ក្រុមអ្នកនយោបាយប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលពន្លឿនប្រើយន្តការអន្តរជាតិចំនួន៣ មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យន្តការអាស៊ាន និងតុលាការយុត្តិធម៌(ICJ) ដើម្បីបញ្ចៀសការផ្ទុះអាវុធបង្ហូរឈាមគ្នា ជុំវិញកម្តៅព្រំដែនកម្ពុជា-ថៃ ខណៈមានសារឌឺដងគ្នារវាងមេដឹកនាំនៃប្រទេសទាំង២ រួមទាំងការបង្ហាញសព្វាវុធទំនើបៗផងដែរ។
ការជំរុញនេះ ក្រោយក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា កម្ពុជាគ្រាន់តែជូនដំណឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងបំណងប្តឹងថៃ ជុំវិញជម្លោះព្រំដែននៅតំបន់មុំ៣ និងប្រាសាទបុរាណខ្មែរ តែមិនទាន់បានដាក់ពាក្យប្តឹងនៅឡើយទេ។
ជុំវិញរឿងនេះ ក្រុមប្រឹក្សាជាតិតស៊ូ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញការបារម្ភយ៉ាងខ្លាំង ដោយថា ជម្លោះកម្ពុជា-ថៃ កាន់តែឡើងកំដៅនៃវោហារសាស្ត្រចំអក និងគំរាមគ្នារបស់ភាគីដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ដែលអាចឈានដល់ជម្លោះប្រយុទ្ធប្រដាប់អាវុធនៅតាមព្រំដែន។
ដើម្បីបញ្ចៀសស្ថានការណ៍ដ៏ផុយស្រួយនេះ ក្រុមប្រឹក្សាជាតិតស៊ូ ជំរុញកម្ពុជាដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យឆាប់បំផុត ករណីប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដើម្បីបញ្ចប់សេចក្តីសង្ឃឹមរបស់កងទ័ពថៃ ដែលព្យាយាមគំរាមកំហែងដោយកម្លាំងយោធា ក្នុងគោលដៅទប់ប្រទេសកម្ពុជាមិនឲ្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
លើសពីនេះ កម្ពុជាគួរស្នើដល់ប្រធានអាស៊ាន រួមទាំងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឲ្យចូលរួមផ្សះផ្សាដោះស្រាយជម្លោះកម្ពុជា-ថៃ លើបញ្ហាដែលនៅសេសសល់ពីបណ្ដឹងនៅតុលាការអន្តរជាតិ ដូចជា បញ្ហាប្រឈមដោយកងទ័ព និងករណីទាហានថៃឈ្លានពានចូលសម្លាប់យុទ្ធជនខ្មែរលើទឹកដីកម្ពុជាជាដើម។
សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ថា ដំណោះស្រាយតាមយន្តការអន្តរជាតិនេះ គឺដើម្បីគេចឲ្យផុតពីការប្រយុទ្ធដោយកងទ័ពដែលបង្កឲ្យមានសោកនាដកម្មសម្លាប់ជីវិត មនុស្សទាំងសងខាង ទាំងទាហាន និងពលរដ្ឋស្លូតត្រង់ ហើយក៏នឹងបានជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាពលរដ្ឋជាតិសាសន៍ទាំងពីរ និងសេចក្តីថ្លៃថ្នូរ កម្ពុជា និងថៃ។
បន្ថែមលើនេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បង្ហោះសារលើហ្វេសប៊ុកលោកនៅថ្ងៃទី២៥ ខែមិថុនានេះថា ហេតុអ្វី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិននិយាយដល់យន្ដការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ក្នុងពេលមានជម្លោះជាមួយថៃ? ឬខ្លាចប៉ះវៀតណាម គឺពីព្រោះតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ តម្រូវឲ្យលុបចោលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ទាំងអស់ជាមួយវៀតណាមឆ្នាំ១៩៨២ ១៩៨៣ ១៩៨៥។
សម្រាប់ លោក គឹម សុខ ករណីលោក ហ៊ុន សែន ប្រើពាក្យ «ចោរសៀម» ទៅកាន់ភាគីថៃ គ្រាន់តែជាការបញ្ឆេះកំហឹងជាតិសាសន៍មិនបានការទេ គឺទាល់តែលោក ហ៊ុន សែន ហ៊ានប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ទើបមានប្រយោជន៍ពិតប្រាកដដល់កម្ពុជា។
កម្តៅព្រំដែននេះ ប្រធានព្រឹទ្ធិសភា លោក ហ៊ុន សែន តាមរយៈហ្វេសប៊ុកលោក នៅថ្ងៃទី២៤ ខែមិថុនា បានហៅជនជាតិថៃជ្រុលនិយមដែលឈ្លានពានទឹកដីខ្មែរ ថាជាចោរសៀម និងផ្តាំពួកគេកុំឱ្យប្រើផែនទីចោរដែលគូសដោយខ្លួនឯង ដើម្បីឈ្លានពានទឹកដីខ្មែរ ដោយកុំភ្លេចមើលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
ជុំវិញការប្តឹងថៃទៅកាន់ ICJ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និយាយក្នុងលិខិតចុះថ្ងៃទី២៣ ខែមិថុនាថា គណកម្មការជំនាញបានរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្រោយពីកម្ពុជា បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន យល់ថា ការប្តឹងថៃទៅ ICJ ជារឿងត្រឹមត្រូវបំផុតក្នុងការទប់ទល់ការឈ្លានពានពីថៃ តែលោកថារឿងចាំបាច់មួយទៀត គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលធានាពីបូរណភាពទឹកដីរបស់កម្ពុជា។
សម្រាប់ លោក ចន្ទរ័ត្ន យន្តការអាស៊ានអាចជួយសម្របសម្រួលបានខ្លះដែរ ហើយថាបើថៃបន្តចិញ្ចឹមចិត្តឈ្លានពាន នោះសង្រ្គាមអាចកើតឡើងគ្រប់ពេល ហើយថា បច្ចុប្បន្នមានភាពតឹងតែងកាន់តែខ្លាំង រាលដាលដល់ការបិទព្រំដែន និងសង្រ្គាមវិស័យពាណិជ្ជកម្មជាដើម។
លោកថា៖ «យន្ដការទីពីរដែលខ្ញុំយល់ថា វាជាការចាំបាច់ដែរ គឺសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសនោះ ព្រោះថាក្នុងនោះមានសមាជិកប្រទេសមហាអំណាចមួយចំនួននៅក្នុងហ្នឹងដែរ ហើយប្រទេសដែលសំខាន់ៗនៅក្នុងតំបន់អាស៊ានហ្នឹង ក៏នៅក្នុងហ្នឹងដែរ ដែលជាសមាជិកអាស៊ានខ្លួនឯងនោះ រួមទាំងប្រទេសជម្លោះខ្លួនឯងហ្នឹង។ ដូច្នេះយន្ដការនេះអាចជាយន្តការណ៍មួយដែលអាចធ្វើឲ្យមានសម្ពាធទៅដល់ប្រទេសថៃ ព្រោះថាប្រទេសទាំងអស់នោះសុទ្ធតែអាចដាក់សម្ពាធបានហើយឲ្យប្រទេសថៃគោរពទៅតាមច្បាប់អន្តរជាតិនោះ បើសិនជាមានសាលដីកាឬក៏មានសាលក្រមពីតុលាការអន្តរជាតិនោះ»។
សម្រាប់អ្នកសិក្សាបញ្ហាសង្គម លោក ប៉ោ មករា យល់ថា ការយឺតយ៉ាវក្នុងការប្រើប្រាស់យន្តការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យន្តការអាស៊ាន និងតុលាការអន្តរជាតិ (ICJ) នោះ ជម្លោះព្រំដែននៅពេលនេះនឹងរីករាលដាលកាន់តែខ្លាំងថែមទៀត។
បន្ថែមលើនេះ លោកថា ការប្រើប្រាស់យន្តការអន្តរជាតិទាំងនេះ កម្ពុជាមានប្រៀបផ្លូវច្បាប់ច្រើនជាងថៃ ហើយក៏អាចធ្វើឱ្យថៃរងភាពអាម៉ាសលើឆាកអន្តរជាតិដែរ ជុំវិញការមិនគោរពលើច្បាប់អន្តរជាតិ។ ជាងនេះទៀត លោកថា ថៃក៏បានបំពានសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ ឆ្នាំ១៩០៧ រួចទៅហើយ។
លោកថា៖ «លក្ខណៈពិសេសនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង វាមិនមែនមានតែប្រទេសប្រជាធិបតេយ្យទេ! វាមានទាំងប្រទេសសេរី ប្រទេសកុម្មុយនីស អ៊ីចឹងអ្វីដែលប្រទេសទាំងអស់ហ្នឹងបានធានាឱ្យកម្ពុជា គឺធានាការការពារកម្ពុជាមិនឲ្យមានបញ្ហាមិនឲ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា។ មួយវិញទៀត យើងអាចមើលឃើញថា ការប្រើយន្តការទាំង៣ហ្នឹង ទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាំងយន្តការអាស៊ាន ទាំងយន្តការអង្គការសហប្រជាជាតិនេះ ជាការរុញច្រានឲ្យថៃខ្លួនឯងចាប់ផ្តើមមើលខ្លួនឯងថា ស្ថិតនៅក្នុងបន្ទាត់ណា។ ស្ថិតនៅក្នុងភាពអាម៉ាស់ដែលស្ថិតក្នុងភាពអាម៉ាស់ ខ្ញុំចង់បានន័យថា ថៃអត់បានគោរពកិច្ចព្រមព្រៀង អត់បានគោរពច្បាប់អន្តរជាតិ»។
កម្តៅព្រំដែនកម្ពុជា-ថៃ បានកក្រើកឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខណៈទាហានខ្មែរម្នាក់ ដែលឈរជើងនៅព្រំដែនជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកព្រិន្ធបាលឯក សួន រ៉ោន បានស្លាប់ ដោយសារទាហានភូមិភាគ២ថៃ បើកការបាញ់ប្រហារទៅលើលេណដ្ឋានឈរជើងរបស់កម្ពុជា។
បញ្ហានេះ ជំរុញឱ្យកម្ពុជាសម្រេចប្តឹងថៃទៅតុលាការអន្តរជាតិ(ICJ)ក្នុងសំណុំរឿងព្រំដែន ពាក់ព័ន្ធទៅនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។
រីឯរដ្ឋាភិបាលថៃវិញ បានប្រកាសជំហរថាខ្លួនមិនធ្លាប់ទទួលស្គាល់សាលក្រមរបស់ ICJ ម្តងណាឡើយ តាំងពីដើមរៀងមក ហើយយុត្តាធិការរបស់ ICJ នេះក៏គ្មានឥទ្ធិពលណាមួយ គ្របដណ្តប់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃដែរ ទាំងមុន និងនៅពេលនេះ។
ដោយឡែក កម្លាំងប្រដាប់អាវុធទាំងពីរភាគី ក៏កំពុងប្រឈមមុខដាក់គ្នានៅព្រំដែនជួរមុខ រួមទាំងចល័តទ័ព សព្វាវុធទំនើបៗ និងរថក្រោះជាដើម ដែលការណ៍នេះជាក្តីបារម្ភពីការផ្ទុះអាវុធដាក់គ្នាក្នុងស្ថានភាពដ៏តានតឹងនេះ៕









