អង្គការសម្ព័ន្ធយោធាអូតង់ បើកកិច្ចប្រជុំកំពូល ចំនួនពីរថ្ងៃ គឺថ្ងៃទី២៤-២៥ ខែមិថុនានេះ នៅក្រុងឡាអេ ប្រទេសហូឡង់ ដែលមានមេដឹកនាំមកពីប្រទេសចំនួន៣២ ចូលរួមកិច្ចប្រជុំដ៏តានតឹងនេះ ខណៈសហរដ្ឋអាមេរិក ក៏ជាសំណុំរឿងធំដែរ ព្រោះអាមេរិកដើរតួជាអ្នកការពារផង និងជាអ្នកគំរាមកំហែងផង។
បរិយាកាសកិច្ចប្រជុំកំពូលអូតង់តឹងតែង ដ្បិតថា ត្រូវរងសម្ពាធពីរដ្ឋបាលអាមេរិករបស់ លោក ដូណាល់ ត្រាំ ដែលជំរុញឲ្យរដ្ឋសមាជិកអូតង់ ត្រូវតែដំឡើងកញ្ចប់ថវិកាការពារជាតិ យ៉ាងហោចណាស់ឲ្យបាន ៥% នៃចំណូលផលិតផលក្នុងស្រុកសរុប។
លោក ត្រាំ ធ្លាប់ប្រកាសកាលពីខែមីនាកន្លងទៅថា លោកនឹងមិនជួយការពារទេ បើមិនព្រមចំណាយលុយ។
ក្នុងរង្វង់អូតង់ គេបារម្ភថា សហរដ្ឋអាមេរិកឈប់ជួយការពារសមាជិកអូតង់ និងដកខ្លួនចេញ ម្ល៉ោះហើយ ទើបលោក Mark Rutte អគ្គលេខាធិការអង្គការអូតង់ បានចេញមុខធានាអះអាងម្តងជាពីរដងថា សមាជិកទាំង៣២ប្រទេស យល់ព្រមសម្រេចដំឡើងកញ្ចប់ថវិកាការពារជាតិឲ្យបាន ៥% តែការដំឡើងនេះ ត្រូវធ្វើជាដំណាក់កាលៗ។
មុនកិច្ចប្រជុំកំពូលអូតង់នៅហូឡង់នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសកាលពីល្ងាចថ្ងៃចន្ទ ទី២៣ ខែមិថុនាថា រដ្ឋាភិបាលទីក្រុងឡុងដ្រ៍ យល់ព្រមប្តេជ្ញាចិត្តដំឡើងថវិកាការពារជាតិ តបតាមកម្មវត្ថុ ៥%។ បារាំង និង អាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនសហភាពអឺរ៉ុប ក៏បានសម្តែងការយល់ព្រមជាច្រើនខែមកហើយ។
ពេលនេះទៀត ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចេញសេចក្តីថ្លែងការណ៍រួម ដោយគូសបញ្ជាក់ថា អឺរ៉ុបយល់ព្រមបង្កើនកញ្ចប់ថវិកាការពារជាតិ និងពង្រឹងកម្លាំងយោធា មិនមែនព្រោះតែគេបង្ខំឲ្យអឺរ៉ុបធ្វើនោះទេ តែដោយសារតែអឺរ៉ុបយល់ឃើញដោយខ្លួនឯងច្បាស់ថាត្រូវតែធ្វើ និងជាកាតព្វកិច្ចដែលត្រូវធ្វើសម្រាប់ប្រជាជនអឺរ៉ុប។
ជាការពិត ប្រទេសមហាអំណាចធំៗ ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ គ្មានបញ្ហាឡើយចំពោះការចំណាយលើយោធា។
ក្នុងកិច្ចប្រជុំកំពូលអូតង់ នៅក្រុងវ៉ាស៊ីតោន កាលពីឆ្នាំមុន ពោលគឺក្រោមអាណត្តិរបស់ លោក ចូ ដៃដិន អូតង់បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឡូឌីមៀរ ហ្សេឡេនស្គី ជាភ្ញៀវពិសេស និងចូលរួមកិច្ចប្រជុំនឹងគេតែម្តង។ តែលើកនេះ អាមេរិកក្រោមឋិតអាណត្តិរបស់ លោក ដូណាល់ ត្រាំ អូតង់ហ៊ានត្រឹមតែហៅលោក ហ្សេឡេនស្គី ជាអ្នកចូលរួមធម្មតាតែប៉ុណ្ណោះ៕









