ​ក្រោម​សំឡេង​រិះ​គន់

សាលា​ឧទ្ធរណ៍​ភ្នំពេញ ​ពន្យា​​ពេល​​ការបើ​ក​​​សវនា​ការ​​​​​លើ​សំណុំ​​រឿង​​​ប្រឆាំង​​នឹង​​​​ក្រុម​យុវជន​ចលនា​​​​មាតា​​ធម្ម​ជាតិ និង​​យុវជន​​ផ្សេង​​ទៀត​​សរុប​​ចំនួន ១០​រូប ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​​​២៦ ខែ​មិថុនា​​នេះ ទៅ​ពេល​​ក្រោយ​​វិញ។

ក្នុងលិខិតជូនដំណឹង​របស់​ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ លោក​ អ៊ិត សុធា ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើង​ថា សាលាឧទ្ធរណ៍ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ពិភាក្សា​ដេញ​​ដោល​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​​ ពាក់ព័ន្ធនឹង​បទល្មើស​ ប្រមាថ​​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់ស​ន្តិសុខ​សង្គម និង​រួមគំនិត​ក្បត់ ដែល​ប្រព្រឹត្ត​ដោយជន​ជាប់​ចោទ ចំនួន ១០​រូប នៃ​ក្រុម​ចលនាមាតា​​ធម្មជាតិ និង​យុវជន​​សង្គម​​ នៅថ្ងៃទី​២៦ ខែមិថុនា​ ស្អែកនេះ។

ប៉ុន្តែ​ដោយហេតុថា ជនជាប់ចោទ ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិត​សិន និង​ជាប់​ជាប់​ចោទ​​មួយ​ចំនួន​​​ទៀត អាជ្ញា​សាលា​​បាន​​បញ្ជាក់​ថា ពុំអា​ច​​បញ្ជូ​ន​ដីកា​​កោះ​​ដល់​​ជ​ន​ជាប់​​ចោទ​​​​ទាំង​​​នោះ​បាន ហើយ​បច្ចុប្បន្ន​​ជន​ជាប់​​ចោទ​​ដែល​នៅ​ក្រៅ​ឃុំ​ មិន​ដឹង​​រ​ស់​នៅ​ទីណា ខណៈ​សំណុំ​រឿង​អង្គ​សេចក្តី​នេះ ទើបតែ​ដាក់​កម្ម​វិធី​ជំនុំ​ជម្រះ​ជា​លើក​ទី​១ ដូច្នេះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ សម្រេច​​លើក​ពេល​សវនាការ​​ក្នុង​សំណុំរឿង​នេះ​ទៅ​ពេល​ក្រោយ​វិញ ដើម្បី​​គោរព​​គោល​​ការណ៍​​ចំពោះ​​មុខ និង​​ទទួល​បាន​ការ​​ជម្រះ​​​ក្តី​​ដោយ​​យុត្តិធម៌។

ទោះយ៉ាងណា នៅក្នុង​លិខិត​ជូន​ដំណឹង​នោះ មិន​បាន​បញ្ជាក់ពីកាលបរិច្ឆេត​ថ្មី នៃ​​ការ​បើក​សវនាការ​ជំនុំ​​ជម្រះ​លើ​សំណុំរឿង​​ទៅថ្ងៃ​ណា​នោះទេ​។

ក្រុមចលនាមាតាធម្មជាតិ និង​យុវជន​ផ្សេង​ទៀតទាំង​១០ ​ដែល​ជា​ជន​​ជាប់ចោទក្នុងសំណុំរឿងទាំង​​៣​​​នេះ មាន​​ដូច​​ជា លោក អាឡិច​ហ្សង់ដ្រូ លោក យឹម លា​ងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់​ដារ៉ាវុធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង​ កែវ​រស្មី កញ្ញា រ៉ៃ​ រក្សា លោក ពក ខើយ និង​លោក ប៉ិញ ពិសិដ្ឋ។​

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៤ ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​​បាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​​ដាក់​​ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ​៦ឆ្នាំ​​​ ​ដល់​ ​៨​​​ឆ្នាំ​ ​ហើយ​អំឡុងពេលប្រកាសសាល​ក្រម​នោះ ​​សកម្ម​ជនមាតាធម្មជាតិចំនួន​​ ​៤​រូប​ គឺ​​លោក​ ថុ​ន​ ​រដ្ឋា​ ​​កញ្ញា​ ​ឡុង​ ​គន្ធា​ ​​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​​និង​​លោក​ ​លី​ ​ចាន់​​ដារ៉ា​​វុ​ត​ ​​​​ដែល​​​មាន​វត្តមាន​​នៅ​មុខ​តុលាការ​​ ​ត្រូវ​​បាន​​ចាប់​ខ្លួនយ៉ាង​ហិង្សា​​ដោយ​​កង​កម្លាំង​​​សន្តិសុខ​​ជា​ច្រើន​​នាក់​​ ដើម្បី​បញ្ជូន​ទៅ​ឃុំ​​​ខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​​។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បាន​ទេនៅថ្ងៃ​ពុធនេះ។​

សម្រាប់ ​លោក សំ ចំរើន មេធាវីការ​ពារ​សិទ្ធិឱ្យ​ក្រុមយុវជនចលនាមាតាធម្មជាតិ មិនមានយោបល់​​​នៅឡើយទេ​​​ជុំ​វិញ​ការពន្យា​​ពេល​របស់​​​តុលាការ​ ក្នុង​​កា​រ​បើកស​វនាការ​លើសំណុំ​រឿ​ង​នេះ ដោយ​រង​ចាំ​មើល​តុលាការ​កំណត់​ថ្ងៃជា​ថ្មីសិន។

សម្រាប់​​ស្ថានភាពកូនក្តីរបស់​លោក​នៅ​ក្នុង​ពន្ធនាគារ​វិញ លោកថា ពួកគេ​មានសុខ​ភាព​ល្អធម្មតា ប៉ុន្តែសម្រាប់​​សុខភាព​ផ្លូវចិត្ត​យ៉ាងណា​នោះ លោក​ក៏ពុំអាចវាយតម្លៃបាន​ដែរ។

ខណៈដែល​កូនក្តីរបស់​លោក កំពុង​ជាប់​ឃុំនៅបណ្តាពន្ធនាគារ​តាមខេត្ត​ផ្សេ​ងៗគ្នា លោក​បានស្នើ​ដល់​សាលា​​ឧទ្ធរណ៍​​ភ្នំពេញ ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា​​ឱ្យ​បញ្ជូន​ពួក​គេ​មក​​ពន្ធនាគារ​​ម១ និង​ម២​វិញ ដើម្បី​​​ងាយ​ស្រួល​ក្នុងការ​អនុវត្ត​​នីតិវិធីការ​ពារ​ក្តី។​

លោកមេធាវី សំ ចំរើន ថ្លែង​​​​ថា៖ «សម្រាប់អ្នក​​​ទាំ​ង​​៥នាក់ ដោយសារ​គាត់​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​​​របស់​​​សាលា​ឧទ្ធរណ៍​​ភ្នំពេញ ប្រសិន​បើ​ពួកគាត់​ទាំង​អស់​គ្នា​អាច​មក​​ជាប់​ឃុំ​នៅ​ម១ ឬម២ នោះ​ជា​រឿង​ដែល​មាន​ប្រយោជន៍​​ទាំង​អស់គ្នា ហើយ​វា​សម្រួល​ដល់កិច្ច​ការ​ហ្នឹង​ទាំង​អស់គ្នា កិច្ច​ការ​ដែល​ដំណើរ​ការ​នីតិ​វិធី​ទាំង​អស់គ្នា​ដែរ»។

នាយក​ទទួល​បន្ទុក​កិច្ច​កា​រទូទៅ​នៃអង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ លោក អំ សំអាត​ មាន​ប្រសាសន៍ថា ការ​ពន្យា​ពេលប៉ុន្មាន​ថ្ងៃ​ដើម្បី​មានសវនាការ​លើកទី​២​នោះ គឺ​មិន​មាន​​កំណត់​ ឬ​ចែងក្នុង​​នីតិវិធីច្បាប់​ទេ ប៉ុន្តែ​​បើ​​​​​យោងតាម​​​បទដ្ឋាន​អន្តរជាតិ កា​រទទួល​បាន​ភាព​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់ ឬក៏ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សវនាការ​ត្រូវ​តែ​ធ្វើ​​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បីកុំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ និង​សេរីភាពរបស់​ពួកគាត់​ ដែលបាន​និង​កំពុង​​​​ទន្ទឹង​រងចាំ​​​ពន្លឺយុត្តិធម៌។

លោក​ថ្លែង​ថា៖ «ព្រោះពួកគាត់​ប្តឹង​ទៅ​ឧទ្ធរណ៍នេះ គឺ​ចង់​ឃើញ​ភាព​យុត្តិធម៌សម្រាប់​ពួក​គាត់ ការ​ផ្តល់​យុត្តិ​ធម៌​ពី​សាលា​ឭឧទ្ធរណ៍​សម្រាប់​ពួក​គាត់ ហើយ​ការ​ពន្យា​ពេល​​គឺ​ធ្វើ​ឱ្យ​ពួក​គាត់​​ហ្នឹង​​ទន្ទឹង​រង​ចាំ​​សម្រាប់​សវនាការ​ហ្នឹង​រយៈពេល​បន្ត​ទៅ​ទៀត​ហើយ អាហ្នឹង​គឺប៉ះពាល់ទៅ​ដល់​សិទ្ធិ​​​របស់​​​គាត់​»។​​

បើតាម​មន្ត្រីសិទ្ធិ​មនុស្ស​រូបនេះ ការ​ចាប់ខ្លួន​ ការ​ចោទប្រកាន់ និង​ការ​ឃុំខ្លួន​យុវជន​មាតាធម្ម​ជាតិ​នេះ មានការ​រិះគន់​ច្រើន​​ពី​សំណាក់​សហគមន៍​ជាតិ អន្តរជាតិ និងក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​ជា​ដើម ដែលករណីនេះ លោក​សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ក្នុងកា​រដោះលែង​ពួកគេ​ឱ្យមាន​សេរីភាពវិញ​ក្នុងពេល​ឆាប់ៗនេះ។

លោកថា៖ «រឿង​យុវជន​​មាតា​ធម្មជាតិ​​​នេះ យើង​ឃើញ​ថា​ មានការ​រិះគន់​ច្រើន​ទាំង​សហគមន៍​ជាតិ និង​​​អន្តរ​ជាតិ រហូត​ដល់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​ គេ​តែ​ងតែ​ទទូច​ និង​ទាម​ទារ​ឱ្យ​ដោះ​លែង​អ្នក​ទាំង​អស់​ហ្នឹង​ឱ្យ​មាន​​សេរី​ភាព​ពេញ​លេញ​វិញ ព្រោះ​ការ​ធ្វើការ​ ការ​បំពេញ​ការ​ងារ ឬ​ក៏​​ធ្វើ​ការ​​លើ​បញ្ហា​បរិស្ថាន​​ មិន​មែន​ជា​បទ​​ល្មើស​ទេ​​ ផ្ទុយ​ទៅ​វិញ គួរ​តែ​​​ត្រូវ​បាន​​លើក​ទឹក​​​ចិត្ត​​​ ដើម្បី​ចូល​រួម​ក្នុ​ងកិច្ច​គាំពារ​បរិស្ថាន​​ទៅ​វិញ​ទេ អីចឹង​ហើយ​​​ការ​បន្ត​ឃុំ​ខ្លួន​យូរ​ទៅ​ទៀត​​ អា​ចនឹង​មាន​​ការ​រិះ​គន់​ជា​បន្ត​​​ទៅ​ទៀត​ទៅ​លើ​ករណី​​នេះ អីចឹង​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​​នឹង​មាន​បើ​ក​កំណត់​​​​​កាលបរិច្ឆេទ​​នៃ​សវនាការ​​​»។

​មកដល់ពេលនេះ យុវជន​ចលនាមាតាធម្មជាតិ​ទាំង​ ៥​នាក់នោះ បានជាប់ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​មកហើយ បើគិតចាប់ពីថ្ងៃ​​ចាប់ខ្លួន​ កាល​ពី​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤។​

​លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញនិង​តស៊ូមតិ នៃអង្គការ​ភាពជាដៃគូដើម្បីបរិស្ថាន និង​ការ​​​អភិវឌ្ឍ ដែលតាមដានរឿងនេះ​ ក៏បានទទូចដល់​តុលាការ​ពិចារណា​ក្នុងការ​ដោះលែង​ និង​​ទម្លាក់​ចោលការ​បទចោទ​ទៅលើ​សកម្ម​ជនបរិស្ថាន​​មកពីមាតាធម្មជាតិនោះដែរ ត្បិត​សកម្ម​​​​​ភាព​​របស់​ពួក​គេ​​ធ្វើ​ឡើង​​ដើម្បី​តែ​ផល​ប្រយោជន៍​សង្គម បរិស្ថាន និង​ការ​ពារ​ធនធាន​ធម្ម​ជាតិ​​ប៉ុណ្ណោះ។​ លោក​បន្តថា ការ​បន្តឃុំខ្លួនពួកគេ និង​ការ​ពន្យា​ពេល​សវនាការ​លើ​​សំណុំរឿង​នេះ​ពីសំណាក់សាលា​ឧទ្ធរណ៍​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិ និ​ងសេរីភាពរបស់ពួកគេ​​ផង​​ដែរ​​។

ជាមួយគ្នានោះ លោក សាន់ ម៉ាឡា ​ក៏បានជំរុញ​ទៅរាជរដ្ឋាភិបាល និង​តុលាការ បញ្ជូនដីកា​កោះ​​ទៅ​​​លោក អាឡិច និង​​បើក​ផ្លូវ​ឱ្យ​គាត់​អាចធ្វើដំណើរ​ចូល​មក​​កម្ពុជា​បាន​​ តាមការ​ស្នើ​របស់គាត់ ដើម្បី​មក​តតាំង​​ក្តី​នៅក្នុង​សវនាការ​​​ បើទោះជា​លោក អាឡិច បានដឹង​ច្បាស់ថានឹង​ត្រូវ​ប្រឈម​នឹង​​លទ្ធផល​យ៉ាងណា​ក៏ដោយ​​នោះ។​

លោកថា៖ «វា​កាន់​តែ​ល្អ​ប្រសើ​រ​ថែម​ទៀត ប្រសិន​បើតុលាការ​​បង្ហាញ​​នូវ​ចំណាត់​ការ​ ឬក៏​បំណង​​ដែល​​​នឹង​កោះអញ្ជើញ​ ឬក៏ស្នើ​ទៅរដ្ឋាភិបាល​ត្រូវ​តែ​អនុ​ញ្ញាត​ឱ្យ​ អាឡិច​ ត្រឡប់​មក​ចូលរួម​សវនាការ​ នោះ​វានឹង​ផ្តល់​នូវ​ភាព​យុត្តិធម៌​ត្រឹម​ត្រូវ​សម្រាប់​​ អាឡិច​ ផង​ហើយជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​មិនគួរទៅខ្លាចលោក អាឡិច ដែលគ្រាន់តែ​ជា​អ្នក​ធ្វើ​​ការ​ងារ​បរិស្ថាន​​ ឬ​ក៏ការ​ងារ​ដើម្បី​ប្រយោជន៍សិទ្ធិមនុស្ស​នោះទេ»

លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិត​សិន (​Alejandro GonZalez Davidson) ជនជាតិ​អេស្បាញ​ ដែលជា​ស្ថាបនិក​​​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បានរដ្ឋាភិបាល​​ដាក់ក្នុង​បញ្ជី​ខ្មៅ និង​បាន​​​បណ្តេញ​ចេញ​ពី​ទឹកដីកម្ពុជា កាលពីថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ​​២០១៥​។ លោក អាឡិច បាន​​ចូល​​មក​​រស់នៅ​​កម្ពុជា​​តាំង​ពី​​ឆ្នាំ​២០០៦​មក ហើយ​លោក​មានភាពសកម្ម​ក្នុ​ងការ​​​​​​​ចូល​រួម​​ការ​ពារ​ព្រៃឈើ​​​នៅ​កម្ពុជា និង​តែ​​ង​តែ​​ដឹក​នាំ​​យុទ្ធនា​ការ​ផ្សេងៗ ដើម្បី​​ប្រឆាំង​​ទៅ​នឹង​​គម្រោង​​សាងសង់​​ទំនប់​​វារី​អគ្គិសនី​​នៅ​​តំបន់​​​អារ៉ែង​​ក្នុង​​ខេត្ត​កោះ​កុង។

បើតាម​អត្ថបទខ្លីមួយរបស់អង្គការ​លីកាដូ ដែលចេញផ្សាយនៅថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ ​លើក​​ឡើ​ង​ថា សកម្ម​ជន​​ចលនា​មាតាធ​ម្មជាតិ បាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាម​​​​​កំហែង និងការ​​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ចំពោះ​សកម្ម​ភាព​និយម​ផ្នែក​បរិស្ថាន ដែល​រួម​មាន​ការ​តស៊ូមតិ​ការ​ពារ​ឧទ្យាន​ជាតិ​គិរីរម្យ និង​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​បូក​គោ​ក្នុង​ខេត្ត​កំពត និង​កោះ​កុងក្រៅ និង​ផ្លូវ​ទឹក​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។

ប្រភពដដែលបន្តថា ​សកម្មជនមាតាធម្មជាតិ​ទាំង​នោះ ឋិត​​ក្នុង​​ចំណោម​មនុស្ស​​ប្រមាណ ៧០​​​នាក់ ដែល​​បច្ចុប្បន្ន​កំពុង​​​ជាប់​​ឃុំ​​​ដោយ​​ការ​​ប្រើ​ប្រាស់​​​សិទិ្ធ​របស់​ខ្លួន​នៅ​​កម្ពុជា​ តាម​រយៈ​ការ​បញ្ចេញ​​មតិ ឬ​សកម្មភាព​ការ​ពារ​សិទិ្ធ​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ