ករណីឃាតកម្ម លោក លិម គិមយ៉ា ក្លាយជារបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងថៃ ដែលពួកគេរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន លាតត្រដាងអាថ៌កំបាំង ដើម្បីទប់ស្កាត់កុំឱ្យមេដឹកនាំកម្ពុជា គ្រួសារហ៊ុនរុញជម្លោះព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
អ្នកស្រី ផនណិការ វ៉ានិជ អ្នកនាំពាក្យគណបក្សអនាគតថ្មី ប្រាប់សារព័ត៌មាន PPTV News កាលពីថ្ងៃទី២៤ ខែមិថុនាថា ដើម្បីបង្អាក់ដំណើរកម្ពុជាប្តឹងថៃទៅ ICJ មេដឹកនាំថៃ ត្រូវជំរុញតុលាការថៃឱ្យលាតត្រដាងសំណុំរឿងឃាតកម្មអតីតបក្សប្រឆាំងកម្ពុជា លោក លិម គិមយ៉ា លើទឹកដីថៃ។
អ្នកស្រីបន្តថា ឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា លើទឹកដីថៃ អាចជាប់ពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បើតាមការបញ្ជាក់នឹងបង្ហាញភស្តុតាងមួយចំនួនពីទូរទស្សន៍ Al Jazeera។
អ្នកស្រីសង្កត់ធ្ងន់ថា ថៃមានសន្លឹកបៀរដ៏មានឥទ្ធិពល ដើម្បីដាក់សម្ពាធមេដឹកនាំកម្ពុជា កុំឱ្យប្តឹងទៅតុលាការ ICJ បើរដ្ឋបាលអ្នកស្រី ផែថងថាន ហ៊ានលាងត្រដាងអ្នកនៅពីក្រោយរឿងឃាតកម្ម លោក លិម គិមយ៉ា។
អ្នកស្រី៖ «រឿងឃាកម្មនេះ ជាសន្លឹកបៀរមានឥទ្ធិពលបំផុតនៃការចាត់ការដោយត្រង់ ទៅលើគោលដៅសំខាន់របស់មេដឹកនាំកម្ពុជា កុំភ្លេចថា គោលដៅសំខាន់របស់យើង(ថៃ) មិនមែននៅត្រង់ព្រំដែនទេ គោលដៅរបស់យើងនៅភ្នំពេញ គឺលោក ហ៊ុន សែន គឺចាត់ការលើកេរ្តិ៍ឈ្មោះ និងរឿងអាស្រូវដែលជាប់ពាក់ព័ន្ធលោក ហ៊ុន សែន»។
ប្រហែលគ្នានេះដែរ ប្រធានគណបក្សសេរីនិយមថៃ លោក សេរីពិសុទ្ធ តេមីយៈវេត បានឱ្យសារព័ត៌មានថៃដឹងនៅថ្ងៃទី២៤ ខែមិថុនានេះថា លោកបានដាក់ពាក្យប្តឹងលោក ហ៊ុន សែន ទៅប៉ូលិសយុត្តិធម៌ថៃ។
លោកបញ្ជាក់ថា ពាក្យប្តឹងឱ្យចាប់ លោក ហ៊ុន សែន គឺពាក់ព័ន្ធសារសំឡេង លោក ហ៊ុន សែន បញ្ជាលោក ហួត ឱ្យតាមសម្លាប់មនុស្សលើទឹកដីថៃ ព្រោះវាជាការរំលោភបំពានសន្តិសុខនិងអធិបតេយ្យថៃ។
លើសពីនេះ លោកថា ភស្តុតាងមួយទៀត គឺវីដេអូ អេកាឡាក់ ផែណយ ដែលត្រូវជួលបញ្ជាឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា លើទឹកដីថៃ ពីកម្ពុជា មានជនសង្ស័យឈ្មោះ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ជាមន្រ្តីកម្ពុជា។
លោកថា៖ «ទង្វើរបស់លោក ហ៊ុន សែន និងបក្ខពួកមានទាំងលោក ហួត និងអ្នកដទៃទៀត ដែលមានជាប់ពាក់ព័ន្ធ ឬសមគំនិតរួមគ្នា ធ្វើឃាតអតីតបក្សប្រឆាំង លោក លិម គិមយ៉ា លើទឹកដីថៃ ជាភស្តុតាងបញ្ជាក់ថាទង្វើទាំងអស់នេះ គឺខុសច្បាប់នឹងប្រទេសថៃ គឺយើងអាចសរុបជាភស្តុតាងប្តឹងចាប់លោក ហ៊ុន សែន បាន»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៥ ខែមិថុនានេះថា បើភាគីថៃហ៊ានប្រើសន្លឹកបៀរទម្លាយរឿងឃាតកម្មលោក លិម គិមយ៉ា គ្រួសារហ៊ុននឹងចាញ់ ព្រោះករណីឃាតកម្មលោក លិម គិមយ៉ា នេះមានជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុនផ្ទាល់។
លោកបារម្ភថា លោក ហ៊ុន សែន អាចនឹងមិនប្តឹងថៃក្នុងសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី បើភាគីថៃពិតចង់ទម្លាយរឿងឃាតកម្ម លោក លិម គិមយ៉ា លើទឹកដីថៃមែននោះ។
លោកបន្តថា ឃាតកម្មលោក លិម គិមយ៉ា ជាចំនុចរស៊ើបរបស់មេដឹកនាំគ្រួសារហ៊ុន ដែលបានរៀបចំលក្ខណៈជាប្រព័ន្ធឱ្យកូនចៅរបស់ខ្លួនគឺ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ជួលឃាតករថៃឱ្យបាញ់។
លោកថា៖ «យើងព្រួយបារម្ភខ្លាចថៃ គេមានភ័ស្តុតាងដែល លោក ហ៊ុន សែន នៅពីក្រោយខ្នងឃាតកម្មលើលោក លិម គិមយ៉ា ដែល លោក ហ៊ុន សែន មានរឿងការគំរាមកំហែងឆ្លងដែន រហូតដល់អាចសម្លាប់សកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅប្រទេសថៃ ដូចជាពាក់ព័ន្ធទៅនឹងការគំរាមកំហែងចង់សម្លាប់លោក ផនផាន់ណា នៅប្រទេសថៃជាដើម ហ្នឹងជារឿងសំខាន់ណាស់ ជាពិសេសរឿងពាក់ព័ន្ធទៅលើលោក លិម គិមយ៉ា តែម្តង ធ្វើឲ្យត្រកូលហ៊ុនអាចរារែកចិត្ត ក្នុងការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិICJ»។
យ៉ាងណា អតីតនាយករដ្ឋមន្ត្រី ដែលមានអំណាចលើសគេនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតលើហ្វេសប៊ុករបស់លោក កាលថ្ងៃទី១៣ ខែមិថុនានេះថា កម្ពុជាមិនដកថយក្នុងការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយសំអាងថា ទីតាំង៤ចំនុចដែលកម្ពុជាប្តឹងថៃនេះ ទោះចរចាទ្វេភាគី ១០០ឆ្នាំទៀត ក៏នៅតែមិនអាចរកច្រកចេញរួចដែរ។
ទីតាំងទាំង៤ ដែលកម្ពុជាសម្រេចប្តឹងថៃទៅតុលាការអន្តរជាតិ(ICJ)នោះ រួមមាន តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
លោកនិយាយក្នុងសម្តីដើមថា៖ «៤ចំណុចនេះ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយបានដែរ»។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ជម្រើសកម្ពុជា មានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងពីខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា បញ្ជាក់ដូចគ្នាថា កម្ពុជានឹងមិនដកថយទេ ករណីរុញបញ្ហានេះទៅ(ICJ)។
ចំណែក សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការដែលថៃយករបៀបវារៈឃាតកម្មលោក លិម គិមយ៉ា មកលាតត្រដាង វាអាចធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាផងដែរ។ ប៉ុន្តែថា សេណារីយូរបស់ក្រុមប្រឆាំងថៃនេះ នឹងមិនធ្វើឱ្យមេដឹកនាំកម្ពុជាប្តូរចិត្តទេ ដោយលោកសំអាង បើរដ្ឋាភិបាលកម្ពុជាប្តូរចិត្ត គឺបាត់ការគាំទ្រ ដែលថាស្មើនឹងបាត់អំណាច។
លោកថា៖ «មធ្យោបាយផ្លូវច្បាប់នេះ ជាមធ្យោបាយល្អបំផុតហើយដែលកម្ពុជាគួរជ្រើសរើស ហើយអ្នកនយោបាយកម្ពុជា ពិបាកនឹងដកខ្លួនមកវិញ នៅក្នុងការមិនប្ដឹងណាស់ ព្រោះនេះពាក់ព័ន្ធនឹងការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ហើយកាលណាបើបាត់ការគាំទ្រ វាស្មើនឹងការបាត់បង់អំណាចនេះជាកិច្ចការមួយដែលយើងជឿជាក់ថា រដ្ឋាភិបាលប្រហែលជាមិនហ៊ានរាថយទេ»។
លោក លិម គិមយ៉ា អាយុ៧៣ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ ខណៈលោកនិងភរិយាជាជនជាតិបារំាងធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្លងកាត់ប្រទេសថៃ ក្នុងដំណើរវិលទៅប្រទេសបារំាងវិញ។
ឃាតកម្មនេះ ក្រោយលោក លិម គិមយ៉ា រិះគន់គ្រួសារហ៊ុន ធ្វើឱ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំក្នុងថ្ងៃឆ្លងឆ្នាំសាកល២០២៥។
ក្រោយឃាតកម្មកើតឡើង ឃាតករជនជាតិថៃឈ្មោះ Akkalak peanoi ត្រូវបានចាប់ខ្លួនបាននៅក្នុងទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបង។
ក្រោយមក តុលាការថៃ បានចេញដីកាឱ្យចាប់ខ្លួន លី រតនរស្មី ជាទីប្រឹក្សាលោក ហ៊ុន សែន។ ដោយឡែក ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម (Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា គឺជនសង្ស័យឈ្មោះ ពេជ្រ គឹមស៊្រិន ។
ពេជ្រ គឹមស៊្រិន ត្រូវគេស្គាល់ថា ជាមនុស្សស្និទ្ធនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលញឹកញាប់លោក ឃួង ស្រេង តែងតែបង្ហាញកាយវិការលូនក្រាបគ្រួសារហ៊ុន។
យ៉ាងណា ជិត៦ខែទៅនេះ ជនសង្ស័យ លី រតនរស្មី និងពេជ្រ គឹមស៊្រិន ត្រូវបានគេដឹងថា នៅបន្តលាក់ខ្លួនក្នុងប្រទេសកម្ពុជា ក្រោមការការពារដោយគ្រួសារហ៊ុន ពាក់ព័ន្ធនឹងការរៀបចំគម្រោងឱ្យធ្វើឃាតលើ លោក លិម គិមយ៉ា ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៕









